×

ដំណើរ​ទស្សនា​ចរណ៍​ឆ្ពោះ​ទៅ​កាន់​វិហារ​ចិន​ស្អាត​និង​ល្បីៗ​ទាំង៤​នៅ​ជិត​ភ្នំពេញ​បង្កើយ

TRAVEL & LIVING 4 years ago
 
 

           ក្នុង​ឆ្នាំ២០២០​នេះ​ ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន-វៀតណាម​បាន​រំកិល​ខ្លួន​ជិត​ចូល​មក​ដល់​ហើយ​គឺ​ត្រូវ​នឹង​ថ្ងៃទី​ ២៥ ដល់​ថ្ងៃទី២៧​ ខែមករា​ នេះ។ វា​ជា​ឱកាស​ដ៏ពិសេស​ មួយឆ្នាំ​ម្តង​សម្រាប់​បងប្អូន​ប្រជាជន​ទាំងឡាយ​ដែល​មាន​សែ​ស្រឡាយ​កាត់​ចិន ឬ វៀតណាម ធ្វើ​ដំណើរ​ទៅ​កាន់​បូជនីយដ្ឋាន​វិហារ​ ជិតឆ្ងាយ​ដើម្បី​បួងសួង​បន់ស្រន់​សុំ​សេចក្តី​សុខ​សេចក្តី​ចម្រើន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់ខ្លួន។ ជាទូ​ទៅ ​ប្រជាពលរដ្ឋ​កូនចៅ​ចិន​ច្រើន​តែ​ទៅ​អុជ​ធូប​ឬកាត់​គ្រោះ​ឧបទ្រព​ចង្រៃ​ផ្សេងៗ​នៅ​វិហារ​ លោកតា​ព្រះចៅ​ដែល​ល្បីតៗ​គ្នាថា​មាន​បារមី​ពូកែសក្តិសិទ្ធិ​ខ្លាំង​ស្ថិត​នៅ​រមណីយដ្ឋាន​វត្តភ្នំ ក្រុងភ្នំពេញ។ ប៉ុន្តែ​ក្រៅ​ពីបូជនីយដ្ឋាន​លោកតា​ព្រះចៅ​ដែល​ស្ថិត​នៅ​កណ្តាល​ក្រុងភ្នំពេញ​នោះ​ អ្នកដែល​មាន​ជំនឿលើ​អ្នកតាចិន​អាច​មាន​ជម្រើសផ្សេងៗ​ទៀត​នៅក្បែរ​ក្រុង​ភ្នំពេញ​ដែល​អ្នកធ្លាប់​ទៅ​បន់​ស្រន់​ភាគ​ច្រើនល្បី​ថា​បាន​សម្រេច​ដូច​បំណង ហើយ​ក៏​ជា​ទីមនោរម្យ​សម្រាប់លក្ខណៈ​ក្រុម​គ្រួសារ​ផងដែរ។​

១ វិហារព្រះម៉ែគង់ស៊ីអ៊ីមភ្នំប្រសិទ្ធិ ​ឬ ភ្នំបាសិទ្ធិៈ  ជារមណីយដ្ឋាន​បែប​វប្បធម៌​ប្រវត្តិសាស្រ្ត​ និង​ ធម្មជាតិ​គួរ​ជាទី​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី​។ បូជនីយដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល​ភ្នំប្រសិទ្ធិ​ខាងលិច​ ក្នុង​ភូមិសាស្រ្ត​ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​នេះ​ អ្នក​ដំណើរ​ទាំងឡាយ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានីភ្នំពេញ​តាម​ផ្លូវជាតិលេខ៥​។ លុះ​ទៅ​ដល់​ចំណុច​ផ្សារ​ ព្រែកព្នៅ លោក​អ្នក​ត្រូវ​បត់ឆ្វេង​ដៃ​តាម​ច្រក​ផ្លូវផ្សារ​នោះ​ដែល​មាន​ចម្ងាយ​ប្រមាណ១៣គីឡូម៉ែត្រ​ (សរុប ចម្ងាយ២៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ)។ វិហារ​ព្រះម៉ែគង់​ស៊ីអ៊ីម​ផុសឡើង​នៅ​លើ​កំពូលភ្នំ​ដែលស្ថិតនៅ​ ខាងឆ្វេងដៃ។ នៅ​ពេល​ទៅដល់​ជើងភ្នំ​ លោកអ្នក​នឹង​ឃើញ​ខ្លោងទ្វារ​ដែល​មាន​រចនាបថ​ចិន​និង​មានស្លាក​ ឈ្មោះវិហារ​គង់​ស៊ីអ៊ីម​ជា​សម្គាល់​។ លោក​អ្នក​អាច​ជិះ​រថយន្ត​ ឬ ទោច​ក្រយានយន្ត​តូចធំ​ទៅ​ដល់​កំពូលភ្នំ​ បាន​យ៉ាងងាយ​ស្រួល​ ហើយ​ដើរ​ចុះតាម​ជណ្តើរ​ទៅក្រោម​បន្តិច​នឹង​បាន​ទៅ​ដល់​វិហារចិន​ដែល​មានរូប​ សំណាក​ព្រះម៉ែគង់​ស៊ីអ៊ីម​ដ៏ស្រស់​ស្អាត​ឈរ​នៅ​ខាងមុខ​វិហារ​តែម្តង​។ វិហារ​នេះ​បាន​សាងសង់​ឡើងតាំង​ ពីឆ្នាំ១៩៩១ ហើយ​តែងតែ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់តំបន់​ទៅ​អុជធូប​បែរបន់​មិនចេះ​ដាច់​ដល់​សព្វថ្ងៃ​។ ក្រៅ​ពី​នេះ លោកអ្នក​អាចចាក់​គម្ពីរ​សាសនា​ផ្សង​ជោគជតារាសី​នៅ​ក្នុង​វិហារផងដែរ​។ ​បើ​ចេញ​ពីវិហារ​ ចុះ​តាម​ជណ្តើរ​កាត់តាម​កន្លៀត​ផែនថ្ម​ទៅ​ក្រោម​បន្តិច​ទៀត​ គេ​ឃើញ​មាន​រូបសំណាក​ព្រះ​រីករាយ​នាំលាភ​ ឬតាកំប៉ោង​យ៉ាង​ធំ​មួយ​នៅ​ក្រោម​ដើម​ឈើ​ជាទីទាក់ទាញ​សម្រាប់​អ្នក​ទៅកំសាន្ត​។ បើ​តាម​សម្តី​របស់អ្នក​ លក់​ដូរម្នាក់​នៅទីនោះ​ ជនជាតិ​ចិន​និយម​យក​គ្រឿង​សក្ការបូជា​ទៅ​គោរព​បូជាបារមី​ព្រះគង់ស៊ីអ៊ីម​នេះ​ណាស់​ រីឯជនជាតិខ្មែរ​យើង និយម​គោរពបូជា​អាស្រមបក្សី​ចាំក្រុង​ដែល​ស្ថិត​នៅ​ជិត​នោះ​។

២ វិហារហុកគៀនៈ វិហារ​ហុកគៀន​ជា​វិហារ​សាសនា​ចិន​ដែល​មាន​អាយុកាល​ចំណាស់​ជាង​គេ​បំផុត​នៅ ទីក្រុង​ភ្នំពេញ​ដែល​នៅ​សេសសល់​ឆ្លងផុត​ពី​របប​ខ្មែរក្រហម​។ វិហារ​បុរាណ​នេះ​មាន​ទីតាំង​ស្ថិត​នៅតាម​ បណ្តោយ​តីរវិថីព្រះស៊ីសុវត្ថិ​ ឬ ផ្លូវមាត់ទន្លេ​ ចំទល់​មុខ​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​តែម្តង​ ជិត​ស្ពាន​ជ្រោយ ចង្វារ។ “ហុកគៀន” ​ជា​ឈ្មោះ​ជនជាតិ​ចិន​មួយ​ពួក​មក​ពី​ខេត្តហ្វូជៀន​ (Fujian) តំបន់​ឆ្នេរ ខាងត្បូង​ភាគខាង​ កើត​ប្រទេស​ចិន​ ហើយ​ដែល​បាន​បង្កើត​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង បង្កើត​ជា​សមាគមហុកគៀន​ ក្នុងក្រុង​ភ្នំពេញ​តាំង​ពាក់​កណ្តាល​ទី២​នៃ​សតវត្សរ៍ទី១៩​ ហើយ​វិហារ​ហុកគៀន​ក៏​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ អំឡុង គ.ស.១៨៨០ ​ដំណាល​គ្នា​នឹង​ការ​បង្កើត​សមាគមហុកគៀន​ដំបូង​នេះឯង​។ អស់រយៈ​ពេល​ជាង​១០០ឆ្នាំ​ទៅហើយ​ លើកលែង​តែ​ក្នុង​របប​ខ្មែរក្រហម​ ដែល​វិហារ​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បម្រើ ​ពិធីបុណ្យ​សាសនា​សំខាន់ៗ​ ជាអាទិ៍ ​ពិធី​បុណ្យ​ចូលឆ្នាំចិន​ និង ​ពិធីហែ​អ្នកតា​ របស់​បងប្អូន​ប្រជាជនចិន​ ហុកគៀននៅ​កម្ពុជា ព្រះវិហារ​នេះ​ជាវិហារ​ធំជាង​គេ​ហើយ​មាន​តម្កល់​រូប​អ្នកតា​គួនកុង​ដែល​ជាទេវៈសំខាន់ បំផុត​ដែលជន​ជាតិចិន​ហុកគៀន​ទាំងអស់​គោរពបូជា​យ៉ាងខ្ជាប់ខ្ជួន​តាំង​ពី​ដើមរៀងមក​។ អ្នករស់​នៅ​ថែរក្សា វិហារ​នេះសព្វថ្ងៃ​បានឲ្យ​ដឹងថា​ វិហារ​នេះ​ត្រូវ​បាន​ជួសជុល​ក្នុង​ទសវត្ស៍ទី៦០​ ប៉ុន្តែ​នៅ​រក្សា​រចនាបថ​ដើម ដដែល​។ ក្រោយ​ឆ្នាំ១៩៧៩​ ទីនេះ​ក្លាយ​ជាកន្លែង​ស្នាក់​នៅ​របស់​កងទ័ព​វៀតណាម​ ហើយ​បរិវេណ​នេះជា​ ទីតាំង​អតីត​សាលា​បឋម​សិក្សា​ស្រះចក​ (សព្វថ្ងៃប្តូរទីតាំងទៅជិតស្ថានទូតអាមេរិក)។ ​លុះដល់​ឆ្នាំ១៩៩៤​ ទើប​វិហារ​នេះបាន​បើក​ដំណើរ​ការ​ជា​ប្រក្រតី​ឡើងវិញ​ ហើយ​នៅ​ជាប់​វិហារ​ក្លាយ​ជា​សាលា​រៀនចិន​ ប៊ិន សៀង ដូច​សព្វថ្ងៃ​។ ជា​រឿយៗ​ ភ្ញៀវទេសចរ​បរទេស​តែងតែ​ចូលមក​ទស្សនា​ស្ថាបត្យកម្ម​ និង ស្វែងយល់​អំពី ប្រវត្តិវិហារ​នេះ​តាម​ការ​នាំ​ផ្លូវ​របស់​មគ្គុទ្ទេសក៏​ទេសចរ​។

៣ វិមានលោកយាយម៉ៅៈ វិមាន​លោក​យាយម៉ៅ​មាន​ទីតាំង​ស្ថិត​នៅ​ប្របមាត់​ទន្លេសាប​ តាម​បណ្តោយ​វិថី ​ទន្លេសាប​ ក្នុង​ភូមិសាស្រ្ត​ក្រុមទី៨​ ភូមិ​ដើមគរ​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ ដើម្បីធ្វើ​ដំណើរ​ទៅ​ដល់​ទីនោះ​ អ្នកដំណើរ​ទាំងអស់​ត្រូវធ្វើ​ដំណើរ​ឆ្លងស្ពាន​ជ្រោយចង្វារ​ផុត​ទើប​បត់ឆ្វេងដៃ​តាម​ផ្លូវ​ក្រោម​ស្ពាន​ ជិះ​តាម​មាត់​ទន្លេ​រហូត​ប្រហែល​៥គីឡូម៉ែត្រ ឬ ​ជិះ​ចេញ​ពី​ប្ញស្សីកែវ​ ឆ្លងស្ពាន​ដែក​បាឡេ​​ឫស្សីកែវ​-ជ្រោយ​ចង្វារ​ផុត​ រួចបត់​ស្តាំដៃ​តាមផ្លូវ​ជាប់​មាត់​ទន្លេ​តែ​បន្តិច​នឹង​ឃើញ​វិហារ​នោះ​ហើយ​។ វិមាន ​យាយម៉ៅ​ស្ថិត​នៅ​សងខាង​ផ្លូវ​ មួយ​នៅ​ជាប់​មាត់ទន្លេ​ មួយ​ទៀត​នៅ​ជាប់​ទីស្នាក់​ការ​គណបក្សប្រជាជន​ កម្ពុជា។​ អ្នករស់​នៅ​តំបន់​នោះ​ទាំងចាស់​ទាំងក្មេង​ នរណាៗ​ក៏ស្គាល់​វិហារចិន​ដ៏ស្រស់​ស្អាត​នេះដែរ​។ អ្នកមាន​ជំនឿ​តែងតែ​ចូល​អុជធូប​ ដុតក្រដាស ​និង សែនសំណែន​ផ្សេងៗ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់ ជនជាតិចិន ​ជាពិសេស​ក្នុង​រដូវបុណ្យទាន​។ នៅ​ទីនោះ ​មាន​សំណង់​សាសនា​ចំនួន​ពីរធំៗ​ដែល​គួរឲ្យ​ចាប់​ អារម្មណ៍ គឺ វិមាន​ព្រះម៉ែ​គង់​ស៊ីអ៊ីម ឬ គួងស៊ីអ៊ីម និង វិមាន​ព្រះម៉ែទី៩​ ហើយ​វិហារ​ទាំង​ពីរ​នេះសុទ្ធ​តែ​បែរមុខ ទៅទិសខាងលិច​សំដៅ​ទៅ​រក​មាត់ទន្លេ។​ វិមាន​ព្រះម៉ែ​គង់ស៊ីអ៊ីម​សង់​ទាប​ផ្ទាល់ដី​ រីឯវិមាន​ព្រះម៉ែទី៩សង់​ ច្រើនជាន់​ខ្ពស់​ទៅលើ​ដូចជាប្រាសាទ​បុរាណចិន​ក្នុង​រឿង​ព្រេងនិទាន​។ នៅ​ខាង​មុខ​វិមាន​ព្រះម៉ែទី៩​ មានរូប សំណាក​សត្វ​អណ្តើក​យ៉ាងធំ​ ព្រម​ជា​មួយ​អាង​ស្លឹកឈូក​ប្រកប​ដោយ​សោភ័ណភាព​ក្រៃលែង​។ ចំពោះ​ទេវរូប​ សំខាន់ៗ​សម្រាប់​គោរពសក្ការៈ​មាន​ជា​ច្រើន​ដូចជា​ ព្រះ​ម៉ែគង់​ស៊ីអ៊ីម ​លោក​តាម្ចាស់ស្រុក​ ព្រះ​ឥន្រ្ទាធិរាជ​ និង ទេវ​តាគួងកុង​ ជាដើម។ ​នៅ​ជុំវិញ​បរិវេណ​វិមាន​នោះ ​មាន​ដាំ​រុក្ខជាតិ​ និង​ ផ្កាល​ម្អច​ម្រុះពណ៌​ជា​ច្រើន​ប្រភេទ​។

៤ វិហារលោកតាសាថៃជឹៈ វិហារ​នេះ​ជា​វិហារចិន​សង់ថ្មី​ក្រោយ​គេ​ តែ​មាន​រចនាបថ​បែប​សាសនា​ចិន​យ៉ាង​ ល្អវិចិត្រ​ជា​ទីពេញ​និយម​សម្រាប់​អ្នក​រស់​នៅ​តំបន់​តាខ្មៅ​ និង ជា​ទីដ៏សែន​មនោរម្យ​ស្រស់​ត្រកាល​សម្រាប់​ បណ្តាអ្នក​ស្នេហា​វិស័យ​ថតរូប​បែប​ស្ថាបត្យកម្ម​ផងដែរ​។ វិហារ​នេះមាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​មាត់ទន្លេ​ ហួសផ្សារ​ តាខ្មៅ​បន្តិច​ ត្រង់​ចំណុច​កែង​ប្រសព្វរ​វាងស្ទឹងព្រែក​ត្នោត​ និង ទន្លេបាសាក់​។ សព្វ​ថ្ងៃ​ វិហារ​នេះ​សឹង​តែ​ក្លាយ ​ជា​តំបន់​រមណីយដ្ឋាន​មួយ​នៅ​ក្នុង​ក្រុងតាខ្មៅ​ ខេត្ត​កណ្តាល​ ទៅ​ហើយ​ ព្រោះ​ប្រជាជន​ជា​ច្រើន​តែងនិយម​ទៅ កំ​សាន្ត​នៅ​ម្តុំ​នោះ​យ៉ាង​ច្រើន​កុះករ​ ជា​ពិសេស​ពេល​ល្ងាច​បន្តិច​។ នៅ​លើ​សំណង់​ខ្លោងទ្វារ​ដ៏​ធំស្កឹមស្កៃ ​ប្រកប​ដោយ​ក្បូរក្បាច់​រចនា​យ៉ាង​ប្រណិត​ដែល​សង់​បែរមុខ​ទៅ​រក​ច្រាំង​ទន្លេបាសាក់​នោះ​បាន​បង្ហាញ​អំពី​ ប្រវត្តិ​ស្ថាបត្យកម្ម​នេះ​ថា​ វា​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​លោកតា​ សា ថៃជឺ ​ដោយ​សម្តេច​អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវ​គតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី​កាលពីឆ្នាំ២០០៩ កន្លងទៅ​។ ថ្វី​ត្បិត​តែ​វិហារ​ សា ថៃជឺ ​មាន​ទំហំ​តូច​បន្តិចក្តី​ ប៉ុន្តែ​បូជនីយដ្ឋាន​នេះ​មាន​បរិវេណ​ធំទូលាយ​ងាយ​ស្រួល​រៀបចំ​ ពិធីបុណ្យ​សាសនា​ផ្សេងៗ​ ដូចជា ​កម្មវិធី​ឡកម៉ុង​សាយ ជាដើម។ ​នៅ​ចំហៀង​វិហារ​ជាប់​នឹង​ផ្លូវថ្នល់​ មានដើម ​ពោធិព្រឹក្ស​មួយ​ដើម​បែក​មែក​សាខាគួរ​ជាទី​គោរពបូជា​ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ឥណ្ឌា​ជូន​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ ហើយ​ត្រូវ​បាន​ដាំក្រោម​អធិបតីភាព​ សម្តេច ជា ស៊ីម  កាលពីឆ្នាំ១៩៩១៕

Article by SRIN SOKMEAN


SUGGESTIONS