មិនមែនជានិស្ស័យតែជាកត្តាកាលៈទេសៈដែលជំរុញឲ្យកើតចិត្តស្រឡាញ់បានធ្វើឲ្យអតីតនិស្សិតផ្នែកស្ថាបត្យកម្ម លោក ឃុន គីមសួគ៌ សម្រេចចិត្តបញ្ចប់អាជីពជាស្ថាបត្យករទាំងស្រុង ហើយងាកមកក្រសោបចំណេះជំនាញថ្មីរហូតក្លាយជាអ្នកច្នៃម៉ូដដ៏មានទេពកោសល្យនិងមានទីផ្សារខ្ពស់នៅក្នុងវិស័យច្នៃម៉ូដកម្ពុជា។ «ពីតូចមិនធ្លាប់គិតថាចង់ក្លាយជាអ្នកច្នៃម៉ូដឬជាងកាត់ដេរអីនោះទេ ក្តីស្រមៃគឺចង់ក្លាយជាអ្នករៀបចំដេគ័រឆាក អ្នកដឹកនាំកម្មវិធី ឬអ្នកដឹកនាំរឿងដែលវាផ្ទុយស្រឡះពីជំនាញដែលរៀនទៅទៀត»។ នេះជាការលើកឡើងរបស់លោក ឃុន គីមសួគ៌ដែលជាអ្នកច្នៃម៉ូដ ជាជាងដេរ និងជាស្ថាបនិកស្លាកយីហោ «KimS»។
ចាប់កំណើតក្នុងគ្រួសារជីវភាពមធ្យមដែលមានឪពុកបម្រើការងារជាមន្ត្រីយោធានិងម្តាយជាស្ត្រីមេផ្ទះ លោក ឃុន គីមសួគ៌ មានបងប្អូនចំនួន៤នាក់ ប្រុស៣ស្រី១ លោកជាកូនច្បងនិងមានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ ២០០៣ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករសំណង់នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បន្ទាប់មកបានចូលបម្រើការងារជាវិស្វករនៅក្រុមហ៊ុនឯកជនមួយរយៈពេលប្រមាណ៣ឆ្នាំ ហើយក៏សម្រេចចិត្តបោះបង់អាជីពចោលវិញទាំងស្រុងដោយហេតុការងារខាងសំណង់មានផលវិបាកច្រើនហត់ផងក្តៅផងនឿយទាំងកម្លំាងកាយនិងកម្លាំងចិត្ត។ គ្រាលាចាកពីវិស័យសំណង់លោកបានងាកមកជួយការងារប្អូនស្រីដែលប្អូនស្រីរបស់លោកមានហាងកាត់ដេរតូចមួយក្នុងរាជធានីភ្នំពេញ។ ដោយប្អូនស្រីរបស់លោកយល់ឃើញថាចង់ឲ្យបងប្រុសចាប់ជំនាញដូចខ្លួន ប្អូនស្រីក៏បានផ្តល់ជាមតិយោបល់ដល់លោកឲ្យរៀនចាប់ជំនាញខាងកាត់ដេរសម្លៀកបំពាក់បុរសដើម្បីគួបផ្សំគ្នាតម្រូវអតិថិជនទាំងពីរភេទផងដែរ។ កត្តាជំរុញពីប្អូនស្រីផង ម្យ៉ាងបំណាច់នឹងជ្រុលបោះបង់អាជីពហើយនោះ លោកបានប្តេជ្ញាថាគួរតែមានអាជីពអ្វីថ្មីមួយសម្រាប់ខ្លួនឯង។ ជាក់ស្តែង លោកបានប្រមើលមើលកន្លែងរៀនតាមហាងកាត់ដេរល្បីៗជាច្រើន ប៉ុន្តែដើម្បីបានជំនាញច្បាស់លាស់លោកបានសម្រេចចិត្តចូលសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញនៅសាកលវិទ្យាល័យលីមកុកវីង ដោយសិក្សាឆ្នាំទី១នៅស្រុកខ្មែរ និងបន្តពីឆ្នាំទី២រហូតដល់ឆ្នាំបញ្ចប់នៅឯប្រទេសម៉ាឡេស៊ី។
កំឡុងពេលសិក្សានៅក្រៅប្រទេស លោក ឃុន គីមសួគ៌ ទទួលបានបទពិសោធន៍យ៉ាងច្រើនពីការច្នៃម៉ូដ លោកបានចូលរួមកម្មវិធីហ្វេហ្សិននានា ជួបអ្នកច្នៃម៉ូដបរទេសល្បីៗ ចូលរួមកម្មវិធីសង្គម និងការតាំងពិព័រណ៍ហ្វេហ្សិនលក្ខណៈអន្តរជាតិជាហូរហែ ដែលសំខាន់នៅឆ្នាំចុងក្រោយនៃការធ្វើខូឡិកហ្សិនសម្រាប់សារណាថ្នាក់បរិញ្ញាបត្រ លោកទទួលបានបណ្ណសរសើរពីសាលាទៅលើខូឡិកហ្សិនរបស់លោកដែលមានគំនិតច្នៃប្រតិដ្ឋជាងគេទៀតផង។
ក្រោយត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០១៣ លោកបានផ្តើមអាជីពជាអ្នកច្នៃម៉ូដដោយដំបូងឡើយច្នៃសម្លៀកបំពាក់ផ្តើមចេញពីអ្នកផ្ទះ អ្នកជិតខាង មិត្តភក្តិ និងបន្តពីម្នាក់ទៅម្នាក់ទៀតរហូតល្បីល្បាញមានហាងផ្ទាល់ខ្លួនក្រោមស្លាកយីហោ KimS មកដល់សព្វថ្ងៃ។ អ្នកច្នៃម៉ូដវ័យ ៤០ឆ្នាំរូបនេះលើកឡើងថា ដើមហេតុនៃការចាប់អាជីពច្នៃម៉ូដនេះមិនមែនជាចំណង់ចំណូលចិត្តរបស់លោកនោះទេ ប៉ុន្តែវាកើតឡើងដោយសារកាលៈទេសៈការងាររួមគ្នានឹងកត្តាជំរុញពីប្អូនស្រីរបស់លោកផងដែរ។ ពេលដែលលោកចូលរៀនកាន់តែជ្រៅលោកកាន់តែស្រឡាញ់ជំនាញច្នៃម៉ូដកាន់តែខ្លាំង ខណៈពីតូចមកលោកក៏មានចំណូលចិត្តខាងសិល្បៈគំនូរដែលផ្តល់ជាទុនក្នុងការគូរម៉ូដផងដែរ។
ដើរលើវិស័យច្នៃម៉ូដប្រមាណជិតមួយទសវត្សរ៍ ថ្វីដៃច្នៃម៉ូដរបស់លោក ឃុន គីមសួគ៌ មិនត្រឹមតែត្រូវចិត្តពីមហាជនទូទៅប៉ុណ្ណោះទេ ជាមួយគ្នានេះក៏មានទីផ្សារពីសំណាក់តារាបង្ហាញម៉ូដ តារាចម្រៀង និងតារាសម្តែងជួរមុខក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ បើនិយាយពីស្ទីលច្នៃម៉ូដផ្ទាល់ខ្លួន អ្នកច្នៃម៉ូដផ្តោតលើការធ្វើសម្លៀកបំពាក់ឈុតរាត្រីសមោលសររូបនេះបង្ហើបថា «ស្ទីលរបស់ខ្ញុំគឺសាមញ្ញ ស្រស់ស្អាត អេឡេហ្គង់ និងមើលទៅថ្លៃថ្នូរ»។ ដើម្បីបង្កើតម៉ូដច្នៃប្រតិដ្ឋទាំងនេះ លោករមែងប្រមូលគំនិតពីការមើលខូឡិកហ្សិនតាមរដូវកាលរបស់ម៉ាកអន្តរជាតិល្បីៗ និងខ្លះទៀតស្រង់ពីធម្មជាតិជុំវិញខ្លួនរួមទាំងស្ថាបត្យកម្មនានាមកបង្កើតម៉ូដថ្មីជារបស់ខ្លួន។
យ៉ាងណាមិញ ថ្វីដ្បិតបច្ចុប្បន្នអ្នកច្នៃម៉ូដ ឃុន គីមសួគ៌ មមាញឹកយ៉ាងណាក្តី ប៉ុន្តែលោកបង្ហើបថាលោកនឹងឆ្លៀតធ្វើខូឡិកហ្សិនថ្មីមួយទៀតសម្រាប់យកទៅដើរបង្ហាញម៉ូដក្នុងកម្មវិធីហ្វេហ្សិន Phnom Penh Designer Week ឆ្នាំ ២០២០ ខណៈកន្លងមកលោកក៏ធ្លាប់យកខូឡិកហ្សិនរបស់ខ្លួនទៅបង្អើលនៅក្នុងកម្មវិធីនេះ៤ទៅ៥ដង ព្រមទាំងកម្មវិធី Cambodia Fashion Illumination ផងដែរ៕
Article by HEMSOKKHIM