×

នាឡិកា​ដៃ​ម៉ាក «ពូ» ឆ្លាក់​ក្បាច់​ម៉ូដ​នាឡិកា​ដៃ​ក្នុង​ទម្រង់​រចនា​ប័ទ្ម​ខ្មែរ​គួរ​ឲ្យ​ទាក់ទាញ

NEWS 4 years ago
 
 

          គ្រឿង​អង្ការ​ដ៏​មាន​តម្លៃ​បំផុត ហើយ​ពុំ​អាច​ខ្វះ​បាន​សម្រាប់​បុរស​គ្រប់​វ័យ​នោះ គឺ​ជា​នាឡិកា​ដៃ​ដែល​មាន​ការ​រចនា​សាមញ្ញ បែប​ក្លាស៊ិក ស៊ីវិល័យ អេឡេហ្គង់ និង​មាន​គុណភាព​ខ្ពស់​អាច​ប្រើប្រាស់​បាន​រយៈ​ពេល​យូរ​ជា​ដើម។ ប្រសិន​បើ​និយាយ​ពី​ទីផ្សារ​នៃ​ការ​នាំ​ចូល ឬ​នាំ​ចេញ​ម៉ាក​នាឡិកា​ដៃ​ដែល​មាន​គុណភា​ពខ្ពស់​នោះ ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​ការ​នាំ​ចេញ​នូវ​ប្រភេទ​នាឡិកា​ដៃ​មាន​គុណភាព​ខ្ពស់​បែប​ក្លាស៊ិក ស៊ីវិល័យ អេឡេហ្គង់ ដែល​បុរស​គ្រប់​វ័យ​អាច​ពាក់​បាន​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់។

          នាឡិកា​ដៃ​ម៉ាក «ពូ» មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជា ២ឆ្នាំ​មក​ហើយ​ពោល​គឺ​តាំង​ពី​ក្នុង​អំឡុង​ឆ្នាំ២០១៨ មក​ម៉្លេះ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ ម៉ាក​នាឡិកា​ដៃ «ពូ» ជា​ម៉ាក​នាឡិកា​ដៃ​ដំបូង​ដែល​មាន​ការ​រចនា​ម៉ូដ​នាឡិកា​ដៃ​ក្នុង​ទម្រង់​ក្បាច់​បុរាណ​ខ្មែរ តួ​យ៉ាង តួ​នាឡិកា​នីមួយៗ​សុទ្ធ​សឹង​តែ​ទាក់​ទង​នឹង​រចនា​ប័ទ្ម​ខ្មែរ។ ជំនួប​ជា​មួយ​នឹង​ស្ថាបនិក​ម៉ាក​នាឡិកា​ដៃ «ពូ» លោក សែត ពិទូរ្យ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ដែរ​ថា សម្រាប់​ម៉ូដ​នាឡិកា​ដៃ​ដែល​ក្នុង​ហាង​របស់​លោក​ច្នៃ​នោះ ភាគ​ច្រើន​ជា​ប្រភេទ​ម៉ាក​នាឡិកា​ដៃ​ដែល​មាន​ចំនួន​កំណត់ ក៏​ព្រោះ​តែ​តួ​នាឡិកា​ទាំង​នោះ​ត្រូវ​ចំណាយ​ពេល​វេលា​ក្នុង​ការ​ស្វែង​រក​អត្ថន័យ​នៃ​តួ​នាឡិកា​ទម្រង់ និង​ការ​ឆ្លាក់​ម៉ូដ។ ជាក់​ស្តែង ប្រភេទ​នាឡិកា​ដែល​ស្ថាបនិក​រូប​នេះ​ទើប​តែ​រចនា និង​មាន​តែ​មួយ​គ្រឿង​ឈ្មោះ​ថា «PU Engrave Reahu» ជា​ប្រភេទ​នាឡិកា​ដែល​ត្រូវ​បាន​លោក​ដក​ស្រង់ និង​ឆ្លាក់​ក្បាច់​ម៉ូដ​នាឡិកា​តាម​រចនាប័ទ្ម​ប្រាសាទ​បន្ទាយស្រី និង​រាហ៊ូ​ចាប់ចន្ទ​លើ​តួ​នាឡិកា​នោះ​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ស្រស់​ស្អាត​បែប​អេឡេហ្គង់​តែ​ម្តង។ ទន្ទឹម​នឹង​នេះ​ផង​ដែរ អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ស្ថានិក លោក ពិទូរ្យ ស្រង់​ព័ត៌មាន​ពី​ប្រវត្តិសាស្ត្រ​យ៉ាង​លម្អិត​ដែល​ទាក់ទង​ទៅ​នឹង​ប្រាសាទ​បន្ទាយស្រី និង​រួម​បញ្ចូល​នឹង​រាហ៊ួចាប់ចន្ទ ដើម្បី​ផលិត​នាឡិកា «PU Engrave Reahu» ក៏​ព្រោះ​តែ​លោក​មាន​បំណង​ផ្សព្វផ្សាយ​នូវ​រចនាប័ទ្ម​ខ្មែរ​មាន​តម្លៃ​បំផុត​ដែល​ប្រទេស​ដទៃ​ទៀត​គ្មាន ជាពិសេស សម្រាប់​រយៈ​ពេល​ក្នុង​ការ​ផលិត​នាឡិកា​ដៃ​តែ​មួយ​គត់​ត្រូវ​បាន​ចំណាយ​រយៈ​ប្រមាណ​ជាង ៤ខែ ក្នុង​នោះ​រយៈ​ពេល ៣ខែ​ក្នុង​ការ​ឆ្លាក់​ក្បាច់​នីមួយៗ ដើម្បី​រំលេច​ចេញ​ជា​រូបរាង​ផ្លូវ​ការ។

          ថ្វីដ្បិត​តែ​ម៉ាក​នាឡិកា​ដៃ​ម៉ាក «ពូ» ត្រូវ​បាន​ផលិត​ដោយ​ដៃផ្ទាល់​ក្នុង​ស្រុក​ក៏​ពិតមែន ប៉ុន្តែ​ម៉ាក​នាឡិកា​ដៃ​ដដែល​នេះ​ក៏​មាន​ទីផ្សារ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ថែម​ទៀត​ផង តួ​យ៉ាង ទីក្រុង​ឌូបៃ​នៃ​ប្រទេស​អារ៉ាប៉រួម៕

Article by PAN SIVLY

Image Courtesy: PU WATCH OFFICIAL


SUGGESTIONS