×

ស្វែងយល់ពីគន្លឹះងាយៗក្នុងការរក្សាបន្លែផ្លែឈើឲ្យស្រស់ និងមានគុណភាពយូរ

TRAVEL & LIVING 4 years ago
 
 

          ការ​រក្សា​ទុក​បន្លែ​​ផ្លែឈើ​គឺជា​រឿង​មួយ​ដ៏សំខាន់​សម្រាប់​ស្ត្រីមេផ្ទះ​គ្រប់រូប​​ដោយ​ហេតុ​ពពួក​បន្លែផ្លែ​ឈើស្រស់​ទូទៅ​ប្រសិន​បើ​យើង​មិន​មាន​ការ​រក្សាទុក​ឲ្យបាន​ត្រឹមត្រូវ​ទេនោះ​វានឹងឆាប់​ស្រពាប់​ឬរលួយ​ខូចគុណ​ភាព។ ដោយឡែក​ យោងតាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថាខណៈ​ពេល​ដែល​បន្លែផ្លែឈើ​ចាប់ផ្តើម​ស្រពោន​ ឬឡើងរលួយ​ វា​គឺ​ជា​ការវិវត្តន៍​ខ្លួន​របស់​ពពួកបាក់តេរី​និង​ពពួកផ្សិត​ ហើយ​ប្រសិន​បើ​យើង​បរិភោគ​ វាអាច​ប្រឈម​កើតជំងឺ​ផ្សេងៗ​ ជាពិសេស​ធ្វើ​ឲ្យ​ប្រព័ន្ធភាពសុំា​នៃ​រាងកាយ​ចុះខ្សោយ​។ ដូចច្នេះ​ក្រៅ​ពី​ការជៀសវាង​បរិភោគ​បន្លែ​ផ្លែឈើ​ខូច​គុណភាព​ សូវរីន សូម​នាំ​យក​នូវវិធីសាស្ត្រ​ក្នុង​ការក្សា​គុណភាព​បន្លែផ្លែ​ឈើ​ឲ្យ​នៅតែស្រស់​ និង​ទុកបានរយៈ​ពេល​យូរ​ដូចខាង​ក្រោម​។ 

ស្វែងយល់ពីប្រភេទបន្លែ និងផ្លែឈើនីមួយៗ៖ យើងដឹង​ហើយ​ថា​ប្រភេទបន្លែ​ និងផ្លែឈើ​នីមួយៗ​មិនមាន​សភាព​ដូចគ្នា​នោះទេ​ ខ្លះ​ជាពពួកស្លឹក​ ខ្លះជាពពួកមើម​ ហើយខ្លះទៀត​ក៏ជាពពួកផ្លែទន់​ជ្រាយ​ដែល​ងាយ​នឹង​ខូច​គុណភាព​បាន​យ៉ាង​លឿនបំផុត​។ ដូចនេះ ​យើង​ចាំបាច់​ស្វែងយល់​ពី​ការ​បែងចែក​បន្លែផ្លែឈើ​ទៅតាម​ប្រភេទ​របស់ពួកវា​ ថា​តើ​ប្រភេទ​បន្លែផ្លែ​ឈើមួយ​ណាគួរ​រក្សាទុក​នៅ​កន្លែង​ត្រជាក់ ហើយ​ប្រភេទ​បន្លែផ្លែឈើ​ប្រភេទ​ណា​មិន​គួរ​រក្សាទុក​នៅ​កន្លែង​ត្រជាក់​ ឬមានសំណើម​ជាដើម​។ ជាក់​ស្តែង​ដូចជា​៖ ផ្កាខាត់ណាបៃតង​(Broccoli) ​ឬផ្កាខាត់ណាស​ (Cauliflower) ដែល​ជា​ប្រភេទ​បន្លែ​សម្បូរ​ទៅ​ដោយ​សារធាតុ​បំប៉ន​ វីតាមីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ងាយ​នឹង​បាត់បង់​ ប្រសិន​បើ​អ្នក​មិន​មាន​ការ​យក​ចិត្តទុក​ដាក់​រក្សា​បន្លែ​ប្រភេទ​នេះមិន​បានត្រឹមត្រូវ​។ ហេតុនេះ ​អ្នក​គួរ​តែ​រក្សាវាទុក​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​បង្គួរ​ ដោយ​ធ្វើការវេច​ខ្ចប់​បន្លែ​នោះ​បានល្អ​ ទើប​អាច​រក្សា​គុណភាព​របស់​វា​បាន​យូរ​។

ការប្រើប្រាស់កន្សែងសម្រាប់វេចខ្ចប់លើប្រភេទបន្លែផ្លែឈើ៖ កន្សែង​មិន​ត្រឹមតែ​អាច​ប្រើប្រាស់​សម្រាប់​សម្អាត​ដងខ្លួន​ ឬផ្ទៃមុខ​នោះទេ​ ប៉ុន្តែវា​ក៏បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ការរក្សាប​ន្លែផ្លែ​ឈើ​ផងដែរ​។ ជា​ទូទៅ​ គេ​យក​កន្សែង​សម្រាប់​ធ្វើ​ការ​វេចខ្ចប់​ជាមួយ​នឹង​ប្រភេទ​បន្លែផ្លែ​ឈើ​ណា​ដែល​មាន​លក្ខណៈ​ទន់​ដូចជា៖ ​ទំពាំងបាយជូ​ ផ្លែក្រូច​ ផ្លែប៉ោម​ ឬស្ពៃ​ដែល​មាន​ស្លឹក​ស្តើង​ ព្រោះ​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ទាំង​អស់​នេះ​ត្រូវ​ការ​ខ្យល់​អុក​ស៊ី​ហ្សែន​ និង​សីតុណ្ហភាព​ត្រជាក់​បង្គួរ ​ដើម្បី​រក្សា​សភាព​របស់​វា​ឲ្យ​នៅ​ស្រស់​ដដែល​។ ការ​យក​កន្សែង​មក​វេចខ្ចប់​ប្រភេទ​បន្លែ​ផ្លែ​ឈើ​នេះ​ គឺ​ជា​ការ​ការពារ​សម្បក ឬស្រទាប់​របស់​ប្រភេទ​បន្លែផ្លែ​ឈើ​មួយ​ចំនួន​មិន​ឲ្យ​ប៉ះ​នឹង​ភាព​ត្រជាក់​ ឬកំដៅ​ខ្លាំង​ដែល​ជាហេតុ​ធ្វើ​ឲ្យ​បន្លែផ្លែ​ឈើ​ងាយ​រលួយ​ និង​បាត់បង់​រសជាតិ​។

ចៀសវៀងការប្រើប្រាស់ថង់ប្លាស្ទិច៖ ស្រ្តីមេផ្ទះ​ភាគ​ច្រើន​តែង​មាន​ការ​យល់​ច្រឡំថា​ ការ​ប្រើប្រាស់​ថង់​ប្លាស្ទិច​សម្រាប់​ធ្វើ​ការ​វេចខ្ចប់​បន្លែផ្លែ​ឈើ​អាច​រក្សា​គុណភាព​បាន​យូរ​ ហើយ​ថែម​ទាំង​ធ្វើឲ្យ​បន្លែផ្លែ​ឈើស្រស់​ទៀត​ផង​។ ផ្ទុយ​ទៅវិញ​ ការ​ប្រើប្រាស់​ថង់​ប្លាស្ទិច​សម្រាប់​ធ្វើការ​វេចខ្ចប់​បន្លែផ្លែ​ឈើ​មុន​ពេល​ដែល​រក្សាទុក​នោះ ​គឺមាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ ហើយ​វា​ថែមទាំង​បឺត​យក​នូវ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​បន្លែផ្លែ​ឈើ​ទាំង​នោះ​យ៉ាង​ឆាប់រហ័ស​។ ហេតុ​នេះ​ មុន​នឹង​អ្នក​រក្សា​បន្លែផ្លែ​ឈើ​ក្នុង​ទូរ​ទឹកកក​ ឬកន្លែង​ដែល​មិន​មាន​កំដៅ​ អ្នក​គួរតែ​ធ្វើ​ការ​វេចខ្ចប់​វា​ជាមួយ​នឹង​ក្រដាស ​ឬក្រណាត់​ ជំនួស​ការ​ប្រើប្រាស់​ថង់ប្លាស្ទិច​ទើប​ប្រសើរ​ ព្រោះវា​មិន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​ ហើយ​មិន​ធ្វើ​ឲ្យ​បន្លែផ្លែ​ឈើ​រលួយ ​ឬ​មានក្លិន​មិន​ល្អ​ឡើយ​។

          យ៉ាងណាមិញ​ ខាង​លើនេះ​ជា​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ស្ត្រីមេផ្ទះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​រក្សា​គុណភាព​ប្រភេទ​បន្លែផ្លែ​ឈើ​ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រសិន​បើ​មិន​មាន​ការ​យក​ចិត្តទុក​ដាក់​ក្នុង​ការ​រក្សា​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ វា​អាច​ក្លាយ​ជា​កត្តា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់​ធ្ងរ នា​ពេល​អនាគត​ផងដែរ​៕

Article by SIVLY


SUGGESTIONS