តើធ្វើយ៉ាងណាដើម្បីឲ្យប្រព័ន្ធការពាររាងកាយរបស់យើងរឹងមាំប្រឆាំងនឹងមេរោគបាន?
TRAVEL & LIVING 4 years agoក្រៅពីការពាក់ម៉ាស់និងលាងដៃឲ្យបានញឹកញាប់ ការពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់យើងក៏ជាកត្តាមួយជួយឲ្យយើងអាចរួចផុតពី វីរុសដែលកំពុងរាតត្បាតជាសកល កូវីដ-១៩ ឬកូរ៉ូណាប្រភេទថ្មីនេះផងដែរ។ តាមការប្រកាសរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មនុស្សដែលមានប្រព័ន្ធការពាររាងកាយរឹងមាំ អាចមានភាគរយខ្ពស់ក្នុងការព្យាបាលឲ្យជាសះស្បើយបានប្រសិនបើពួកគេបានឆ្លងវីរុសកូវីដ១៩ នេះ។ ដូច្នេះតើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យប្រព័ន្ធភាពស៊ាំរាងកាយយើងមានភាពរឹងមាំល្អ? វេជ្ជបណ្ឌិតជាច្រើនបានណែនាំដូចតទៅ៖
ញ៉ាំបន្លែ ផ្លែឈើនិងគ្រាប់ធញ្ញជាតិឲ្យបានច្រើន: បន្លែនិងផ្លែឈើគ្រប់ប្រភេទសុទ្ធតែមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយរបស់មនុស្ស។ បន្លែពណ៌បៃតងសំបូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ដើម្បីជួយជំរុញឲ្យសារពាង្គកាយមានភាពរឹងមាំ រីឯផ្លែឈើតួរយ៉ាងដូចជាផ្លែប៉ោម ផ្លែចេក ផ្លែសារី និងផ្លែឈើជាច្រើនទៀតពោរពេញទៅដោយវីតាមីនដែលជួយឲ្យសុខភាពមានភាពមាំទាំល្អ។ ចំណែកឯគ្រាប់ធុញ្ញជាតិ ដូចជាគ្រាប់អាលម៉ុន គ្រាប់ផ្កាឈូករ័ត្ន សំបូរទៅដោយសារធាតុប៉ូតាស្យូម ដែលជួយឲ្យសន្លាក់រឹងមាំ ការពារភាពស្ពឹកដៃស្ពឹកជើង និងអាចជួយប្រឆាំងនឹងមេរោគខ្លះផងដែរ។
ឧស្សាហ៍ហាត់ប្រាណ: យ៉ាងតិចណាស់សាមសិបនាទីក្នុងមួយថ្ងៃ ការហាត់ប្រាណដូចជា ការដើរ ការរត់ ជិះកង់និងសកម្មភាពផ្សេងទៀតដែលធ្វើឲ្យសារពាង្គកាយអាចបញ្ចេញជាតិញើសបានគឺសុទ្ធសឹងតែជាកាយវិការមួយជួយឲ្យប្រព័ន្ធការពាររាងកាយមានសុខភាពល្អ។ ពីព្រោះនៅពេលដែលយើងហាត់ប្រាណ ជាតិញើសដែលចេញពីរាងកាយរបស់យើងនឹងនាំមកជាមួយនូវជាតិពុលដែលរំខានដល់ប្រព័ន្ធភាពស៊ាំរបស់យើងចេញផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកមិនអាចចេញទៅហាត់ប្រាណនៅក្លិបកីឡាក្តីក៏លោកអ្នកគួរតែឆ្លៀតហាត់ប្រាណនៅក្នុងបរិវេណផ្ទះតាមតែអាចធ្វើទៅបាន។
ញ៉ាំទឹកឲ្យបានច្រើន: ជាទូទៅវេជ្ជបណ្ឌិតបានណែនាំឲ្យមនុស្សយើងបរិភោគទឹកស្អាតយ៉ាងហោចណាស់ពីរលីត្រក្នុងមួយថ្ងៃ។ ការបរិភោគទឹកឲ្យបានច្រើនគឺដើម្បីឲ្យស្បែកមានសំណើម និងរាងកាយអាចបញ្ចេញជាតិញើសបាន។ ក៏ប៉ុន្តែ ប្រសិនបើអ្នកបរិភោគទឹកកកឬទឹកត្រជាក់ខ្លាំងជារៀងរាល់ថ្ងៃវាបែរជាបង្កនូវហានិភ័យដល់សុខភាពទៅវិញទេ ព្រោះទឹកកកឬទឹកត្រជាក់អាចប៉ះពាល់ដល់បំពង់ក ប្រសិនបើធ្ងន់ធ្ងរវានឹងធ្វើឲ្យបំពង់ក រលាកឬមានជំងឺផ្សេងវិញបាន។ ក្រុមគ្រូពេទ្យណែនាំឲ្យពិសារទឹកតែក្តៅ ពីព្រោះវាជួយដល់ប្រព័ន្ធដំណើរការឈាមរត់ និងធ្វើឲ្យប្រព័ន្ធការពាររាងកាយមានសុខភាពល្អផងដែរ។
ត្រូវឲ្យស្បែកប៉ះពន្លឺថ្ងៃខ្លះ: ពន្លឺព្រះអាទិត្យនៅពេលព្រឹកគឺជាពន្លឺដ៏ល្អសម្រាប់រាងកាយមនុស្ស។ ប្រសិនបើវាប៉ះនឹងស្បែករបស់យើង វានឹងធ្វើសំយោគប្រតិកម្មកោសិការស្បែកចាស់ៗក្លាយជាវីតាមីនដេ (Vitamine D) ដែលជួយឲ្យឆ្អឹងរឹងមាំ។ ការឲ្យស្បែកត្រូវពន្លឺព្រះអាទិត្យនៅពេលព្រឹករយៈពេល ១៥នាទីគឺជាសកម្មភាពមួយដ៏ល្អសម្រាប់ជំនួយដល់ប្រព័ន្ធភាពស៊ាំ។ ក៏ប៉ុន្តែពន្លឺព្រះអាទិត្យដែលចាំងចាប់ពីម៉ោង១១ថ្ងៃត្រង់ទៅ វានឹងធ្វើឲ្យខូចស្បែកវិញ។ ពីព្រោះកាំរស្មី យូវី របស់ព្រះអាទិត្យដែលក្តៅខ្លាំងនឹងធ្វើឲ្យកោសិការស្បែកខូចជាំជ្រាវជ្រួញនិងរាងកាយទន់ខ្សោយផងដែរ។
សម្រាកឲ្យបានគ្រប់គ្រាន់: ការសម្រាកគឺជារឿងសំខាន់។ សម្រាកយ៉ាងហោចណាស់៧ម៉ោងក្នុងមួយយប់សម្រាប់មនុស្សពេញវ័យនឹងធ្វើឲ្យអាវយាវ មានពេលសម្រាកផងដែរ។ រីឯការសម្រាកនៅពេលថ្ងៃពី ៣០នាទី ទៅ១ម៉ោង ឬហៅម្យ៉ាងទៀតថាគេងមួយស្របកចាប់ពី ម៉ោង ១២ ដល់ម៉ោង ៣ថ្ងៃ ក៏ជារឿងល្អដែរ។ ក៏ប៉ុន្តែប្រសិនបើសម្រាកពេលថ្ងៃជារៀងរាល់ថ្ងៃពេកនោះ វានឹងធ្វើឲ្យយើងប្រឈមនឹងជំងឺសរសៃប្រសាទនៅពេលចាស់ទៅ។ វេជ្ជបណ្ឌិតបានណែនាំឲ្យយើងសម្រាកពេលថ្ងៃ ពី ២ ទៅ ៣ ថ្ងៃក្នុងមួយសប្តាហ៍ ហើយការសម្រាកម្តងពី ៣០នាទី ទៅ ១ម៉ោង នឹងធ្វើឲ្យស្មារតីនឹងនរល្អ។
គិតរឿងល្អៗឲ្យបានច្រើន: ការធ្វើឲ្យប្រព័ន្ធការពារមានភាពរឹងមាំល្អយើងមិនមែនពង្រឹងតែសុខភាពផ្លូវកាយប៉ុណ្ណោះទេ តែសុខភាពផ្លូវចិត្តក៏ត្រូវបានលើកទឹកចិត្តឲ្យមានការហ្វឹកហាត់ផងដែរ។ អារម្មណ៍ស្រ្តេសពេក ឆាប់ខឹង ឆេវឆាវ និងគិតរឿងដែលមិនល្អច្រើនពេកក៏ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ៕
Article by KEO SONG