×

ពៅ ស៊ីថាន អ្នក​ច្នៃ​ម៉ូដ​វ័យ​ក្មេង​ដ៏​ឆ្នើម​ដែល​ដណ្តើម​ជ័យលាភី​ជើង​ឯក​ផ្ទួន​ក្នុង​កម្មវិធី​ហ្វេហ្សិន

FASHION & BEAUTY 6 months ago
 
 

            ជឿជាក់​ថា​ប្រិយមិត្ត​តាម​ដាន​វិស័យ​ហ្វេហ្សិន​ប្រាកដ​ជា​បាន​ស្គាល់​នូវ​អ្នក​ច្នៃម៉ូដ ពៅ ស៊ីថាន ឬ​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Kenny ដែល​លោក​គឺ​ជា​អ្នក​ច្នៃម៉ូដ​ជាន់​ថ្មី​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​រូប​នៅ​ក្នុង​វិស័យ​ហ្វេហ្សិន។ ថ្វីដ្បិត​ប្រឡូក​ក្នុង​វិស័យ​ច្នៃម៉ូដ​ទើប​បាន​រយៈ​ពេល​ប្រមាណ​៣ឆ្នាំ​ ប៉ុន្តែ​សន្ទុះ​ការងារ​ក៏​ដូច​ជា​កេរ្តិ៍​ឈ្មោះ​របស់​លោក​ហាក់​ហក់​ស្ទុះ​ឡើង​ជា​លំដាប់ តួយ៉ាង​កាល​ពី​ចុង​ឆ្នាំ២០១៩ នេះ​លោក​ទើប​បាន​ជោគជ័យ​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ច្នៃម៉ូដ​នៅ​ក្នុង​កម្មវិធី​ហ្វេហ្សិន​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​ទៀត​ផង។

            ទាក់ទង​នឹង​ដំណើរ​ដើមទង​នៃ​ការ​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​ច្នៃម៉ូដ យុវ​ជន ពៅ ស៊ីថាន វ័យ​២២ឆ្នាំ ដែល​មាន​ស្រុកកំណើត​មក​ពី​ខេត្ត​កំពត និង​មាន​បងប្អូន​ប្រុស​ពីរនាក់ (លោក​ជា​កូន​ពៅ) រូប​នេះ​បាន​រៀប​រាប់​ដូច្នេះ «តាំង​ពី​តូច​ខ្ញុំ​ចូល​ចិត្ត​កាត់​សម្លៀកបំពាក់​ឲ្យ​គេ និង​ចូល​ចិត្ត​តុបតែង​ស្លៀកពាក់​ឲ្យ​គេ ខ្ញុំ​រៀន​ខ្លួន​ឯង​ចេះ​ក៏​ខ្លួន​ឯង។ ខ្ញុំ​គិត​ថា​ការ​ស្លៀក​ពាក់​អាច​បញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​យើង ហើយ​វា​អាច​ផ្លាស់​ប្តូរ​យើង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន»។

            ដោយ​មាន​និស្ស័យ​ខាង​ច្នៃម៉ូដ​ពី​កំណើត​យុវជន ពៅ ស៊ីថាន បាន​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ដោយ​បាន​ចូល​សិក្សា​ផ្នែក​ហ្វេហ្សិន​ឌីហ្សាញ​នៅ​សាលា​អង្គការ Modern Design Ethnic Center នៃ​រាជធានី​ភ្នំពេញ។ កំឡុង​ពេល​សិក្សា យុវជន​វ័យ​ក្មេង​រូប​នេះ​បាន​ជាប់​ក្នុង​ជម្រើស​អ្នក​ច្នៃម៉ូដ​៥រូប​ដើម្បី​យក​ខូឡិកហ្សិន​របស់​ខ្លួន​ទៅ​ដាក់​លក់​នៅ​ឯ​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់។ ក្រោយ​មក​ទៀត​លោក​បាន​ដណ្តើម​ជ័យលាភី​លេខ១​នៅ​ក្នុង​កម្មវិធី​ហ្វេហ្សិន​ឌីហ្សាញ​នៅ Future Factory ​និង​ចុង​ក្រោយ​កំឡុង​ខែសីហា ឆ្នាំ២០១៩ លោក​បាន​ប្រឡូក​ប្រកួត​ក្នុង​កម្មវិធី​ហ្វេហ្សិន​ដ៏​ធំ​ប្រចាំឆ្នាំ​គឺ ABC Lions Of Fashion ដោយ​ដណ្តើម​បាន​ជ័យលាភី​ជើង​ឯក​ផ្នែក​ច្នៃម៉ូដ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​កក្រើក និង​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​នៅ​ក្នុង​វិស័យ​ហ្វេហ្សិន។​

            និយាយ​ពី​ស្ទាយ៌​ច្នៃម៉ូដ​ផ្ទាល់​ខ្លួន Kenny បាន​បង្ហើប​ថា «ហ្វេហ្សិន​បែប​ឡូយ​ឆាយ សិច​ស៊ី មើល​ទៅ​លេច​ធ្លោ​បែប​ហ្វេហ្សិន បែប​ថត​ទស្សនាវដ្តី ស៊ីវិល័យ​នា​ពេល​រាត្រី ឬ​ហ្វេហ្សិន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​គឺ​ជា​ស្ទីល​ច្នៃម៉ូដ​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ»។ ក្នុង​ការ​ច្នៃម៉ូដ​លោក​រមែង​បត់បែន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ស្លៀក ឬ​ប្រធាន​បទ ប៉ុន្តែ​មិន​ឲ្យ​បាត់បង់​នូវ​អ្វី​ដែល​ជា​ស្ទីល​របស់​ខ្លួន​ឡើយ។ ចំណែក​ពណ៌​ឌីហ្សាញ​ដែល​លោក​ចូលចិត្ត​បំផុត​នោះ​គឺ​ពណ៌​ខ្មៅ។

            អាច​និយាយ​បាន​ថា Kenny គឺ​ជា​អ្នក​ច្នៃម៉ូដ​វ័យក្មេង​លេច​ធ្លោ​មួយ​រូប​នៅ​ជំនាន់​ថ្មី​នេះ លោក​ជា​អ្នក​ច្នៃម៉ូដ​ឯករាជ្យ និង​មាន​ស្លាក​យីហោ​ផ្ទាល់​ខ្លួន KENSTDIOS ហើយ​ក៏​ជា​គ្រូ​បង្រៀន​ផ្នែក​ហ្វេហ្សិន​ឌីហ្សាញ និង​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៅ​សាលា MaPa Fashion ផង​ដែរ។ បច្ចុប្បន្ន​ក្រៅ​ពី​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​អាជីព​ច្នៃម៉ូដ និង​វិស័យ​ហ្វេហ្សិន នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ពោល​គឺ​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក​នឹង​ហោះ​ហើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី Fashion Week នៅ​ឯ​ប្រទេស​បារាំង​ដែល​ជា​រង្វាន់​បាន​មក​ពី​ការ​ប្រកួត​ឈ្នះ​នៅ​ក្នុង​កម្មវិធី​របស់​ស្រាបៀរ ABC៕

Article by HEM SOKKHIM


SUGGESTIONS