×

រី​លា​ក្ស​ហោ​ស៍ ​សួន​ក​ម្សាន្ត​លក្ខណៈ​គ្រួសារ​តែមួយ​គត់​ប្រចាំ​ក្រុង​សួង​ ​ទីរួមខេត្ត​ត្បូងឃ្មុំ​

TRAVEL & LIVING 4 years ago
 
 

            នៅ​ពេល​ចប់​រដូវ​កាល​កូ​វី​ដ​ ​១​៩​ ​នឹង​មាន​មនុស្ស​មិន​តិច​ទេ​ដែល​ស្វែងរក​កន្លែង​ដ៏​សែន​មនោ​រម្យ​ណាមួយ​ដើម្បី​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ក្នុងរយៈពេល​មួយ​រយៈ​ធំ​នេះ​។​ តោះ! ​មក​ស្គាល់​កន្លែង​ក​ម្សាន្ត​ដែល​កំពុង​លាក់ខ្លួន​កណ្តាល​ក្រុង​សួង​ ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​យើង​ម្តង​មើល​! ​អ្នកទេសចរ​ដែល​ជិះ​កាត់​ឆ្លូវ​ជាតិ​លេខ​៧​កន្លងមក​ប្រហែលជា​មិនដែល​នឹកនា​ថា​នឹង​ឈប់​សម្រាក​លម្ហែ​នៅ​ទីណា​ឡើយ​ក្នុងរយៈ​ចម្ងាយ​ចន្លោះ​ពី​ខេត្ត​ត្បូងឃ្មុំ​ដល់​ខេត្ត​ក្រចេះ​ឬ​ខេត្ត​មណ្ឌលគិរី​។​ ​ប៉ុន្តែ​ឥឡូវនេះ​សូម​លោកអ្នក​កុំ​ព្រួយ​អំពី​កន្លែង​ឈប់​សម្រាក​ពាក់កណ្តាល​ផ្លូវ​ដើម្បី​សម្រួល​សរសៃ​ពី​ការ​បើកបរ​រយៈពេល​យូរ​ ​ព្រោះ​នៅ​ពេល​លោកអ្នក​បន្ត​ដំណើរ​ហួស​ស្ពាន​គី​ហ្ស៊ូ​ណា​ត្រឹមតែ​២​៥​គីឡូម៉ែត្រ​ត្រង់​ទៅ​កើត​ (​ឬ​ ​ចម្ងាយ​១​៤​០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​) ​ក្នុងរយៈពេល​ប្រមាណ​តែ​៤​០​នាទី​ ​លោកអ្នក​នឹង​ទៅដល់​ទីប្រជុំជន​ក្រុង​សួង​។​ ​លោកអ្នក​ត្រូវ​ជិះ​ហួស​ទៅ​ខាងកើត​ផ្សារ​សួង​៣​០​០​ម៉ែត្រ​ ​បត់ឆ្វេង​តាមផ្លូវ​បញ្ជាការ​ដ្ឋា​ន​សឹក​រង​ក្រុង​សួង​ប្រហែល​១​គីឡូម៉ែត្រ​នឹង​ឃើញ​ស្លាក​សញ្ញា​សម្គាល់​ត្រង់​ផ្លូវបំបែក​ ​រួច​បត់​ស្តាំ​តាមផ្លូវ​ទីមួយ​តែ​បន្តិច​នឹង​ឃើញ​សួន​ក​ម្សាន្ត​នេះ​នៅ​ខាងឆ្វេង​ដៃ​លោកអ្នក​។​

            ​រមណីយដ្ឋាន​ ​រី​លា​ក្ស​ហោ​ស៍ (​Relax​ ​House​ ​Resort​) ​ជា​សួន​ក​ម្សាន្ត​ធំ​ជាងគេ​តែមួយ​គត់​ដែល​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២​០​១​៤​ ​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មកពី​ចម្ងាយ​កាត់​ក្រុង​សួង​ ​ឬ​ ​ជាទី​សម្រាក​លម្ហែ​លក្ខណៈ​គ្រួសារ​ ​និង​ ​មិត្តភក្តិ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្រុង​សួង​ ​និង​ ​តំបន់​ជុំវិញ​។​ ​នៅ​ពេល​បាន​ទៅដល់​ទីនេះ​ភ្លាម​ ​យើង​បាន​អារម្មណ៍​ប្លែក​ពីព្រោះ​មុន​ទៅដល់​សួន​ក​ម្សាន្ត​នេះ​ ​យើង​ឃើញ​តែ​ទិដ្ឋភាព​អ៊ូអរ​កកកុញ​នៃ​តំបន់​ផ្សារ​សួង​ដែល​សំបូរ​រថយន្ត​តាក់ស៊ី​តូច​ធំ​ ​និង​ ​អ្នកដំណើរ​ឆ្លងកាត់​មិនចេះដាច់​។​ ​ដោយឡែក​នៅ​ពេល​បត់​រថយន្ត​ចេញ​ផុត​ពី​ផ្លូវជាតិ​ ​យើង​ឃើញ​តែ​វាលស្រែ​ស្ងប់ស្ងាត់​ល្វឹងល្វើយ​លាតសន្ធឹង​ដាច់កន្ទុយភ្នែក​ ​និង​ ​មាន​ភូមិ​អ្នកស្រុក​តូច​ៗ​នៅចន្លោះ​វាលស្រែ​នោះ​ក្រោម​បរិយាកាស​ក្តៅ​ហួតហែង​នៃ​រដូវប្រាំង​ក្នុង​ខែ​មករា​ដើម​ឆ្នាំ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​សម្រស់​សួន​ក​ម្សាន្ត​រី​លា​ក្ស​ហោ​ស៍​បាន​លេចធ្លោ​ឡើង​ប្រៀប​បីដូច​ផ្កា​មួយ​ទង​រីក​បាំង​សន្លឹក​ ​កណ្តាលវាល​ស្រែ​ឆ្ងាយ​ពី​ក្រសែភ្នែក​ ​អ្នកដំណើរ​នៅ​លើ​ផ្លូវជាតិ​បន្តិច​។

            សួន​ក​ម្សាន្ត​នេះ​មានផ្ទៃ​ដី​ធំ​ទូលាយ​បែងចែក​ជា​៥​តំបន់​សំខាន់​ៗ​ ​គឺ​ ​តំបន់​សួន​ទឹក​សម្រាប់​កុមារ​ ​តំបន់​ខ្ចុះ​អាហារ​ជុំវិញ​ស្រះ​ទឹក​ ​តំបន់​សួន​បន្លែ​ធម្មជាតិ​ ​តំបន់​ចំណត​យានយន្ត​ ​និង​ ​តំបន់​សេវាកម្ម​ស្នាក់​នៅ​ (​បាំង​ហ្គា​ឡូ​) ​។​ ​សួន​នេះ​មាន​ស្រះ​ទឹក​ចិញ្ចឹម​ត្រី​ដែល​មាន​ទឹក​ថ្លាឈ្វេង​ ​ហើយ​ថែមទាំង​មាន​សត្វ​ក្ងាន​ហែល​កៀង​គូ​គួរឲ្យ​ចង់​គយគន់​ ​អម​ដោយ​សម្រស់​ធម្មជាតិ​ដើមឈើ​តូច​ធំ​ ​និង​ ​សួន​ផ្កា​ចម្រុះ​ពណ៌​រីក​រហង់​ចោល​ក្លិន​មិន​រសាយ​។​ ​នៅចន្លោះ​គុម្ព​រុក្ខជាតិ​ដែល​ដុះ​ត្រៀបត្រា​ប្រជ្រៀតគ្នា​នោះ​ ខ្ចុះ​សង់​អំពី​ឈើ​ដំបូលប្រក់ស្បូវ​ចោល​ម្លប់ត្រឈៃ​ជាច្រើន​ត្រូវ​បាន​សាងសង់​ជាជួរ​យ៉ាងល្អ​ប្រណិត​ ​ងាយស្រួល​សម្រាប់​ភ្ញៀវ​អង្គុយ​សម្រាក​លម្ហែ​ទទួលទាន​អាហារ​ជួបជុំ​ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ​មិន​ចេះ​ធុញទ្រាន់​នឿយណាយ​។​ ខ្ចុះ​ទាំងអស់​សុទ្ធសឹងតែ​ត្រូវ​បាន​ដាក់ឈ្មោះ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ ​តួយ៉ាង​ ​ម្លិះ​ ​ណាគ្រី​ ​លីឡា​វ​ឌី​ ​អាម៉ាហ្សូន​១​ ​អាម៉ាហ្សូន​២​ ​អាម៉ាហ្សូន​៣​ ​អាម៉ាហ្សូន​៤​ ​និង​ ​ផ្ទះស្បូវ​ស្រះ​ឈូក​ ​ជាដើម​។​

            ចំពោះ​ម្ហូប​សម្រាប់​ទទួលទាន​វិញ​ ​នៅ​ទីនេះ​ ​មាន​បម្រើ​ម្ហូបអាហារ​ជា​ច្រើនមុខ​ ​ជាពិសេស​ម្ហូប​បែប​ស្រុកស្រែ​ចម្ការ​ ​ដូចជា​ ​សម្ល​កកូរ​ ​ម្ជូរ​ស្រែ​ ​ម្ជូរ​គ្រឿង​ ​ទឹកគ្រឿង​ ​ប្រហុក​ខ្ទិះ​ ​ប្រហុក​អាំង​ ​ត្រី​អាំង​ទឹកត្រី​អំពិល​ទុំ​ ​ពងទា​ចៀន​ត្រី​ប្រមា​ ​ទា​អាំង​អំបិលម្ទេស​ ​កង្កែប​អាំង​ ​ខ្យង​ឆា​គ្រឿង​ ​និង​ ​ម្ហូប​បែប​ថៃ​ ​ដូចជា​ ​បុក​ល្ហុង​ ​បុក​ងាវ​ ​បុក​ក្តាម​ ​ជាដើម​។​ ​ទន្ទឹម​នឹង​នេះ​ ​ម្ចាស់​សួន​ក​ម្សាន្ត​នេះ​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ភ្ញៀវ​ជា​សំខាន់​ដោយ​ផ្អែកលើ​គោលការណ៍​សុវត្ថិភាព​ចំណីអាហារ​។​ ​ហេតុនេះ​ហើយ​ ​ទើប​រមណីយដ្ឋាន​នេះ​បាន​បង្កើត​សួន​បន្លែ​ធម្មជាតិ​ដាំ​ដុះ​ដោយខ្លួនឯង​មិន​ប្រើ​ជាតិគីមី​ ​ដើម្បី​ផ្គត់ផ្គង់​បន្លែបង្ការ​បម្រើ​សេវាកម្ម​ម្ហូបអាហារ​នៅ​ទីនេះ​ផ្ទាល់​។​ ​ជា​រៀងរាល់​ព្រឹក​ ​បុគ្គលិក​សួន​ក​ម្សាន្ត​តែងតែ​នាំគ្នា​ទៅកាត់​បន្លែ​ពណ៌បៃតង​ទុក​ស្ល​ជា​ម្ហូប​ជូន​ភ្ញៀវ​ដោយ​មិន​ចាំបាច់​ទិញ​យកមក​ពី​ផ្សារ​។​ ​បន្លែ​ដែល​បាន​ដាំ​នៅ​ទីនោះ​រួម​មាន​ ​ស្ពៃ​ចង្កឹះ​ ​ស្ពៃខ្មៅ​ ​ស្ពៃក្រញាញ់​ ​ស្លឹក​ជីរ​ ​ម្រះព្រៅ​ ​ស្លឹកគ្រៃ​ ​ននោង​ ​ត្រប់ស្រួយ​ ​ចេក​ ​និង​ ​ល្ហុង​ ​។​ល​។​

            លើស​ពីនេះទៅ​ទៀត​ ​សួន​នេះ​មាន​ទទួល​រៀបចំ​កម្មវិធី​ជួបជុំ​ជប់លៀង​លក្ខណៈ​ឯកជន​ ​ដូចជា​ ​កម្មវិធី​ខួបកំណើត​ ​កម្មវិធី​ជប់លៀង​បុគ្គលិក​ប្រចាំ​ឆ្នាំ​ ​ដំណើរ​ក​ម្សាន្ត​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ ​និង​ ​ការ​ថតរូប​មុន​អាពាហ៍ពិពាហ៍​ (​pre​-​wedding​) ​ជាដើម​។​ ​ភ្ញៀវ​ដែល​រស់នៅ​ក្រុង​សួង​ភាគច្រើន​និយម​ហៅ​ទីនេះ​ថា​ “​សួន​ក​ម្សាន្ត​សឹក​រង​” ​ហើយ​នាំគ្នា​មកលេង​ ​និង​ ​ទទួលទាន​អាហារ​ជាមួយ​ក្រុម​គ្រួសារ​ឬ​មិត្តភក្តិ​ជាហូរហែ​មិនសូវ​ចេះ​ដាច់​ ​នៅ​ពេលល្ងាច​ ​និង​ ​ពេល​ ​រាត្រី​។​ ​រីឯ​ភ្ញៀវ​ដែល​មកពី​ភ្នំពេញ​និង​តំបន់​ឆ្ងាយ​ៗ​នានា​ច្រើន​ឈប់​សម្រាក​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​និង​មក​ផ្តិត​ ​យក​រូបថត​ទុកជា​អនុ​ស្សា​វ​រី​យ៍​នៃ​ដំណើរ​ក​ម្សាន្ត​របស់​ពួកគេ​មកកាន់​ក្រុង​សួង​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ​គឺ​ ​សួន​ក​ម្សាន្ត​នេះ​តែងតែ​រៀបចំ​កម្មវិធី​ក​ម្សាន្ត​សប្បាយ​ផ្សេងៗ​នៅ​ក្នុង​ពិធីបុណ្យ​ពិសេស​ៗ​ប្រចាំ​ឆ្នាំ​ ​ដូចជា​ ​រៀបចំ​កម្មវិធី​បណ្តែត​ប្រទីប​នៅ​ថ្ងៃ​បុណ្យអុំទូក​ ​និង​រៀបចំ​បាញ់កាំជ្រួច​ ​ផ្លុំត្រែ​ ​ទទួលទាន​អាហារ​ឆ្លង​ឆ្នាំ​សកល​ ​ជាដើម​៕​

Article by SRINSOK MEAN


SUGGESTIONS