«Tវា» បង្ហាញស្នាដៃគំនូរអនាគតកាល១០០ឆ្នាំនៃវប្បធម៌ខ្មែរវិទ្យាសាស្ដ្រប្រតិដ្ឋ
NEWS 4 years agoរូបភាពគំនូរជីវចលបែបគ្រឿងយន្តដែលបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរជាច្រើនសន្លឹកដែលបានបង្ហោះលើទំព័របណ្តាញសង្គមហ្វេសប៊ុកនៃគណនី «Tវា» ជាទម្រង់សិល្បៈថ្មីមួយទៀតសម្រាប់សិល្បៈគំនូរឌីជីថលនៅកម្ពុជា។ ស្របនឹងការអភិវឌ្ឍវិស័យសិល្បៈនៃជាតិយើង និងពិភពលោក វិស័យគំនូរបែបឌីជីថលកំពុងវាយលុកកាន់តែខ្លាំងឡើងៗ ពិសេស គឺវិចិត្រករក្មេងៗជំនាន់ក្រោយនេះ។ ពួកគេបានប្រើប្រាស់ចក្ខុវិស័យថ្មីមួយក្នុងការបង្ហាញបរិបទសង្គម និងវប្បធម៌ប្រពៃណីជាតិ តាមរយៈទម្រង់សិល្បៈប្លែកៗ តួយ៉ាង «Tវា» បានបង្ហាញតាមរយៈគំនូរឌីជីថលបែបវិទ្យាសាស្ត្រប្រតិដ្ឋដែលមិនសូវត្រូវបានប្រទះឃើញនៅកម្ពុជា។
គួច ច័ន្ទទិវា គឺជាអ្នកអភិវឌ្ឍន៍ទម្រង់សិល្បៈ និងដំណើរការផេកមួយនេះដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៩។ ទិវា គឺជាអ្នករចនាក្រាហ្វិកវ័យ២៥ឆ្នាំមួយរូបដែលមានឧបនិស្ស័យខាងផ្នែកគំនូរក្រាហ្វិក ហើយនិយមចូលចិត្តខ្លាំងទៅលើខ្សែភាពយន្តបែបវិទ្យាសាស្ត្រ (Sci-fi) និងវិទ្យាសាស្ដ្រប្រតិដ្ឋ (Cyberpunk) មានដូចជារឿង Transformer, Gundam, Ghost in the Shell ជាដើម ដែលពោរពេញដោយភាពអភិនិហារ បូករួមនឹងបច្ចេកវិទ្យាអនាគតកាល បានពោលប្រាប់សូវរីនថា ព្រោះមិនដែលសូវឃើញមាននរណាបង្កើតគំនូរបែបនេះឡើងក្នុងសិល្បៈគំនូរខ្មែរ ហើយដោយសារតែចំណូលផ្នែកនេះផង និងមានចំណេះខាងក្រាហ្វិកផង ទើបទិវាបានចាប់ផ្ដើមធ្វើវាឡើង។ ទិវាក៏បានបង្ហាញចក្ខុវិស័យអំពីការបង្កើតស្នាដៃបែបនេះឡើងថា «ទី១ ដើម្បីបំផុសបំផុលឲ្យកូនខ្មែរចងចាំឡើងវិញនូវវប្បធម៌ប្រពៃណីបុរាណនានា។ មិនត្រឹមតែដើម្បីរំឭកទេ ទី២គឺដើម្បីអភិរក្សនូវទម្រង់នោះ និងធ្វើការអភិវឌ្ឍវាឲ្យក្លាយជាទម្រង់សិល្បៈថ្មីមួយទៀត»។ គំនូរនីមួយៗ តម្រូវឲ្យទិវាធ្វើការគូសព្រាង និងគូសវាសឡើងដោយកម្មវិធីកុំព្យូទ័រជាដើមដែលពាក់ព័ន្ធនឹងប្រភេទគំនូរ 2D ដូចជាកម្មវិធី Paint Tool SAI, Photoshop, Illustration រីឯប្រភេទ 3D SketchUp និង Blender។
លោក គួច ច័ន្ទទិវា
«ខ្ញុំបង្កើតស្នាដៃទាំងនេះឡើង ដោយសេចក្ដីស្រឡាញ់។ ខ្ញុំប្រើប្រាស់ពេលវេលាទំនេរពីការងារ ដើម្បីធ្វើវាឡើងដោយតក់ៗពេញបំពង់ ម្ដងបន្ដិចៗ។ ខ្ញុំក៏ចង់បង្ហាញដែរថា បើខ្ញុំធ្វើបាន អ្នកទាំងអស់គ្នាក៏ធ្វើវាបាន ដោយជឿជាក់ថាការងាររបស់ខ្ញុំនឹងជួយបំផុសគំនិតអ្នកទស្សនាឲ្យមានគំនិតថ្មីៗបន្ថែមទៀត»។ ដោយសារទិវាសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដូច្នេះគំនូរសិល្បៈទាំងអស់បង្កើតឡើងពោរពេញភាពច្នៃប្រតិដ្ឋ និងយោងតាមក្បួនខ្នាតបទដ្ឋាននៃការដំឡើងម៉ាស៊ីនកុំព្យូទ័រ។ «ទៅថ្ងៃអនាគតប្រហែលជាអាចមានមែនទែន ដោយពឹងផ្អែកលើលក្ខណៈសម្បត្តិតាមការដំឡើងកុំព្យូទ័រដូចជា៖ ត្រូវការកម្លាំងភ្លើងបែបណា ឈីបដំណើរការប្រភេទណា ត្រូវមានគ្រឿងបន្លាស់ ខ្សែភ្លើងយ៉ាងណា។ល។ ព្រោះខ្ញុំរៀនខាងវិទ្យាសាស្ត្រកុំព្យូទ័រដែលអាចឲ្យខ្ញុំមានគ្រឹះក្នុងការកំណត់លក្ខណៈសម្បត្តិទាំងនោះទៅលើតួអង្គ ឬកម្មវត្ថុដែលបានបង្ហាញក្នុងគំនូរ ឲ្យដូចគ្នាទៅនឹងការបង្កើតមនុស្សយន្ត(Robot) ឡើង» ទិវានិយាយ។ វត្ថុបុរាណទាំងនោះ ត្រូវបានផ្ដល់នូវជីវិតថ្មី រូបកាយថ្មី ទៅតាមការស្រមៃរបស់ទិវា ប្រកបដោយស្ដង់ដារនៃការបង្កើតគ្រឿងយន្តនិមិត្ត។ ជាយថាហេតុ គំនូរទាំងអស់ហាក់ឆ្លុះបញ្ចាំងរឹតតែប្រចក្សអំពីទំនោរសា្ថនភាពសង្គមខ្មែរនាអនាគតកាល ១០០ ឆ្នាំទៅមុខទៀត ដែលអាចនឹងពោរពេញទៅដោយវិទ្យាសាស្ត្រទំនើប ផ្សារភ្ជាប់នឹងជីវភាពរស់នៅ និងវប្បធម៌ខ្មែរ។ «រាល់ពេលមើលរឿងបែបវិទ្យាសាស្ត្រទាំងអស់ ខ្ញុំតែងស្រមៃថាចុះបើវាកើតមាននៅខ្មែរ តើវានឹងមានទិដ្ឋភាពយ៉ាងដូចម្ដេចទៅ?» ទិវាបន្លឺឡើង។ ដើម្បីបង្កើតគំនូរមួយស៊េរីៗ ទិវា រមែងធ្វើការស្រាវជ្រាវអំពីប្រវត្ដិដើមទងរបស់វា ទម្រង់លក្ខណៈ ប្រភព និងដំណើរវិវឌ្ឍន៍ជាដើមយ៉ាងហ្មត់ចត់ «ក្រៅពីការសិក្សាស្រាវជ្រាវពីប្រភពអ៊ីនធើណែត ពេលខ្លះខ្ញុំក៏ទៅសារមន្ទីរសិក្សា និងស្វែងរកឯកសារយោងជាមូលដ្ឋានគ្រឹះ ដើម្បីធ្វើការអភិវឌ្ឍឲ្យកាន់តែប្រសើរ។ ការងារបង្កើតសិល្បៈទាំងនេះ ក៏បានជួយឲ្យខ្ញុំអាចស្វែងយល់ពីប្រវត្តិនៃវត្ថុបុរាណ ប្រពៃណី និងវប្បធម៌ទាំងអស់ឲ្យកាន់តែច្បាស់”។
គំនូរដំបូងរបស់ទិវា និយាយអំពី «ពិធីបុណ្យភ្ជុំបិណ្ឌ» ដែលមានរូបមនុស្សយន្តប្រគេនចង្ហាន់នៅវត្ត រូបដៃមនុស្សយន្ត(Mecha)ថ្វាយបង្គំជាដើម។ បន្ទាប់មកទៀត ក៏មានបង្ហាញជាតួអង្គរូបមនុស្សយន្តផ្សេងៗ ដែលច្នៃជាតួអង្គហនុមាន គោយន្ត ម៉ាស៊ីនផ្សាយពាណិជ្ជកម្មអំពីល្ខោនស្បែក ព្រះវិហារយន្តជាដើម ហើយការងារចុងក្រោយ គឺរូបមនុស្សយន្តស្ពាយចានស្រាក់ទៅវត្ត ដែលមានទំនាក់ទំនងទៅនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ មិនតែប៉ុណ្ណោះ ក៏នៅមានរូបគំនូស (Sketch) តួអង្គមនុស្សបែបគ្រឿងយន្តនានាដែលជាផ្នែកមួយនៃការងារសហការជាមួយនឹង «Alpha ឥសី» ដោយប្រើតួអង្គទាំងនោះបង្កើតជាកូនរឿងមួយ ឈ្មោះថា Project ឥ.សី ហើយនេះជាគម្រោងមួយទៀតដែលទិវាធ្វើជាមួយនឹងមិត្តភក្ដិម្នាក់ទៀត ប៉ុន្តែបច្ចុប្បន្ន មិនទាន់ចេញជាផ្លែផ្កានៅឡើយ គឺមានតែដើម និងស្លឹកប៉ុណ្ណោះ។ ទិវាក៏បានប្រាប់ផងដែរថា «Alpha ឥសី» បង្កើតតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយខណៈពេលនេះកំពុងតែចាប់ផ្ដើមលូតលាស់ខ្លាំងឡើងៗ។ ទិវាបន្ថែមទៀតថា «ផេក Tវា ដូចជាកន្លែងបង្ហាញនូវគោលគំនិត (Concept) ខ្លះៗ ដើម្បីឈានទៅដល់ការបង្កើតជា Animation Short Film (ខ្សែភាពយន្តខ្នាតតូច) មួយ ហើយនេះគឺជាគម្រោងមួយដែលខ្ញុំចង់សម្រេចនៅថ្ងៃអនាគតឆាប់ៗ»។ មិនត្រឹមតែ ខ្សែភាពយន្តបែបមនុស្សយន្តរៀបរាប់អំពីប្រវត្តិសាស្ត្រកម្ពុជា ដែលលើកឡើងខាងលើប៉ុណ្ណោះទេ ទិវាក៏មានបំណងចង់ផលិតជាខ្សែភាពយន្តពាក់ព័ន្ធនឹងសម័យខ្មែរក្រហម ដែលជាស្នាដៃប្រលោមលោកនិពន្ធដោយឪពុករបស់លោកផ្ទាល់ ប៉ុន្តែពុំទាន់ច្បាស់ថានឹងបង្ហាញក្នុងទម្រង់ណាមួយឡើយ។
គួរបញ្ជាក់ផងដែរថា ទិវា ធ្លាប់បានចូលរួមបង្ហាញសា្នដៃផលិតមនុស្សយន្តធ្វើពីក្រដាស ដែលមានឈ្មោះថា “ឥសីគោព្រៃ” ក្នុងកម្មវិធីពិព័រណ៍ ឌីជីថល កម្ពុជា ឆ្នាំ ២០១៩ ផងដែរ៕
Article by LENG CHANREASEY