១. វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង
វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង មានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមការបង្ហោះជាផ្លូវការរបស់គេហទំព័រហ្វេសប៊ុកឈ្មោះថា “វត្តនិគ្រោធវ័ន "គល់ទទឹង" my temple” នៅថ្ងៃទី០៨ ខែកុម្ភៈ ឆាប់ៗខាងមុខនេះដែលជាថ្ងៃមាឃបូជាប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត «ព្រះពុទ្ធសាសនា» នាថៃ្ងទី១៥កើត ខែមាឃ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង នឹងមានរៀបចំសកម្មភាពកម្មវិធីបុណ្យមាឃបូជាជាច្រើនក្នុងនោះរួមមាន ពិធីរាប់បាត្រព្រះសង្ឃចំនួន ៥០០អង្គ ក្បួនដង្ហែមាឃបូជាជុំវិញភូមិកោះក្របីចំនួន ០៥ សង្កាត់ការបណ្តែតប្រទីបរាប់ពាន់ដួងថ្វាយព្រះរតនត្រ័យ ការបង្ហោះប៉េងប៉ោងតំណាងពណ៌ទាំង៦ លើទង់ពុទ្ធសាស នា ការបូជាផ្កាចម្រុះពណ៌រាប់ពាន់ដុំ និងការសម្តែងធម្មទេសនាមហាគ្រែពេលរាត្រី ដែលមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទមកពីគ្រប់ទិសទីមកចូលរួមជួបជុំយ៉ាងគគ្រឹកគគ្រេងសម្បើមអស្ចារ្យ ព្រមទាំងកម្មវិធីសាសនាជាច្រើនទៀតរាប់មិនអស់តាំងពីព្រឹករហូតដល់យប់អធ្រាត្រ។ អ្វីដែលរឹតតែពិសេសសម្រាប់ឆ្នាំនេះផ្ទាល់តែម្តងនោះគឺ នៅថ្ងៃមាឃបូជាខាងមុខនេះ វត្តនិគ្រោធវ័ននឹងរៀបចំ តុបតែងលម្អផ្កាស្បៃរឿងនៅតាមថ្នាក់ៗនៃជណ្ដើរខឿនព្រះត្រ័យរតនចេតិយសរុបរហូតដល់២០០០ផើង ដែលកាន់តែញ៉ាំងសោភ័ណភាពវត្តឱ្យកាន់តែស្រស់ស្អាតទាក់ទាញចិត្តពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីឱ្យសក្តិសមនឹងពិធីបុណ្យមាឃបូជាដ៏ធំរបស់ពុទ្ធសាសនា។ យោងតាមសង្ឃដីការបស់ព្រះសង្ឃមួយអង្គដែលគង់នៅវត្តនោះ សម្រាប់ថ្ងៃមាឃបូជាឆ្នាំនេះ វត្តនឹងមិនមានកម្មវិធីបង្ហោះគោមដូចឆ្នាំមុននោះទេ ដើម្បីបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ។
២. ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា
ពុទ្ធមណ្ឌលវិបស្សនាធុរៈមានទីតាំងស្ថិតនៅខាងលិចភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ បើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥។ ពុទ្ធមណ្ឌលនេះមានកិត្យានុភាពល្បីរន្ទឺខ្ទរខ្ទារខាងប្រតិបត្តិកម្មវិធីបុណ្យពុទ្ធសាសនាតាំងពី ២០ឆ្នាំមុនមកម្ល៉េះ ពោលគឺ តាំងពីកន្លែងនេះស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះធម្មវិបស្សនា សំ ប៊ុនធឿន ជាអធិបតី។ មូលហេតុដែលពុទ្ធសាសនិកជនគួរទៅទីអារាមនេះ ពីព្រោះវាស្ថិតនៅជិតបង្កើយនឹងព្រះសក្យមុនីចេតិយនៃភ្នំព្រះរាជទ្រព្យដែលជាទីតាំងតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ។ ម្យ៉ាងវិញទៀត ពុទ្ធមណ្ឌលជាទីក្សេមក្សាន្តមនោរម្យសម្រាប់ទេសចរជិតឆ្ងាយផងដែរ ដោយសារតែទីនេះមានផ្ទៃដីធំទូលាយងាយស្រួលប្រារព្ធកម្មវិធី មានក្រុមពិធិការច្បាស់លាស់ត្រឹមត្រូវ និងសម្បូរសមិទ្ធផលនានាដូចជា ខ្លោងទ្វាររចនាបថអង្គរវត្ត-រចនាបថបន្ទាយស្រី ដងទង់ ស្រះទឹកមុជ្ជលិន កុដិទទួលភ្ញៀវ ឧបដ្ឋានសាលា និងបន្ទប់អនាម័យល្អស្អាតសម្រាប់សាធារណជន។ ដោយឡែកសម្រាប់ថ្ងៃមាឃបូជា ពុទ្ធមណ្ឌលមានរៀបចំបុស្បុក និងរោងពុទ្ធាសនៈយ៉ាងល្អវិចិត្រសម្រាប់តម្កល់ព្រះបរមសារីរិកធាតុ និងមានរៀបចំកម្មវិធីអញ្ជើញពុទ្ធបរិស័ទចូលរួមបំពេញបុញ្ញកុសលៈ និមន្តព្រះសង្ឃរាប់រយអង្គគោចរបិណ្ឌបាត្រ និងពេលរសៀល ដង្ហែប្រទក្សិណជុំវិញព្រះវិហារ សម្តែងនមស្សការព្រះរតនត្រ័យប្រកាសមាឃបូជា។ បន្ទាប់មកនិមន្ត ព្រះសង្ឃ ចម្រើនព្រះបរិត្ត និងនិមន្តធម្មកថិកសម្តែងព្រះធម៌ទេសនាដោយ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា។ ពេលល្ងាច បដិបត្តិសមាធិរួមនៅកន្លែងប្រារព្ធមាឃបូជា។ ពេលយប់ បូជាប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងបូជាគ្រឿងសក្ការៈថ្វាយព្រះបរមសារីរិកធាតុ និងសូត្រមាឃបូជារហូតទល់ភ្លឺ។
Image Courtesy: ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា
៣. វត្តភ្នៀតសិម្ពលី
វត្តភ្នៀតសិម្ពលីជាអារាមស្ថានបុរាណមួយដែលមានប្រវត្តិតាំងពីសម័យលង្វែកក្នុងរជ្ជកាលព្រះបាទអង្គចន្ទរាជា (គ.ស.១៥១៦-គ.ស.១៥៦៦) តាំងពីសម័យព្រះសព ប្រាក់ អតីតព្រះគ្រូចៅអធិការជំនាន់ទី១ ដែលមានប្ញទ្ធានុភាពខ្លាំងក្លាពូកែនៅសម័យនោះ។ វត្តនេះមានទីតាំងស្ថិតនៅសង្កាត់ស្នោរ ខណ្ឌកំបូល (អតីតខណ្ឌពោធិ៍សែនជ័យ) រាជធានីភ៌្នំពេញ ខាងត្បូងឆៀងខាងលិចបឹងតាមោក ឬទំនប់កប់ស្រូវ។ បច្ចុប្បន្នវត្តនេះដឹកនាំគ្រប់គ្រងដោយព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសង្ឃ សរណវេទីព្រះអនុគណខណ្ឌកំបូល ព្រមទាំងជាអនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។ ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការអង្គនេះ វត្តភ្នៀតសិម្ពលីបានក្លាយជាទីតាំងប្រារព្ធកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាបំបួសកុលបុត្រកុលធីតាខ្មែររហូតជាង ៥០០នាក់ក្នុងមួយវគ្គៗ។ មូលហេតុដែលពុទ្ធមាមកជនជិតឆ្ងាយគួរមកវត្តអារាមមួយនេះក្នុងពិធីមាឃបូជាឆ្នាំនេះ គឺដោយសារតែឆ្នាំនេះវត្តទើបតែនឹងរៀបចំកសាងបណ្តើរៗនូវព្រះបដិមាព្រះខីណា ស្រព (ឯហិភិក្ខុ) ១២៥០អង្គ ដើម្បីរំលឹកដល់ពុទ្ធប្រវត្តិក្នុងថ្ងៃមាឃបូជា (សម្តែងឱវាទបាតិមោក្ខ)។ ទន្ទឹមនឹងនេះ គណៈកម្មការវត្តក៏កំពុងត្រៀមរៀបចំពិធីបុណ្យឆ្លងព្រះវិហារ ព្រះមហាចេតិយបុរាណ ដែលទើបជួសជុលរួចថ្មីៗ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ផងដែរ។ ដូចនេះ វាជាឱកាសល្អមែនទែនសម្រាប់ពុទ្ធបរិស័ទដែលចង់មកប្រារព្ធកម្មវិធីមាឃបូជានៅទីនេះផង ហើយមានសទ្ធាជ្រះថ្លាចង់ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលសាសនាផងនោះ។ លើសពីនេះ វត្តក៏ទើបតែនឹងស្ថាបនាព្រះពុទ្ធបដិមាព្រះអង្គធំទម្រង់សម្តែងឱវាទបាតិមោក្ខដែលមានកម្ពស់ ១៦ម៉ែត្រ ២តឹក ប្រតិស្ថាននៅលើរតនបល្ល័ង្គរួចរាល់ជាស្ថាពរសម្រាប់គោរពសក្ការបូជា។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃបុណ្យមាឃបូជា វត្តមានកម្មវិធីដង្ហែមាឃបូជាដែលមានការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ព្រមទាំងកម្មវិធីជាច្រើនទៀតដែលនឹងចាប់ផ្តើមពីម៉ោង៤រសៀលតទៅ។
Article by SRIN SOKMEAN