ឆ្នាំ២០១៩ទើបតែកន្លងផុតទៅ ហើយឆ្នាំ២០២០បានចូលមកជំនួស។ ដូចនេះ អ្វីៗមិននៅគង់វង្សឋិតថេរ ដដែលនោះទេ ពោលគឺមានរឿងរ៉ាវជាច្រើនដែលអាចនឹងកើតមានឡើងដែលលោកអ្នកគួរតែយល់ដឹងនិងត្រៀមខ្លួនទុកជាមុនទើបជាការប្រសើរ។ យោងតាមការចុះផ្សាយជាផ្លូវការរបស់គេហទំព័របរទេសល្បីឈ្មោះមួយឈ្មោះថា «អិនប៊ីស៊ីញូស» (NBC News) ក្រោមចំណងជើងថា «មូលហេតុ១២យ៉ាងដែលធ្វើឲ្យឆ្នាំ២០២០ក្លាយជាឆ្នាំដ៏អស្ចារ្យមួយ» ក្នុងចក្ខុវិស័យរបស់លោក Mike Liebhold អ្នកឯកទេសបច្ចេកវិទ្យាប្រចាំវិទ្យាស្ថាន «Institute for the Future» ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុនល្បីៗ ដូចជា Intel, Apple និង Netscape វិស័យបច្ចេកវិទ្យាទូទាំងពិភពលោកនឹងរីកចម្រើនសឹងមិនគួរឲ្យជឿនៅក្នុងឆ្នាំ២០២០នេះ
១. ប្រទេសជប៉ុននឹងបង្កើតមនុស្សយន្តនៅលើឋានព្រះចន្ទ ប្រទេសជប៉ុនមានគម្រោងបង្កើតមនុស្សយន្តលើព្រះចន្ទតាំងពីឆ្នាំ២០១០មកម្ល៉េះ។ ក្រុមហ៊ុនទីភ្នាក់ ងារលំហអាកាសជប៉ុនមួយឈ្មោះថា «ចាហ្សា» (JAXA) គ្រោងនឹងវិនិយោគទុនចំនួន ២.២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងដំណើរការក្នុងឆ្នាំ២០២០។ មនុស្សយន្តនេះមានតួនាទីជំនួសពលកម្មមនុស្សក្នុងបេសកកម្មប្រមូលសំណាកថ្មនៅលើព្រះចន្ទ ហើយនឹងត្រូវបានបញ្ជូនមកភពផែនដីវិញតាមរយៈរ៉ុក្កែត។ មនុស្សយន្តនេះត្រូវបានបញ្ជាពីភពផែនដី មានសមត្ថភាពខួរក្បាលពិសេសដែលអាចស្វ័យសម្រេចចិត្តនិង មានប្រតិបត្តិការស្វ័យម្ចាស់ការកម្រិតខ្ពស់។ មនុស្សយន្តនោះនឹងត្រួសត្រាយផ្លូវស្ថាបនាទីតាំងបន្ទាយមូលដ្ឋានមួយដែលស្ថិតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទសម្រាប់មនុស្សយន្តដទៃទៀត។ បន្ទាយនោះនឹងត្រូវបានគ្រប់គ្រងដោយថាមពលពន្លឺព្រះអាទិត្យ និងប្រើប្រាស់ជាការិយាល័យនិងលំនៅសម្រាប់ក្រុមមនុស្សយន្តដែលនឹងត្រូវបញ្ជូនទៅទីនោះនៅពេលអនាគតបន្តទៀត។
២. ប្រទេសចិននឹងផ្សារភ្ជាប់ទីក្រុងប៉េកាំងនិងទីក្រុងឡុងដ៍តាមផ្លូវដែកល្បឿនលឿន នៅឆ្នាំ២០១០ ប្រទេសចិនមានគម្រោងអភិវឌ្ឍវិស័យផ្លូវដែកល្បឿនលឿនទៅកាន់ទីក្រុងឡុងដ៍ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២០នេះដែលត្រូវឆ្លងកាត់ប្រទេសចំនួន១៧ ក្នុងល្បឿនកំណត់២០០ម៉ាយល៍ (ស្មើនឹង ៣២១ គីឡូម៉ែត្រ) ក្នុងមួយម៉ោង។ ប្រទេសចិនគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាថ្នូរនឹងការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងប្រទេសទាំង១៧ដែលត្រូវឆ្លងកាត់។ តាមរយៈនេះ ប្រទេសចិនទទួលបាន ; ឈើហ៊ុប ធនធានរ៉ែ ប្រេង និង ឧស្ម័ន រីឯប្រទេសទាំងនោះ ជាពិសេសប្រទេសដែលតូច និង ឯកាពីពិភពខាងក្រៅ (ឧទា: ប្រទេសមីយ៉ាន់ម៉ា) នឹងទទួលបានផ្លូវគមនាគមន៍ប្រកបដោយបច្ចេកវិទ្យាខ្ពស់ឆ្ពោះទៅកាន់សេដ្ឋកិច្ចពិភពលោកដែលកាន់តែប្រសើរ។
៣. ជីវឥន្ធនៈនឹងមានតម្លៃប្រកួតប្រជែងជាមួយនឹងផូស៊ីលឥន្ធនៈ ការប្រើប្រាស់ជីវឥន្ធនៈជាដំណឹងល្អមួយពីសហរដ្ឋអាមេរិកសម្រាប់កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសព្រមទាំងជនសង្គមស៊ីវិលផងដែរ។ នេះជាគម្រោងផែនការរបស់យោធាអាមេរិកក្នុងការប្រើប្រាស់ថាមពលដែលអាចប្រើឡើងវិញដែលគ្រោងនឹងសម្រេចឲ្យបាន៥០ភាគរយនៃថាមពលដែលប្រើប្រាស់សរុបក្នុងឆ្នាំ២០២០នេះ ក្នុងគោលដៅជំរុញអភិវឌ្ឍវិស័យបច្ចេកវិទ្យាសកលលោក។ ក្រុមហ៊ុនមួយនៃស្ថាប័នកងទ័ពជើងទឹកអាមេរិក (United States Marine Corps) ហៅកាត់ថា MARINES បានទទួលបន្ទុកលើកិច្ចការគម្រោងនេះដោយផ្អែកលើបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ។ ប្រភពដដែលបានឲ្យដឹងថា ថ្វីដ្បិតតែការផលិតជីវឥន្ធនៈមានតម្លៃថ្លៃជាងការផលិតផូស៊ីលឥន្ធនៈ ប៉ុន្តែបើគិតទាំងការដឹកជញ្ជូនផូស៊ីលឥន្ធនៈពីប្រទេសអាហ្វហ្គានីស្ថានដែលមានតម្លៃខ្ពស់កប់ពពកនោះ ថាមពលពន្លឺព្រះអាទិត្យហាក់មិនសូវជាថ្លៃប៉ុន្មានទៅវិញទេ។
៤. រថយន្តហោះនឹងមានវត្តមានលើអាកាស គម្រោងបង្កើតរថយន្តហោះនេះមិនមែនជាការស្រមើស្រមៃរបស់មហាសេដ្ឋី ឬ ម្ចាស់យានដ្ឋានណាម្នាក់នោះទេ ប៉ុន្តែវាជាគម្រោងផែនការរបស់មន្ទីរការពារជាតិរបស់សហរដ្ឋអាមេរិក ( the United States Department of Defense)។ កាលពីទសវត្សរ៍មុន ស្ថាប័ន DARPA បានលើកគម្រោងស្នើបង្កើតយានជំនិះមួយបែបដែលមានលក្ខណៈសម្បត្តិពិសេសដូចជា ផ្ទុកបានមនុស្សចំនួន១-៤នាក់ រឹងមាំធន់នឹងស្ថានភាពផ្លូវពិបាក និង អាចហោះហើរបានពេញលេញតាមបែប VTOL (ហោះឡើងនិងចុះចតដោយបញ្ឈរ)។ គម្រោងរថយន្តហោះនេះត្រូវបានដាក់ឈ្មោះថា «Transformer» ដែលអាចហោះផុតពីដីបានសម្រាប់ជួយកងទាហានឲ្យចៀសផុតផ្លូវដែលមានឧបសគ្គមិនអាចឆ្លងកាត់បានផង និង អាចជួយពួកគេឲ្យរួចផុតពីគ្រោះថ្នាក់បង្កពីការវាយឆ្មក់របស់ខ្មាំងសត្រូវផង។ ចំពោះបច្ចេកវិទ្យាមួយនេះ លោក Mike Liebholdបានមានប្រសាសន៍ថា «យោធាអាមេរិកអាចមានគម្រូរថយន្តតំណាង “flying humvee” នៅក្នុងឆ្នាំ២០២០ ប៉ុន្តែបច្ចេកវិទ្យាមិនអាចជួយឲ្យវាក្លាយជារថយន្តហោះសម្រាប់ជនស៊ីវិលជិះបាននៅឡើយទេសម្រាប់ពេលឥឡូវនេះ»។
៥. អេក្រង់ស្តើងដូចក្រដាសជំនួសទូរទស្សន៍សព្វថ្ងៃ សមាគមលំដាប់ពិភពលោកមួយឈ្មោះថា “សមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់” (Consumer Technology Association) ហៅកាត់ថា CES បានលើកឡើងថា ជោគជ័យរបស់សមាគមនេះធំជាងគេកន្លងមកគឺ ការបង្ហាញទូរទស្សន៍ប្រភេទកញ្ចក់ស្តើង (Flat-panel TVs) របស់ក្រុមហ៊ុន Samsung, LG និង Sony ជាដើម។ ;ប៉ុន្តែដោយឡែក នៅក្នុងឆ្នាំ២០២០នេះ សមាគមនេះនឹងមិនមានតាំងបង្ហាញផលិតផលទូរទស្សន៍បែបនេះទៀតទេ។ ផ្ទុយទៅវិញ ទូរទស្សន៍កញ្ចក់ស្តើងនេះនឹងត្រូវជំនួសដោយបច្ចេកវិទ្យាបន្ទះ OLED ដែលមានកម្រាស់ស្តើងដូចក្រដាសម្យ៉ាងធ្វើពីស្បែកសត្វហៅថា “Vellum Paper” ។ អេក្រង់ជាប្រភេទកញ្ចក់មើលទៅថ្លាឆ្លុះ និងមានបន្ទះ Chip ខ្នាតតូចមួយនៅលើជ្រុងមួយនៃអេក្រង់ដែលអាចភ្ជាប់ជាមួយឧបករណ៍ដទៃទៀតបានដោយបច្ចេកវិទ្យាឥតខ្សែ (Wireless) ក្នុងដំណើរការស្រដៀងនឹងការភ្ជាប់ប្រព័ន្ធBluetoothដែរ។
៦. ការបកប្រែភាសានៅក្នុងឧបករណ៍ចល័តដូចទូរសព្ទដៃ សព្វថ្ងៃនេះ ការបកប្រែភាសាជាសកលត្រូវបានប្រើប្រាស់ជាទូទៅនៅលើប្រព័ន្ធកម្មវិធី Google Translate ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ ស្ថាប័ន DARPA អាចនឹងចេញឧបករណ៍បកប្រែភាសាថ្មីសន្លាងមួយដែលមានសមត្ថភាពអាចបកប្រែភាសាជាច្រើននៅលើសកលលោក និង ធ្វើការសម្រេចចិត្តទៅលើអ្វីដែលវាបានស្តាប់ឮ។ កម្មវិធីនេះមានឈ្មោះថា BOLT (Broad Operational Language Translation)។ វាមានតួនាទីពីរទន្ទឹមគ្នា គឺជាអ្នកបកប្រែកណ្តាលរវាងទំនាក់ទំនងមនុស្សនិងម៉ាស៊ីន និងរវាងទំនាក់ទំនងមនុស្សនិងមនុស្ស។ វាជួយទំនាក់ទំនងមនុស្សតាមរយៈពាក្យពេចន៍សន្ទនាប្រចាំថ្ងៃ ការផ្ញើសារជាអត្ថបទ និង ការសរសេរអ៊ីម៉ែល។ ឧបករណ៍ថ្មីនេះមានលក្ខណៈខុសប្លែកពីឧបករណ៍បកប្រែភាសាមុនៗមកត្រង់ថា ឧបករណ៍នេះមានបញ្ចូលទិន្នន័យជារូបភាព (visual) និង ទិន្នន័យតាមរយៈការប៉ះដោយផ្ទាល់ (Tactile)។ ប្រភេទទិន្នន័យទាំងពីរនេះជួយឲ្យឧបករណ៍ខាងលើអាចផ្តល់សម្មតិកម្មនិងត្រិះរិះពិចារណាដោយស្វ័យ ប្រវត្តិនៅក្នុងភាសាដែលលោកអ្នកបានកំណត់។
៧. ការដាំខួរក្បាលសិប្បនិម្មិតទៅក្នុងក្បាលមនុស្ស មន្ទីរពិសោធន៍របស់ក្រុមហ៊ុន Intel មានគោលបំណងអភិវឌ្ឍការដាំខួរក្បាលសប្បនិម្មិតដែលអាចប្រើប្រាស់សម្រាប់បញ្ជាគ្រឿងអេឡិកត្រូនិកគ្រប់ប្រភេទបានដោយផ្ទាល់ពីចរន្តរលកខួរក្បាលមនុស្សនៅក្នុងឆ្នាំ២០២០។ អ្នកវិទ្យាសាស្រ្តជាច្រើនបានរំពឹងទុកថា អ្នកប្រើប្រាស់គ្រឿងអេឡិកត្រូនិកនឹងទទួលស្គាល់គំនិតនៃការបង្កើតថ្មីនេះ ហើយចង់បានសេរីភាពដោយមិនចាំបាច់ឧបករណ៍ Keyboard, Mouse និង តេឡេបញ្ជាដើម្បីស្វែងរកព័ត៌មាននៅលើវេបសាយ ឬ ផ្លាស់ប្តូរប៉ុស្តិ៍ទៀតនោះទេ។ ទន្ទឹមនឹងនេះ មនុស្សជុំវិញពិភពលោកនឹងធុញទ្រាន់ចំពោះការប្រើប្រាស់ឧបករណ៍ចុចបញ្ជាច្រើនយ៉ាង (Multi-touch devices) តួយ៉ាងទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Android ; និង ឧបករណ៍ wacky Surface Table របស់ក្រុមហ៊ុន Microsoft សព្វថ្ងៃ។ ក្រុមហ៊ុន Intel បានប្រើប្រាស់បច្ចេកវិទ្យាស្កែនខួរក្បាលមនុស្ស fMRI brain scans ដើម្បីផ្គូរផ្គងរវាងលក្ខណៈខួរក្បាលនិងគំនិតប្រហាក់ប្រហែលដែលបានមកពីការធ្វើតេស្តមុខវិជ្ជាជាច្រើន៕
Article by SRIN SOKMEAN