×

តើ​ក្លិន​ទឹកអប់​ប្រាប់​អ្វីខ្លះ​ពី​បុគ្គលិក​លក្ខណៈ​របស់​មនុស្សម្នាក់​ៗ​?

TRAVEL & LIVING 6 months ago

            ទឹកអប់​ ​ប្រើ​សម្រាប់​ឱ្យ​មាន​ក្លិនក្រអូប​ឈ្ងុយឈ្ងប់​ ​ឬ​លុបបំបាត់​ក្លិន​មិន​ល្អ​នៅ​ជាប់​រាងកាយ​ដែល​ក្លិន​ទឹកអប់​នីមួយៗ​មាន​ច្រើនយ៉ាង​ច្រើន​ប្រភេទ​រួម​មាន​ ​ក្លិន​ផ្កា​ ​ក្លិន​ផ្លែឈើ​ ​ក្លិន​ស្ករគ្រាប់​ ​ឬ​ការលាយ​ធាតុផ្សំ​ផ្សេង​ទៀត​រវាង​ក្លិន​មួយ​ទៅ​ក្លិន​មួយ​ថ្មី​ ​ដើម្បី​បង្កើត​នូវ​ជម្រើស​ថ្មីៗ​ ​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ទឹកអប់។​ ​ជាក់ស្តែង​ ​តាមរយៈ​ក្លិន​ទឹកអប់​នីមួយៗ​នេះ​ដែរ​ ​ការ​សិក្សាស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ​វា​បាន​ប្រាប់​ពី​បុគ្គលិកលក្ខណៈ​នៃ​មនុស្ស ម្នាក់ៗ។ ហេតុ​ដូចនេះ​ ​សូវរីន​ ​នឹង​បង្ហាញ​ក្លិន​ទឹកអប់​ប្រាំ​ប្រភេទ​ដែលគេ​និយម​ប្រើប្រាស់​ដែល​អាច​បង្ហាញ​ពី​អត្ចរឹក​របស់​មនុស្ស ម្នាក់ៗ​ដូច​ខាងក្រោម៖​

១. ក្លិន​ក្រូចឆ្មារ រាង​ហឹរ ឬ​ក្លិន​មេនតុល (Mentol)
            ជា​ប្រភេទ​មនុស្ស​ដែល​មានការ​ផ្តោត​អារម្មណ៏​ខ្លាំង​នៅ​ពេល​គេ​ធ្វើអ្វី​មួយ​ ​ពោល​គឺ​ផ្ជិត​ផ្ជង់​ក្នុង​ការងារ​ ​ពួកគេ​ភាគ​ច្រើន​គឺជា​មេដឹកនាំ​ក្នុង​ក្រុម​ណាមួយ។​ ​ពួកគេ​មាន​ម​ហិច្ច​តា​ខ្ពស់​ក្នុង​ការ​សម្រេច​បំណង​ឱ្យ​ខាន​តែ​បាន។​ ​ជា​មនុស្ស​ដែល​មិនសូវ​ចូលចិត្ត​លេងសើច​ច្រើន​ ​និយាយ​ម៉ាត់ៗ​ត្រង់ៗ​ច្បាស់ៗ និង​មិនសូវ​បត់បែន​ច្រើន​ ​ហើយក៏​ជា​អ្នក​ដែល​លេចធ្លោ​ខ្លាំង​នៅកន្លែង​ដែលគេ​រស់នៅ​ឬ​ធ្វើការ​ផង​ដែរ។​

២. ក្លិន​ទឹកអប់​ជា​លក្ខណៈ​ផ្កាកុលាប​ ​រាង​ប្រហើរ​ឈ្ងុយ​តិចៗ​ និង​​ស្រដៀងនឹង​តែ​បៃតង​
​            មនុស្ស​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​មិន​ថា​ពេល​ធ្វើ​ការ​ ​ការ​និយាយ​ស្តី​ ​ឬ​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​នោះ​ទេ។​ ​ពួក​គេ​មាន​ការ​គិតគូ​បាន​វែងឆ្ងាយ​ ​គិត​មុន​បាន​ធ្វើ​តាម​ក្រោយ​ក៏​ជា​បុគ្គលិកលក្ខណៈ​ពិសេស​របស់​អ្នក​ដែល​ចូលចិត្ត​ក្លិន​ផ្កាកុលាប​នេះ​ដែរ។​ ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មាន​ការ​សម្រេច​ចិត្ត​ខ្ពស់​ ​មួយ​ដឹង​មួយ​ ​មិន​វៀច​វេរ​ ​ឬ​លំអៀង​ទៅ​ខាងណា​មួយ​ឡើយ។​ ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ​ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ដែល​ថា​ ​ពួក​គេ​ក៏​ជា​មនុស្ស​ឆាប់​ភ្លេច​ផង​ដែរ។​

៣. ក្លិន​ផ្កា​ឡាវេន​ឌ័រ
            ​ជា​ប្រភេទ​មនុស្ស​រួសរាយ​រាក់ទាក់​។​ ​ពួកគេ​ទៅណាមកណា​រមែងតែ​ង​មាន​មនុស្ស​រាប់អាន​ច្រើន​។​ ​ពួកគេ​មាន​មិត្ត​ច្រើន​ ​និង​មាន​បណ្តាញ​គ្រប់ទិសទី​។​ ​ជា​អ្នកចូលចិត្ត​ធ្វើការ​ជា​ក្រុម​ ​មិន​ចូលចិត្ត​ភាព​ឯកោ​និង​គិត​ច្រើន​។​ ​ពួកគេ​ក៏មាន​ចំណង់​ផ្លូវ​ភេទ​ ​និង​ភាព​សប្បាយរីករាយ​ផង​ដែរ។​

៤. ក្លិន​វ៉ានីឡា ផ្កា​ម្លិះ​ ​ស្ករគ្រាប់​ ​សូកូឡា​ ​ឬ​ក្លិន​ផ្អែម​
            ​អ្នក​ដែល​និយម​ប្រើ​ប្រាស់​ក្លិន​ប្រភេទ​នេះ​ ​គេ​ច្រើន​មាន​ភាព​សប្បាយ​ ​រីករាយ​ខ្លាំង​ ​និង​មាន​រស​និយម​​ខ្ពស់​នៃ​ជីវភាពរ​ស់នៅ​របស់​គេ។​ ​ប្រសិនបើ​ឱ្យ​ពួកគេ​រៀបចំ​កម្មវិធី​ជប់លៀង​ ​ឬ​កម្មវិធី​ផ្សេងៗ​ ​ពួកគេ​ប្រាកដ​ណាស់​ច្បាស់​ជា​ពេញ​ចិត្ត និង​រៀបចំ​បាន​យ៉ាងល្អ។​ ​ពួកគេ​ក៏​ចូលចិត្ត​ ​ធ្វើ​នូវ​អ្វី​ចម្លែក​ៗ និង​របស់​ប្លែកៗ​ ​ដែល​នេះ​បាន​ញ៉ាំង​ឱ្យ​ពួកគេ​មាន​គំនិត​ថ្មីៗ​ ​និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់។​ ​នៅ​ក្នុង​វិស័យ​ការងារ​ ​អ្នក​ដែល​ចូលចិត្ត​ក្លិន​វ៉ានីឡា​ភាគច្រើន​ជា​មនុស្ស​ស្វាហាប់​ ​រហ័សរហួន​ ​និង​រប៉ិលរប៉ូច​ផង​ដែរ។​

៥. ​ក្លិន​ផ្លែឈើ​ ​ផ្លែ​ប៉ោម​ ​និង​ផ្លែ​ប័ររី​
​            ជា​ប្រភេទ​មនុស្ស​ឆាប់​ខឹង​ ​ហើយក៏​ឆាប់​បាត់​ទៅវិញ។​ ​មិន​ចូលចិត្ត​និយាយ​លេង​ច្រើន​ ​មិន​ចូលចិត្ត​ឱ្យ​គេ​មក​រំខាន​ ​ពួកគេ​ចូលចិត្ត​ឱ្យ​អ្នក​ដ៏ទៃ​សម្រូប​តាម​ខ្លួន​ជា​ដ៏​រាប។​ ​ពួកគេ​ពូកែ​ខាង​តែ​បញ្ជា​គេ​ ​ប្រសិនបើ​នរណា​ម្នាក់​ធ្វើអ្វី​មួយ​មិន​សម​ដូច​បំណង​ទេ​នោះ​ ​ពួកគេ​នឹង​ខឹង​ច្រឡោត​ជាក់​ជា​មិន​ខាន​ ​ប៉ុន្តែ​ពួកគេ​ជា​មនុស្ស​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​ ​ឬ​ធ្វើអ្វី​មួយ​ ​មិន​រារែក​ ​និង​មិន​ខ្ចិល​ច្រអូស​ឡើយ។​

            ទាំងអស់​នេះ​គឺ​សុទ្ធសឹង​តែ​ជា​ការ​សម្គាល់​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ការ​ប្រើប្រាស់​ទឹកអប់​ទៅតាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ។​ ​ដូចនេះ​តើ​ប្រភេទ​ក្លិន​ទឹកអប់​អ្វី​ដែល​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​កំពុងតែ​ប្រើប្រាស់? ​តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ចរិក​ពិត​របស់​ពួកគេ​បាន? ​ដូច្នេះ​សង្ឃឹម​ថា​តាមរយៈ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ខាង​ដើម​អាច​ធ្វើ​ឱ្យ​អ្នក​សម្គាល់​បុគ្គលិកលក្ខណៈ​របស់​ពួកគេ​ជាក់ជា​ពុំខាន៕​

Article by SOVRIN


SUGGESTIONS