×

​អបអរសាទរ​ក្រុម​និស្សិត​ម្ចាស់​ពានរង្វាន់​វេជ្ជសាស្ត្រ​គី​ណាល់​ ​KINAL​ ​PRIZE​ ​ប្រចាំឆ្នាំ២០១៩​

NEWS 4 years ago
 
 

          ​នា​ព្រឹក​ថ្ងៃពុធ​ ​៧រោច​ ​ខែ​មិគសិរ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស​.​ ​២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី១៨​ ​ខែធ្នូ​ ​២០១៩​ ​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េ​អឹម​ ​(​PPM​)​ ​បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប៦០ឆ្នាំ​នៃ​ការបង្កើត​ឱសថ​បំបាត់​ការ​ឈឺចុក​ចាប់​ ​ដែល​មានឈ្មោះ​ថា​ ​ឱសថ​គី​ណាល់​ ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ពានរង្វាន់​គី​ណា​ល់​ក្នុង​ការប្រកួត​ប្រជែង​ឆ្នាំ២០១៩នេះ​ ​គឺជា​ពានរង្វាន់​គី​ណា​ល់​លើក​ទី៧​ ​ក្រោម​ប្រធានបទ​ ​«​ការ​វិវត្ត​នៃ​ការ​ព្យាបាល​ការឈឺចាប់​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន​កាល​»​ ​។​ ​ក្រុម​យុវជន​មក​ពីសា​កល​វិទ្យាល័យ​ចំនួន​ពីរ​ ​គឺ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​និង​ ​សាកល​វិទ្យាល័យ​អន្តរជាតិ​ ​(​ហៅ​កាត់​ថា​ ​IU​)​ ​ទទួល​បាន​ជ័យលាភី​ពានរង្វាន់​គី​ណាល់​ ​(​KINAL​ ​PRIZE​)​ ​លេខ១​ ​ក្នុង​ឱកាស​នេះ​ ​ដែល​ក្នុង​នោះ​រួមមាន​សមាជិក​ចំនួន៦នាក់​គឺ​ ​កញ្ញា​ ​សួន​ ​សូ​និ​កា​ ​លោក​ ​កៅ​ ​រតនា​ ​កញ្ញា​ ​អូន​ ​ទី​ឡែន​ ​លោក​ ​សុខ​ ​ថា​វីន​ ​លោក​ ​សុម​ ​សម័យ​ ​និង​ ​កញ្ញា​ ​ពេជ្រ​ ​កក្កដា​។​ ​

          ​កញ្ញា​ ​សួន​ ​សូ​និ​កា​ ​តំណាង​ក្រុម​ជ័យលាភី​លេខ១នៃ​ពានរង្វាន់​គី​ណា​ល់​ឆ្នាំ២០១៩​ ​បាន​ពន្យល់​ប្រាប់​សូ​វរីន​ថា​ ​កម្មវិធី​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​គី​ណា​ល់​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដំបូង​នៅ​ឆ្នាំ២០១៣ក្នុង​គោលបំណង​លើកទឹកចិត្ត​ឲ្យ​យុវជន​ជំនាន់​ក្រោយ​យក​គម្រូ​តាម​លោក​ឱសថ​បណ្ឌិត​ ​កុក​ ​សុ​ខ​គីម​ ​ដែល​កាលពី៦០ឆ្នាំមុន​ ​ក្នុង​ឆ្នាំ១៩៥៩​ ​លោក​បាន​ផលិត​ថ្នាំ​បំបាត់​ការឈឺចាប់​ឈ្មោះថា​ ​«​គី​ណាល់​»​ ​ដែល​ជា​ឱសថ​ទំនើប​ខ្មែរ​ដំបូង​គេ​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ទទួល​បាន​ឯក​រា​ជ្យ​ថ្មី​ៗ​ពី​អាណានិគម​បារាំង​។​ ​កញ្ញា​បាន​បន្ត​ថា​ ​និស្សិត​ចំនួន១៥ក្រុម​បាន​ផ្ញើ​លទ្ធផល​អត្ថបទ​សិក្សា​ស្រាវជ្រាវ​ទៅ​គណៈមេប្រយោគ​ដើម្បី​ធ្វើការ​វាយតម្លៃ​កាលពី​ចុងខែ​តុលា​ ​ឆ្នាំ២០១៩​ ​នៅ​មហាវិទ្យាល័យ​ឱសថ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិ​​បាល​។​ ​បេក្ខភាព​និស្សិត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន​ ​និស្សិត​មក​ពីសា​កល​វិទ្យាល័យ​ធំៗ​ចំនួន​ ​០៤​ ​គឺ​ ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​(​UHS​)​ ​សាកល​វិទ្យាល័យ​អន្តរជាតិ​ ​(​IU​)​ ​សាកល​វិទ្យា​ល័យ​ពុទ្ធិ​សាស្រ្ត​ ​(​UP​)​ ​និង​ ​សា​កល​វិទ្យាល័យ​ន័​រតុន​ ​(​Norton​)​ ​។​ ​

​          បន្ទាប់មក​ ​និស្សិត​ចំនួន៦ក្រុម​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជាប់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​បាន​បន្ត​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី១៣​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​នៃ​កម្ពុជា​(​IFC​)​។​ ​និស្សិត​ជ័យលាភី​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​គី​ណា​ល់​ប្រចាំឆ្នាំ២០១៩តែ០៣ក្រុម​ប៉ុណ្ណោះ​ត្រូវ​មក​ទទួល​ពានរង្វាន់​គី​ណា​ល់​ឆ្នាំ២០១៩​ ​ជា​ផ្លូវការ​ ​នៅ​ថ្ងៃទី​ ​១៨​ ​ខែធ្នូ​ ​២០១៩​ ​ក្នុង​កម្មវិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​គម្រប់៦០ឆ្នាំ​នៃ​ឱសថ​បំបាត់​ការឈឺចាប់​ ​«​គី​ណាល់​»​ ​តែម្តង​។​ ​លក្ខន្តិកៈ​នៃ​ការចូលរួម​កម្មវិធី​នេះ​ ​គឺ​បេក្ខជន​ត្រូវតែ​ជា​និស្សិត​ឆ្នាំ​ណាមួយ​នៃ​ជំនាញ​ឯកទេស​វេជ្ជ​សាស្រ្ត​ ​ឱសថ​សាស្រ្ត​ ​ឬ​ ​ទន្ត​សាស្រ្ត​ ​ហើយ​និស្សិត​ទាំងនោះ​ត្រូវ​ចាប់​ជា​ក្រុម​ដែល​មាន​សមាជិក​មិន​លើស​ពី៦នាក់​។​ ​បេក្ខជន​នៃ​ក្រុម​នី​មួយ​ៗ​ត្រូវ​លាយ​បញ្ចូល​គ្នា​រវាង​សាកល​វិទ្យាល័យ​ចំនួន​យ៉ាងហោចណាស់​ពីរ​។​ ​ចំពោះ​ក្រុម​បេក្ខជន​ជ័យលាភី​លេខ១​ ​គឺ​ ​ទទួល​បាន​ពានរង្វាន់​ជ័យលាភី​គី​ណាល់​ ​១​ ​ទឹកប្រាក់​ចំនួន៤លាន​រៀល​ ​វិញ្ញាបនបត្រ​ជ័យលាភី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្នាក់១សន្លឹក​ ​និង​ ​វិញ្ញាបនបត្រ​ជ័យលាភី​វគ្គ​ផ្តាច់ព្រ័ត្រ​ម្នាក់១សន្លឹក​។​

​          ក្រុម​ជ័យលាភី​លេខ១ខាងលើ​នេះ​បាន​បញ្ជាក់​ថា​ ​ក្រុម​របស់​គេ​បាន​ជ្រើសរើស​យក​ទីតាំង​ភូមិ​ស្គន់​ ​ឃុំ​សូ​ទិព្វ​ ​ស្រុក​ជើងព្រៃ​ ​ខេត្ត​កំពង់ចាម​ ​ជា​ប្រធានបទ​នៃ​ការស្រាវជ្រាវ​។​ ​រុក្ខជាតិ​ទន្ទ្រាន​ខេត្ត​ជា​ឱសថ​បុរាណ​ដែល​ប្រជាជន​តំបន់​នោះ​បាន​ប្រើប្រាស់​សម្រាប់​បំបាត់​ការឈឺចាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ​ ​(​១៩៧៥​-​១៩៧៩​)​។​ ​គោលបំណង​រួម​នៃ​ការសិក្សា​លើ​ប្រធានបទ​នេះ​គឺ​ ​ចង់​យល់ដឹង​អំពី​ការប្រើ​ប្រាស់​និង​ប្រភេទ​នៃ​រុក្ខជាតិ​ឱសថ​សម្រាប់​ព្យាបាល​ការឈឺចាប់​នៃ​របួស​នៅ​សម័យ​ខ្មែរក្រហម​របស់​ប្រជាជន​នៅ​ភូមិ​ស្គន់​ ​និង​ ​បច្ចុប្បន្នភាព​នៃ​ការប្រើ​ប្រាស់​រុក្ខជាតិ​ឱសថ​ជាជាង​ឱសថ​សម័យ​ដែល​រមែង​មានផល​រំខាន​រាល់​ការប្រើ​ប្រាស់​។​ ​ចំពោះ​មូលហេតុ​ដែល​ក្រុម​របស់​ពួកគេ​សម្រេច​ជ្រើសរើស​យក​ទីតាំង​ភូមិ​ស្គន់​ក្នុងចំណោម​ទីតាំង​ភូមិ​សាស្រ្ត​ជាច្រើន​នៃ​ប្រទេស​កម្ពុជា​ ​គឺ​ដោយសារ​ស្គន់​ជាទី​ប្រជុំជន​បុរាណ​មួយ​ដែល​មានឈ្មោះ​បោះ​សំឡេង​តាំងពី​សម័យមុន​ដល់​បច្ចុប្បន្ន​ ​ហើយ​សមាជិក​ក្រុម​មួយចំនួន​ក៏បាន​ស្គាល់​ព័ត៌មាន​ខ្លះ​ៗ​ពី​តំបន់​នេះ​ ​ពីមុន​មក​ដែរ​។​ ​ម្យ៉ាងវិញទៀត​ ​ទីប្រជុំជន​នេះ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពេក​ពី​រាជធានី​ភ្នំពេញ​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ក្រុម​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​ជាក់ស្តែង​។​ ​

​          គម្រោង​នៃ​ការស្រាវជ្រាវ​នេះ​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី១៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​រហូតដល់​ថ្ងៃទី៣១​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​ ​ការស្រាវជ្រាវ​ត្រូវ​បាន​ប្រព្រឹត្តទៅ​តាមរយៈ​បទសម្ភាសន៍​ផ្ទាល់មាត់​ជាមួយ​ប្រជាជន​មូលដ្ឋាន​ឈរ​លើ​គោលការណ៍​សំ​ខាន់​ៗ​បី​ចំណុច​គឺ​ ​ទីមួយ​ ​អ្នក​ផ្តល់​បទសម្ភាសន៍​ត្រូវតែ​ជា​ប្រជាជន​ដែល​មាន​ទីលំនៅ​អ​ចិន្​រ្តៃយ៍​នៅ​ភូមិ​ស្គន់​ ​(​ពុំ​ធ្លាប់​ផ្លាស់​ប្តូរ​ទីលំនៅ​)​ ​ទីពីរ​ ​ត្រូវ​មាន​អាយុ​ចន្លោះ​ពី៥៥ដល់៧៥ឆ្នាំ​ ​និង​ ​ទីបី​ ​ត្រូវ​មានការ​ចងចាំ​ល្អ​ ​(​មិន​ភ្លេចភ្លាំង​)​។​ ​ជា​លទ្ធផល​ ​ក្រុម​និស្សិត​ស្រាវជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត​នេះ​សម្រេច​បាន​របាយការណ៍​ស្រាវជ្រាវ​យ៉ាង​លម្អិត​ដែល​មាន​កម្រាស់​រហូត៣៥ទំព័រ​ ​ដោយមាន​សាស្រ្តា​ចារ្យ​ផ្នែក​វេជ្ជ​សាស្រ្ត​ជាទី​ប្រឹក្សា​ ​មេភូមិ​ ​និង​ ​ប្រជាជន​ក្នុង​តំបន់​ជា​អ្នកជួយ​សម្របសម្រួល​ដល់​ការ​ចុះ​ស្រាវជ្រាវ​នៅ​មូលដ្ឋាន​ផ្ទាល់​។​ ​

​          ជាចុងក្រោយ​ ​ក្រុម​ជ័យលាភី​ផ្នែក​ស្រាវជ្រាវ​នេះ​ពុំ​ទាន់​មាន​គម្រោង​ថា​នឹង​បង្កើត​ឱសថ​ផ្សំ​ពី​ទន្រ្ទាន​ខេត្ត​នេះ​នៅឡើយ​ទេ​ ​ពោល​គឺ​ពួកគេ​នៅ​រង់ចាំ​ឱកាសល្អ​ណាមួយ​ ​ពីព្រោះ​សព្វថ្ងៃ​ពួកគេ​កំពុង​មមាញឹក​នឹង​ការសិក្សា​ជា​ចំបង​។​ ​ទោះបីជា​យ៉ាងណា​ ​ពួកគេ​ចង់​លើកទឹកចិត្ត​និស្សិត​ផ្នែក​សុខាភិបាល​ទាំងអស់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ផ្នែក​ស្រាវជ្រាវ​ក្នុង​កម្មវិធី​ពានរង្វាន់​គី​ណា​ល់​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ ​ដោយសារ​កម្មវិធី​នេះ​បាន​ ​ ​ ​ ​ ​ ​ផ្តល់​ចំណេះដឹង​ក្នុង​ការ​សរសេរ​អត្ថបទ​ស្រាវជ្រាវ​ ​ចំណេះដឹង​អំពី​ប្រធានបទ​ដែល​ត្រូវ​ស្រាវជ្រាវ​ ​ចំណេះដឹង​ផ្នែក​ទំនាក់ទំនង​សង្គម​ ​និង​ ​ច្បាប់ទម្លាប់​ផ្នែក​រដ្ឋបាល​ថែមទៀត​ផង​។​ ​ជាពិសេស​ ​វា​ជាដើម​ទុន​អាទិភាព​ដ៏​មានតម្លៃ​សម្រាប់​និស្សិត​ក្នុង​ការប្រឡងប្រជែង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS