ស្របពេលដែលពិភពលោកបាននិងកំពុងរកមធ្យោបាយផ្សេងៗក្នុងការកាត់បន្ថយប្លាស្ទិកដែលជាសារធាតុនាំឲ្យខូចបរិស្ថាននោះ នៅកម្ពុជាក៏កំពុងតែរកដំណោះស្រាយធ្វើយ៉ាងណាឲ្យមានការប្រើប្រាស់ប្លាស្ទិកបានតិចបំផុតផងដែរ ក៏ប៉ុន្តែការចូលរួមនេះហាក់នៅមិនទាន់ឆ្លើយតបនឹងការចង់បានរបស់មហាជនទូទៅនៅឡើយ។ ដោយសារតែតម្រូវការប្រើប្រាស់ជាចាំបាច់និងមិនអាចរកអ្វីមកជំនួសបាននោះទើបធ្វើឲ្យម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋានក៏ដូចជាប្រជាជនកម្ពុជាមួយចំនួន បានបង្ខំចិត្តប្រើប្រាស់នូវចានស្នោនិងកែវជ័រមកប្រើដើម្បីដាក់នូវចំណីអាហារវេចខ្ចប់ផ្សេងៗ។ ដោយសម្លឹងមើលឃើញពីបញ្ហាទាំងអស់នេះនិងមកពីកត្តាយល់ដឹងពីបរិស្ថានផង និងបានឃើញពីទុកលំបាករបស់កសិករក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងនោះបានធ្វើឲ្យយុវតីមួយរូបបានបបួលមិត្តភក្តិដើម្បីចងក្រងជាក្រុមមួយដែលមានឈ្មោះថា CAMBO BIO GREEN ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះដោយបានច្នៃមើមដំឡូងមីឲ្យក្លាយទៅជាចានសម្រាប់ដាក់អាហារបរិភោគជំនួសឲ្យចានស្នោរវិញ។ នៅក្នុងវ័យ ម្ភៃបីឆ្នាំ កញ្ញា សៀ ឡុងស្រីនាថ គឺជានិស្សិតផ្នែក គីមីចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងជាស្ថាបនិកនៃ CAMBO BIO GREEN បានប្រើប្រាស់ចំណេះដឹងមូលដ្ឋាននៅសាលា បូកផ្សំនឹងការស្រាវជ្រាវខ្លួនឯងផងនោះ ស្រីនាថនិងមិត្តរួមក្រុមក៏សម្រេចបាននូវផលិតផលដំបូងរបស់ខ្លួនគឺចានដែលច្នៃពីមើមដំឡូងមី ហើយត្រូវបានគេទទួលស្គាល់តាមរយៈការចូលរួមប្រកួតក្នុងកម្មវិធីជាច្រើនទាំងក្នុងនិងក្រៅប្រទេសទៀតផង។
ខុសប្លែកពីចានជ័រធម្មតាដែលមិនបានផ្តល់ផលប្រយោជន៍អ្វីច្រើនត្រលប់មកវិញនៅពេលដែលប្រើរួច ចានមើមដំឡូងមីនេះអាចយកទៅលាយជាចំណីសត្វដែលមិនធ្វើឲ្យប៉ះពាល់សុខភាពឬអាចយកទៅធ្វើជាជីកំប៉ុសសម្រាប់បន្លែបន្លុកនិងផ្លែឈើដើម្បីជាប្រយោជន៍សម្រាប់កសិឧស្សហកម្មបន្ទាប់ពីប្រើប្រាស់រួចទៀតផង។ យ៉ាងណាមិញចានដែលធ្វើពីមើមដំឡូងមីនេះប្រើរយៈពេលតែ បួនសប្តាហ៍ប៉ុណ្ណោះដើម្បីរំលាយខ្លួននៅពេលដែលគេបានប្រើប្រាស់រួចមក។ ចំណែកឯការរក្សាទុកមិនទាន់បានយកទៅប្រើប្រាស់នោះ ត្រូវបានស្រីនាថបញ្ជាក់ប្រាប់ថាអាចរក្សាទុកបានរយៈពេលមួយឆ្នាំឯណោះ។ ឆ្លងកាត់ការចូលរួមក្នុងកម្មវិធីជាច្រើនក៏ដូចជាធ្លាប់ចូលហាត់ការនៅក្នុងស្ថាប័ននានាទាំងក្នុងនិងក្រៅប្រទេសផងនោះ បានធ្វើឲ្យ ស្រីនាថ ទទួលបានគំនិតថ្មីៗក៏ដូចជាដំបូន្មានជាច្រើនដែលអាចឲ្យនាងជឿជាក់លើផលិតផលរបស់ខ្លួន និងមានគម្រោងនឹងបង្កើតនូវរបស់ប្រើប្រាស់ដែលច្នៃពីវត្ថុធាតុដើមពីធម្មជាតិជាច្រើនទៀតផង។ បើទោះបីជាយ៉ាងនេះក៏ដោយ ចានដែលធ្វើពីមើមដំឡូងមីនេះ គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ ដោយស្រីនាថ បានប្រាប់ឲ្យដឹងថាក្រុមការងារកំពុងតែស្វែងរកទុនដើម្បីដំឡើងម៉ាស៊ីន ខណៈដែលបច្ចុប្បន្នផលិតផលមួយនេះផលិតដោយការផ្សំសមាសធាតុ ការចាក់ពុម្ពនិងការប្រើប្រាស់បច្ចេកទេសផ្សេងទៀតឡើងដោយដៃ។ យ៉ាងណាក៏ដោយ CAMBO BIO GREEN នឹងរំពឹងថាផលិតផលដំបូងរបស់ខ្លួនពោលគឺចានដែលធ្វើពីដំឡូងមីនេះនឹងមានលក់នៅក្នុងទីផ្សារនៅពាក់កណ្តាលឆ្នាំក្រោយប្រសិនបើពួកគេអាចស្វែងរកទុនគ្រប់គ្រាន់ក្នុងការតំឡើងម៉ាស៊ីននោះ។
ចូលរួមជួយលើកកំពស់ស្នាដៃដែលផលិតដោយកូនខ្មែរ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទាំងអស់គ្នាដោយគ្រាន់តែជួយគាំទ្រនូវស្នាដៃរបស់ CAMBO BIO GREEN៕
Article by KEO SONG