×

សហគ្រិន​ស្រ្តី​ខ្មែរ​តែម្នាក់​គត់​យក​កាកសំណល់​ស្នែង​សត្វស្រុក​ច្នៃ​ជា​របស់​មានតម្លៃ​រហូត​បាន​ជោគជ័យ​

TRAVEL & LIVING 4 years ago
 
 

​            ក្រាសសិតសក់​ ​គ្រឿងអលង្ការ​ដូចជា​ក្រវិល​ ​ចិញ្ចៀន​ ​និង​បន្តោង​ខ្សែក​ ​វត្ថុ​តាំង​លម្អ​គេហដ្ឋាន​ ​ព្រម​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ជាទូទៅ​ត្រូវ​បាន​នាំចូល​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពី​ប្រទេសជិតខាង​ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា​ដោយសារ​កង្វះ​ក្រុមហ៊ុន​ផលិត​ផ្គត់ផ្គង់​ក្នុង​ស្រុក​។​ ​លោកស្រី​ ​ឃួន​ ​ចិន្តា​ ​ជា​សហគ្រិន​ស្រ្តី​វ័យ​កណ្តាល​មួយ​រូប​មក​ពី​ខេត្តព្រៃវែង​ដែល​បាន​គិតគូរ​អំពី​បញ្ហា​នេះ​ ​ហើយ​តស៊ូ​ ​ចំណាយពេល​វេលា​រហូត​ជិត២០ឆ្នាំ​តាំងពី​ឆ្នាំ២០០៣មក​ក្នុង​បេ​សស​ក​កម្មសិក្សា​ផលិត​កែច្នៃ​ស្នែងគោ​ក្របី​ដែល​ជា​កាកសំណល់​មួយ​ប្រភេទ​សេសសល់​ពាសវាលពាសកាល​គ្មាន​តម្លៃ​មក​ផលិត​ជា​សម្ភារៈ​ប្រើប្រាស់​ ​និង​គ្រឿងអលង្ការ​ដែល​មិន​មាន​សហគ្រិន​ណា​ម្នាក់​ធ្លាប់ធ្វើ​បែបនេះ​ឡើយ​ក្នុង​ប្រវត្តិ​សាស្រ្ត​សហគ្រិន​កម្ពុជា​។​ ​

​            លោកស្រី​បាន​រៀបរាប់​ប្រាប់​ សូ​វរីន ​ថា​ ​ដោយសារ​បញ្ហា​ជីវភាព​ខ្វះខាត​នៅ​ស្រុកកំណើត​ ​លោកស្រី​បានសម្រេច​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ផ្សងព្រេង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​មួយ​រយៈកាល​ពី​ជិត២០ឆ្នាំមុន​ជាមួយ​ស្វាមី​ ​ប៉ុន្តែ​នៅពេល​ទៅដល់​ទីនោះ​ ​ការរស់នៅ​ទីនោះ​មានការ​លំបាក​ជាង​ការ​រំពឹង​ទុក​សម្រាប់​មនុស្ស​ស្រី​ដូចជា​លោកស្រី​។​ ​ម្យ៉ាង​ដោយសារ​កាលនោះ​លោកស្រី​មានកូន​តូច​ផង​ ​ទើប​លោកស្រី​និង​ស្វាមី​បានសម្រេច​ជាថ្មី​មក​សាង​វាសនា​នៅ​ស្រុកកំណើត​វិញ​។​ ​ពេល​មកដល់​ខេត្តព្រៃវែង​វិញ​ ​ស្វាមី​គាត់​បាន​ចូល​ធ្វើការ​ឲ្យ​អង្គការ​មួយ​ឈ្មោះ​អង្គការ​ប្រា​សាក់​ ​ហើយ​បាន​រៀន​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​កែច្នៃ​ស្នែង​សត្វនៅ​ទីនោះ​។​ ​បន្ទាប់មក​ ​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​បើក​អាជីវកម្ម​កែច្នៃ​ស្នែងគោ​ក្របី​ជា​លក្ខណៈ​គ្រួសារ​ ​ពីព្រោះ​ផ្ទះ​របស់​ពួកគាត់​ស្ថិតនៅ​ខាងក្រោយ​ហាង​លក់​ស៊ុប​គោ​។​ ​ពួកគាត់​ក៏​ចេះតែ​ប្រមូល​កាកសំណល់​ស្នែង​និង​ឆ្អឹង​គោ​ពី​ហាង​នោះ​មក​ថែរក្សា​ទុក​ដើម្បីកុំឲ្យ​វា​ជះក្លិន​មិនល្អ​ប៉ះពាល់​ដល់​ការរស់នៅ​ផង​ ​និង​ ​ដើម្បី​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​​សង្វាក់​ផលិតកម្ម​កែច្នៃ​ផង​ ​“​អ្នក​គិតថា​សម្រាម​អត់អី​ទេ​ ​បោះ​វា​ចោល​ទៅ​ ​តែ​ថ្ងៃណាមួយ​វា​ធ្វើឲ្យ​អ្នកមាន​បញ្ហា​ ​ព្រោះ​អ្នក​មិនបាន​គិត​ពី​វា​”​​។​

​            ការកែច្នៃ​ស្នែង​សត្វ​គោក្របី​នេះ​ស្តាប់​ទៅ​សាមញ្ញ​ ​ប៉ុន្តែ​ការអនុវត្ត​មាន​ច្រើន​ដំណាក់កាល​សាំញ៉ាំ​ ​និង​ ​ប្រើ​រយៈពេល​យូរ​រហូតដល់​រាប់​ខែ​ទើប​បង្កើត​បាន​ជា​ផលិតផល​សម្រេច​ ​“​កាលណា​វា​ ​(​ស្នែង​)​ ​ត្រូវ​ទឹក​ត្រូវ​ដី​ ​វា​ពុក​ផុយ​ស្អុយរលួយ​ ​មាន​ក្លិន​ខ្លាំង​មែនទែន​!​ ​លាង​សម្អាត​វា​ ​ដាក់លើ​ទ្រនើរ​កុំ​ឲ្យ​ជាប់​ដី​ ​នោះ​ទើប​ទុក​បាន​យូរ​!​ ​យក​មក​ថ្មី​ ​ដាក់​កន្លែង​ថ្មី​ ​អា​ចាស់​ដាក់​កន្លែង​ចាស់​ ​អត់​អាច​ដាក់​ចូលគ្នា​បានទេ​ ​ត្រូវការ​ ​space​ ​(​កន្លែង​ទំនេរ​)​ ​ធំ​ ​”​ ​ស្ថាបនិក​សិប្បកម្ម​ផលិតផល​ស្នែង​ ​“​សុមនា​”​ ​រូប​នេះ​បាន​លើកឡើង​។​ ​មូលហេតុ​ដែល​ធ្វើឲ្យ​ការងារ​នេះ​ត្រូវ​ចំណាយពេល​យូរ​រហូតដល់៦ខែ​ ​ពីព្រោះ​ស្នែងគោ​ក្របី​ដែល​ទិញ​ពី​ឈ្មួញ​មក​ត្រូវ​យក​មក​លាង​សម្អាត​ដោយ​ទឹកសាប៊ូ​ ​ហើយ​ស្ងោរ​ដាក់​ហាលថ្ងៃ​ឲ្យ​ស្រមោច​ស៊ី​ឲ្យអស់​សាច់​ ​រួច​ហាល​ក្នុង​ម្លប់​ឲ្យ​ត្រូវ​ខ្យល់​រហូត​ហើរក្លិន​អស់​ទើប​យក​មក​ឈូស​កែច្នៃ​ជា​វត្ថុ​ផ្សេង​ៗ​បាន​។​ ​ក្រោយ​លាង​សម្អាត​រួច​ ​ស្នែង​ ​ឬ​ ​ឆ្អឹង ១០០គីឡូក្រាម​នៅសល់​ខ្លឹម​ដែល​អាច​ប្រើការ​បាន​យ៉ាងច្រើន​បំផុត​តែ ១៥គីឡូក្រាម​ប៉ុណ្ណោះ​។​

​            ផលិតផល​ទាំងអស់​របស់​សិប្បកម្ម​ខាងលើ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​តែមួយ​គ្មាន​ពីរ​នោះ​ទេ​ ​ដោយហេតុថា​ ​ផលិត​ទាំងនោះ​ធ្វើ​ពី​ស្នែង​ធម្មជាតិ​ដែល​មាន​ពណ៌​ខុស​គ្នា​ៗ​ទាំងអស់​ ​ហើយ​សូម្បីតែ​ស្នែង​សត្វ​តែមួយ​ក៏ដោយ​ក៏​មាន​ពណ៌​ខុសគ្នា​តាម​កន្លែង​ដែរ​។​ ​ផលិតផល​ដែល​ពិបាក​ផលិត​បំផុត​នោះ​គឺ​ ​ក្រាសសិតសក់​ ​ដែល​ទាមទារ​ស្នែង​រឹងមាំ​បំផុត​ចាប់ពី​អាយុ ២០ឆ្នាំ​ឡើង​ ​ហើយ​សព្វថ្ងៃ​ ​ស្នែង​ប្រភេទ​នេះ​គឺ​ពិបាក​រក​ណាស់​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​សិប្បកម្ម​ផ្ទាល់​។​ ​ចំណុច​ពិសេស​មួយទៀត​នោះ​គឺ​ ​ផលិតផល​ភាគច្រើន​របស់​សុមនា​ត្រូវ​បាន​កែច្នៃ​តាម​រូបរាង​ធម្មជាតិ​របស់​ស្នែង​សត្វ​តែម្តង​។​ ​ការ​ច្នៃ​ស្នែង​តាម​រាង​ធម្មជាតិ​ធ្វើឲ្យ​ផលិតផល​សម្រេច​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​មិន​ខុសពី​ការ​ច្នៃ​វត្ថុ​សិល្បៈ​ចេញពី​រាង​ខ្លឹមឈើ​នោះ​ទេ​។​ ​

​            សព្វថ្ងៃ​ ​សិប្បកម្ម​ផលិតផល​ស្នែង​ ​“​សុមនា​”​ ​មាន​ទីតាំង​ស្ថិតនៅ​ជាន់ទី៤នៃ​ផ្សារ​ទំនើប​សូ​រិយា​។​ ​រី​ឯ​កន្លែង​រោង​សិប្បកម្ម​ផលិត​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ជើងឯក​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​។​អតិថិជន​ភាគច្រើន​របស់​សុមនា​គឺជា​ជនជាតិ​បរទេស​ដែល​យល់ដឹង​ច្រើន​អំពី​តម្លៃ​នៃ​វត្ថុ​សិល្បៈ​កែច្នៃ​។​ ​ជាចុងក្រោយ​ ​លោកស្រី​ ​ឃួន​ ​ចិន្តា​ ​បាន​បញ្ជាក់​ថា​ ​ផលិតផល​ស្នែង​មិន​ត្រឹមតែ​មាន​សោភណភាព​ស្អាត​នោះ​ទេ​ ​ប៉ុន្តែ​ស្នែង​ជា​និមិត្តរូប​នៃ​ភាពត្រជាក់​ត្រជុំ​សុខដុមរមនា​តាម​ជំនឿ​ពី​បុរាណ​រៀងមក​ ​ដូចនេះ​ហើយ​ទើប​ឈ្មោះ​ ​“​សុមនា​”​ ​ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង​ទៅតាម​អត្ថន័យ​ភាព​សុខដុមរមនា​នៃ​ស្នែង​។​ ​លើស​ពីនេះ​ទៅទៀត​ ​ផលិតផល​ស្នែង​មាន​អត្ថ​ប្រយោជន៍​ដល់​សុខភាព​ ​មិន​ប៉ះពាល់​ដល់​សុខភាព​ដូច​ការប្រើ​ផលិតផល​ធ្វើ​ពី​ប្លាស្ទិក​ឡើយ​៕​


SUGGESTIONS