×

គោលដៅ​ទេសចរណ៍​ដ៏​ពិសិដ្ឋ៤តំបន់​សម្រាប់​​ឆ្លង​ឆ្នាំ​សកល​2019នេះ

TRAVEL & LIVING 3 months ago
 
 

          ជាទូទៅ​បើ​និយាយ​អំពី​ដំណើរ​កម្សាន្ត​សម្រាប់​ថ្ងៃឈប់​សម្រាក​នានា​ វា​ជា​រឿង​ពិបាក​ក្នុង​ការកំណត់​ថា​តើ​តំបន់​ទេសចរណ៍​ណាមួយ​ជាគោល​ដៅ​ល្អ​បំផុត​សម្រាប់​អ្នកទេសចរ​ទាំងឡាយ​ ពីព្រោះ​បុគ្គល​ម្នា​ក់ៗ​រមែង​មាន​ចំណង់​ចំណូលចិត្ត​ក៏ដូចជា​រស​និយម​នៃ​ដំណើរ​កម្សាន្ត​ផ្សេង​ៗពីគ្នា​ អាស្រ័យ​លើ​ពេលវេលា​និង​គម្រោង​ កញ្ចប់​ថវិកា​ទេសចរណ៍​ជាក់ស្តែង​ ។ ទោះបីជា​យ៉ាងណាក៏ដោយ​ ក្នុង​ឱកាស​ចុងឆ្នាំ២០១៩​ ឈាន​ឆ្លង​ចូល២០២០​ ដ៏​ខ្លី​ខាងមុខនេះ​ សូ​វរីន​សូម​ណែនាំ​គោលដៅ​ទេសចរណ៍​ចំនួន៤ធំៗ​ ផ្អែក​ទៅលើ​ទីតាំង​ប៉ូល​ទេស​ចរ​ណ៍​ធំៗ​ទាំង៤នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ ភ្នំពេញ​និង​តំបន់​ជុំវិញ​ តំបន់​ជុំវិញ​បឹងទន្លេសាប​ តំបន់ឆ្នេរ​សមុទ្រ​ និង​ តំបន់ភូមិភាគ​ឦសាន​។

១. ទូក​ទេស​ចរ​ណ៍​ឡឺ​ទន្លេ​ (Le​ Tonle​ Boat​) រាជធានី​ភ្នំពេញ

          Le​ Tonle​ ជា​ឈ្មោះ​ទូក​ទេសចរណ៍​ដែល​មាន​រចនាបថ​ជា​ទូក​ឈើ​បុរាណ​ដែល​មាន​ប្រវែង២០ម៉ែត្រ​ប៉ុន្តែ​ត្រូវ​បាន​រៀបចំ​តុបតែង​យ៉ាង​ស្រស់​ប្រណិត​ទាន់សម័យ​រហូត​ក្លាយជា​ទីតាំង​ដែល​ភ្ញៀវ​ទេសចរ​ប្រុសស្រី​ជាតិ​និង​អន្តរជាតិ​ប្រមូល​ផ្តុំគ្នា​ជិះ​លម្ហែ​កម្សាន្ត​លើ​ផ្ទៃ​ទឹកទន្លេ​ចតុមុខ​យ៉ាង​សែនមនោរម្យ​ក្នុង​រដូវ​ទឹកសម្រក​លាយឡំ​នឹង​ជំនោរ​ខែកត្តិក​បក់​ផាយផាត់​រំ​ភើយ​ៗ។ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​អាច​ជិះទូក​បណ្តើរ​ សម្លឹង​មើល​អគារ​ Skyline​ ដែល​មាន​កម្ពស់​ខ្ពស់​ឈរ​តម្រៀបជួរ​ជា​បន្ទាត់ស្រប​នៅ​ប្រប​មាត់ទន្លេ​ត្រើយ​ខាង​រាជធានី​ភ្នំពេញ​ក្រោម​ពន្លឺភ្លើង​កាំជ្រួច​នៅពេល​រាត្រី​ចាំង​ច្រាល​ពេញ​ផ្ទៃ​វេហាស៍​បង្កើត​បាន​ជា​អនុស្សាវរីយ៍​ជ្រាលជ្រៅ​បំភ្លេច​មិនបាន​ក្នុង​ខែធ្នូ​នេះ​។ ភ្ញៀវ​អាច​គោះ​កែវ​សុរា​ជប់លៀង​រាំច្រៀង​សប្បាយ​ ឬ ទទួលទាន​អាហារ​ពេលល្ងាច​យ៉ា​ងរ៉ូ​មេន​ទិ​កនៅ​លើ​ទូក​ដោយ​គ្មាន​ការ​រំខាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ ។ ប៉ុន្តែ​ភ្ញៀវ​ក៏អាច​គ្រាន់តែ​ជិះទូក​កម្សាន្ត​ រួចហើយ​ឡើង​មក​ត្រើយម្ខាង​ខាង​អរិយក្សត្រ​ដើម្បី​ឈប់សម្រាក​គយគន់​ថ្ងៃលិច​ ហើយ​ប្រារព្ធ​ពិធីជប់លៀង​លក្ខណៈ​ឯកជន​នៅ​លើ​ភោជនីយដ្ឋាន​និង​បារ​បណ្តែត​ទឹក​របស់​សណ្ឋាគារ​ Floatation​ ។ រសជាតិ​ស្រា​សាំ​ប៉ាញ​ និង​ សម្លេង​តន្រ្តី​ស្រាល​ស្រទន់​លើ​ផ្ទៃ​ទឹក​អម​ដោយ​ធម្មជាតិ​មាត់ច្រាំង​ជា​មន្ត​ស្នេហ៍​ដកចិត្ត​មិន​រួច​។

២. ភូមិ​បណ្តែត​ទឹក​ និង​ តំបន់​ផាប់​ស្រ្ទីត​ (Pub​ Street​) ខេត្តសៀមរាប​

          ខេត្តសៀមរាប​ជាគោល​ដៅ​ទេសចរណ៍​គ្រប់​រដូវ​កាល​របស់​អ្នកដំណើរ​ជិត​ឆ្ងាយ​គ្រប់ទិសទី​។ ក្រៅពី​ការ​ដើរ​ទស្សនា​ប្រាសាទបុរាណ​ជាច្រើន​នៅ​តាម​វង់​តូច​ វង់​ធំ​ ក្រុម​ប្រាសាទរលួស​ តំបន់​ភ្នំ​គូ​លេន​ ភ្ញៀវ​ទេសចរ​អាច​ចំណាយពេល​ទៅកាន់​តំបន់​ភូមិ​បណ្តែត​ទឹក​មួយចំនួន​នៅក្នុង​តំបន់​បឹងទន្លេសាប​ ជាអាទិ៍​ សហគមន៍​ចុង​ឃ្នា​ស សហគមន៍​កំពង់ភ្លុក​ សហគមន៍​កំពង់ឃ្លាំង​ និង​ សហគមន៍​មេ​ជ្រៃ​ គយគន់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកភូមិ​បណ្តែត​ទឹក​នារ​ដូវ​ទឹកសម្រក​ ហ៊ុមព័ទ្ធ​ដោយ​ព្រៃលិចទឹក​ដែល​ជា​ជម្រក​សត្វស្លាប​ និង​ មច្ឆជាតិ​ដ៏​សំខាន់​។ ក្រោយ​ព្រះទិនករ​លិច​បាត់​ទៅ​ ទេសចរ​ទាំងអស់​តែងតែ​រង់ចាំ​រាប់​ថយក្រោយ​ (countdown​) រហូត​ពាក់កណ្តាល​អាធ្រាត្រ​ត្រៀម​ស្វាគមន៍​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​។ ម្ចាស់ហាង​នានា​នៅ​តំបន់​ផ្សារ​រាត្រី​ ឬ ផាប់​ស្រ្ទីត​នេះ​ សុទ្ធតែ​ត្រៀម​តុបតែង​លម្អ​ហាង​របស់​ខ្លួន​ឲ្យ​ស្របតាម​កម្មវិធី​បុណ្យ​បែប​បស្ចិមប្រទេស​ តួយ៉ាង​ តាំង​ដើម​ណូអែល​ រៀប​កាដូ​តូច​ធំ​នៅមុខ​ហាង​ ដាក់​ស្លាក​ប្រូ​ម៉ូហ្សិន​ ឬ បញ្ចុះតម្លៃ​ភេសជ្ជៈ​ Happy​ Hour​ និង​ បំពាក់​ភ្លើង​ ​អំពូល​ជា​អក្សរ​ Merry​ Christmas​ &​; Happy​ New​ Year​ មិនដែល​ខាន​។ យប់​ឆ្លង​ឆ្នាំ​នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ស្នូរ​កាំជ្រួច​ក្ឌុង​ក្ឌាំង​ សម្លេង​ហ៊ោ​កញ្រ្ជៀវ​របស់​អ្នកចូលរួម​ ព្រមទាំង​ការ​ប្រគំ​តន្រ្តី​នៅ​កណ្តាលផ្លូវ​យ៉ាង​អធឹក​អធ័ម​។

៣. តំបន់​កោះ​រ៉ុង​ និង​ កោះ​រ៉ុង​សន្លឹម​ ខេត្ត​ព្រះសីហនុ

          កោះ​រ៉ុង​ និង​ កោះ​រ៉ុង​សន្លឹម​ ប្រៀប​បាន​ដូចជា​បងប្អូន​បង្កើត​ពីរ​នាក់​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជាងគេ​ផ្នែក​ទេសចរណ៍​ប្រចាំ​ខេត្ត​ព្រះសីហនុ​ ភូមិភាគ​និរតី​ ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ ជាពិសេស​មិត្ត​យុវវ័យ​ ហាក់បីដូចជា​មិន​ចេះ​ជិនណាយ​នឹង​សម្រស់​ឆ្នេរខ្សាច់​សក្បុស​ ទឹកសមុទ្រ​ថ្លាឆ្វង់​ និង​ ធនធាន​ជីវៈ​ចម្រុះ​បាតសមុទ្រ​ដ៏​សំបូរ​បែប​នៃ​កោះ​ទាំងពីរ​នេះ​ទាល់តែសោះ​។ សម្រាប់​រដូវ​បុណ្យណូអែល​ និង​ ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​ ក៏​មិន​ខុស​អ្វី​ពី​សព្វមួយដង​ដែរ​ អ្នកទេសចរ​ច្បាស់ជា​សម្រុក​ធ្វើដំណើរ​ទៅកាន់​កោះ​ទាំងពីរ​នេះ​ដើម្បី​ប្រារព្ធ​កម្មវិធី​ជួបជុំ​មិត្តភក្តិ​ និង​ ក្រុម​គ្រួសារ​ ជិះទូក​កម្សាន្ត​តាម​កោះ​ អាំង​សាច់​ប៊ី​ប៊ី​ឃ្យូ​នៅ​លើ​ឆ្នេរខ្សាច់​ ទទួលទាន​អាហារ​សមុទ្រ​ស្រស់​ៗរបស់​អ្នកកោះ​  ​;និង​ ចាក់ភ្លេង​រាំ​លេងកម្សាន្ត​លាយ​ ឡំ​នឹង​ស្នូរ​ទឹករលក​ជោរ​នាច​បោក​បក់​គ្រាំ​ៗ។ ម្ចាស់ផ្ទះ​សំណាក់​ ឬ រី​សត​នៅ​កោះ​តែងតែ​ត្រៀម​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ៗដើម្បី​កំដរ​ភ្ញៀវ​ដែល​ស្នាក់នៅ​ទីនោះ​ដល់ម៉ោង១២យប់​។ ឆ្នេរ​ដែល​ភ្ញៀវ​ពេញនិយម​ទៅ​សម្រាក​កម្សាន្ត​មាន​ដូចជា​ ឆ្នេរ​សុខសាន្ត​ ឆ្នេរ​ឡុង​ប៊ិច​ (Long​ Beach​) ឆ្នេរ​ឡុង​សិត​ (Longset​ Beach​) ឆ្នេរ​កោះតូច​ ឆ្នេរ​ដូង​ ឬ ឆ្នេរ​ខូ​ខូ​ណាត់​ (Coconut​) ឆ្នេរ​ភ្លោះ​កោះ​ឋានសួគ៌​ ឆ្នេរ​ភូមិ២៣​ និង​ ឆ្នេរ​សា​រ៉ា​សិន​ ។ល។

៤. ដងទន្លេ​មេគង្គ​លើ​ ខេត្តក្រចេះ

          សម្រាប់​ទេសចរ​ដែល​ចូលចិត្ត​ត្រាច់ចរ​ទៅកាន់​តំបន់​ឆ្ងាយ​ លោកអ្នក​អាច​សាកល្បង​បទពិសោធន៍​ដំណើរ​កម្សាន្ត​ថ្មី​ប្លែក​តាមផ្លូវ​ជាតិ​លេខ៧៣​ ទៅកាន់​ទីប្រជុំជន​ឆ្លូង​ស្ថិតនៅ​ប្រប​ទន្លេមេគង្គ​លើ​ដែល​មាន​សម្រស់​មិនចាញ់​ទីក្រុង​បុរាណ​តាម​ដងទន្លេ​នៃ​ប្រទេសជិតខាង​នោះ​ទេ​។ លោកអ្នក​អាច​ឈប់សម្រាក​នៅ​សណ្ឋាគារ​ “លឺ​រី​លី​សដឺ​ឆ្លូង​” (Le​ Relais​ de​ Chhlong​) អតីត​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​របស់​អ្នកជំនួញ​កាត់​ចិន​ក្នុង​តំបន់​នោះ​បន្សល់ទុក​តាំងពី​ឆ្នាំ១៩១៦​។ បន្ទប់​ Mekong​ View​ នៅ​ជាន់​ខាងលើ​អាច​ឲ្យ​ភ្ញៀវ​គយគន់​ទេសភាព​ផ្ទៃ​ជលសា​ដ៏​ធំ​មហិមា​អម​ដោយ​ដើមឈើ​ទាល​និង​គគីរ​ដែល​ដុះ​តាម​ជួរ​មាត់ទន្លេ​។ រី​ឯបន្ទប់​ Garden​ View​ នឹង​ធ្វើឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ហាក់​កំពុង​សម្រាក​ក្នុង​ព្រះរាជ​ដំណាក់​កណ្តាល​ឧទ្យាន​ធម្មជាតិ​។ នៅ​ទីនោះ​ ភ្ញៀវ​អាច​ជិះ​កាណូត​លេងកម្សាន្ត​តាម​ដងទន្លេ​ ដើរលេង​ផ្សារ​ក្រមួន​របស់​អ្នកស្រុក​ និង​ ទស្សនា​ផ្ទះ​បុរាណ មត៌ក​នៃ​ត្រកូល​ដង្ខៅឈើ​ប្រចាំ​អតីត​ទីក្រុង​កំពង់ផែ​ឈើ​សម័យ​បារាំង​នេះ​។ សម្រាប់​ឱកាស​បុណ្យណូអែល​និង​ឆ្លង​ឆ្នាំ​ ភ្ញៀវ​អាច​ជប់លៀង​ជល់​កែវ​បាន​យ៉ាង​សប្បាយរីករាយ​ ដោយសារ​សណ្ឋាគារ​ក៏​មាន​បារ​ដ៏​ស្រស់​ស្អាត​មួយ​ដែរ​សម្រាប់​រង់ចាំ​បម្រើ​លោកអ្នក​។ ជាចុងក្រោយ​ ភ្ញៀវ​ទេសចរ​គួរ​ឆៀងចូល​ភ្លក្ស​រសជាតិ​អាហារ​ប្រចាំ​តំបន់​ដ៏​ពិសេស​របស់​ខេត្តក្រចេះ​នៅ​ភោជនីយដ្ឋាន​ទន្លេ​ (Le​ Tonlé​) ដែល​ស្ថិតនៅ​ផ្លូវ​លេខ៣​ ទីរួមខេត្ត​។ ញាំ​ក្រូចថ្លុង​ នំបញ្ចុក​ណែម​ទឹកត្រី​ផ្អែម​ និង​ ភេសជ្ជៈ​ផ្សំ​ពី​បន្លែ​ផ្លែឈើ​ធម្មជាតិ​ ស្នាដៃ​សិស្ស​ទេសចរណ៍​ខេត្ត​ ជា​ចំណុច​ពិសេស​នៃ​ភោជនីយដ្ឋាន​នេះ​ដែល​លោកអ្នក​មិន​គួរ​រំលង​ឡើយ​៕

Article by​ SRIN SOKMEAN


SUGGESTIONS