×

​វប្បធម៌​និង​បរិស្ថាន​តាមរយៈ​គំនូរ​១​៤​ផ្ទាំង​របស់​វិចិត្រករ​ពី​ទឹកដី​សៀមរាប​អង្គរ​

NEWS 6 months ago
 
 

          ​លោក​ ​ព្រហ្ម​ ​ពន្លឺ​ ​គឺជា​គ្រូបង្រៀន​គំនូរ​និង​ជា​វិចិត្រករ​គំនូរ​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​ខេត្ត​សៀមរាប​ដែល​កន្លងមក​លោក​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​ស្នាដៃ​សិល្បៈគំនូរ​លើ​អាវយឺត​ដែល​លោក​គូ​រដាក់​លក់​នៅ​ឯ​ផ្សារ​រាត្រី​លើទឹក​ដី​ខេត្ត​សៀមរាប​។​ ​យ៉ាងណាមិញ​ ​ថ្មីៗ​នេះ​លោក​ទើប​តែ​បង្កើត​សមិទ្ធផល​ថ្មីសន្លាង​ជាមួយនឹង​គំនូរ​ប្រមាណ​១​៤​ផ្ទាំង​ ​ក្រោម​ប្រធាន​បទ​បី​រួមគ្នា​គឺ​ ​វប្បធម៌​ ​បរិស្ថាន​ ​និង​ឆ្លុះបញ្ចាំង​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់​លោក​ផង​ដែរ​។​

          ​ការ​បង្កើត​គំនូរ​ទាំងនេះ​ឡើង​លោក​បាន​លើកឡើង​ថា​«​គោលបំណង​ធំ​របស់​ខ្ញុំ​គឺ​ចង់ឲ្យ​កូនខ្មែរ​ទាំងអស់​បាន​ស្គាល់​ ​ជួយ​រួមចំណែក​ជួយការ​ពារ​ ​និង​អភិ​រក្ស​នូវ​វប្បធម៌​ក៏ដូចជា​សិល្បៈ​ខ្មែរយើង​ ​ហើយក៏​ជា​ចំណែក​មួយ​ផ្សព្វផ្សាយ​វប្បធម៌​យើង​ឲ្យ​រីក​សុសសាយ​ទៅកាន់​ប្រទេស​ផ្សេងៗ​ផង​ដែរ​។​ ​មួយវិញទៀត​ ​ឃើញ​ថា​បច្ចុប្បន្ន​មនុស្សជា​ច្រើន​បាន​ចូលរួម​ការងារ​សង្គម​និង​បរិស្ថាន​ ​ដូចនេះ​ខ្ញុំ​ចង់ឲ្យ​ពួកគាត់​នៅតែ​បន្ត​សកម្មភាព​ដែល​ពួកគាត់​បាន​ធ្វើ​ ​ព្រោះថា​ពិភពលោក​យើង​កំពុង​មាន​បញ្ហា​ទាក់ទង​នឹង​បរិស្ថាន​ ​ហើយ​បរិស្ថាន​និង​ពិភពលោក​ទាំងមូល​កំពុងតែ​ត្រូវការ​ពួកយើង​ជា​អ្នកជួយ​វិញ​»​។​

          ​គំនូរ​១​៤​ផ្ទាំង​នេះ​គឺជា​ប្រភេទ​គំនូរ​អា​គ្រី​លី​ក​គូរ​លើ​ក្រណាត់​ដោយ​ប្រើ​ពេល​គូរ​មិន​តិច​ជាង​មួយ​ខែ​ឡើយ​បើ​សរុប​ទំា​ង​ការ​បង្កើត​ប្រធាន​បទ​និង​ស្រាវជ្រាវ​ឯកសារ​គំា​ទ្រ​ផង​នោះ​។​ ​ចំណោម​គំនូរ​ទាំងអស់​មាន​គំនូរ​មួយ​ផ្ទាំង​ដែល​ប្លែក​ជាងគេ​និង​ពិបាកធ្វើ​ជាងគេ​ ​នោះ​គឺ​គំនូរ​ក្រោម​ចំណងជើង​«​មិន​អាច​បំផ្លាញ​ប្លាស្ទិក​»​ ​ដែល​ជា​ការ​ប្រើ​បំពង់បឺត​ចំនួន​២​៥​៣​ដើម​យកមក​ដុត​បង្កើត​ជា​រូបគំនូរ​តែម្តង​។​

          ​ជា​រួម​ស្នាដៃ​គំនូរ​ជាង​ដប់​ផ្ទាំង​របស់​វិចិត្រករ​វ័យ​២​៥​ឆ្នាំ​រូប​នេះ​នឹង​យកទៅ​ដាក់​តាំង​ពិព័រណ៍​នៅ​ក្នុង​កម្មវិធី​«​មហោស្រព​គី​ហ្សូ​ណា​»​ ​នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​(CJCC) ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​ ​២​០​ដល់​ថ្ងៃ​ទី​២​៣​ ​ខែកុម្ភៈ​ឆ្នាំ​ ​២​០​២​០​។​ ​រីឯ​តម្លៃ​គំនូរ​គឺ​ចាប់ពី​ ​៣​០​០​ដុល្លារ​ដល់​១​០​០​០​ដុល្លារ​។​ ​ដូច្នេះ​ចង់​ដឹង​ថា​តើ​គំនូរ​ក្រោម​ប្រធាន​បទ​បី​រួមគ្នា​នេះ​មាន​លក្ខណៈ​ពិសេស​បែប​ណា​ ​និង​មាន​អត្ថន័យ​យ៉ាងណា​នោះ​ តោះ! ​យើង​ទៅ​ទស្សនា​ជាមួយនឹង​ការ​រៀបរាប់​លម្អិត​ពី​លោក​ ​ព្រហ្ម​ ​ពន្លឺ​ ​ដូច​ខាងក្រោម​៖

1. ​ចំណងជើង​៖​ ​«​មើលទៅ​វប្បធម៌​ខ្ញុំ​»​
​ពិពណ៌នា​គំនូរ​៖​ ​«​វប្បធម៌​គឺជា​និមិត្តសញ្ញា​មួយ​តំណាង​ឲ្យ​ជាតិ​ ​ការ​រើ​បម្រះ​ ​និង​វប្បធម៌​ដែល​ងើបឡើង​ដោយ​លំបាក​។​ ម្កុ​ដដែល​មាន​ពណ៌​ ​ខៀវ​ ​ក្រហម​ ​ទឹកក្រូច​ ​គឺ​តំណាង​ឲ្យ​ដូចជា​ការ​ច្រណែន​ឈ្នានីស​គ្នា​ទៅវិញទៅមក​ ​រីឯ​ពណ៌​ប្រតាក​នៅ​លើ​ផ្ទាំង​គំនូរ​វា​ដូចជា​ការ​បាត់បង់​នៃ​វប្បធម៌​។​

2. ​ចំណងជើង​៖​ ​«​ការភាន់ច្រឡំ​វប្បធម៌​»​
​ពិពណ៌នា​គំនូរ​៖​ ​«​ពណ៌​ធំ​ៗ​ទាំង​៣​ ​ក្រហម​ ​ខៀវ​ ​ស​ ​គឺ​តំណាង​ឲ្យ​ទង់ជាតិ​កម្ពុជា​។​ ម្កុ​ដ​មាន​អត្ថន័យ​សម្រាប់​ឧត្តមភាព​នៃ​វប្បធម៌​ ​ចំណែក​វ៉ែនតា​តំណាង​ភាពស្រអាប់​ ​និង​បិទបាំង​វប្បធម៌​»​។​

3. ​ចំណងជើង​៖​ ​«​វីរបុរស​ការពារ​វប្បធម៌​»​
​ពិពណ៌នា​គំនូរ​៖​ ​«​មនុស្ស​គ្រប់​ៗ​គ្នា​តែងតែ​មាន​ក្តី​ស្រមៃ​រៀងៗខ្លួន​។​ ​ពេល​ខ្ញុំ​នៅ​តូច​ពាក្យ​ថា​វីរបុរស​មិនកើត​ឡើង​ក្នុង​ជីវិត​ពិត​ទេ​ ​ខ្ញុំ​ស្រមៃ​ថា​ថ្ងៃណាមួយ​ខ្ញុំ​នឹង​ក្លាយ​ជា​វីរបុរស​ ​ខ្ញុំ​នឹង​ការពារ​ពិភពលោក​ ​និង​ការពារ​សន្តិភាព​។​ ​ប៉ុន្តែ​ពាក្យ​ថា​វីរបុរស​មិន​ចាំបាច់​ការពារ​ពិភពលោក​ទេ​ ​គឺ​គ្រាន់តែ​ការពារ​វប្បធម៌​ដែល​យើង​មាន​ក្នុងនាម​ជា​សិល្បករ​ ​ការ​ចែករំលែក​ ​និង​ការចូលរួម​ចំណែក​ដល់​សង្គម​នោះ​វា​គឺជា​វីរបុរស​នៅ​ក្នុង​បេះដូង​របស់យើង​ម្នាក់ៗ​»​។​

4. ​ចំណងជើង​៖​ ​«​កុំ​ភ្លេច​កម្ពុជា​»​
​ពិពណ៌នា​គំនូរ​៖​ ​«​ប្រទេស​កម្ពុជា​មាន​វប្បធម៌​ដ៏​យូរលង់​ណាស់​មក​ហើយ​ ​យើង​ជា​កូនខ្មែរ​ត្រូវតែ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​របស់យើង​។​ ​របាំង​ហនុមាន​ដែល​បែកបាក់​តំណាង​ឲ្យ​ការបោះបង់​ចោល​នៃ​វប្បធម៌​ ​និង​កង្វះ​សាមគ្គីភាព​។​ ​ចំណែក​ទឹកភ្នែក​គឺជា​ការ​អស់សង្ឃឹម​និង​តំណាង​ឲ្យការ​គំា​ទ្រ​ផ្នែក​សិល្បៈ ​និង​ភាព​អស្ចារ្យ​នៃ​ខ្មែរ​ដែល​បង្កើត​វប្បធម៌​ដ៏​អស្ចារ្យ​»​។​

5. ​ចំណងជើង​៖​ ​«​ខ្មែរ​សម័យ​ទំនើប​»​
​ពិពណ៌នា​គំនូរ​៖​ ​«​បុព្វបុរស​ខ្មែរយើង​មាន​ពាក្យ​មួយ​ឃ្លា​ថា​ ​មាត់ទិព្វ​ ​ភ្នែកទិព្វ​ ​ត្រចៀក​ទិព្វ​ ​ដែល​ជា​ពាក្យ​ប្រាប់​ទៅ​បងប្អូន​កូនចៅ​ឲ្យបាន​ដឹង​មកដល់​សព្វថ្ងៃនេះ​ ​វា​បាន​កើតឡើង​នៅ​ក្នុង​ជីវិត​ពិត​បច្ចេកវិទ្យា​សម័យ​ទំនើប​គឺ​ជំរុញ​ឲ្យ​មនុស្ស​ស្វែងយល់​ ​រក​ចំណេះ​ដឹង​ ​និង​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​»​។​

6. ​ចំណងជើង​៖​ ​«​ប្រធាន​ក្រុម​ខ្មែរ​»​
​ពិពណ៌នា​គំនូរ​៖​ ​«​ពណ៌​ទាំងពីរ​លើ​ខែល​ការពារ​ ​និង​រូប​សញ្ញា​ផ្កា​រំដួល​គឺជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។​ ​ស្រោម​មុខ​ដែល​ពាក់​នៅ​លើ​តួអង្គ​គឺជា​ការ​បង្ហាញ​ពី​សញ្ជាតិ​ ​និង​អក្សរ​របស់​ជាតិ​យើង​ជា​កូនខ្មែរ​ត្រូវ​ចូលរួម​ថែរក្សា​ ​និង​ការពារ​សម្បត្តិ​វប្បធម៌​ខ្មែរយើង​ទាំងអស់គ្នា​»​។​

7. ​ចំណងជើង​៖​ ​«​ក្រឡេកមើល​ដង្ហើម​រុក្ខជាតិ​»​
​ពិពណ៌នា​គំនូរ​៖​ ​«​ឫសឈើ​គឺ​តំណាង​ឲ្យ​ភាព​លោភលន់​ចង់បាន​ ​និង​ផល​ប្រយោជន៍ផ្ទាល់ខ្លួន​ ​។​ ​ក្រឡេកមើល​ទៅ​ព្រៃឈើ​ដែល​គួរឲ្យ​ស​ង្វែ​ក​ជា​ប្រចាំថ្ងៃ​ ​មនុស្សម្នាក់​ៗ​ព្យាយាម​បំផ្លាញ​ដើម្បី​តែ​ប្រយោជន៍ផ្ទាល់ខ្លួន​ ​ធ្វើអ្វី​ដែល​ជា​បញ្ហា​នៃ​ពិភពលោក​ ​ការ​ជួបប្រទះ​នៃ​គ្រោះ​ធម្មជាតិ​ ​និង​ការ​កើតឡើង​ផ្សេងៗ​ដែល​មនុស្សជា​អ្នកបង្កើត​ឡើង​»​។​

8. ​ចំណងជើង​៖​ ​«​ភាព​បាត់បង់​នៃ​ពិភពលោក​ដោយ​ប្លាស្ទិក​»​
​ពិពណ៌នា​គំនូរ​៖​ ​«​សព្វថ្ងៃ​ផល​ប៉ះពាល់​នៃ​ប្លាស្ទិក​កំពុង​ធ្វើឲ្យខូច​ខាត​ដល់​បរិស្ថាន​ ​ហើយ​បំផ្លាញ​មនុស្សសត្វ​ ​ធម្មជាតិ​ ​និង​បង្ក​ផល​ប៉ះពាល់​ជុំវិញ​ពិភពលោក​។​ ​ថ្នាំលាប​ពណ៌ក្រហម​ដែល​ស្រក់​លើ​គំនូរ​វា​តំណាង​ឲ្យ​ប្លាស្ទិក​ដែល​គ្របដណ្តប់​ពិភពលោក​។​ ​ប៉ុន្តែ​មនុស្ស​កំពុងតែ​ព្យាយាម​ស្វែងរក​សិល្បៈ​កែច្នៃ​សំរាម​ប្លាស្ទិក​ឬ​ច្នៃ​ប្រតិដ្ឋ​សំរាម​សម្រាប់​ការ​តុបតែង​»​។​

9. ​ចំណងជើង​៖​ ​«​ពាក់កណ្តាល​ពាន់​លាន​ត្រូវ​បាន​សម្លាប់​នៅ​អូស្ត្រាលី​»​
​ពិពណ៌នា​គំនូរ​៖​ ​«​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​ ​ផ្ទៃដី​ប្រមាណ​ជាង​ ​១​០​លាន​ហិកតា​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង​ឆាបឆេះ​។​ ​សត្វពាហនៈ​ជាង​ ​១​ពាន់​លាន​ក្បាល​បាន​បាត់បង់ជីវិត​រហូត​មកដល់ពេលនេះ​រាប់បញ្ចូល​ទាំង​សត្វ​កូឡា​កង់​ង៉ូ​វ​ ​ជញ្ជាំង​ថ្ម​ ​បក្សី​ ​និង​សត្វព្រៃ​ផ្សេងៗ​ទៀត​រាប់ពាន់​ក្បាល​។​ ​ការ​គំា​ទ្រ​របស់​អ្នក​ត្រូវការ​ជាបន្ទាន់​ដើម្បី​ថែរក្សា​សត្វព្រៃ​ដែល​រង​របួស​ ​និង​ជួសជុល​ផ្ទះ​របស់​ពួកគេ​ឡើងវិញ​»​។​

10. ​ចំណងជើង​៖​ ​«​មិន​អាច​បំផ្លាញ​ប្លាស្ទិក​»​
​ពិពណ៌នា​គំនូរ​៖​ ​«​ ​មនុស្សជា​អ្នកបង្កើត​ប្លាស្ទិក​ ​ប៉ុន្តែ​មិន​អាច​បំផ្លាញ​ប្លាស្ទិក​បាន​ដោយសារ​ប្លាស្ទិក​នឹង​បង្ក​ផល​ប៉ះពាល់​ទៅលើ​មនុស្ស​ ​សត្វ​ ​និង​ធម្មជាតិ​នៅ​លើ​ពិភពលោក​។​ ​គំនូរ​នេះ​គឺជា​ការ​បង្កើត​ស្នាដៃ​សិល្បៈ​ដោយ​យក​បំពង់បឺត​ប្លាស្ទិក​ទៅ​ដុត​លើ​ផ្ទាំង​ក្រណាត់​បង្កើត​បានជា​គំនូរ​មួយ​ផ្ទាំង​។​ ​គំនូរ​នេះ​បាន​ចំណាយ​បំពង់បឺត​ចំនួន​ ​២​៥​៣​ដើម​»​។​

11. ​ចំណងជើង​៖​ ​«​ភាព​អស្ចារ្យ​នៃ​ស្ត្រី​»​
​ពិពណ៌នា​គំនូរ​៖​ ​«​បច្ចុប្បន្ន​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក​ព្រោះថា​ស្ត្រី​អាច​ធ្វើអ្វី​បាន​ល្អ​ច្រើនជាង​បុរស​។​ ​រាល់​ភាព​លំបាក​របស់​ស្ត្រី​គឺ​ខុស​ពី​រាល់​ភាព​លំបាក​របស់​មនុស្ស​ប្រុស​។​ ​ភាព​អស្ចារ្យ​នៃ​ស្ត្រី​ដែល​អាច​ធ្វើការ​ទាំង​ខ្លួន​មានផ្ទៃពោះ​ប៉ុន្តែ​បុរស​មិន​អាច​ធ្វើការ​បែប​នេះ​បានទេ​ ​ព្រោះ​ភាព​អត់ធន់​ ​និង​ភាព​ស៊ូទ្រាំ​របស់​ស្ត្រី​មាន​ភាព​អស្ចារ្យ​»​។​

12. ​ចំណងជើង​៖​ ​«​ជីវិត​ជាប់​គាំង​»​
​ពិពណ៌នា​គំនូរ​៖​«​ពេលខ្លះ​ជីវិត​អាច​នឹងជា​ប់​គាំង​ដោយសារតែ​ពាក្យ​សម្តី​របស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ផ្ទាល់​ ​ព្រោះថា​ជីវិត​មិនមែន​ប្រាកដជា​ជួប​រឿង​ល្អ​ទាំងអស់​នោះ​ទេ​ ​យើង​ត្រូវតែ​មាន​គោលដៅ​ជីវិត​ច្បាស់លាស់​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​»​។​

13. ​ចំណងជើង​៖​ ​«​អារម្មណ៍​នៅ​ពេល​បាត់បង់​»​
​ពិពណ៌នា​គំនូរ​៖​ ​«​ពណ៌បៃតង​ ​និង​ពណ៌​លឿង​គឺ​តំណាង​ឲ្យ​ពណ៌​ត្រជាក់​ ​វា​ដូចជា​ម្លប់​នៃ​ដើមឈើ​ ​ឬក៏​ជាគ្រួសារ​មួយ​ ​ពេលវេលា​ដែល​កន្លង​ហួស​ជាយូរមកហើយ​ដែល​ខ្ញុំ​ត្រូវ​បាន​បាត់បង់​ឪពុក​របស់​ខ្ញុំ​»​។​

14. ​ចំណងជើង​៖​ ​«​ផ្លូវ​ដែល​ត្រូវ​ដើរ​»​
​ពិពណ៌នា​គំនូរ​៖​ ​«​ស្នាម​ស្បែកជើង​គឺ​តំណាង​ឲ្យ​ផ្លូវ​ដែល​ត្រូវ​ទៅ​ ​ផ្លូវ​ដែល​មនុស្សម្នាក់​ៗ​ត្រូវ​ដើរ​វា​មានការ​សម្រេច​ចិត្ត​ខុសគ្នា​។​ ​អ្នកខ្លះ​ដើរទៅ​រក​ភាព​ជោគជ័យ​ ​ហើយ​អ្នកខ្លះ​ទៀត​ក៏​មិន​អាច​ដើរទៅ​រក​ភាព​ជោគជ័យ​»​។​

Article ​by​ ​HEM SOKKHIM


 


SUGGESTIONS