×

ឈុត​ធ្វើ​ពី​កំប្លោក​បរិយាយ​អំពី​ជីវិត​ជាប់​គាំង​របស់​អ្នកភូមិ​ព្រែក​ទាល់​ខេត្ត​បាត់​ដំបង​

FASHION & BEAUTY 6 months ago

           ​ព្រែក​ទាល់​ គឺជា​ឈ្មោះ​ភូមិ​មួយ​នៃ​ឃុំ​កោះ​ជី​វាំង​ ​ស្រុក​ឯក​ភ្នំ​ ​ស្ថិតនៅ​ខាងជើង​ឈៀ​ង​ខាងលិច​នៃ​ទីរួមខេត្ត​បាត់​ដំបង​។​ ​ប្រជាជន​​ទីនោះ​ភាគច្រើន​ប្រើប្រាស់​ផ្ទៃ​ទឹក​ជំនួស​ផ្ទៃដី​ដោយ​សង់ផ្ទះ​តាំងទីលំនៅ​ហូរហែ​លើទឹក​តាម​បណ្តោយ​ដង​ព្រែក​ ​និង​រស់នៅ​ចិញ្ចឹមជីវិត​ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការ​នេសាទ​។​ ​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​ការ​នេសាទ​ជាមធ្យម​បាន​ត្រឹម​១​០​០​០​ដុល្លារ​ឬ​តិច​ជាង​នេះ​ ​ហើយ​បើ​និយាយ​អំពី​ការអប់រំ​វិញ​មាន​ត្រឹម​ក​ម្រិ​ត​បឋមសិក្សា​ ​និង​មធ្យមសិក្សា​បឋម​ភូមិ​ប៉ុណ្ណោះ​។​ ​ដូច្នេះ​សម្រាប់​សិស្ស​ចង់​បន្ត​ការសិក្សា​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ត្រូវធ្វើ​ដំណើរ​ឡើង​ទៅ​សិក្សា​នៅ​ទីរួមខេត្ត​បាត់​ដំបង​ឬ​ខេត្ត​សៀមរាប​ដែល​មាន​ព្រំប្រទល់​រវាង​គ្នា​ ​ខណៈ​ការ​នេះ​ត្រូវ​ចំណាយ​ច្រើន​ដែល​កន្លងមក​មាន​សិស្ស​តិចតួច​ណាស់​ដែល​បាន​ឡើង​ទៅ​រៀន​បន្ត​និង​មួយ​ចំនួន​ធំ​ទៀត​បោះបង់​ចោល​មក​ប្រកបរបរ​តាម​ទំនៀម​គ្រួសារ​វិញ​។​ ​យ៉ាងណាមិញ​ ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​សហគមន៍​ក៏ដូចជា​ជីវភាព​រស់នៅ​​តាមរយៈ​ការ​ពង្រឹង​ទៅលើ​ការអប់រំ​ ​អង្គការ​សប្បុរស​ធម៌​ផ្កា​អញ្ជ័ន​ ​បាន​បង្កើត​កម្មវិធី​បង្ហាញ​ម៉ូដ​សប្បុរស​ធម៌​មួយ​ឈ្មោះថា​ ​«​NIGHT​ O​F​ ​FASHION​»​ ​ដែល​នឹង​ធ្វើឡើង​លើទឹក​ដី​សៀមរាប​អង្គរ​ដើម្បី​ប្រមូល​មូលនិធិ​យកទៅ​សាងសង់​សាលារៀន​បន្ថែម​សម្រាប់​បង្គ្រប់​ក​ម្រិ​ត​សិក្សា​ធ​ម្យ​ម​សិក្សា​ទុតិយភូមិថ្នាក់ទី១​០​ដល់​ទី​១​២​នៅ​ភូមិ​ព្រែក​ទាល់​។​

           ​​ការ​បង្កើត​កម្មវិធី​ដើរ​ម៉ូដ​រាត្រី​ហ្វេ​ហ្សិ​ន​នេះ​ឡើង​ ​អង្គការ​សប្បុរស​ធម៌​ផ្កា​អ​ព្ជា័​ន​ ​បាន​សហការ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ល្បីឈ្មោះ​មួយ​រូប​នៅ​ខេត្ត​សៀមរាប​គឺ​លោក​ ​ចោម​ ​មួយ​ ​និង​កញ្ញា​ ​ហោ​ ​ស៊ុន​ស្រស់​ ​ដែល​ជា​ស្ថាបនិក​សិប្បកម្ម​កំប្លោក​ ​«​រុក្ខៈ​»​ ​នៅ​ខេត្ត​សៀមរាប​ផង​ដែរ​។​ ​លោក​ ​ចោម​ ​មួយ​ ​បាន​ស្ម័គ្រចិត្ត​សហការ​យ៉ាង​រីករាយ​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ទៅ​ទស្សនា​ផ្ទាល់​នូវ​ទិដ្ឋភាព​សម្រស់​ភូមិ​ព្រែក​ទាល់​ក៏ដូចជា​ជីវភាពរស់នៅ​របស់​ប្រជាជន​នៅ​ទីនោះ​ ​ដែល​រូបភាព​ទាំងប៉ុន្មាន​បាន​ធ្វើឲ្យ​រូបលោក​នឹក​រ​ឭ​ក​ដល់​ជីវិត​ដែល​ធ្លាប់​ជា​ក្មេង​នេសាទ​កាលពី​កុមារភាព​។​ ​លោក​ ​ចោម​ ​មួយ​ ​និង​ស្ថាបនិក​អង្គការ​ខាងលើ​ ​បាន​មូលគំនិតគ្នា​ជ្រើសរើស​រុក្ខជាតិ​កំប្លោក​ដែល​ជា​ស្មៅ​មួយ​ប្រភេទ​ដុះ​អ​ណ្តែ​ត​លើទឹក​មាននៅ​ក្នុង​ភូមិ​ព្រែក​ទាល់​ផង​នោះ​មក​បង្កើត​ជា​ខូឡិ​ក​ហ្សិ​ន​ទាន់សម័យ​មួយ​ឈ្មោះថា​ ​«​Stuck​ on ​t​h​e​ ​water​»​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​សម្រស់​ធម្មជាតិ​ ​ជីវិត​រស់នៅ​ ​និង​ក្តី​ស្រមៃ​របស់​ក្មេងៗ​នៅ​ក្នុង​ភូមិ​នោះ​។​

           ​ដើម្បី​បង្កើត​ឈុត​ធ្វើ​ពី​កំប្លោក​បាន​ ​អ្នក​ច្នៃ​ម៉ូដ​ ​ចោម​ ​មួយ​ ​បាន​រួមដៃ​ច្នៃ​ម៉ូដ​ជាមួយ​ស្ថាបនិក​សិប្បកម្ម​កំប្លោក​ ​កញ្ញា​ ​ហោ​ ​ស៊ុន​ស្រស់​ ​អស់​រយៈពេល​ប្រមាណ​ពីរ​ខែ​ដោយធ្វើ​ការ​ចងក្រង​វេញ​កំប្លោក​រំលេច​បាន​ស​ម្លៀ​ក​បំពាក់​ចំនួន​៧​ឈុត​។​ ​ការ​ដាក់ឈ្មោះ​ខូលិ​ក​ហ្សិ​ន​ថា​ ​Stuck​ on ​t​h​e​ ​water​ ​ឬ​មានន័យ​ថា​ជាប់​គាំង​លើទឹក​ ​លោក​ចោម​ ​មួយ​ ​បាន​បរិយាយ​អត្ថន័យ​លម្អិត​បន្ថែម​ថា​លោក​ប្រៀប​ប្រដូច​ជីវិត​រស់នៅ​ ​និង​គំនិត​របស់​ប្រជាជន​នៅ​ក្នុង​ភូមិ​នោះ​ដូច​ទៅ​នឹង​រុក្ខជាតិ​កំប្លោក​ដែល​រស់នៅ​ពឹងផ្អែក​តែ​លើទឹក​ ​ជាពិសេស​ពេល​កូន​រៀនចប់​ត្រឹម​ថ្នាក់​ទី​៩​ពួកគាត់​នឹង​អូសទាញ​កូន​ៗ​ឲ្យ​នៅតែ​ប្រកបរបរ​នេសាទ​និង​ធ្វើ​ចម្ការ​ដដែល​ៗ​ខណៈ​ដែល​ក្មេង​សម័យ​បច្ចុប្បន្ន​នៅ​ក្នុង​ភូមិ​នោះ​សុទ្ធតែ​មាន​ក្តី​ស្រមៃ​រៀងៗខ្លួន​ ​។​ ​តួយ៉ាង​ ​នៅ​ក្នុង​ខូឡិ​ក​ហ្សិ​ឈុត​ទាំង​៧​ ​លោក​បាន​ច្នៃ​ឈុត​បង្កប់​អត្ថន័យ​ត្រង់​ម៉ូដ​នីមួយៗ​ដូចជា​ ​ឈុត​មាន​រំលេចពណ៌​លេច​ៗ​ឆ្លាស់គ្នា​គឺ​តំណាង​ឲ្យ​ក្តី​ស្រមៃ​ខុសៗគ្នា​របស់​ក្មេងម្នាក់​ៗ​ ​រីឯ​ម៉ូដ​ចាក់​ជា​ផ្កា​ពណ៌ស្វាយ​ឬ​ជា​ម៉ូដ​ផ្កា​កំប្លោក​គឺជា​ភាព​ស្រស់​ស្អាត​ដែលគេ​មើល​រំ​លេង​ ​និង​មិន​ឲ្យ​តម្លៃ​។​ ​នៅត្រង់​ចំណុច​នេះ​លោក​ចង់​បង្ហាញ​ថា​ ​វា​ជា​ក្តី​ស្រមៃ​របស់យើង​ម្នាក់ៗ​ ​ហើយ​យើង​មិន​ត្រូវឲ្យ​នរណា​មក​បញ្ឈប់​ក្តី​ស្រមៃ​របស់យើង​បាន​ត្រឹមហ្នឹង​នោះ​ទេ​។​ ​ដោយឡែក​ឈុត​ផ្សេងទៀត​លោក​ក៏បាន​ច្នៃ​ម៉ូដ​ឆ្លុះបញ្ចាំង​អំពី​សត្វស្លាប​និង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៃ​ភូមិ​ព្រែក​ទាល់​ផង​ដែរ​។​

           ​អាច​និយាយ​បាន​ថា​នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ ​លោក​ ​ចោម​ ​មួយ​ ​និង​អ្នកនាង​ ​ហោ​ ​ស៊ុន​ស្រស់​ ​ដែល​ប្រើប្រាស់​រុក្ខជាតិ​ធម្មជាតិ​មក​ច្នៃ​ធ្វើជា​ស​ម្លៀ​ក​បំពាក់​។​ ​បើ​និយាយទៅ​កម្មវិធី​ ​NIGHT​ O​F​ ​FASHION​ ​បាន​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ឆ្នាំ​ ​២​០​២​០​ ​នៅ​សណ្ឋាគារ​ ​t​h​e​ ​Butterfly​ ​P​e​a​ ​ប៉ុន្តែ​ដោយសារ​បញ្ហា​វី​រុ​ស​កូ​វី​ដ​១​៩​បាន​កំពុង​រាតត្បាត​នៅ​កម្ពុជា​ ​ដូចនេះ​កម្មវិធី​បាន​ពន្យារ​លើក​ទៅ​ខែ​សីហា​ឬ​ខែកញ្ញា​ ​ឬ​រហូតដល់​ស្ថានការណ៍​នៃ​ការ​រាតត្បាត​វី​រុ​ស​កូ​វី​ដ​១​៩​ប្រសើរ​ឡើងវិញ​៕​

Article ​by​ ​HEM SOKKHIM

លោក ចោម​ ​មួយកញ្ញា ហោ​ ​ស៊ុន​ស្រស់


SUGGESTIONS