×

គំនូរ​ឌីជីថល​ក្នុង​រចនាប័ទ្ម​សិល្បៈ​បុរាណ​ខ្មែរ​កំពុង​ទទួលការ​បោះ​សម្លេង​​ពី​ស្រទាប់​យុវវ័យ

NEWS 4 years ago
 
 

          តាមរយៈ​គំនូរ​ជាច្រើន​ផ្ទាំង​ដែល​ត្រូវ​បាន​គូរ​ឡើង​ដោយ​វិចិត្រករ​គ្រប់រូប​តែង​បង្ហាញ​នូវ​អត្តសញ្ញាណ​ ឬចំណុច​សម្គាល់​មួយចំនួន​ដ៏​សំខាន់​ ដើម្បី​បង្ហាញ​ពី​ផ្នត់គំនិត​របស់​ពួកគេ​ទៅកាន់​ទស្សនិកជន​ជាតិ​ និង​អន្តរ​ជាតិ​។ ជាក់ស្តែង​ វិចិត្រករ​ខ្មែរ​ច្រើន​រូប​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ជាមួយនឹង​គម្រោង​ ឬកិច្ច​ការ​ផ្សេង​ៗយ៉ាងច្រើន​ក្រៃលែង​ តួយ៉ាង​ ការ​គូរគំនូរ​លើ​ក្រដាស​ ការ​គូរគំនូរ​លើ​ជញ្ជាំង​ ឬការ​គូរគំនូរ​ឌីជីថល​ដែល​ប្រកប​ទៅ​ដោយ​សិល្បៈ​បុរាណ​ ឬក្នុង​ទម្រង់​សហសម័យ​ក្នុង​ការបង្កើត​ជា​សមិទ្ធិ​ផល​ល្អឯក​មួយ​ដែល​អាច​ផ្សព្វផ្សាយ​ដល់​មនុស្ស​ជំនាន់​ក្រោយ​អាច​យល់ដឹង​ពី​សម្បត្តិ​វប្បធម៌​ ប្រពៃណី​ និង​សិល្បៈ​ដែល​ជា​កេ​ដំណែល​តាំងពី​បុរាណកាល​ផង​ដែរ​។

          លោក​ សុត​ សេរី​ ជា​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ឌីហ្សា​ញនៃ​វិទ្យាស្ថាន​ស៊ី​តិក​ ជា​វិចិត្រករ​គំនូរ​បែប​ឌីជីថល​រចនាប័ទ្ម​បុរាណ​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​ដែល​កំពុង​ឈានមុខ​បោះ​សម្លេង​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​។ ថ្វី​ដ្បិតតែ​ការសិក្សា​ និង​ការងារ​របស់​លោក​មាន​ភាព​ខុសគ្នា​បន្តិច​ក៏​ពិតមែន​ ប៉ុន្តែ​គោលបំណង​ និង​ក្តី​ស្រឡាញ់​សិល្បៈ​ខ្មែរ​ពី​បុរាណកាល​មក​តែង​ដក់ជាប់​នៅក្នុង​ដួងចិត្ត​របស់​លោក​ជានិច្ច​ ហើយ​កិច្ចការ​ទាំងអស់​នេះ​ បាន​ជំរុញ​ទឹកចិត្ត​លោក​យ៉ាង​មុតមាំ​ក្នុង​ការ​គូរ​គំនូរ​នី​មួយ​ៗប្រកបដោយ​ប្រណីតភាព​ និង​មានតម្លៃ​ផង​ដែរ​។ ទន្ទឹម​នឹង​ជំនួប​ជាមួយនឹង​វិចិត្រករ​វ័យក្មេង​ សេរី​ បាន​លើកឡើង​ផង​ដែរ​ថា​ «ខ្ញុំ​ចាប់ផ្តើម​គូរគំនូរ​ទាំង​ពី​ខ្ញុំ​នៅ​កុមារភាព​មក​ម៉្លេះ​ ហើយ​សម្រាប់​ទំនោរ​នៃ​ប្រភេទ​គំនូរ​ដែល​ខ្ញុំ​គូរ​នោះ​ភាគច្រើន​គឺ​ប្រភេទ​រឿងព្រេង​និទាន​ខ្មែរ​ តួអង្គ​ដែល​បាន​សម្តែង​ពី​បុរាណ​ជាដើម​»។ លោក​បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​ «អ្វី​ដែល​ទាក់ចិត្ត​ខ្ញុំ​ក្នុង​ការ​គូរគំនូរ​ប្រភេទ​នឹងក៏​ព្រោះតែ​ខ្ញុំ​ចាំ​បាន​ថា​កាល​នឹង​សាលា​របស់ខ្ញុំ​គេ​មាន​បណ្ណាល័យ​ចល័ត​សម្រាប់​ឲ្យ​សិស្ស​ខ្ចី​សៀវភៅអាន​ ហើយ​ខ្ញុំ​ក៏បាន​អាន​សៀវភៅ​ប្រភេទ​រឿងព្រេង​និទាន​នោះ​ ខ្ញុំ​ក៏បាន​ចាប់ចិត្ត​ជាមួយនឹង​សាច់រឿង​ តួអង្គ​បុ​រា​ណៗ​ ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​រិះរក​វិធីសាស្ត្រ​ជាច្រើន​សម្រាប់​ហ្វឹកហាត់​ការ​គូរ​របស់ខ្ញុំ​»។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក្រៅពី​ស្នាដៃ​នៃ​ការ​គូរគំនូរ​ជា​ប្រភេទ​រឿងនិទាន​ តួអង្គ​បុ​រា​ណៗ​មួយចំនួន​ សេរី​ ក៏​គូរគំនូរ​ដែល​ទាក់ទង​នឹង​ប្រពៃណី​ខ្មែរ​ វត្ថុ​អនុស្សាវរីយ៍​នានា​ និង​ឧបករណ៍​តន្ត្រី​មួយចំនួន​ដែល​មាននៅ​ក្នុង​ទសវត្សរ៍​ទី៦០ថែមទៀត​ផង​។

          ម៉្យាងវិញទៀត​ ស្នាដៃ​នៃ​ការ​គូរគំនូរ​នី​មួយ​ៗរបស់​វិចិត្រករ​ម្នាក់​នេះ​ ធ្វើឲ្យ​ប្រិយមិត្ត​ ក៏ដូចជា​យុវជន​ច្រើន​នឹកឃើញ​ទៅដល់​អតីតកាល​មួយរំពេច​តែម្តង​។ ជាក់ស្តែង​ គំនូរ​មាន​ «វារៈ​ឡើងស័ក​» ដែល​បាន​រំឮក​ដល់​ថ្ងៃទី​បី​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ហើយ​ក្នុង​នោះ​គេ​សង្កេតឃើញ​ថាសស​រដែ​លមា​ននៅ​ក្នុង​គំនូរ​នោះ​ គឺជា​សសរ​បុរាណ​ដែល​មាន​ស្ថិតនៅ​ក្នុង​វត្តគរ​ នៃ​ក្រុង​បាត់ដំបង​។ លើស​ពីនេះ​ទៅទៀត​ គំនូរ​មួយ​ផ្ទាំង​ដែល​មានឈ្មោះ​ថា​ «បងប្អូន​ស្រី​» ជា​ប្លង់​មួយ​នៃ​ការ​សម្តែង​របាំ​ព្រះរាជទ្រព្យ​ បាន​រំឭក​ដល់​ព្រះ​បុត្រី​នៃ​សម្តេច​រាជបុត្រី​ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ដែល​ទ្រង់​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ កាលពី​ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ផង​ដែរ​។

          ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ លោក​ សុត​ សេរី​ បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​ អ្នក​គូរគំនូរ​ជាច្រើន​ មិនថា​គាត់​គូរ​លើ​ឌីជីថល​ ឬក្រដាស​នោះ​ទេ​ គួរតែ​បង្ហាញ​សម​ត្ថិ​ភាព​ និង​ស្នាដៃ​របស់​ខ្លួន​ក្នុង​កម្មវិធី​នានា​ឲ្យបាន​ច្រើន​ ទោះបី​ស្នាដៃ​របស់​យើង​ និង​សម​ត្ថិ​ភាព​របស់​យើង​នៅ​មានកម្រិត​ក៏ដោយ​គួរតែ​បង្ហាញ​ឲ្យ​ប្រិយមិត្ត​បានឃើញ​ និង​ទទួល​នូវ​មតិយោបល់​របស់​អ្នក​គាំ​ ដើម្បី​ស្ថាបនា​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​»៕

Article​ by​ PAN​ SIVLY


SUGGESTIONS