×

ក្រៅ​ពី​ទឹកដូង ដឹង​ថា​មាន​ភេសជ្ជៈ​អ្វី​ទៀត​ដែល​កំពុង​ពេញ​និយម​នៅ​ក្រុង​កំពត?

TRAVEL & LIVING 4 years ago
 
 

            បើ​និយាយ​អំពី​ខេត្ត​កំពត នរណាៗ​ក៏​លាន់​មាត់​សរសើរ​ថា​សម្បូរ​គ្រឿង​ហូបចុក​មិន​ចេះ​ខ្វះ​ឡើយ! ប្រាកដ​ណាស់​ព្រោះ​កន្លង​មក​គេហទំព័រ​ទស្សនាវដ្តី សូវរីន ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​នូវ​អាហារ​ពិសេស​ទាំង​៨មុខ​ប្រចាំ​ត្រកូល​ខេត្ត​កំពត​ដូច​ជា​នំបញ្ចុក​កំពត នំបញ្ចុក​ទឹកម្ហិច​កំពង់គ្រែង នំកង​ព្រៃតុម្ព ជាដើម ដែល​ប្រិយមិត្ត​អ្នក​អាន​ចាប់​អារម្មណ៍​ច្រើន​ដោយ​សារ​អ្នក​ខ្លះ​មិន​ទាន់​បាន​ទៅ​ដល់​ទីតាំង​ប្រភព​ដើម​នៃ​អាហារ​ទាំង​នោះ​នៅ​ឡើយ។ ដោយ​ឡែក​ចំពោះ​ភេសជ្ជៈ​វិញ តាំង​ពី​ដើម​រៀង​មក ខេត្ត​កំពត​នេះ​ល្បី​ខាង​ដូងភ្លើង​ដែល​មាន​ទឹកផ្អែម​ឈ្ងុយឆ្ងាញ់​ជាប់មាត់​ខុស​ពី​ដូង​ដែល​ដុះ​នៅ​តំបន់​ដទៃ​ទៀត​ក្នុង​ប្រទេស។ ទឹកដូង​ស្រស់​បាន​ក្លាយ​ជា​ភេសជ្ជៈ​ប្រពៃណី​ទៅ​ហើយ​សម្រាប់​ភ្ញៀវ​ទេសចរ​ជិតឆ្ងាយ​គ្រប់​ជាតិ​សាសន៍។ ចុះ​នៅ​ក្រុង​កំពត​មាន​អ្វី​ប្លែក​ឬ​អត់ ក្រៅ​ពី​ទឹកដូង​មួយ​មុខ​នេះ? ពិត​ជា​មាន ស្មាន​មិន​ដល់​តែ​ម្តង ភេសជ្ជៈ​ទាន់​សម័យ​បែប​យុវវ័យ!

            នៅ​ពេល​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ដល់​ចំណុច​រង្វង់មូល​ទុរេន ក្រុង​កំពត យើង​បន្ត​ដំណើរ​ចេញ​ពី​រង្វង់មូល​នោះ​តម្រង់​មក​ទិស​ខាងកើត​តាម​ផ្លូវ​ជាតិ​លេខ៣៣ ទិសដៅ​កំពត-កែប ក្នុង​រយៈ​ចម្ងាយ​ត្រឹម​តែ​១គីឡូម៉ែត្រ​ប៉ុណ្ណោះ​ បើ​ដើរ​ប្រហែល​ជា​១០នាទី។ យើង​នឹង​មក​ដល់​ភ្លើង​ស្តុប​ផ្លូវ​បែក​ជា​បួន​មួយ​កន្លែង​ដែល​អ្នក​កំពត​និយម​ហៅ​ថា ស្តុប​ភូមិតាអេង ឬ ស្តុប​គោ២។ យើង​ត្រូវ​ជិះ​ឆ្លង​ស្តុប ហើយ​ក្រលេក​មើល​ខាង​ឆ្វេង​ដៃ​ដែល​មាន​ស្លាក​សញ្ញាធំ​ពណ៌​បៃតង​សម្គាល់​ទិសដៅ​ផ្លូវ​បំបែក​សាលាក្រុង​កំពត និង​ភ្នំពេញ-កំពត។ ត្រង់​ចំណុច​នោះ​ហើយ​ដែល​ជា​ផ្ទះ​លក់​ភេសជ្ជៈ​កំពុង​ពេញ​និយម​របស់​អ្នកក្រុង​កំពត​មាន​យីហោ “ហាងនំប៉័ងរ៉ាមី” ឬ ជា​ភាសា​អង់គ្លេស​ថា Ramy Bakery & Coffee។ បើ​មើល​ទៅ​ខាង​ក្រៅ គឺ​មិន​សូវ​មាន​អ្វី​ចាប់​អារម្មណ៍​នោះ​ទេ ព្រោះ​មើល​ទៅ​គ្រាន់​តែ​ជា​ផ្ទះ​តៀម​សាមញ្ញ​បែប​ចិន​ស្រុក​ផ្សារ​ដែល​មាន​តូប​កាហ្វេ​តូច​មួយ​នៅ​ពី​មុខ។ ប៉ុន្តែ​កុំ​ទាន់​វាយ​តម្លៃ​ហាង​តែ​ពី​សំបក​ក្រៅ!

            នៅ​ពេល​ក្រុម​ការងារ សូវរីន ទៅ​ដល់​ទី​នោះ​ភ្លាម អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ ភ្ញៀវ​ឈរ​រង់ចាំ​ទិញ​ភេសជ្ជៈ​ត្រៀបត្រា​នៅ​ពី​មុខ​តូប​តាំង​ពី​ព្រឹកព្រលឹម! ភេសជ្ជៈ​ប្រចាំ​ត្រកូល​ដែល​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្រុង​កំពត និង​អ្នក​ដំណើរ​ពី​ចម្ងាយ​តម្រង់​ចូល​មក​ទិញ​មិន​ចេះ​ស្ងាត់​នោះគឺ ភេសជ្ជៈ​ទឹក​ដំឡូង​ស្វាយ។ របៀប​ធ្វើ​ភេសជ្ជៈ​នេះ​គឺ​មិន​ខុស​អ្វី​ពី​របៀប​ឆុង​កាហ្វេ​នៅ​ទីក្រុង​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​គេ​នោះគឺ គ្រឿង​ផ្សំ! គ្រឿង​ផ្សំ​ត្រូវ​បាន​ចម្រាញ់​ចេញ​ពី​ដំឡូង​ពណ៌​ស្វាយ​ធម្មជាតិ​ពិតៗ មិន​មាន​ប្រើ​ម្សៅ​រសជាតិ​ដំឡូង ឬ​បន្ថែម​ល័ក្ត​អាហារ​យក​ពណ៌​នោះ​ឡើយ។ ដំឡូង​ស្វាយ​ត្រូវ​បាន​កិន​ជា​ផង់យ៉ាងម៉ដ្ឋ ហើយ​ដួស​ដាក់​កែវ​បន្ថែម​ទឹក​ដោះ​គោ​ស្រស់ គឺ​ថា​ស្រស់ៗ​ពិតៗ​ឆ្ងាញ់​ពិបាក​នឹង​ថ្លែង​ណាស់! ភេសជ្ជៈ​នេះ​មាន​រសជាតិ​ផ្អែម តែ​មិន​ផ្អែម​ខ្លាំង​គួរ​ឲ្យ​ទ្រលាន់​នោះ​ទេ ព្រោះ​រសជាតិ​ចេញ​ពី​ដំឡូង​ធម្មជាតិ គួបផ្សំ​នឹង​រសជាតិ​ទឹកដោះ​គោស្រស់​ស្រាល​ស្រទន់។

            ចំពោះ​តម្លៃ​វិញ គឺ​ភេសជ្ជៈ​ប្រចាំ​ត្រកូល​នេះ​មាន​តម្លៃ ៧០០០រៀល មិន​ជា​ថ្លៃ​ប៉ុន្មាន​ឡើយ បើ​ធៀប​នឹង​តម្លៃ​ភេសជ្ជៈ​ប្រេន​នៅ​តាម​បណ្តា​ហាង​នានា ដែល​ក្នុង​ចំណោម​នោះ​ភេសជ្ជៈ​ប្រភេទ​ខ្លះ​គ្រាន់​តែ​ផ្សំ​ចេញ​ពី​ម្សៅ​បន្ថែម​រសជាតិ​សិប្បនិម្មិត។ ចំណុច​ទាក់ទាញ​មួយ​ទៀត គឺ​ហាង​នេះ​មាន​លក់​នំពងទា​ស្លឹកតើយ​ដែល​គេ​ដុត​ដោយ​ខ្លួនឯង​ផ្ទាល់​ថ្មីៗ​រាល់ថ្ងៃ​តែម្តង មិន​មែន​ទិញ​បន្ត​ពី​ទីផ្សារ​មក​លក់​នោះទេ។ នំពងទា​ស្លឹកតើយ​ហាង​នេះ​មាន​សាច់​ទន់​ល្មើយ​គួរ​ឱ្យ​ចង់​ទទួល​ទាន ទោះ​បី​ទុក​ត្រជាក់​ក៏​សាច់​នំ​មិន​ប្រែ​ជា​រឹង​ខ្សោះ​រសជាតិ​នោះ​ដែរ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ថ្វី​ដៃ​ដុតនំ​យ៉ាង​ចំណាន​ពិសេស​របស់​អ្នក​ខេត្ត​កំពត​ដែល​ខ្មែរ​ទូទាំង​ប្រទេស​តែងតែ​ស្ញើច​សរសើរ​តៗ​គ្នា​ថា​នំកំពត​ឆ្ងាញ់​គ្រប់​មុខ​ពិតមែន។ អតិថិជន​និយម​ទិញ​នំពងទា​នៅ​ទី​នោះ​យក​ទៅ​ទទួល​ទាន​រួម​ជា​មួយភេសជ្ជៈ​ទឹក​ដំឡូង​ស្វាយ កាហ្វេ ឬ​ភេសជ្ជៈ​ដទៃ​ទៀត​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ទឹក​ដំឡូង​ស្វាយ ហាង​រ៉ាមី​នៅ​មាន​ភេសជ្ជៈ​ប្លែកៗ​ជា​ច្រើន​មុខ​ទៀត​ដែល​សុទ្ធសឹង​តែ​ផ្សំ​ពី​គ្រឿង​ផ្សំ​បែប​ធម្មជាតិ ដូច​ជា ទឹក​សង្ខ្យា​ស្លឹក​តើយ ទឹកតែ​ផ្កា​មេអំបៅ ឬ​ផ្កា​អញ្ជ័នក្រៀម ទឹក​ម្ជូរល្មម ឬ​ទឹក​ផ្កាក្រចៀប និង​ទឹកតែ​ចិន​ឆុង​ទឹក​ដោះ​គោ​ស្រស់។ល៕

Article by SRIN SOKMEAN


SUGGESTIONS