×

«Smateria បង្កើត​ខូឡិកហ្សិន​សម្ភារ​ប្រើ​ប្រាស់​ថ្មី​នៃ​ការ​លេង​ស្ទីល​បែប​សាមញ្ញ​អេឡេហ្គង់»

NEWS 2 weeks ago
 
 

            ប្រសិន​បើ​អ្នក​នឹក​ឃើញ​ដល់​សម្ភារ​ប្រើប្រាស់​បែប​កែច្នៃ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន អ្នក​ប្រាកដ​ជា​នឹក​គិត​ដល់​សម្ភារ​មួយចំនួន​ដែល​បាន​ច្នៃ​ពី​កាក​សំណល់​ជាក់​ជា​មិន​ខាន តួយ៉ាង កាតាប ឬ​កាបូប​ស្ពាយ គ្រឿង​តុបតែង​កាយ​ដែល​បាន​ច្នៃ​ពី​ការ៉ុង ក្រណាត់ ថង់ប្លាស្ទិក ឬជ័រ ជា​ដើម។ ក្រៅ​ពី​កាក​សំណល់​នានា​ទាំង​នោះ អ្នក​ច្នៃម៉ូដ​សម្ភារ​ប្រើប្រាស់​ច្រើន​នាក់​កំពុង​មមាញឹ​ក្នុង​ការ​ស្វែង​រក​នូវ​គោល​គំនិត​ថ្មីៗ​ក្នុង​ការ​បង្កើត​សម្ភារ​ប្រើប្រាស់​ដែល​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដូច​ជា៖ ការ​ផ្លាស់ប្តូរ​នូវ​ទម្រង់ ឬ​វត្ថុ​ធាតុ​នៃ​ការ​រចនា​សម្ភារ ការ​ប្រើប្រាស់​ពណ៌ ឬ​តម្លៃ​ផង​ដែរ។

            ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៧ នៃ​សង្កាត់​បឹងកេងកង ដែល​ជា​ទីកន្លែង​ដំបូង​នៃ​ការ​ចាប់​ផ្តើម​មាន​វត្តមាន​ជា​ផ្លូវ​ការ​របស់ Smateria បាន​បង្កើត​ឡើង​ក្នុង​កំឡុង​ឆ្នាំ២០០៦។ ស្ថាបនិកា​ជនជាតិ​អ៊ីតាលី​ពីររូប មាន​ឈ្មោះ Jennifer Morellato និង Elisa Lion ដែល​អ្នក​ទាំងពីរ​បាន​ឃើញ​នូវ​សក្តានុពល​ដ៏​ច្រើន​នៃ​ប្រទេស​កម្ពុជា ទើប​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​បាន​រួម​សហការ​គ្នា​បង្កើត​នូវ​ស្លាក​យីហោ​នេះ​ឡើង។ ជាពិសេស គោល​គំនិត​ចម្បង​សំខាន់​បំផុត​របស់​អ្នក​ទាំងពីរ​នោះ​គឺ​ជួយ​ដល់​ស្ត្រីខ្មែរ​អាច​រក​ប្រាក់​កម្រៃ​ដោយ​ខ្លួនឯង រចនា​ម៉ូដ​នានា​ដោយ​ពុំ​ប្រើប្រាស់​នូវ​វត្ថុ​ធាតុ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​ជា​ផ្នែក​មួយ​ដែល​អាច​បង្រៀន​ដល់​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ដោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​លើ​ការ​ប្រើប្រាស់​សម្ភារ​កែច្នៃ​ទៀត​ផង។

            ជំនួប​ជា​មួយ​នឹង​ស្ថាបនិកា Elisa បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ម៉ូដ​សម្ភារ​ជា​ច្រើន​ដែល Smateria បាន​ច្នៃ​នោះ​សុទ្ធសឹង​តែ​ជា​ការ​រចនា​ចេញ​ពី​ម៉ូដ​ដ៏​ពេញ​និយម​រស់រវើក​នៃ​ប្រទេស​អ៊ីតាលី និង​ទំនោរ​ម៉ូដ​របស់​ប្រពៃណី​ខ្មែរ​រួម​បញ្ចូល ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ទំនុកចិត្ត​ក្នុង​ការ​តុបតែង​ខ្លួន​ទោះបី​ជា​កាលៈ​ទេសៈ​ណា​ក៏​ដោយ។ ជា​មួយ​គ្នា​នេះ Elisa បាន​លើក​ឡើង​ថា «ពួក​យើង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​ពួក​យើង​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​តែ​មាន​ភាព​ដក់ជាប់​ជា​មួយ​នឹង​សម្ភារ​ដែល​គេ​បាន​ជាវ​ពី Smateria ពោល​គឺ​ពួក​យើង​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ទៅ​លើ​គុណភាព ដូច្នេះ​អ្នក​ប្រើប្រាស់​នឹង​មាន​ទំនុក​ចិត្ត​ខ្ពស់»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Jennifer ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ដូច្នេះ​ថា សម្រាប់​ឆ្នាំ២០២០ ថ្មី​នេះ Smateria បាន​បង្កើត​នូវ​ខូឡិកហ្សិន​ថ្មី​ដែល​កាន់​តែ​មាន​ភាព​ទាក់ទាញ​ជាង​ឆ្នាំ​មុនៗ​សព្វ​មួយ​ដង ជាក់​ស្តែង សម្ភារ​ប្រើប្រាស់​កែច្នៃ​ទាំង​អស់​នេះ​បាន​បង្កើត​ឡើង​ជា​មួយ​នឹង​ពណ៌​ចម្រុះ​ដែល​មិន​ប្រកាន់​វ័យ​ឡើយ។

Image Courtesy: SMATERIA

            គួរ​ជម្រាប​ផង​ដែរ​ថា Smateria នឹង​មាន​គម្រោង​ក្នុង​ការ​បន្ថែម​នូវ​ម៉ូដ​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​ទៅ​នឹង​ការ​រចនា​នៃ​ម៉ូដ​ប្រទេស​អ៊ីតាលី​ផង​ដែរ។ យ៉ាង​ណា​មិញ Jennifer បាន​លើក​ឡើង​ដូច្នេះ​ថា «ពួក​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ដែល​គេ​ពុំ​ធ្លាប់​មាន​ពី​មុន​មក យើង​ក៏​សង្ឃឹម​ថា​ប្រជាជន​កម្ពុជា​ទាំង​អស់​គាំទ្រ​នូវ​ផលិតផល​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត ហើយ​នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ទាំង​អស់​គ្នា​គាំទ្រ Smateria តែ​មួយ​នោះ​ទេ៕»

Article by PAN SIVLY


SUGGESTIONS