×

ស្ត្រី​គប្បី​យល់ដឹង​ពី​ផល​អាក្រក់​នៃ​ការ​មិន​សម្អាត​ជក់​ផាត់មុខ​

FASHION & BEAUTY 10 months ago

          តើ​អ្នក​ឧស្សាហ៍​សម្អាត​ជក់​ផាត់មុខ​ឬទេ​? ឬក៏​មិនធ្លាប់​សម្អាត​ទាល់តែសោះ​?។ ការពិត​ណាស់​ មិនថា​ជក់​ផាត់មុខ​ប្រភេទ​ណាមួយ​ នៅពេល​ប្រើ​លាប​លើ​ផ្ទៃមុខ​វា​នឹង​ជាប់​មកវិញ​ជាមួយ​ខ្លាញ់​និង​កោសិកា​ស្បែក​ងាប់​លាយឡំ​ជាមួយ​ម្សៅ​ផាត់​ដែល​ធ្វើឲ្យ​ជក់​ពោរពេញ​ទៅ​ដោយ​បាក់តេរី​កកើត​។ ជក់​ដែល​មិនបាន​អនាម័យ​ត្រឹមត្រូវ​អាច​បង្ក​បញ្ហា​លើ​ស្បែក​ដូចជា​ធ្វើឲ្យ​រោល​មុខ​ឡើង​មុន​និង​រមាស់​ជាដើម​។ អត្ថបទ​នេះ​សូវ​រី​ននឹ​ងរៀ​បរា​ប់​អំពី​ផល​អាក្រក់​នៃ​ការប្រើ​ជក់​កខ្វក់​ វិធី​សម្អាត​ និង​ការ​អនាម័យ​ដ៏​ត្រឹមត្រូវ​។

ផល​អាក្រក់​នៃ​ការប្រើ​ជក់​កខ្វក់​ ប្រសិនបើ​អ្នក​ផាត់មុខ​ហើយ​តែងតែមាន​បញ្ហា​លើ​ស្បែក​ ជួនកាល​កុំ​បន្តុះ​ទៅលើ​ម្សៅ​ផាត់​គួរតែ​ងាក​មក​មើល​ពី​ឫសគល់​ដែល​បង្ក​វិញ​។  ​;ជក់​មិនបាន​សម្អាត​ហើយ​ប្រើ​ដដែល​ៗកម្អែល​ដែល​ប្រមូល​ផ្តុំ​បន្តិច​ម្តង​ៗនឹង​បង្ក​បញ្ហា​លើ​ស្បែក​ដូចជា​ធ្វើឲ្យ​ឡើង​រោល​កន្ទួល​រមាស់​និង​ឡើង​មុន​ ជាពិសេស​កើតរោគ​ឆ្លង​លើ​ស្បែ​កផ្សេង​ៗដូចជា​ឡើង​ពងបែក​លើ​ស្បែក​ និង​មាត់​ជាដើម​។ ហេតុដូច្នេះ​ វា​ជាហេតុ​ផល​ចាំបាច់​មួយ​ដែល​ស្ត្រី​ចូលចិត្ត​ការ​តុបតែង​មុខ​គ្រប់រូប​គួរ​សម្អាត​ជក់​ជាប្រចាំ​ក្រោយពេល​ប្រើ​រួច​ និង​ប្រសិនបើ​អាច​ផ្លាស់​ប្តូរ​ជក់​ថ្មី​នៅ​រៀងរាល់៣ខែ​ម្តង​។ ជៀសវាង​ការប្រើ​ជក់​តពី​អ្នកដទៃ​ឬឲ្យ​ជក់​ទៅ​អ្នកដទៃ​ប្រើ​ដែល​នឹង​បង្ក​មេរោគ​ឆ្លង​កាន់តែ​ខ្លាំង​។ មិន​តែប៉ុណ្ណោះ​ ការប្រើ​ជក់​ផាត់មុខ​កខ្វក់​អាច​ធ្វើឲ្យ​ស្បែក​មុខ​ឆាប់​ចាស់​ជាង​វ័យ​ផង​ដែរ​ ពីព្រោះ​ជក់​កខ្វក់​នេះ​នឹង​កាត់បន្ថយ​ខូ​ឡេ​ជិន​លើ​ស្បែក​ ធ្វើឲ្យ​ស្បែក​លែង​យឺត​ កាត់បន្ថយ​អុកស៊ីតកម្ម​ដែល​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​។

វិធី​លាង​សម្អាត​ជក់​ បន្ទាប់ពី​ដឹង​ថា​ការប្រើ​ជក់​កខ្វក់​អាច​ផ្តល់​ផល​អាក្រក់​ចំពោះ​ស្បែក​ ជឿជាក់​ថា​ប្រិយមិត្ត​ប្រាកដជា​ចង់​ដឹងពី​វិធី​លាង​សម្អាត​មិនខាន​។ អនុវត្ត​តាម​វិ​ធី​ងាយ​ៗដោយ​ដំបូង​ប្រមូល​ជក់​ផាត់មុខ​ទាំងប៉ុន្មាន​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្តៅ​ បន្ទាប់មក​យក​សាប៊ូម្សៅ​ឬសាប៊ូកក់​សក់​ចាក់​កូរទឹក​ក្នុង​ចានគោម​មួយ​ ហើយ​ចាប់ផ្តើម​យក​ជក់​ត្រាំទឹក​ក្តៅ​រួចមក​លាង​សម្អាត​នឹង​ទឹកសាប៊ូ​ដោយ​ប្រើ​ម្រាមដៃ​ច្របាច់​ត្រ​ដុស​ថ្ម​មៗ​រហូត​ឡើងពពុះ​រយៈពេល​ប្រមាណ​ពីរបី​នាទី​។ ធ្វើការ​លាង​ជម្រះ​ទឹក​រហូត​ប្រាកដ​ថា​រោម​ជក់​គ្មាន​សេសសល់​ពពុះ​ និង​មើលទៅ​ភ្លឺរលោង​ស្អាត​ល្អ​។ ក្រោយមក​ពូត​ទឹក​ចេញពី​រោម​ជក់​រួច​ដាក់លើ​កន្សែង​ស្អាត​ហើយ​យក​ទៅ​សម្ងួត​ដោយ​ដាក់ក្រោម​ម៉ាស៊ីន​សម្ងួត​ ឬប្រើ​ម៉ាស៊ីន​ផ្លុំ​(ផ្លុំ​ត្រជាក់​កុំ​ឲ្យ​បែក​រោម​ជក់​) ឬដាក់​បញ្ឈរ​ហាល​ចោល​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អជា​ការ​ស្រេច​។ ករណី​សម្ងួត​ជក់​មិនបាន​ត្រឹមត្រូវ​អាច​បង្ក​ឲ្យ​ជក់​មាន​ក្លិន​មិនល្អ​ផង​ដែរ​។

ការ​អនាម័យ​ត្រឹមត្រូវ​ បាក់តេរី​ និង​ផ្សិត​រមែង​កកើត​ឡើង​នៅពេល​មាន​សំណើម​ដែល​ជាហេតុ​ស្ត្រី​គ្រប់រូប​ចាំបាច់​ធ្វើការ​សម្ងួត​ជក់​ឲ្យបាន​ស្ងួត​ល្អ​។ ជាក់ស្តែង​ជក់​សម្រាប់​ផាត់ម្សៅ​ទ្រនាប់​(ប្រភេទ​ទឹក​) គឺជា​ជក់​ងាយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បាក់តេរី​កកើត​ជាង​ជក់​ផាត់ម្សៅ​ហុយ​ ហេតុដូច្នេះ​វា​តម្រូវ​សម្អាត​យ៉ាងហោចណាស់​ពី​ពីរ​ទៅ​បីដង​ក្នុង​មួយ​សប្តាហ៍​ ចំណែក​ជក់​ម្សៅ​ហុយ​សម្អាត​ត្រឹមតែ​ម្តង​ក្នុង​មួយ​សប្តាហ៍​។ សម្រាប់​ជក់​ប្រើ​រោម​កែច្នៃ​មាន​ភាព​ងាយស្រួល​ក្នុង​ការថែទាំ​ ងាយ​សម្អាត​និង​ប្រើ​បាន​រយៈពេល​យូរ​។ ជក់​ដែល​មានគុណ​ភាពល្អ​បំផុត​គឺ​អាច​ប្រើ​បាន​ពី៥ទៅ១០ឆ្នាំ​ឯណោះ​ ខណៈ​ជក់​មួយចំនួន​ក៏​មាន​ភ្ជាប់​មក​ជាមួយ​សារធាតុ​ការពារ​បាក់តេរី​ផង​ដែរ​។ រី​ឯជក់​ប្រើ​រោម​ធម្មជាតិ​វិញ​ ថ្វី​ដ្បិតតែ​ទន់​ប៉ុន្តែ​តម្រូវការ​ថែទាំ​ខ្ពស់​ក៏​ព្រោះ​វា​នឹង​ចាប់ផ្តើម​ខ្ទេចខ្ទី​ឬខូច​សរសៃ​និង​ឡើង​ប្រេង​ប្រសិនបើ​មិនបាន​សម្អាត​ ហើយក៏​នឹង​ធ្វើឲ្យ​កាត់​ផាត់ម្សៅ​មិន​ស្មើ​សាច់​ល្អ​ផង​ដែរ​៕

Article by​ HEM​SOKKHIM


SUGGESTIONS