ទិវាជាតិអំណានលើកទី៥៖ ឱកាសបង្រៀនដល់មនុស្សគ្រប់វ័យ ដើម្បីបណ្តុះសមត្ថភាពនៃការអានមិនមែនតែមួយថ្ងៃ
NEWS 4 years agoនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន បានរៀបចំនូវព្រឹត្តិការណ៍ដ៏មានតម្លៃនៃពិព័រណ៍ទិវាជាតិអំណានលើកទី៥ ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬវិទ្យាស្ថានតិចណូ។ ទន្ទឹមនឹងព្រឹត្តិការណ៍នេះផងដែរ គេសង្កេតឃើញថាវត្តមានរបស់សិស្សានុសិស្ស ក៏ដូចជាយុវជនដែលមកពីគ្រប់មជ្ឈដ្ឋានទាំងអស់កាន់តែមានកំណើនកើនឡើងខ្ពស់ ប្រសិនបើប្រៀបនឹងអត្រានៃអ្នកចូលរួមកាលពីឆ្នាំមុនៗ។ ជាក់ស្តែង ទិវាអំណានជាតិលើកទី៥នេះ ត្រូវបានធ្វើក្រោមប្រធានបទដ៏សំខាន់ដែលមានន័យបង្កប់ទៅដោយខ្លឹមសារអប់រំយ៉ាងដូច្នេះផងដែរថា «ការអាន បណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍» ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ទិវាអំណានជាតិលើកទី៥ក្នុងឆ្នាំនេះនឹងមានកម្មវិធីកម្សាន្តប្លែកៗច្រើនដែលខុសពីសព្វមួយដងថែមទៀតផង។ ម៉្យាងវិញទៀត អ្នកអាចធ្វើការផ្លាស់ប្តូរសៀវភៅរបស់អ្នកបាននៅទីនោះដោយពុំគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា ទិវាជាតិអំណានលើកទី៥ ប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចូលរួមដោយសេរី ចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៧ល្ងាច ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕
Article by PAN SIVLY