×

មរណភាព​អតីត​តារា​ចម្រៀង កែវ សេដ្ឋា ម្ចាស់​បទ​ស្នាព្រះហស្ថ​ព្រះរាជនិពន្ធ «រាត្រី​ដែល​បាន​ជួប​ភក្រ្ត»

NEWS 2 weeks ago
 
 

            យើង​ខ្ញុំ​ដែល​ជា​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​នៃ​ទស្សនាវដ្តី​សូវរីន​មាន​សេចក្តី​តក់​ស្លុត​រន្ធត់​ឥត​ឧបមា​ដោយ​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​អំពី​មរណភាព​របស់​លោកស្រី កែវ សេដ្ឋា តារា​ចម្រៀង​សម័យ​ទំនើប​ជំនាន់​ដំបូង​នៃ​ព្រះរាជាណាចក្រកម្ពុជា​តាំង​ពី​អំឡុង​ដើមទ.វ.ទី៥០ បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ នេះ ក្នុង​ជន្មាយុ ៨៤ឆ្នាំ ដោយ​ជរាពាធ នៅ​គេហដ្ឋាន​របស់​លោកស្រី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ បើ​រំឭក​ពី​ភាព​ជោគជ័យ​នៃ​វិស័យ​សិល្បៈ​ខ្មែរ ជា​ពិសេស​វិស័យ​ចម្រៀង និង​តូរ្យតន្រ្តី គេ​ច្បាស់​ជា​នឹក​គិត​ដល់​អតីត​កាល​កាល​ពី​ជាង​សែសិបឆ្នាំ​មុន ពោល​គឺ​ទសវត្សរ៍ទី៦០ ដែល​មហាជន​បាន ប្រសិទ្ធ​នាម​ថា​ជា យុគសម័យមាស។ ក្នុង​ចំណោម​បទ​ចម្រៀង​រាប់ម៉ឺន​បទ ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ជា នៅ​ចងចាំ​បទ​ចម្រៀង​ស្នាព្រះហស្ថព្រះរាជនិពន្ធ​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា “រាត្រី​ដែល​បាន​ជួប​ភ័ក្រ្ត” ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ និង​នៅ​មាន​ប្រជាប្រិយ​រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន ហើយ​តារា​ចម្រៀង​ដែល​ទទួល​បាន​កិត្តិយស​បកស្រាយ​ចម្រៀង​មួយ​បទ​នេះ​គឺ​អធិរាជ​សម្លេងមាស ស៊ីន ស៊ីសាមុត និង​តារា​ចម្រៀង​សម្លេង​សារិកា កែវ សេដ្ឋា​ ក្នុង​អំឡុង​ដើម​ទសវត្សរ៍ទី៦០។

            តាម​រយៈ​បទ​សម្ភាសន៍​របស់​ទស្សនាវដ្តី​សូវរីន​ជា​មួយ​តារា​ចម្រៀង​រៀម​ច្បង កែវ សេដ្ឋា កាល​ពី​ឆ្នាំ២០១៤ អ្នកស្រី​មាន​នាម​ដើម គូ វ៉ាន់ស៊ីន កើត​នៅ​ថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៣៦ នៅ​សង្កាត់​លេខ៦ ទីក្រុងភ្នំពេញ (ម្តុំ​វិមានឯករាជ្យ​សព្វថ្ងៃ)។ អ្នកស្រី​កើត ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ឈ្មោះ គូ ផុន ជា​ទាហាន និងម្ដាយ​ឈ្មោះ ឆឹង ជា​អ្នក​កាត់​ដេរ ហើយ​អ្នកស្រី​ជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូន​៣នាក់។ អ្នកស្រី​ឈាន​ជើង​ចូល​ប្រឡូក​វិស័យ​សិល្បៈ តាំង​ពី​ទសវត្សរ៍ទី៤០ មក​ម្ល៉េះ ពេល​អ្នកស្រី​ទើប​តែ​មាន​អាយុ៧-៨ឆ្នាំ។ កាល​ដើម​ឡើយ អ្នកស្រី​ជាតួ ល្ខោន​បាសាក់​ក្នុង​ក្រុម​ល្ខោន​របស់​អ្នកម្នាងឡា (ជាប់​វត្ត​លង្កា​សព្វ​ថ្ងៃ) បន្ទាប់​មក​ក៏​ផ្លាស់​មក​លេង​ឲ្យ ក្រុម​ល្ខោន​ឃុនព្រះម្នាងយិនតាត ដែល​ជា​ក្រុម​ល្ខោន​បាសាក់​ដ៏​មាន​កេរ្តិ៍ឈ្មោះ​បោះសម្លេង​ប្រចាំទី ក្រុងភ្នំពេញ។

            នៅ​អំឡុង​ឆ្នាំ១៩៥០ ខាង​វិទ្យុជាតិ គេ​ត្រូវ​ការ​ជ្រើសរើស​អ្នក​ចម្រៀង​សម័យ​ផ្នែក​ស្រ្តី លោក ពៅ ស៊ីផូ និង លោក ភួង បុប្ផា ដែល​ជា​កវី​និពន្ធ​បទ​ចម្រៀង​នៅ​ជំនាន់​នោះ​បាន​មើល​ឃើញ នូវ​ទេពកោសល្យ​សិល្បៈ ពោល​គឺ​ទឹក​ដម​សម្លេង​ដ៏​ពីរោះ​រណ្ដំ​របស់​អ្នកស្រី ពួក​គាត់​ក៏​បាន​អញ្ជើញ​អ្នកស្រី​ឲ្យ​ចូល​បម្រើការ​ក្នុង​វង់ភ្លេង​សង្គមនិយម​ទី១​របស់​ក្រសួង​ឃោសនាការ។ អ្នកស្រី​នៅ​ចាំ​បាន​ថា​បទ ដំបូង​ដែល​អ្នកស្រី​ច្រៀង​ផ្សាយ​តាម​វិទ្យុជាតិ​គឺ «បទ​គួរ​ណាស់​អាសូរ» ដែល​ជា​ស្នាដៃ​និពន្ធ និង​ការ​បង្ហាត់ បង្រៀន​របស់ កវី ភួង បុប្ផា។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នោះ​តារា​ចម្រៀង​សម័យ​ទំនើប​ផ្នែក​ស្រ្តី នៅ​ស្រុក​ខ្មែរ​មាន​តែ​ពីរនាក់​ប៉ុណ្ណោះ គឺ​រូប​គាត់ និង អ្នកស្រី ប៉ូឡែត ហៅ សាវតី ។ អ្នក​ស្រី​ពោល​ប្រកប​ដោយ​មោទកភាព​ថា អ្នក​ស្រី​ធ្លាប់​ដង្ហែ​អង្គព្រះមហាក្សត្រ​ព្រះវររាជបិតា​ពេល​ទ្រង់​យាង​ទៅ​តាម​ទីនិគមជនបទ​នានា និង ច្រៀង​ក្នុង​ឱកាស​សមាជជាតិ​អម​ជា​មួយ​អ្នក​ចម្រៀង​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ភ្លេង​ជា​មួយ​គ្នា។ លុះ​មក​ដល់​ឆ្នាំ១៩៥៧ អ្នក​ស្រី​ត្រូវ​ទៅ​ផ្លាស់​ទីលំនៅ​ទៅ​រស់​នៅ ខេត្ត​ស្ទឹងត្រែង ជា​មួយ​ស្វាមី ឈ្មោះ តាន់ យិតសួ ដែល​ជា​មន្ត្រីរាជការ​ផ្នែក​ពន្ធដារ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ស្រី​ត្រូវ​ឃ្លាត​ឆ្ងាយ​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយរយៈ។

            ជា​ភ័ព្វសំណាង​ល្អ នៅ​ដើម​ទសវត្សរ៍ទី៦០ អ្នកស្រី​បាន​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​វិញ ហើយ​ត្រូវ​បាន​កវីនិពន្ធ​ជាអាទិ៍ លោក វ៉ោយ ហូរ លោក មែរ ប៊ុន បាន អញ្ជើញ​អ្នកស្រី​ឲ្យ​ថត​ចម្រៀង​ដាក់​ថាស​ដែល​ញ៉ាំង​ឲ្យ​កិត្តិស័ព្ទ​តារាច​ម្រៀង​រូប​នេះ​ល្បី​កក្រើក​ពិភព​សិល្បៈ សារ​ជា​ថ្មី​រហូត​ទទួល​បាន​រហស្សនាម​ថា​ជា «តារាចម្រៀង​សម្លេង​សារិកា» ពោល​គឺ​សម្លេង​ស្រួយ​ស្រែស ស្រទន់​គ្មាន​នរណា​ដូច។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ​គឺ អ្នកស្រី កែវ សេដ្ឋា មាន​ភ័ព្វ​វាសនា ទទួល​បាន​ការ​សព្វព្រះរាជហឫទ័យ​ប្រោសប្រទាន​កិត្តិយស​ឲ្យ​បក​ស្រាយ​បទ​ចម្រៀង​ស្នាព្រះហស្ថ​ព្រះរាជនិពន្ធ​ផ្ទាល់​គឺ​បទ រាត្រី​ដែល​បាន​ជួប​ភ័ក្រ្ត ជា​មួយ​អធិរាជ​សម្លេង​មាស ស៊ីន ស៊ីសាមុត ដោយ​មាន​ការ​បង្ហាត់​បង្រៀន​ពី​លោក ស៊ីន ស៊ីសាមុត នៅ​ក្នុង​ព្រះបរមរាជវាំង ហើយ​មាន​សម្ដេចព្រះវរបិតា​ជា​អ្នក​ផ្លុំ​សាក់​សូហ្វូន​ផ្ទាល់​ថែម​ទៀត​ផង។ ដោយ​សារ​តែ​ភាព​ល្បី​រន្ទឺ​នៃ​បទ​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុមហ៊ុន​វត្តភ្នំ​អញ្ជើញ​ឲ្យ​ថត​ជា​ថាស​ចម្រៀង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម។

Image Courtesy: SRIN SOKMEAN

            នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ អ្នកស្រី​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់​នៅ​ម្តុំ​ឧដុង្គ​ប្រាំមួយខែ ទើប​គេ​ផ្លាស់​ឲ្យ​ទៅ​នៅ​តំបន់​លាជ ខេត្ត​ពោធិ៍សាត់។ នៅ​ទី​នោះ អ្នកស្រី​ត្រូវ​បាន​អង្គការ​ចាត់​ឲ្យ​ធ្វើ​ស្រែ និង​រក​បន្លែ​ហើយ​រស់​លាក់​ប្រវត្តិ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះក្ដី ក៏​នៅ​តែ​មាន​កង​ប៉ុលពត​ស្គាល់​ពី​អតីត​ភាព​ជា​តារា​ចម្រៀង​របស់​អ្នកស្រី ហើយ​គេ​បាន​ហៅ​អ្នកស្រី​ទៅ​ជជីក​សួរ​ចម្លើយ និង​បញ្ជា​ឲ្យ​អ្នកស្រី​ច្រៀង​បទ​ពី​ដើម​ឲ្យ​គេ​ស្ដាប់។ អ្នកស្រី​ច្រៀង​តាម​បញ្ជា​គេ​ទាំង​ភ័យខ្លាច តែ​ជា​កុសល​ល្អ គេ​មិន​បាន​យក​ទោស​ពៃរ៍​អ្វី​នោះទេ ថែម​ទាំង​ជួយ​លាក់​បាំង​រហូត​ឆ្លងផុត​របប​នោះ។ នៅ​សម័យ​ខ្មែរក្រហម ក្នុង​ចំណោម​កូន​ទាំង៩នាក់ កូន ៥នាក់​បាន​ស្លាប់ ហើយ​អ្នកស្រី​ត្រូវ​បាន​អង្គការ​ចាប់​គូ ឲ្យ​រៀបការ​ជា​មួយ លោក ឌី សុខា (ហៅ នាយ​អូតូរ៉ៃ) ដែល​ធ្លាប់​ជា​តួត្លុក​ល្ខោន​បាសាក់​នៅ​ក្នុង​ក្រុម​ល្ខោន​អ្នកម្នាងយិនតាត​ជា​មួយ​គ្នា​ពី​មុន។ នៅ​ឆ្នាំ១៩៧៩ ពេល​ដែល​របប​ប៉ុលពត​ដួលរលំ អ្នកស្រី​បាន​មក​ចូល​បម្រើការ​សិល្បៈ​នៅ​នាយកដ្ឋាន​ស្រែអំបិល​ក្រុងភ្នំពេញ ជា​មួយ​សិល្បករ​ចាស់ៗ​ដែល​នៅ​រស់រាន​មានជីវិត​សេសសល់​ពី​របប​ប៉ុលពត។ នៅ​បម្រើការ​ទី​នោះ​មួយ​រយៈ តាម​រយៈ​ការ​អញ្ជើញ​ស្នើសុំ​ពី​សំណាក់​ប្រធាន​សិល្បៈ​ខេត្ត​កណ្ដាល អ្នកស្រី​ក៏​សម្រេច​ចិត្ត​ទៅ​ជួយ​បង្ហាត់​បង្រៀន​សិល្បៈ​ដល់​សិស្ស​នៅ​ខេត្ត​កណ្ដាល​វិញ។ ឆ្លង​កាត់​បទពិសោធន៍ និង​គុណ​បំណាច់​ផ្នែក​សិល្បៈ​ដ៏​ធំធេង អ្នកស្រី ធ្លាប់​ទទួល​បាន​មេដាយ «មុនីសារភ័ណ្ឌ» ពី​ព្រះបរមរតនកោដ្ឋ និង​ប័ណ្ណកិត្តិយស​ផ្សេង​ទៀត​ផង​ដែរ។

            កេរដំណែល​សិល្បៈ​របស់​តារា​រៀម​ច្បង​រូប​នេះ​រួម​មាន​បទ «គួរ​ណាស់​អាសូរ» បទ «ទី​វាល​សត្វយំ» បទ «សម្លេង​សារិកា» បទ «រាត្រី​ដែល​បាន​ជួបភ័ក្រ្ត» បទ «កន្លង់​សាវ៉ា» បទ «ទ្រូង​អនាថា» បទ «បង​ខឹង​រឿង​អ្វី» បទ «មេឃ​មីរស្រទំ» បទ «នៅ​ក្នុង​លោក​នេះ​បើ​គ្មាន​រូប​បង» បទ «ទឹក​រលក» បទ «ដួង​តារា​ខ្ញុំ» បទ «ជើង​មេឃ​វែង​ឆ្ងាយ» ជា​ដើម។ អ្នកស្រី​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​វិស័យ​សិល្បៈ​បច្ចុប្បន្ន​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​ជំនាន់​មុន​អ្នក​សិល្បៈ​ឥឡូវ​មាន​ភាព​ជឿន​លឿន ដើរ​ទាន់​សម័យ​កាល ហើយ​មាន​ការ​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​ច្រើន​ពី​មជ្ឈដ្ឋាន​ជុំវិញ។ បណ្តាំ​ចុង​ក្រោយ​របស់​តារា​ចម្រៀង​ជើង​ចាស់​មុន​ពេល​លោក​លាចាក​លោក​នេះ​សម្រាប់​សិល្បករ ​សិល្បការិនី កូន​ចៅ​ជំនាន់​ក្រោយ «ធ្វើ​យ៉ាង​ម៉េច កុំ​ឲ្យ​ភ្លេច​ធាតុ​ដើម កុំ​មាន​អំនួត​ភ្លើត​ភ្លើន»៕

Article by SRIN SOKMEAN


SUGGESTIONS