«FICAC» មជ្ឈមណ្ឌលសិល្បៈថ្មីទើបរះលើទឹកដីខេត្តកំពតដែលទទួលបណ្តុះបណ្តាលជំនាញសម្រាប់ក្មេងក្រីក្រ
TRAVEL & LIVING 4 years agoស្ថិតនៅក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ចម្ងាយប្រមាណ៧គីឡូម៉ែត្រពីក្រុងកំពត «Fish Island Community Art Center» ឬ មជ្ឈមណ្ឌលសហគមន៍សិល្បៈត្រើយកោះ ឬហៅកាត់ថា «FICAC» គឺជាមជ្ឈមណ្ឌលសិល្បៈថ្មីមួយទើបបង្ហាញខ្លួនលើទឹកដីខេត្តកំពតដែលបានកំពុងបណ្តុះបណ្តាលក្មេងក្រីក្រជាច្រើនដោយផ្តោតទៅលើចំណេះជំនាញផ្នែកភាសា សិល្បៈគំនូរ តូរ្យតន្ត្រី វិជ្ជាធ្វើម្ហូបនិងបដិសណ្ឋារកិច្ច។
បង្កើតឡើងដោយស្ត្រីខ្មែរមួយរូបគឺអ្នកនាង ឃុន ហ្គេចស៊ូន ដែលគេស្គាល់ថាជាសិល្បករគំនូរផ្តិតលើឈើឆ្លាក់ដ៏មានប្រជាប្រិយភាពមួយនៅក្នុងខេត្តកំពត អ្នកនាងបង្កើតមជ្ឈមណ្ឌលនេះឡើងក្នុងគោលបំណងលើកស្ទួយជីវភាពក៏ដូចជាចំណេះដឹងក្មេងក្រីក្រក្នុងភូមិបឹងតាព្រាម ដើម្បីឲ្យពួកគេមានជំនាញច្បាស់លាស់ងាយស្រួលក្នុងការស្វែងរកការងារធ្វើទៅថ្ងៃអនាគត។ «ខ្ញុំធ្លាប់អត់ធ្លាប់លំបាកធ្លាប់ធ្វើការជាអ្នកបម្រើតាមផ្ទះគេនៅប្រទេសម៉ាឡេស៊ីរយៈពេល៨ឆ្នាំ ហើយពេលត្រឡប់មកស្រុកខ្មែរវិញក៏ពិបាករកការងារធ្វើទៀត ទាំងនេះហើយជាកត្តាជំរុញឲ្យខ្ញុំបង្កើតមជ្ឈមណ្ឌល FICAC នេះឡើងដើម្បីជាចំណែកមួយជួយលើកស្ទួយជីវភាពប្រជាជនក្នុងភូមិផង ដើម្បីអនាគតក្មេងៗផង និងក៏មិនចង់ឲ្យក្មេងៗឆ្លងកាត់ជីវិតលំបាកដូចខ្ញុំផងដែរ»។
ជាការពិត ស្ថាបនិកាវ័យ ៣៦ឆ្នាំ ហ្គេចស៊ូន ទទួលបង្រៀនក្មេងៗដោយឥតគិតថ្លៃដោយមានបង្រៀនភាសាអង់គ្លេសចំពោះកុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ និងបង្រៀនជំនាញចំពោះក្មេងអាយុចាប់ពី១២ឆ្នាំឡើងទៅ។ នៅលើទំហំផ្ទៃដៃប្រមាណ៩៣៥ម៉ែត្រការ៉េមជ្ឈមណ្ឌលសិល្បៈ FICAC មានបែងចែកចេញជា៣គម្រោងផ្សេងគ្នា ក្នុងនោះមាន Open Kitchen ឬថ្នាក់បង្រៀនធ្វើម្ហូប ស្ទូឌីយ៉ូចម្រៀង និងវិចិត្រសាល។ បច្ចុប្បន្ន គម្រោងOpen Kitchen បានសម្រេចរួចរាល់ទាំងស្រុង នៅតែគម្រោងស្ទូឌីយ៉ូចម្រៀង និងវិចិត្រសាលដែលកំពុងស្ថាបនានិងលេចរូបរាងនាពេលឆាប់ៗខាងមុខ។
អ្នកនាង ឃុន ហ្គេចស៊ូន
កុមារប្រមាណ៥០ទៅ៧០នាក់ខ្លះមករៀនថ្ងៃសុក្រ សៅរ៍ អាទិត្យ និងខ្លះទៀតរៀនរៀងរាល់ថ្ងៃក្រោយពេលទំនេរពីការសិក្សា។ ក្នុងនោះភាសាអង់គ្លេសត្រូវបានបង្រៀនពីយុវជនស្ម័គ្រចិត្ត រីឯជំនាញធ្វើម្ហូប រៀបចំបន្ទប់ សិល្បៈច្នៃម៉ូដគ្រឿងលម្អ និងគំនូរផ្តិតលើឈើឆ្លាក់បង្រៀនដោយអ្នកនាងហ្គេចស៊ូន រួមទាំងផ្នែកតូរ្យតន្ត្រីដោយស្វាមីរបស់អ្នកនាងផងដែរ។ ស្ថាបនិការូបស្រស់ហ្គេចស៊ុនបានប្រាប់សូវរីនដែរថា អ្នកនាងបានប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនដែលមានទាំងប៉ុន្មានដូចជាការធ្លាប់បម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ធ្លាប់រៀនពីការធ្វើនំនៅវិហារគ្រឹស្ត ធ្លាប់ធ្វើការជាអ្នកក្រឡុកស្រានៅតាមភោជនីយដ្ឋាននិងផាប់ និងខ្លះទៀតស្រាវជ្រាវរៀនតាមបណ្តាញសង្គម YouTube ដើម្បីយកមកបង្រៀនដល់ក្មេងៗ។ «ទីនេះក្រៅពីផ្តល់ការសិក្សាដោយឥតគិតថ្លៃ លើសពីនេះក្រោយពេលរៀនចប់យើងនឹងចេញជាវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងជួយរកការងារឲ្យធ្វើដែលមានប្រាក់ខែខ្ពស់គួរសមផងដែរ» អ្នកនាងហ្គេចស៊ូនបានលើកឡើង។
ចំពោះការស្ថាបនាមជ្ឈមណ្ឌលសិល្បៈ FICAC ឡើងអ្នកនាងហ្គេចស៊ូនដែលមានអាជីពជាមគ្គទេសក៍ទេសចរផងនោះបានចំណាយទុនខ្លួនឯងផ្ទាល់និងបានជំនួយខ្លះៗពីមិត្តភក្តិទាំងជនជាតិខ្មែរនិងបរទេស។ អ្នកនាងហ្គេចស៊ូនសង្ឃឹមយ៉ាងមុតមាំថានាពេលខាងមុខ FICAC នឹងមានគ្រូខ្មែរគ្រូបរទេសសិល្បករសិល្បការិនីច្រើនផ្នែកមករួមដៃគ្នាចែករំលែកបទពិសោធន៍ក៏ដូចជាផ្តល់ចំណេះដឹងដល់ក្មេងៗ ហើយជាពិសេសមិនមែនមានតែក្មេងក្នុងភូមិបឹងតាព្រាមទើបអាចរៀនបាននោះទេ សូម្បីក្មេងនៅស្រុកភូមិផ្សេងៗទៀតក៏អាចចូលរៀនផងដែរ៕
Article by HEM SOKKHIM
Image Courtesy: FICAC