×

បណ្តុំ​សិល្បករ​ជំនាន់​ក្រោយ​ដែល​មាន​ស្នាដៃ​គួរឲ្យ​ចាប់អារម្មណ៍​មក​ពី​ខេត្ត​បាត់ដំបង​

NEWS 4 years ago
 
 

            ក្រុង​បាត់ដំបង​ជា​ក្រុង​ស៊ីវិល័យ​ទីពីរ​បន្ទាប់​ពី​ក្រុង​ភ្នំពេញ​កាលពី​ទសវត្សរ៍​ទី៦០ និង​៧០ និង​ជា​ជង្រុក​សិល្បៈ​បុរាណ​សម័យ​យ៉ាង​សម្បូរ​បែប​តាំងពី​ល្ខោនខោល​ ​របាំ​ប្រពៃណី​ ​ភាពយន្ត​ ​ចម្រៀង​ តូរ្យ​តន្រ្តី ​និង​អក្សរ​សិល្ប៍ ​ជាដើម​ ​ដ៏​ល្បី​រន្ទឺ​សុស​សាយ​បន្សល់​ទុក​ជា​កេរមត៌ក​វប្បធម៌​ជាតិ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​គួរ​ឲ្យ​មាន​មោទកភាព​ជាតិ​យ៉ាង​ក្រៃលែង។​ ​ទោះបីជា​សព្វថ្ងៃ​ក្រុង​បាត់ដំបង​ពុំមែន​ជា​ក្រុង​ស៊ីវិល័យ​ទីពីរ​ដូច​ជំនាន់​មុន​ទៀត​ក៏ដោយ​ក៏​ខេត្ត​នេះ​នៅតែ​ជា​កន្លែង​សម្បូរ​សិល្បករ​ចម្រុះ​ជំនាញ​ដែល​មាន​ស្នាដៃ​អត្តសញ្ញាណ​វិជ្ជា​ ​ជីវៈ​លេចធ្លោ​ល្បី​ដល់​ទីក្រុង និង​ដល់​មជ្ឈដ្ឋាន​ជនបរទេស​ជាច្រើន​ផង​ដែរ។​ ​ខាង​ក្រោម​នេះ​ជា​សិល្បករ​ ​សិល្ប​ការិនី​ពន្លក​ជំនាន់​ថ្មី​មួយ​ចំនួន​ដែល​មាន​ដើម​កំណើត​មកពី​ខេត្ត​បាត់ដំបង​ដែល​ទស្សនាវដ្តី សូវរីន ធ្លាប់​បាន​ធ្វើ​កិច្ច​សម្ភាសន៍​នៅ​ពេល​កន្លងមក៖

១. ​វិចិត្រករ រ៉ាន ធិរៈ
            លោក​ជា​បុរស​ដែល​ស្ថិតនៅ​ពីក្រោយ​ស្នាដៃ​គំនូរ​ស្លាកយីហោ​អគារ​ទាំងឡាយ​នៅ​ក្នុង​ខ្សែភាពយន្ត​របស់​អ្នកស្រី​ អេនជេលីណា​ ជូលី​ ​ដែល​មក​ថត​នៅ​បាត់​ដំបង​នោះ​ ​គឺ​ ​រឿង​ “​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​” (First They Killed My Father)។​ ​លោក​ជា​អតីត​សិស្ស​គំនូរ​ម្នាក់​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ដ៏​ល្បី​ប្រចាំ​ទឹកដី​ខេត្ត​បាត់ដំបង​ ​ហើយ​បាន​ចាប់​ផ្តើម​អាជីព​គូរ​គំនូរ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ១៩៩៨​ ​បើ​គិត​មក​ដល់​ពេល​សព្វថ្ងៃ​គឺ​ ​អស់​រយៈពេល​១៨ឆ្នាំ​ហើយ។​ ​បន្ទាប់ពី​នោះ​ ​លោក​បាន​ចាប់ផ្តើម​ចូល​ប្រឡូក​ក្នុង​ការ​គូរ​គំនូរ​ឃោសនា​កុន​ប្រចាំ​រោងភាពយន្ត​បាត់ដំបង​ ​ក្រុង​បាត់ដំបង​ ​ក្នុង​ឆ្នាំ២០០៥។​ ​ដោយឡែក​ ​ចំពោះ​ស្នាដៃ​ក្នុង​រឿង​ “មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ​កាលនោះ​លោក​គូរ​បាន​គំនូរ​ស្លាក​បដា​ប្រមាណ​១០០ផ្ទាំង​ ​ក្នុង​នោះ​រួម​មាន​ ​ស្លាក​ទីចាត់ការ​វិទ្យាល័យ​និរន្ត​ភាព​ ​១៩៣០​ ​ស្លាក​មន្ទីរ​សុខាភិបាល​ក្រុងភ្នំពេញ​ ​ស្លាក​ ​Le ​Cinema​ ​LUX ​ស្លាក​ហាង​ដាក់ធ្មេញ​ ​ស្លាក​ហាង​ ​យីន​ ​ជីង​ឡុង​ ​ស្លាក​ហាង​ ​ប៊ុន​ ​ឈុំ​ ​ជួសជុល​ម៉ាស៊ីន​ថត​ ​និង​ស្លាក​ហាង​ ​ផល​ ​ចំរើន​ ​ប៉ះ​កង់​ -​ល​-។​ ​ជា​លទ្ធផល​ ​លោក​ទទួល​បាន​ថវិកា​ ​និង​ ​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន​ពី​ផលិតកម្ម​ ហូលីវូដ​ដោយ​សារ​តែ​លក្ខណៈ​ពិសេស​នៃ​ស្នាដៃ​សិល្បៈ​របស់​លោក។​សព្វថ្ងៃ​លោក​កំពុង​ប្រកបរបរ​គូរ​គំនូរ​នៅ​គេហដ្ឋាន​ផ្ទាល់​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ខ្ពប​ ​ឃុំ​ព្រែក​ខ្ពប​ ​ស្រុក​ឯកភ្នំ​ ​ខេត្ត​បាត់ដំបង។​

២. វិចិត្រករ ជា សេរីរដ្ឋ​
​            លោក​ជា​វិចិត្រករ​សហសម័យ​នៅ​ខេត្ត​បាត់ដំបង​ម្នាក់​បាន​យក​រុក្ខជាតិ​ដែល​ប្រជាជន​ក្នុងស្រុក​ត្បាញ​ជា​កន្ទេល​មក​ប្រើ​ជា​ផ្ទាំង​គំនូរ​បង្កប់​សារ​សង្គម​ដែល​មិនធ្លាប់​មាន​វិចិត្រករ​ខ្មែរ​រូប​ណា​ម្នាក់​ធ្លាប់​នឹកឃើញ​យកមក​ប្រើ​ពីមុន​មក​។​ ​លោក​បាន​ចាប់ផ្តើម​សិក្សា​ផ្នែក​គំនូរ​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ឆ្នាំ២០០៥។​ ​នៅ​ឆ្នាំ២០០៨​ ​គាត់​បាន​ចូលរួម​សិក្ខាសាលា​មួយ​ជាមួយ​សិល្បករ​អន្តរជាតិ​ ​អ៊ី​ង​ ​សេ​រ៉ា​ (Sera Ing) ​និង​សិល្បករ​ ​វ៉ាន់​ ​ណា​ត​ ​ក្រោម​ប្រធាន​បទ​ ​«​ការ​ចងចាំ​របប​ខ្មែរក្រហម​នៅ​កម្ពុជា​»​ ​ដឹកនាំ​ដោយ​លោកស្រី​ សុកុ​ផៃ​ ​វ៉ា​កា​លី​ស​ (Soko ​Phay-Vakalis) ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា។​ ​បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក្រុង​បាត់ដំបង​នៅ​ឆ្នាំ២០១២​ ​លោក​បាន​ចាប់ផ្តើម​ធ្វើការ​ជា​អ្នក​រចនា​ក្រា​ហ្វិ​ច​ ​និង​វិចិត្រករ​នៅ​ស្ទូ​ឌី​យ៉ូ​សន្លឹក​ថ្មី​ ​នៃ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ​។​ ​នៅ​ឆ្នាំ​ ​២​០​១​៣​ ​លោក​បាន​ក្លាយ​ជា​គ្រូបង្រៀន​ផ្នែក​រចនា​ក្រា​ហ្វិ​ច​នៅ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ​ហើយក៏​បាន​ចូលរួម​កម្មវិធី​សិល្បៈ​អន្ដរជាតិ​សម្រាប់​សិល្បករ​ដែល​មាន​អាយុ​ក្រោម​ ​៣​០​ ​ឆ្នាំ​ ​នៅ​អាស៊ី​អាគ្នេយ៍​ ​ឈ្មោះថា​ “​SPOT​ ​ART​” ​នៅ​ប្រទេស​សិង្ហបុរី។​ ​នៅ​ឆ្នាំ២០១៤​ ​លោក​បាន​ធ្វើ​ពិព័រណ៍​ទោល​មួយ​ដែល​ដាក់​តាំង​បង្ហាញ​ស្នាដៃ​គំនូរ​ចំនួន​១០​ផ្ទាំង​ក្រោម​ចំណងជើង​ថា​«គ្រោះ​មហន្តរាយ»​ ​នៅ​វិចិត្រសាល​រមៀត​ ​ក្រុងភ្នំពេញ។​ ​នៅ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​គាត់​បាន​បង្ហាញ​ពិព៍រណ៍​ទោល​ថ្មី​មួយ​ទៀត​ដែល​បាន​ដាក់​តាំង​បង្ហាញ​ស្នាដៃ​ចំនួន​៨​ផ្ទាំង​មានឈ្មោះ​ថា​ “ស្រែ​ប្រតិដ្ឋ” ​នៅ​ឯ​វិចិត្រសាល​សង្កែ​ ​នៅ​ខេត្ត​បាត់ដំបង​ ​ហើយ​ស្នាដៃ​គំនូរ​ដដែល​នេះ​ត្រូវ​បាន​យកមក​តាំង​ពិព័រណ៍​ពី​ថ្ងៃទី២០​ ​ខែកញ្ញា​ ​ដល់​ថ្ងៃទី២៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ដោយ​គម្រោង​សិល្បៈ​ស-ស​ (Sa​S​a​ ​Arts ​Project) ​រាជធានី​ភ្នំពេញ។​ ​លក្ខណៈ​ពិសេស​នៃ​ស្នាដៃ​គំនូរ​ពិព័រណ៍​“ស្រែ​ប្រតិដ្ឋ” ​គឺ​វិចិត្រករ​បាន​ប្រើ​ដៃគូរ​ដោយ​ផ្ទាល់​ ​មិន​មាន​ប្រើ​ជក់​សម្រាប់​ជ្រលក់​ផាត់​ពណ៌​ឡើយ។​ ​ទ​ស្សនៈ​បង្កប់​នៃ​ផ្ទាំង​គំនូរ​នៃ​ពិព័រណ៍​ “ស្រែ​ប្រតិដ្ឋ” ​គឺ​ចង់​បង្ហាញ​ឲ្យ​ទស្សនិកជន​យល់​ដឹង​អំពី​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន​នៅ​ស្រុកស្រែ​ ​ឬ​ ​ក្តី​សប្បាយ​រីករាយ​សាមញ្ញ​បែប​ជនបទ​ ​ផ្សារភ្ជាប់​ភពផែនដី​ជាមួយនឹង​វាលស្រែ។

៣. ​គទានុរក្ស​សិល្បៈ​សហសម័យ​ ​យាន​ ​រស្មី​
            លោក​ជា​គទានុរក្ស​មួយ​រូប​ដែល​ទើប​ត្រលប់​មកពី​សិក្សា​អនុបណ្ឌិត​ជំនាញ​ប្រវត្តិ​សាស្រ្តសិល្បៈ​នៅ​ប្រទេស​សិង្ហបុរី។​ ​នៅ​អាយុ​០៨ឆ្នាំ​ ​លោក​បាន​ចូល​សិក្សា​នៅ​ហ្វារ​ពន្លឺ​សិល្បៈ ​ខេត្ត​បាត់ដំបង​ ​ហើយ​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ ​លោក​ក៏បាន​បំពេញ​ការ​ងារ​នៅ​ទីនោះ​ក្នុងឋានៈជា​មន្រ្តី​ទំនាក់ទំនង​ម្នាក់។ ស​នៅ​អាយុ​១៥ឆ្នាំ​ ​លោក​ក៏បាន​ជួប​លោក​ស្រី្ដ​សាស្រ្តាចារ្យ​បណ្ឌិត​ ​Ashley​ ​Thompson​ ​ដែល​ជា​ប្រវត្តិវិទូ​វប្បធម៌​អាស៊ីអាគ្នេយ៍​ជំនាញ​លើ​ប្រទេស​កម្ពុជា​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ និង​ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​ការ​បង្កើត​អាជ្ញាធរ​អប្សរា​ផង​ដែរ។​ ​លោកស្រី​នេះ​ហើយដែល​ជា​បុគ្គល​ក្នុង​ដួងចិត្ត​ជំរុញ​ឲ្យ​លោក​ចូលចិត្ត​សិក្សា​អំពី​សាសនា​ សិល្បៈ ​វប្បធម៌​ ​និង​ទ្រឹស្ដី​ផ្សេងៗ​ទៀត។ លោក​ពន្យល់​ប្រាប់​ពី​ភារកិច្ច​ស្នូល​នៃ​អាជីព​នេះ​ថា​មាន​៥ចំណុច​សំខាន់ៗ​ ​គឺ​ទីមួយ​ ​សរសេរ និង​ស្រាវជ្រាវ​ ​ទីពីរ​ ​ចងក្រង​បណ្ណសារ​ ​ទីបី​ ​បកស្រាយ​ពី​អត្ថន័យ និង​អត្ថរស​របស់​ការងារ​សិល្បៈ ​ទីបួន​ ​អភិ​រក្ស និង​រក្សា​ការងារ​​វត្ថុ​សិល្បៈ ​និង​ទីប្រាំ​ ​រៀបចំ​ពិព័រណ៍​ឬ​ធ្វើ​បទ​បង្ហាញ​ការងារ​​វត្ថុ​សិល្បៈ។​ ​បន្ថែម​ពី​នេះ​ទៀត​ ​លោក​ក៏​ត្រូវ​មាន​ជំនាញ​ទំនាក់ទំនង និង​លក់​ស្នាដៃ​សិល្បៈ​ផង​ដែរ។​ ​លើស​ពី​នេះ​ទៀត​ ​គទានុរក្ស​ក៏​ដើរតួ​យ៉ាង​សំខាន់​ជា​អន្តរការី​រវាង​វត្ថុ​​ស្នាដៃ​សិល្បៈ និង​ទស្សនិកជន និង​ប្រវត្តិវិទូ​សិល្បៈ ​និង​សិល្បករ​ឬ​ស្នាដៃ​របស់​ពួកគេ​ទៀត​ផង។​ ​រហូត​មក​ដល់​ពេល​នេះ​ពិព័រណ៌​មួយ​ដែល​លោក​​​មាន​មោទកភាព​បំផុត​នោះ​ ​គឺ​ពិព័រណ៍​ក្រោម​ចំណងជើង​ថា​ “វត្ថុ” ​ដែល​ផ្តោត​លើ​បំណង​នៃ​ការ​ធ្វើ​សមុច្ច័យ។​

៤. អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់​បែប​សហសម័យ​ ​រី​ ​មុនី​សុវណ្ណ​យ៉ា​
​            កញ្ញា​គឺជា​និស្សិត​ផ្នែក​រចនា​ម៉ូដ​ម្នាក់​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ ​ក្រុង​បាត់បង។​ ​កាលពី​ឆ្នាំ២០១៨​ ​កញ្ញា​ ​រី​ ​មុនី​សុវណ្ណយ៉ា​ ​បាន​បង្កើត​គម្រោង​ច្នៃ​ម៉ូដ​ផ្ទាល់ខ្លួន​ដែល​មាន​ចំណងជើង​ថា​ “ចងចាំ” (Remembrance) ​ក្នុង​ឱកាស​ពិធី​បញ្ចប់​ការសិក្សា​របស់​នាង។​ ​គម្រោង​នោះ​ឆ្លុះបញ្ចាំង​អំពី​ផលិតផល​ស្នូល​របស់​ខេត្ត​បាត់ដំបង​គឺ​ ​ដំណាំស្រូវ​ ​មាន​រួមបញ្ចូល​សម្លៀក​បំពាក់​បីឈុត​ដែល​រៀបរាប់​ពី​ដំណើរ​វិវត្តន៍​នៃ​ដើម​ស្រូវ​តាំងពី​ដំណាក់កាល​ដំបូង​រហូត​បាន​ក្លាយ​ជា​គ្រប់​អង្ករ​យកទៅ​ប្រើប្រាស់​តាម​តម្រូវ​ការ។ ឈុត​ទាំង​បី​នោះ​ ​រួម​មាន​ ​ឈុត​ទីងមោង​ ​ឈុត​គ្រាប់ស្រូវ​ទុំ​ ​និង​ឈុត​គ្រាប់អង្ករ។​ ​ក្នុង​អំឡុង​ខែមេសា​ ​ឆ្នាំ២០១៩​ ​សិល្ប​ការិនី​រូប​នេះ​បាន​បង្ហាញ​គម្រោង​សិល្បៈ​មួយទៀត​ដែល​មានឈ្មោះ​ថា​ “Is ​You”។​ ​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ​ប្រពៃណី​ជាតិ​ឆ្នាំមុន​ “សង្រ្កាន្ត​បាត់ដំបង” ​ដែល​មាន​មនុស្សម្នា​ដើរ​កម្សាន្ត​កុះករ​កកកុញ​ ​កញ្ញា​បាន​បង្ហាញ​ខ្លួន​ដើរ​សម្តែង​ជាមួយនឹង​ឈុត​សម្លៀក​បំពាក់​ដែល​មាន​សំរាម​រយីងរយោង​ជាប់​នឹង​ខ្លួន​ ​ហើយ​មាន​ភ្ជាប់​ដោយ​ម៉ាស​អុកស៊ីសែន​ដែល​ជា​និមិត្តរូប​នៃ​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​បរិយាកាស​នៅ​ពេល​ដែល​មាន​កំណើន​កាកសំណល់​បោះចោល​ពាសវាល​ពាសកាល​ដោយ​សារ​កត្តា​មនុស្ស។​ ​បន្ទាប់ពី​នោះ​មក​ ​នៅ​ចុង​ឆ្នាំ២០១៩​ ​កញ្ញា​បាន​សម្តែង​នៅ​ក្នុង​កម្មវិធី​សិល្បៈ​ដ៏​ធំ​មួយ​ប្រចាំ​ក្រុង​បាត់ដំបង​ដែល​មានឈ្មោះ​ថា​ “ជំនោរ-Art​ ​ពិព័រណ៍​សិល្ប:​ចំរុះ​ក្នុង​ក្រុង​បាត់ដំបង” ​ដោយ​បាន​យក​បញ្ហា​កាកសំណល់​ផ្លាស្ទិក​ជា​ប្រធាន​បទ​ ​ហើយ​សារ​សំខាន់​នៃ​ការ​សម្តែង​នេះ​គឺ​ចង់ឲ្យ​ប្រជាជន​ឃើញ​ផ្ទាល់​ភ្នែក​ថា​ពួកគេ​បាន​បន្សល់ទុក​កាកសំណល់​ច្រើន​កម្រិត​ណា​មក​ដល់​ភពផែនដី​ ​ហើយ​វា​ត្រូវ​ការ​ចំណាយ​រយៈពេល​យូរ​មែនទែន​ទើប​រលាយ​បាត់​ពី​ផែនដី។​


SUGGESTIONS