×

ទីអារាម​ដែល​ពុទ្ធសាសនិកជន​គួរ​ទៅ​ប្រារព្ធ​ពិធី​មាឃបូជា​ឆ្នាំនេះ

TRAVEL & LIVING 4 years ago
 
 

១. វត្ត​និគ្រោធវ័ន ហៅ វត្ត​គល់ទទឹង
            វត្តនិគ្រោធវ័ន ហៅ វត្ត​គល់ទទឹង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ យោង​តាម​ការ​បង្ហោះ​ជា​ផ្លូវ​ការ​របស់​គេហទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ថា “វត្តនិគ្រោធវ័ន "គល់ទទឹង" my temple” នៅ​ថ្ងៃទី០៨ ខែកុម្ភៈ ឆាប់ៗ​ខាង​មុខ​នេះ​ដែល​ជា​ថ្ងៃ​មាឃបូជា​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត «ព្រះពុទ្ធសាសនា» នា​ថៃ្ងទី១៥កើត ខែមាឃ វត្តនិគ្រោធវ័ន ហៅ វត្ត​គល់ទទឹង នឹង​មាន​រៀបចំ​សកម្មភាព​កម្មវិធី​បុណ្យ​មាឃបូជា​ជា​ច្រើន​ក្នុង​នោះ​រួម​មាន ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៥០០អង្គ ក្បួន​ដង្ហែ​មាឃបូជា​ជុំវិញ​ភូមិ​កោះក្របី​ចំនួន ០៥ សង្កាត់​ការ​បណ្តែត​ប្រទីប​រាប់ពាន់ដួង​ថ្វាយព្រះរតនត្រ័យ ការ​បង្ហោះ​ប៉េងប៉ោង​តំណាង​ពណ៌​ទាំង៦ លើ​ទង់​ពុទ្ធសាស នា ការ​បូជា​ផ្កា​ចម្រុះ​ពណ៌​រាប់ពាន់​ដុំ និង​ការ​សម្តែង​ធម្មទេសនា​មហាគ្រែ​ពេល​រាត្រី ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​ពុទ្ធបរិស័ទ​មក​ពី​គ្រប់​ទិសទី​មក​ចូលរួម​ជួបជុំ​យ៉ាង​គគ្រឹក​គគ្រេង​សម្បើម​អស្ចារ្យ ព្រមទាំង​កម្មវិធី​សាសនា​ជា​ច្រើន​ទៀត​រាប់​មិន​អស់​តាំង​ពី​ព្រឹក​រហូត​ដល់​យប់​អធ្រាត្រ។ អ្វី​ដែល​រឹត​តែ​ពិសេស​សម្រាប់​ឆ្នាំ​នេះ​ផ្ទាល់​តែ​ម្តង​នោះ​គឺ នៅ​ថ្ងៃ​មាឃបូជា​ខាង​មុខ​នេះ វត្ត​និគ្រោធវ័ន​នឹង​រៀបចំ តុប​តែងលម្អ​ផ្កា​ស្បៃរឿង​នៅ​តាម​ថ្នាក់ៗ​នៃ​ជណ្ដើរ​ខឿន​ព្រះត្រ័យរតន​ចេតិយ​សរុប​រហូត​ដល់​២០០០ផើង ដែល​កាន់​តែ​ញ៉ាំង​សោភ័ណភាព​វត្ត​ឱ្យ​កាន់​តែ​ស្រស់​ស្អាត​ទាក់​ទាញ​ចិត្ត​ពុទ្ធបរិស័ទ​ក្មេង​ចាស់​ប្រុស​ស្រី​ឱ្យ​សក្តិសម​នឹង​ពិធី​បុណ្យ​មាឃបូជា​ដ៏​ធំ​របស់​ពុទ្ធសាសនា។ យោង​តាម​សង្ឃដីកា​របស់​ព្រះសង្ឃ​មួយអង្គ​ដែល​គង់​នៅ​វត្ត​នោះ សម្រាប់​ថ្ងៃ​មាឃបូជា​ឆ្នាំ​នេះ វត្ត​នឹង​មិន​មាន​កម្មវិធី​បង្ហោះ​គោម​ដូច​ឆ្នាំ​មុន​នោះ​ទេ ដើម្បី​បង្ការ​ហានិភ័យ​ដែល​អាច​កើត​មាន​ជាយថាហេតុ។


 

២. ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា
            ពុទ្ធមណ្ឌលវិបស្សនាធុរៈ​មាន​ទីតាំង​ស្ថិត​នៅ​ខាង​លិច​ភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយ​ប្រមាណ ៦០គីឡូម៉ែត្រ បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ៥។ ពុទ្ធមណ្ឌល​នេះ​មាន​កិត្យានុភាព​ល្បី​រន្ទឺ​ខ្ទរខ្ទារ​ខាង​ប្រតិបត្តិ​កម្មវិធី​បុណ្យ​ពុទ្ធសាសនា​តាំង​ពី ២០ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ តាំង​ពី​កន្លែង​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដឹកនាំ​របស់​ព្រះធម្មវិបស្សនា សំ ប៊ុនធឿន ជា​អធិបតី។ មូល​ហេតុ​ដែល​ពុទ្ធសាសនិកជន​គួរ​ទៅ​ទីអារាម​នេះ ពី​ព្រោះ​វា​ស្ថិត​នៅ​ជិត​បង្កើយ​នឹង​ព្រះសក្យមុនីចេតិយ​នៃ​ភ្នំ​ព្រះរាជទ្រព្យ​ដែល​ជា​ទីតាំង​តម្កល់​ព្រះបរមសារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ។ ម្យ៉ាង​វិញ​ទៀត ពុទ្ធមណ្ឌល​ជា​ទី​ក្សេម​ក្សាន្ត​មនោរម្យ​សម្រាប់​ទេសចរ​ជិតឆ្ងាយ​ផង​ដែរ ដោយ​សារ​តែ​ទី​នេះ​មាន​ផ្ទៃដី​ធំ​ទូលាយ​ងាយ​ស្រួល​ប្រារព្ធ​កម្មវិធី មាន​ក្រុម​ពិធិការ​ច្បាស់លាស់​ត្រឹមត្រូវ និង​សម្បូរ​សមិទ្ធផល​នានា​ដូច​ជា ខ្លោងទ្វារ​រចនាបថ​អង្គរវត្ត-រចនាបថ​បន្ទាយស្រី ដងទង់ ស្រះ​ទឹក​មុជ្ជលិន កុដិ​ទទួលភ្ញៀវ ឧបដ្ឋានសាលា និង​បន្ទប់​អនាម័យ​ល្អ​ស្អាត​សម្រាប់​សាធារណជន។ ដោយ​ឡែក​សម្រាប់​ថ្ងៃ​មាឃបូជា ពុទ្ធមណ្ឌល​មាន​រៀបចំ​បុស្បុក និង​រោង​ពុទ្ធាសនៈ​យ៉ាង​ល្អ​វិចិត្រ​សម្រាប់​តម្កល់​ព្រះបរមសារីរិកធាតុ និង​មាន​រៀបចំ​កម្មវិធី​អញ្ជើញ​ពុទ្ធបរិស័ទ​ចូល​រួម​បំពេញ​បុញ្ញកុសលៈ និមន្ត​ព្រះសង្ឃ​រាប់រយអង្គ​គោចរ​បិណ្ឌបាត្រ និង​ពេល​រសៀល ដង្ហែ​ប្រទក្សិណ​ជុំ​វិញ​ព្រះវិហារ សម្តែង​នមស្សការ​ព្រះរតនត្រ័យ​ប្រកាស​មាឃបូជា។ បន្ទាប់​មក​និមន្ត ព្រះសង្ឃ ចម្រើន​ព្រះបរិត្ត និងនិមន្ត​ធម្មកថិក​សម្តែង​ព្រះធម៌ទេសនា​ដោយ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធាន​ពុទ្ធមណ្ឌលវិបស្សនាធុរៈ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ពេល​ល្ងាច បដិបត្តិ​សមាធិ​រួម​នៅ​កន្លែង​ប្រារព្ធ​មាឃបូជា។ ពេល​យប់ បូជា​ប្រទីបជ្វាលា ថ្វាយ​ព្រះរតនត្រ័យ និង​បូជា​គ្រឿង​សក្ការៈ​ថ្វាយ​ព្រះបរមសារីរិកធាតុ និង​សូត្រ​មាឃបូជា​រហូត​ទល់​ភ្លឺ។

Image Courtesy: ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា
 

៣. វត្តភ្នៀតសិម្ពលី
            វត្ត​ភ្នៀតសិម្ពលី​ជា​អារាមស្ថាន​បុរាណ​មួយ​ដែល​មាន​ប្រវត្តិ​តាំង​ពី​សម័យ​លង្វែក​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គចន្ទរាជា (គ.ស.១៥១៦-គ.ស.១៥៦៦) តាំង​ពី​សម័យ​ព្រះសព ប្រាក់ អតីត​ព្រះគ្រូ​ចៅអធិការ​ជំនាន់ទី១​ ដែល​មាន​ប្ញទ្ធានុភាព​ខ្លាំងក្លា​ពូកែ​នៅ​សម័យ​នោះ។ វត្ត​នេះ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ស្នោរ ខណ្ឌ​កំបូល (អតីត​ខណ្ឌ​ពោធិ៍សែនជ័យ) រាជធានី​ភ៌្នំពេញ ខាង​ត្បូង​ឆៀង​ខាង​លិច​បឹង​តាមោក ឬ​ទំនប់​កប់​ស្រូវ។ បច្ចុប្បន្ន​វត្ត​នេះ​ដឹកនាំ​គ្រប់គ្រង​ដោយ​ព្រះសិរីកោសល សុំ សុខា ព្រះវិន័យ​ធរគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសង្ឃ សរណវេទី​ព្រះ​អនុគណ​ខណ្ឌ​កំបូល ព្រម​ទាំង​ជា​អនុប្រធាន​ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ។ ក្រោម​ការ​ដឹកនាំ​របស់​ព្រះគ្រូ​ចៅអធិការអង្គ​នេះ វត្ត​ភ្នៀតសិម្ពលី​បាន​ក្លាយ​ជាទី​តាំង​ប្រារព្ធ​កម្មវិធី​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនាបំបួស​កុលបុត្រ​កុលធីតា​ខ្មែរ​រហូត​ជាង ៥០០នាក់​ក្នុង​មួយ​វគ្គៗ។ មូលហេតុ​ដែល​ពុទ្ធមា​មក​ជនជិត​ឆ្ងាយ​គួរ​មក​វត្ត​អារាម​មួយ​នេះ​ក្នុង​ពិធី​មាឃបូជា​ឆ្នាំ​នេះ គឺ​ដោយ​សារតែ​ឆ្នាំ​នេះ​វត្ត​ទើប​តែ​នឹង​រៀបចំ​កសាង​បណ្តើរៗ​នូវ​ព្រះបដិមា​ព្រះខីណា ស្រព (ឯហិភិក្ខុ) ១២៥០អង្គ ដើម្បី​រំលឹក​ដល់​ពុទ្ធប្រវត្តិ​ក្នុង​ថ្ងៃ​មាឃបូជា (សម្តែង​ឱវាទបាតិមោក្ខ)។ ទន្ទឹម​នឹង​នេះ គណៈកម្មការ​វត្ត​ក៏​កំពុង​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ឆ្លង​ព្រះវិហារ ព្រះមហាចេតិយ​បុរាណ ដែល​ទើប​ជួសជុល​រួច​ថ្មីៗ នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២០ ផង​ដែរ។ ដូច​នេះ វា​ជា​ឱកាស​ល្អ​មែនទែន​សម្រាប់​ពុទ្ធបរិស័ទ​ដែល​ចង់​មក​ប្រារព្ធ​កម្មវិធី​មាឃបូជា​នៅ​ទី​នេះ​ផង ហើយ​មាន​សទ្ធាជ្រះថ្លា​ចង់​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​សមិទ្ធផល​សាសនា​ផង​នោះ។ លើស​ពី​នេះ វត្ត​ក៏​ទើប​តែ​នឹង​ស្ថាបនា​ព្រះពុទ្ធ​បដិមា​ព្រះអង្គធំ​ទម្រង់​សម្តែង​ឱវាទបាតិមោក្ខ​ដែល​មាន​កម្ពស់ ១៦ម៉ែត្រ ២តឹក ប្រតិស្ថាន​នៅ​លើ​រតនបល្ល័ង្គ​រួច​រាល់​ជា​ស្ថាពរ​សម្រាប់​គោរព​សក្ការ​បូជា។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​បុណ្យ​មាឃបូជា វត្ត​មាន​កម្មវិធី​ដង្ហែ​មាឃបូជា​ដែល​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះករ ព្រមទាំង​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៤រសៀល​ត​ទៅ។

Article by SRIN SOKMEAN


SUGGESTIONS