អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី ១០៩ ដោយរាប់គិតចាប់តាំងពីឆ្នាំ ១៩១១ ដែលទិវានេះចាប់ផ្តើមបង្កើតជាលើកដំបូងក្នុងគោលបំណងដើម្បីទាមទារឲ្យស្រ្តីមានសិទ្ធិស្មើរភាពគ្នាជាមួយនឹងបុរសដែរ។ នៅសតវត្សរ៍ទី ២១ នេះស្រ្តីហាក់មានសមត្ថភាពនិងបានជួយដល់សង្គមជាតិច្រើនជាងបុរស។ ថ្ងៃនេះសូវរីន សូមណែនាំប្រិយមិត្តអ្នកអានឲ្យបានស្គាល់នូវស្ត្រី ៥ រូបដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីជួយដល់សង្គមជាតិដែលបុរសគួរតែយកគម្រូតាម៖
កញ្ញា អាតសុធាវី៖
កញ្ញា អាត សុធាវី ជាស្ថាបនិកគម្រោង Think Plastic ដែលត្រូវបាន កោតសរសើរ ពីសំណាក់អ្នកនិយមចូលចិត្តលេងបណ្តាញសង្គមជាច្រើនតាមរយៈវីដេអូអប់រំអំពីប្លាស្ទិកនេះផងដែរ។ តាមរយៈសូវរីន កញ្ញា អាត សុធាវី បានប្រាប់ថា ការប្រើប្រាស់ប្លាស្ទិក អាចមានផលប៉ះពាល់ទៅដល់សុខភាពមនុស្ស ហើយសំណល់ប្លាស្ទិកក៏អាចប៉ះពាល់ទៅដល់បរិស្ថានលក្ខណៈយូរអង្វែង។ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងគ្រប់គ្នាប្រើប្រាស់ប្លាស្ទិកជាច្រើន ប៉ុន្តែយើងអាចចូលរួមកាត់បន្ថយបាន ដូចជា យកដបទឹកដែលអាច ប្រើប្រាស់ឡើងវិញបាន ដាក់តាមខ្លួន ប្រើថង់ក្រណាត់ និង យកប្រអប់ពេលទៅទិញអាហារខ្ចប់ជាដើម។ ចំពោះម្ចាស់ភោជនីយដ្ឋាន និង ហាងកាហ្វេនានា លើកទឹកចិត្តឲ្យប្រើប្រាស់កែវ ដើម្បីដាក់ទឹក និង កាហ្វេពេលដែលភ្ញៀវញាំក្នុងហាង។ ការលើកទឹកចិត្តក្នុងការកាត់បន្ថយប្លាស្ទិកក៏ត្រូវបានលើកទឹកចិត្ត ហើយប្រសិនបើកុំប្រើប្រាស់ប្លាស្ទិកតែម្តងគឺកាន់តែល្អ។ (លោកអ្នកអាចអានអត្ថបទបន្ថែមពីកញ្ញាអាតសុធាវីនៅក្នុងទស្សនាវដ្ដីសូវរីន ខែមេសាឆ្នាំ ២០១៩)
កញ្ញា អាំង សិរីរតន៍៖
យុវតី អាំង សិរីរតន៍ វ័យ ២៧ ឆ្នាំ ដែលជាយុវតីឆ្នើមជាងគេម្នាក់ក្នុងវិស័យការងារផ្នែកបរិស្ថាននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កេរ្តិ៍ឈ្មោះរបស់ នាងត្រូវបានផ្សព្វផ្សាយម្តងហើយម្តងទៀតនៅលើបណ្តាញសង្គមនានាក្នុងស្រុកដោយសារតែការតស៊ូឥតរាថយកាត់វាលកាត់ព្រៃចុះទឹកឡើងភ្នំចុះមូលដ្ឋានសហគមន៍នៅតាមជនបទដាច់សង្វែងរបស់នាងនាពេល កន្លងមក។ កញ្ញាបានរំឭកប្រាប់ពីអតីតកាលថា «ការដើរព្រៃ ការជិះទូក ការជួប សហគមន៍ ការជួបរៀនពីអ្នកសិក្សាស្រាវជ្រាវ និង ជួបជាមួយសកម្មជនបរិស្ថាន បាននាំខ្ញុំឲ្យក្លាយខ្លួនជា អ្នកអភិរក្ស។ អ្វីដែលខ្ញុំចងចាំជាងគេ ហើយធ្វើឲ្យខ្ញុំសម្រេចចិត្តដាក់ខ្លួនប្រាណមកធ្វើការងារអភិរក្សនោះ គឺដំណើរទស្សនកិច្ចសិក្សាពីព្រៃឈើ និង ជីវៈចម្រុះនៅខេត្តមណ្ឌលគិរីដែលដឹកនាំដោយក្រុមប្រឹក្សាយុវជន របស់ឯកអគ្គរាជទូតសហរដ្ឋអាមេរិក»។
(លោកអ្នកអាចអានអត្ថបទបន្ថែមពីកញ្ញាអាំង សិរីរតន៍ នៅក្នុងទស្សនាវដ្ដីសូវរីន ខែមេសាឆ្នាំ ២០១៩)
កញ្ញា វុត្ថា វិច្ឆិការ៖
កញ្ញា វត្ថា វិច្ឆិកា គឺជាម្ចាស់ហាងលក់គ្រឿងក្រអប់ដែលកែច្នៃពីធម្មជាតិ ដូចជាសាប៊ូធ្វើពីប្រេងដូង និងរបស់របរប្រើប្រាស់ជាច្រើនទៀតដែលមានយីហោឈ្មោះថា «ដៃខ្មែរ»។ កញ្ញា ក៏ជាសហគ្រិនសង្គមមួយរូបដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយក៏ជាអ្នកស្រលាញ់បរិស្ថានមួយរូបផងដែរ។ ក្នុងនាមជាសហគ្រិនមួយរូប កញ្ញាបានចែករំលែកនូវការយល់ឃើញមួយថា ប្លាស្ទិកគឺជាបញ្ហានៅលើពិភពលោក ហើយយើងគួរតែបណ្តុះគំនិតស្រលាញ់បរិស្ថាន។ ប្រសិនបើយើងមានគំនិតគិតទៅលើរឿងទាំងអស់នោះហើយ នោះមិនមានអ្វីមកអាចរារាំងយើងឲ្យស្វែងរកវិធីដើម្បីកាត់ផ្តាច់ប្លាស្ទិកបាននោះទេ។ មិនថានៅក្នុងអាជីវកម្មឬជីវិតរស់នៅប្រចាំថ្ងៃឡើយ ជាក់ស្តែងនៅក្នុងអាជីវកម្មដៃខ្មែរ និង ហាង Dai Khmer Refill station ស្រាប់ គឺពួកយើងតែងតែរកវិធីធ្វើយ៉ាងណាដើម្បីបំបាត់ប្លាស្ទិកឲ្យបាន ១០០ ភាគរយចេញពីសិប្បកម្មក៏ដូចជាហាងរបស់យើងផ្ទាល់ផងដែរ។
អ្នកស្រីកែឡេង៖
វីរកីឡាការិនីជម្រើសជាតិកម្ពុជាដែលទើបតែដណ្តើមបាននូវមេដាយមាស នៅក្នុងវិញ្ញាសាប្រភេទកីឡាប៉េតង់ជាគូក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី២៩ ដែលបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គួរជាទីមោនភាពក្រៃលែង។ លោកស្រី កែ ឡេង វ័យ៥៥ឆ្នាំ ដែលជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើទី២៩ និង ជាម្ចាស់មេដាយផ្សេងៗជិត៤០ទៀត បានតាំងចិត្តដើម្បីជួយលើកមុខមាត់កម្ពុជាឲ្យបានខានតែបាននៅថ្ងៃប្រកួតក្រោយៗទៀត។
កញ្ញា ឌីម៉ាលីណែត៖
ជានារីមែនពិតក៏ប៉ុន្តែ ម៉ាលីណែតមិនដែលខ្លាចក្នុងការធ្វើដំណើរទៅឆ្ងាយៗដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជានោះឡើយ។ម៉ាលីណែត ធ្លាប់ធ្វើដំណើរសឹងតែគ្រប់ទីកន្លែងទេសចរណ៍ជុំវិញប្រទេសកម្ពុជា ដោយបើកបរម៉ូតូដោយខ្លួនឯង ដើម្បីថតវីដេអូពីដំណើរកំសាន្តរបស់ខ្លួនមកផ្សព្វផ្សាយឲ្យមហាជនបានដឹង។ ចាប់តាំងពីអាយុ១៣ឆ្នាំ ម៉ាលីណែតតែងធ្វើដំណើរទៅលេងបណ្តាខេត្តជារឿយៗរាល់ពេលសម្រាកពីការសិក្សា ដោយស្នាក់អាស្រ័យជាមួយសាច់ញាតិទាំងឡាយនៅតាមខេត្តដែលកញ្ញាធ្វើដំណើរទៅ។ អ្នកធ្វើដំណើរផ្សងព្រេងវ័យ ៣០ឆ្នាំនេះនិយាយថា «ខ្ញុំសប្បាយចិត្តដែលពេលនេះ មានគេស្គាល់រមណីយដ្ឋានធម្មជាតិដែលខ្ញុំបានថតយកមកបង្ហាញច្រើន ហើយគេមកប្រាប់ថាពួកគេទៅដល់កន្លែងនោះដោយសារមើលវីដេអូរបស់ខ្ញុំ។»
(លោកអ្នកអាចអានអត្ថបទបន្ថែមអំពី ម៉ាលីណែត ក្នុងទស្សនាវដ្ដីសូវរីនខែ វិច្ឆិការ ឆ្នាំ ២០១៩)