×

​«​F​I​CA​C​»​ ​មជ្ឈមណ្ឌល​សិល្បៈ​ថ្មី​ទើប​រះ​លើទឹក​ដី​ខេត្ត​កំពត​ដែល​ទទួល​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​ក្មេង​ក្រីក្រ​

TRAVEL & LIVING 4 years ago
 
 

            ស្ថិតនៅ​ក្នុង​ភូមិ​បឹង​តា​ព្រាម​ ​សង្កាត់​ត្រើយ​កោះ​ ​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ ​«​Fish​ ​Island​ ​Community​ ​Art​ ​Center​»​ ​ឬ​ ​មជ្ឈមណ្ឌល​សហគមន៍​សិល្បៈ​ត្រើយ​កោះ​ ​ឬ​ហៅ​កាត់​ថា​ ​«​F​I​CA​C​»​ ​គឺជា​មជ្ឈមណ្ឌល​សិល្បៈ​ថ្មី​មួយ​ទើប​បង្ហាញខ្លួន​លើទឹក​ដី​ខេត្ត​កំពត​ដែល​បាន​កំពុង​បណ្តុះបណ្តាល​ក្មេង​ក្រីក្រ​ជាច្រើន​ដោយ​ផ្តោត​ទៅលើ​ចំណេះ​ជំនាញ​ផ្នែក​ភាសា​ ​សិល្បៈគំនូរ​ តូរ្យ​តន្ត្រី​ ​វិជ្ជា​ធ្វើម្ហូប​និង​បដិសណ្ឋារកិច្ច​។​

            បង្កើត​ឡើង​ដោយ​ស្ត្រី​ខ្មែរ​មួយ​រូប​គឺ​អ្នកនាង​ ​ឃុន​ ហ្គេ​ច​ស៊ូ​ន​ ​ដែលគេ​ស្គាល់​ថា​ជា​សិល្បករ​គំនូរ​ផ្តិត​លើ​ឈើ​ឆ្លាក់​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅ​ក្នុង​ខេត្ត​កំពត​ ​អ្នកនាង​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​ក្នុង​គោលបំណង​លើកស្ទួយជីវភាព​ក៏ដូចជា​ចំណេះ​ដឹង​ក្មេង​ក្រីក្រ​ក្នុង​ភូមិ​បឹង​តា​ព្រាម​ ​ដើម្បីឲ្យ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់​ងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​ទៅ​ថ្ងៃ​អនាគត​។​ ​«​ខ្ញុំ​ធ្លាប់​អត់​ធ្លាប់​លំបាក​ធ្លាប់ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​គេ​នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល​៨​ឆ្នាំ​ ​ហើយ​ពេល​ត្រឡប់មក​ស្រុកខ្មែរ​វិញ​ក៏​ពិបាក​រក​ការងារ​ធ្វើ​ទៀត​ ​ទាំងនេះ​ហើយ​ជា​កត្តា​ជំរុញ​ឲ្យ​ខ្ញុំ​បង្កើត​មជ្ឈមណ្ឌល​ ​F​I​CA​C ​នេះ​ឡើង​ដើម្បី​ជា​ចំណែក​មួយ​ជួយ​លើកស្ទួយជីវភាព​ប្រជាជន​ក្នុង​ភូមិ​ផង​ ​ដើម្បី​អនាគត​ក្មេងៗ​ផង​ ​និង​ក៏​មិន​ចង់ឲ្យ​ក្មេងៗ​ឆ្លងកាត់​ជីវិត​លំបាក​ដូច​ខ្ញុំ​ផង​ដែរ​»​។​

            ជា​ការពិត​ ​ស្ថាបនិកា​វ័យ​ ​៣​៦​ឆ្នាំ​ ហ្គេ​ច​ស៊ូ​ន​ ​ទទួល​បង្រៀន​ក្មេងៗ​ដោយ​ឥត​គិតថ្លៃ​ដោយមាន​បង្រៀន​ភាសា​អង់គ្លេស​ចំពោះ​កុមារ​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​ ​និង​បង្រៀន​ជំនាញ​ចំពោះ​ក្មេង​អាយុ​ចាប់ពី​១​២​ឆ្នាំ​ឡើង​ទៅ​។​ ​នៅ​លើ​ទំហំផ្ទៃ​ដៃ​ប្រមាណ​៩​៣​៥​ម៉ែត្រការ៉េ​មជ្ឈមណ្ឌល​សិល្បៈ ​F​I​CA​C ​មាន​បែង​ចែកចេញជា​៣​គម្រោង​ផ្សេងគ្នា​ ​ក្នុង​នោះ​មាន​ ​Open​ ​Kitchen​ ​ឬ​ថ្នាក់​បង្រៀន​ធ្វើម្ហូប​ ស្ទូ​ឌី​យ៉ូ​ចម្រៀង​ ​និង​វិចិត្រសាល​។​ ​បច្ចុប្បន្ន​ ​គម្រោង​Open​ ​Kitchen​ ​បាន​សម្រេច​រួចរាល់​ទាំងស្រុង​ ​នៅតែ​គម្រោង​ស្ទូ​ឌី​យ៉ូ​ចម្រៀង​ ​និង​វិចិត្រសាល​ដែល​កំពុង​ស្ថាបនា​និង​លេច​រូបរាង​នា​ពេល​ឆាប់ៗ​ខាងមុខ​។​

អ្នកនាង​ ​ឃុន​ ហ្គេ​ច​ស៊ូ​ន​ ​

            កុមារ​ប្រមាណ​៥​០​ទៅ​៧​០​នាក់​ខ្លះ​មក​រៀន​ថ្ងៃសុក្រ​ ​សៅរ៍​ ​អាទិត្យ​ ​និង​ខ្លះទៀត​រៀន​រៀងរាល់ថ្ងៃ​ក្រោយពេល​ទំនេរ​ពី​ការសិក្សា​។​ ​ក្នុង​នោះ​ភាសា​អង់គ្លេស​ត្រូវ​បាន​បង្រៀន​ពី​យុវជន​ស្ម័គ្រចិត្ត​ ​រីឯ​ជំនាញ​ធ្វើម្ហូប​ ​រៀបចំ​បន្ទប់​ សិល្បៈ​ច្នៃ​ម៉ូដ​គ្រឿង​លម្អ​ ​និង​គំនូរ​ផ្តិត​លើ​ឈើ​ឆ្លាក់​បង្រៀន​ដោយ​អ្នកនាង​ហ្គេ​ច​ស៊ូ​ន​ ​រួម​ទាំង​ផ្នែក​តូរ្យ​តន្ត្រី​ដោយ​ស្វាមី​របស់​អ្នកនាង​ផង​ដែរ​។​ ​ស្ថាបនិកា​រូប​ស្រស់​ហ្គេ​ច​ស៊ុន​បាន​ប្រាប់​សូវ​រី​ន​ដែរ​ថា​ ​អ្នកនាង​បាន​ប្រើប្រាស់​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​មាន​ទាំងប៉ុន្មាន​ដូចជា​ការ​ធ្លាប់​បម្រើ​ការងារ​តាម​ផ្ទះនៅ​ប្រទេស​ម៉ាឡេស៊ី​ ​ធ្លាប់​រៀន​ពី​ការ​ធ្វើ​នំ​នៅ​វិហារ​គ្រឹ​ស្ត​ ​ធ្លាប់ធ្វើ​ការ​ជា​អ្នកក្រ​ឡុក​ស្រា​នៅ​តាម​ភោជនីយដ្ឋាន​និង​ផាប់​ ​និង​ខ្លះទៀត​ស្រាវជ្រាវ​រៀន​តាម​បណ្តាញ​សង្គម​ ​Y​ou​Tube​ ​ដើម្បី​យកមក​បង្រៀន​ដល់​ក្មេងៗ​។​ ​«​ទីនេះ​ក្រៅពី​ផ្តល់​ការសិក្សា​ដោយ​ឥត​គិតថ្លៃ​ ​លើស​ពី​នេះ​ក្រោយពេល​រៀនចប់​យើង​នឹង​ចេញ​ជា​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ការសិក្សា​ ​និង​ជួយ​រក​ការងារ​ឲ្យ​ធ្វើដែល​មាន​ប្រាក់ខែ​ខ្ពស់​គួរសម​ផង​ដែរ​»​ ​អ្នកនាង​ហ្គេ​ច​ស៊ូ​ន​បាន​លើកឡើង​។​

            ចំពោះ​ការស្ថាបនា​មជ្ឈមណ្ឌល​សិល្បៈ ​F​I​CA​C ​ឡើង​អ្នកនាង​ហ្គេ​ច​ស៊ូ​ន​ដែល​មាន​អាជីព​ជា​មគ្គទេសក៍​ទេសចរ​ផង​នោះ​បាន​ចំណាយ​ទុន​ខ្លួនឯង​ផ្ទាល់​និង​បាន​ជំនួយ​ខ្លះ​ៗ​ពី​មិត្តភក្តិ​ទាំង​ជន​ជាតិខ្មែរ​និង​បរទេស​។​ ​អ្នកនាង​ហ្គេ​ច​ស៊ូ​ន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នា​ពេល​ខាងមុខ​ ​F​I​CA​C ​នឹង​មាន​គ្រូខ្មែរ​គ្រូ​បរទេស​សិល្បករ​សិល្ប​ការិនី​ច្រើន​ផ្នែក​មក​រួមដៃគ្នា​ចែករំលែក​បទពិសោធន៍​ក៏ដូចជា​ផ្តល់​ចំណេះ​ដឹង​ដល់​ក្មេងៗ​ ​ហើយ​ជាពិសេស​មិនមែន​មានតែ​ក្មេង​ក្នុង​ភូមិ​បឹង​តា​ព្រាម​ទើប​អាច​រៀន​បាន​នោះ​ទេ​ ​សូម្បី​ក្មេង​នៅ​ស្រុក​ភូមិ​ផ្សេងៗ​ទៀត​ក៏​អាច​ចូលរៀន​ផង​ដែរ​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM

Image Courtesy: FICAC


SUGGESTIONS