×

វិចិត្រ​ករ ចូវ ធានលី បង្ហាញ​ជីវិត​នៃ​ការ​តស៊ូ​របស់​មនុស្ស​តាម​រយៈ​គំនូរ​ដែល​បង្កប់​អត្ថន័យ​ជា​ច្រើន

NEWS 4 years ago
 
 

          ឆាក​ជីវិត​របស់​មនុស្សម្នាក់​ៗ​ ​ជា​ញឹកញាប់​តែងតែ​ជួប​នូវ​ការលំបាក​ ​និង​ឧបសគ្គ​ជាច្រើន​រៀងៗខ្លួន​ ​ក៏ប៉ុន្តែ​ការ​បង្ហាញ​ឲ្យ​នរណា​ម្នាក់​ដឹង​ពី​ទុក​លំបាក​របស់​ខ្លួន​នោះ​វា​រឹត​តែ​ពិបាក​នឹង​ប្រាប់​ទៅទៀត​សម្រាប់​មនុស្ស​មួយ​ចំនួន​។​ ​ដូច្នេះ​ហើយ​ទើបបាន​ជា​សិល្បករ​គំនូរ​មួយ​រូប​បាន​បង្កើត​នូវ​បណ្ដុំ​ផ្ទាំង​គំនូរ​ជាច្រើន​ ​ក្នុង​ន័យ​បង្ហាញ​ ​ពី​ការ​ប្រឹងប្រែង​ជំ​នៈ​នូវ​រនាំង​ឧបសគ្គ​ជីវិត​ហើយ​ឲ្យឈ្មោះ​បណ្ដុំ​នៃ​រូបគំនូរ​នោះ​ថា​ ​«​ប្រឹង​រស់​»​។​ ​រូបគំនូរ​ដ៏​ប្លែក​និង​ពោរពេញ​ទៅ​ដោយ​ច​ម្ងល់​នេះ​ ​គឺជា​ស្នាដៃ​គំនូរ​របស់​ ​វិចិត្រករ​ ចូ​វ​ ​ធាន​លី​ ​ហើយ​ត្រូវ​បាន​គេ​លួច​កោតសរសើរ​និង​ស្ងប់​ស្ញែង​ពីសំណាក់​មហាជន​ទូទៅ​ជាពិសេស​ជនបរទេស​អ៊ឺរ៉ុ​ប​ ​ថា​ជា​គំនូរ​មួយ​ដែល​បង្កប់​នូវ​អត្ថន័យ​និង​សារ​លើកទឹកចិត្ត​ជាច្រើន​ទៀត​ផង​។​ ​បណ្ដុំ​ផ្ទាំង​គំនូរ​ ​«​ប្រឹង​រស់​»​ ​ដែល​មាន​​​រូបគំនូរ​ ​ប្រមាណ​ ​ជាង​ដប់​ផ្ទាំង​នេះ​ ​ត្រូវ​បាន​ធាន​លី​ ​បកស្រាយ​នូវ​អត្ថន័យ​ថា​ ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​សុទ្ធសឹងតែ​បាន​ជួប​នូវ​ទុក​លំបាក​នៃ​ជីវិត​គ្រប់​ៗ​គ្នា​ហើយ​ម្នាក់ៗ​សុទ្ធ​សឹង​ប្រឹងប្រែង​ពុះពារ​នូវ​ទុក​លំបាក​នេះ​ដើម្បី​រស់​ដូចគ្នា​ ​ដូច្នេះ​ហើយ​ទើប​លោក​គូរ​ចេញ​ជា​មនុស្ស​មួយ​ចំហ​រ​ខ្លួន​ឈរ​សំកាំង​ងើប​ក្បាល​ហាក់ដូច​ប្រឹង​ដកដង្ហើម​ពី​ក្នុង​ទឹក​ ​ដែល​មាន​ទាំង​រូប​មនុស្សចាស់​ ​ក្មេង​ ​ប្រុស​ស្រី​ ​ភេទ​ទីបី​ ​អ្នកមាន​និង​អ្នកក្រ​ ​លាយឡំ​ជា​ពណ៌​ចម្រុះ​នៅ​ពី​ក្រោយដែល​ជា​ការ​បង្ហាញ​ពី​ភាព​ស្រស់បំព្រង​នៃ​ជីវិត​ ​នៅ​ពេលណា​ដែល​មនុស្ស​ប្រឹងប្រែង​ជំ​នៈ​នូវ​ឧបសគ្គ​ទាំងអស់​នេះ​។​ ​«​ប្រឹង​រស់​»​ ​បណ្ដុំ​រូបគំនូរ​ដ៏​សាមញ្ញ​ ​ក៏ប៉ុន្តែ​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រៅ​បាន​ធ្វើឲ្យ​វិចិត្រករ​ ចូ​វ​ ​ធាន​លី​ ​មាន​ឳ​កាស​បង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​នៅ​ក្នុង​វិចិត្រសាល​ជាច្រើន​ ​នៅ​កម្ពុជា​ ​ហើយ​បាន​បង្ហាញខ្លួន​ទៅដល់​ទីក្រុង​និង​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ទីក្រុង​ប៉ា​រី​ស​ ​ប្រទេស​សឹង្ហ​បុរី​ ​សហរដ្ឋអាមេរិក​ ​និង​ ​ថៃ​ ​ថែមទៀត​ផង​។

            ជីវិត​ហាក់ដូច​មាន​សម្ពាធ​នៅពេលដែល​ ​ធាន​លី​ ​បាន​ត្រលប់​មក​រស់នៅ​ស្រុកកំណើត​នៅ​ឯ​ខេត្ត​បាត់​ដំបង​វិញ​បន្ទាប់ពី​ខ្លួន​បាន​បំ​ពេញការ​ងារ​មួយ​រយៈ​ធំ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ក្រុងភ្នំពេញ​ដូច្នេះ​ហើយ​ទើបបាន​ធ្វើឲ្យ​លោក​​​មានគំនិត​ថា​ចង់​គូរ​នូវ​រូបគំនូរ​ទាំងអស់​នេះ​ឡើង​។​ ​ជា​អ្នក​ស្រលាញ់​ការ​គូរ​តាំងតែពី​កុមារភាព​និង​ជា​មនុស្ស​ដែល​មិនសូវ​ចូលចិត្ត​និយាយ​ ​តែ​ចង់​បង្ហាញ​ពី​ឆាក​ជីវិត​របស់​មនុស្សម្នាក់​ៗ​ ​វិចិត្រករ​ ចូ​វ​ ​ធាន​លី​ ​គូររូប​ជាច្រើន​បង្កើត​បានជា​សាច់រឿង​និង​សោភ័ណ​ភាព​នៃ​ការរស់នៅ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​នីមួយៗ​។

          និយាយ​អំពី​ជីវប្រវត្តិ​វិចិត្រករ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​រូប​នេះ​ ​យើង​អាច​សង្កេត​បាន​ថា​លោក​បាន​ផ្សារភ្ជាប់​ជីវិត​របស់​ខ្លួន​របស់​នឹង​សិល្បៈគំនូរ​នេះ​តាំង​ពីក្មេង​មក​ម្ល៉េះ​ ​ក៏ប៉ុន្តែ​លោក​បាន​ចាប់ផ្តើម​ប្រឡូក​ស៊​ប​នៅ​ឆ្នាំ​ ​១​៩​៩​៩​ ​គឺ​នៅពេលដែល​លោក​បាន​ជួយ​ឳពុកមា​រ​ខ្លួន​ក្នុង​មុខរបរ​ជា​អ្នក​គូរ​ស្លាកយីហោ​មួយ​នា​ឯ​ខត្ត​បាត់​ដំបូង​។​ ​ក្រោយមក​លោក​ក៏មាន​ឳ​កាស​បាន​ទៅ​សិក្សា​នៅ​មជ្ឈមណ្ឌល​មួយ​ក្នុង​ជំនាញ​រចនា​ក្រាហ្វិក​។​ ​ឆ្នាំ​ ​២​០​១​១​ ​បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ទុតិយ​ភូមិ​នៅ​ខេត្ត​បាត់​ដំបង​រួចមក​ ​លោក​បាន​បន្ត​ការសិក្សា​ផ្នែក​ច្បាប់​នៅ​ក្រុងភ្នំពេញ​ ​ហើយ​លោក​ក៏បាន​ទទួល​បានការ​ងារ​មួយ​ជា​អ្នក​រចនា​ក្រាហ្វិក​ក្នុងពេលជាមួយគ្នា​។​ ​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ក្នុង​វ​ស័​យ​សិល្បៈគំនូរ​ជាច្រើន​ឆ្នាំ​មកនេះ​ ​ធាន​លី​ ​ចង់​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ក្នុង​ការ​គូរ​គំនូរ​ជា​សាច់រឿង​ប្រវត្តិ​សា​ស្រ្ត ​ទុក​សម្រាប់​កូនខ្មែរ​ជំនាន់​ក្រោយ​ ​ហើយ​លោក​ក៏​រីករាយ​ក្នុង​ការ​សហការ​ជាមួយនឹង​អ្នក​ប្រវត្តិ​សា​ស្រ្ត​មួយ​ចំនួន​នៅ​កម្ពុជា​ផង​ដែរ​៕​
 

​Article​ ​by​ K​E​O ​SONG


SUGGESTIONS