×

មក​ស្គាល់​អ្នក​ផាត់​មុខ​សិល្បៈ​ដ៏​ឆ្នើម​ ​«​រ៉ា​ សុ​បញ្ញា​»​

NEWS 4 weeks ago
 
 

​            ជំនួប​ជាមួយនឹង​លោក​ ​រ៉ា​ សុ​បញ្ញា​ ​ភាគច្រើន​ស្គាល់​លោក​តាមរយៈ​គណនី​នៃ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ​Do​ma​ ​ជា​អ្នក​ផាត់​មុខ​ដ៏​ជំនាញ​ ​និង​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ស្រទាប់​យុវវ័យ​ ​ជាពិសេស​ ​បញ្ញា​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ផង​ដែរ​។​ ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​១​ ​បន្ទាប់ពី​បាន​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​​ទុតិយ​ភូមិ​ ​បញ្ញា​ ​បាន​បម្រើ​ការងារ​ជា​ផ្នែក​លក់​ ​និង​ទី​ផ្សារ​ ​សម្រាប់​ក្រុមហ៊ុន​ទស្សនាវដ្ដី​ហ្វេ​ហ្សិ​ន​មួយ​កន្លែង​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​។​           

          ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​បញ្ញា​ ​បាន​បង្ហាញ​ ​សូវ​រី​ន​ ​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​លោក​ប្រឡូក​ក្នុង​វិ​ស​័​យ​នេះ​យ៉ាង​ដូច្នេះ​ថា​ ​«​ថ្ងៃមួយ​ ​ក្រុម​ការងារ​គេ​នាំគ្នា​ចេញទៅ​ថ​តតួ​ដូចសព្វដង​ ​ខ្ញុំ​នឹកចង់​ឃើញ​សកម្មភាព​ការងារ​ពេល​ថត​ ​ក៏​សុំ​គេ​ទៅ​ដែរ​។​ ​ពេល​នោះ​ហើយ​ ​ដែល​ខ្ញុំ​បាន​ចាប់អារម្មណ៍​នឹង​កា​រផាត់​មុខ​តុប​តែងខ្លួន​នេះ​ដំបូង​ ​ទើប​ស្វែងយល់​ថា​អ្នក​ផាត់​មុខ​អាច​មាន​សមត្ថភាព​ប្រែ​កាឡា​តួ​ឲ្យ​ក្លាយ​ជានា​រី​ហ្វេ​ហ្សិ​ន​ដ៏​ឆើតឆាយ​ ​ទឹកមុខ​តួ​ពោរពេញ​ដោយ​ជំនឿ​ទុកចិត្ត​ខ្ពស់​ ​ដូច​ប្រែ​ទៅជា​អ្នក​ផ្សេង​អញ្ចឹង​»​។​ ​បន្ទាប់ពី​ ​បញ្ញា​ ​បាន​ស្គាល់​ច្បាស់​ពី​ខ្លួនឯង​ ​តួយ៉ាង​ ​ចំណង់ចំណូលចិត្ត​ ​ទំនោរ​និយម​ ​និង​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​ ​បញ្ញា​ ​បាន​សម្រេច​ចិត្ត​បោះបង់​ការងារ​ដំបូង​របស់​ខ្លួន​នា​ឆ្នាំ​២​០​១​២​ ​រួច​ងាក​មក​វិ​ស​័​យ​សិល្បៈ​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន​វិញ​។​ ​មុននឹង​ឈាន​ចូលក្នុង​វិ​ស​័​យ​សិល្បៈ ​បញ្ញា​ ​បាន​ចូលរួម​ការ​ប្រឡង​ ​ដើម្បី​សិក្សា​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ផ្នែក​ផ្នែក​រៀបចំ​តុបតែង​ផង​ដែរ​។​ ​នា​ឆ្នាំ​២​០​១​៤​ ​បញ្ញា​ ​បាន​ចូល​បម្រើ​ការងារ​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ស្ទូឌីយោ​ថតរូប​មួយ​កន្លែង​ ​និង​មាន​តួនាទី​ជា​ជំនួយ​ការ​ទូទៅ​របស់​ជាង​ថត​នៃ​ស្ទូឌីយោ​ថតរូប​នោះ​ ​ហើយ​នេះ​ក៏​ជា​ពេលវេលា​ដ៏​សំខាន់​មួយ​ដែល​បាន​បណ្ដុះបណ្ដាល​ ​បញ្ញា​ ​ឲ្យ​ក្លាយ​ជា​អ្នក​ផាត់​មុខ​មួយ​រូប​។​ ​បញ្ញា​ ​បាន​លើកឡើង​ថា​៖​ ​«​គ្រា​មួយ​ ​ចៅហ្វាយ​របស់​ខ្ញុំ​គាត់​មើលឃើញ​ថា​ខ្ញុំ​អាច​មាន​ទេពកោសល្យ​ក្នុង​កា​រផាត់​មុខ​ ​គាត់​ក៏បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ដើម្បី​រៀន​ពី​ផ្នែក​នេះ​ ​ដោយ​ឲ្យ​ខ្ញុំ​មើលតាម​កា​រផាត់​មុខ​ពី​អ្នកជំនាញ​ល្បី​ៗ​ ​ហើយ​ពន្យល់​និង​ប្រាប់​ពី​ពាក្យគន្លឹះ​ខ្លះ​ក្នុង​ការស្វែងរក​មេរៀន​នៅ​លើ​អ៊ី​ន​ធើ​ណេ​ត​ ​ខ្ញុំ​ក៏​ចាប់ផ្ដើម​រៀន​តិច​និ​ច​ផាត់​មុខ​តាម​វីដេអូ​ទាំងនោះ​ ​ហើយ​បាន​អនុវត្ត​កា​រផាត់​មុខ​ផ្ទាល់​ឲ្យ​តួ​ម៉ូឌែ​ល​នានា​ដែល​មក​ថត​នៅ​ស្ទូឌីយោ​របស់​គាត់​។​ ​ម្ដង​បន្តិចៗ​រហូត​ចេះ​យល់​ចេះ​ផាត់​តាម​បែប​ធម្មជាតិ​ ​បែប​ហ្វេ​ហ្សិ​ន​ ​និង​ផាត់​ឲ្យ​សមតា​ម​វ័យ​ជាដើម​»​។​ ​ជាក់ស្តែង​ ​រយៈពេល​ប្រមាណ​ ​២​ ​ឆ្នាំ​ដែល​បញ្ញា​ក្លាយ​ជា​អ្នក​ផាត់​មុខ​អាជីព​មួយ​រូប​ក្នុង​ស្ទូឌីយោ​ថតរូប​នោះ​។

          ចាប់ពី​ឆ្នាំ​២​០​១​៦​ ​មកដល់​បច្ចុប្បន្ន​ ​បញ្ញា​ទទួល​បាន​នូវ​បទពិសោធន៍​ការងារ​ជាច្រើន​ ​មិនថា​បទពិសោធន៍​ផាត់​មុខ​តុបតែង​សក់​សម្រាប់​ការ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​ថត​ខ្សែភាពយន្ត​ ​ថត​វីដេអូ​ចម្រៀង​ ​ផាត់​មុខ​ម៉ូឌែ​ល​ដើរ​បង្ហាញ​ម៉ូដ​ ​ផាត់​មុខ​ក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញា​ឯក​ខ្នាត​អន្ដរជាតិ​ ​និង​ផាត់​កូនក្រមុំ​ ​ពិសេស​ ​កា​រផាត់​មុខ​សម្រាប់​តារា​សិល្បៈ​ល្បី​ៗ​ ​ដើម្បី​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ជាដើម​។​ ​លើស​ពីនេះទៅ​ទៀត​ ​បញ្ញា​ ​ក៏បាន​ចូលរួម​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ ​ជាមួយ​អា​ស៊ាន​១​១​ប្រទេស​ក្នុង​កម្មវិធី​ប្រឡង​ផាត់​មុខ​ ​Karma​r​t​ ​Asian​ ​Beauty​ B​log​g​e​r ​Contest​ ​នៅ​ឯ​ទីក្រុង​បាំង​កក​ ​ប្រទេស​ថៃ​ ​កាលពី​ឆ្នាំ​២​០​១​៨​ ​និង​ឆ្នាំ​២​០​១​៩​ ​ដោយ​ជាប់​ដល់​វគ្គ​ផ្ដាច់​ព​័​ត្រ​ ​Top​ 4 ​ទាំងពីរ​ឆ្នាំ​។​ ​ទោះ​មិនបានជា​ប់​ចំណាត់ថ្នាក់​លេខ​ ​១​ ​ប៉ុន្តែ​វា​បាន​ផ្ដល់​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​វិ​ស​័​យ​នេះ​ ​និង​បាន​ស្គាល់​អ្នកជំនាញ​ក្នុង​វិ​ស​័​យ​នេះ​ពី​គ្រប់​ប្រទេស​អា​ស៊ាន​ផង​ដែរ​ដើម្បី​ផ្លាស់ប្ដូរបទពិសោធន៍​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្នែក​នេះ​ឲ្យ​កាន់តែ​រីក​ចម្រើន​។​

          ​បញ្ញា​ ​មាន​ឆន្ទៈ​មុតមាំ​ ​និង​ម​ហិច្ច​តា​ខ្ពស់​ក្នុង​អាជីព​មួយ​នេះ​ ​ដោយ​ដាក់​កាយ​ដាក់ចិត្ត​ ​លះបង់​ការសិក្សា​ ​និង​ការងារ​នានា​ ​ដើម្បី​តែ​ចក្ខុវិស័យ​មួយ​គឺ​ ​«​ខ្ញុំ​ចង់​ឃើញ​ស្នាម​ញញឹម​របស់​មនុស្ស​។​ ​តាមពិត​ ​ពីតូច​ខ្ញុំ​ចង់​ធ្វើជា​ ​ដុក​ទ​័​រ​ ​ជួយសង្គ្រោះ​មនុស្ស​ ​តែ​បន្ទាប់ពី​បានឃើញ​ការងារ​របស់​ ​Make​up​ ​Artist​ ​ហើយ​ ​ទើប​ខ្ញុំ​យល់ថា​មិនមែន​មានតែ​ដុក​ទ​័​រ​ទេ​ដែល​អាច​ជួយ​មនុស្ស​ឲ្យ​ស្វែងរក​ស្នាម​ញញឹម​ឡើងវិញ​បាន​ ​Make​up​ ​Artist​ ​ក៏​អាច​ផ្ដល់​ស្នាម​ញញឹម​ឡើងវិញ​ឲ្យ​មនុស្សម្នា​បាន​ដែរ​។​ ​Make​up​ ​Artist​ ​ប្រៀបបានទៅ​នឹង​ ​T​h​e​ ​Fairy​ ​Godmother​ ​ក្នុង​រឿង​ព្រះនាង​ស៊ី​ន​ឌឺ​រ៉េ​ឡា (​Cinder​e​l​l​a​) ​ដែល​ប្រើ​វេន​មន្ត​ជប់​ឲ្យ​នាង​ក្លាយ​ជា​ស្រី​ស្អាត​មួយរំពេច​ ​ហើយ​ផ្ដល់ឲ្យ​នាង​នូវ​ស្នាម​ញញឹម​ ​និង​ភាព​ជឿជាក់​ឡើងវិញ​។​ ​ជាយថាហេតុ​ ​ដូចជា​កូនក្រមុំ​ ​គឺ​ខ្ញុំ​ចង់​បំពេញ​បំណង​របស់​គាត់​ដែល​ចង់​មាន​ភាព​ស្រស់​ស្អាត​ក្នុង​ថ្ងៃ​ពិសេស​របស់​គាត់​។​ ​ពេល​ដែល​គាត់​ឃើញ​ខ្លួន​គាត់​មាន​ភាព​ស្អាត​ឥត​ខ្ចោះ​ ​គាត់​សប្បាយចិត្ត​ខ្លាំង​ណាស់​ ​ឯខ្ញុំ​ឃើញ​ដូចនេះ​ក៏​រំភើប​រីករាយ​ផង​ដែរ​“​។​ ​ស្នាម​ញញឹម​ដែល​ចេញពី​ក្រអៅ​ដួងចិត្ត​របស់​កូនក្រមុំ​នីមួយៗ​ដែល​បញ្ញា​បាន​ផាត់​មុខ​ឲ្យ​ ​បាន​បង្ហាញ​ ​និង​បញ្ចា​ក់​ពី​ទឹក​ដៃ​ដ៏​ប៉ិនប្រសប់​ ​និង​សេចក្ដី​អំណរគុណ​ដល់​បញ្ញា​ ​ដែល​បាន​ធ្វើឲ្យ​នាង​ក្លាយ​ជា​ទេពធីតា​យ៉ាង​ប្រត្យក្ស​ ​ដោយសារ​គុណ​តម្លៃ​បែប​នេះ​ហើយ​ ​ទើប​បញ្ញា​រីករាយ​នឹង​ជ្រើស​យក​អាជីព​មួយ​នេះ​អស់ពី​កាយ​ចិត្ត​។

          ​នា​ពេល​អនាគត​ ​បញ្ញា​ ​ក៏​មានបំណង​ចង់​បង្កើត​ជា​គ្រឿង​ស​ម្អា​ង​ផ្ទាល់ខ្លួន​ ​ដែល​ប្រកបដោយ​គុណភាព​ ​តម្លៃ​សមរម្យ​ ​ហើយ​ងាយស្រួលប្រើ​ប្រាស់​សម្រាប់​មនុស្ស​គ្រប់រូប​ជា​ប្រចាំថ្ងៃ​។​ ​ដោយចង់​ឲ្យ​ប្រជាជន​យល់​ដឹង​ ​និង​មាន​ផ្នត់គំនិត​ក្នុង​កា​រផាត់​មុខ​តាម​បែប​ធម្មជាតិ​ស្រាល​ៗ​ ​បែប​សាមញ្ញ​ទូទៅ​ ​ដើម្បី​លើក​សម្រស់​ ​និង​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ឲ្យ​កាន់តែ​ប្រសើរ​។​ ​បញ្ញា​ក៏បាន​បង្ហាញ​គោលគំនិត​ថា​ ​មិនមែន​ទាល់តែ​ផាត់​មុខ​ឲ្យ​ឆើតឆាយ​ ​ទើប​ស្អាត​ទេ​ ​តែ​ផាត់​ឲ្យ​សក្ដិ​សមនឹង​ទម្រង់​មុខ​ ​ទើប​ជា​ជម្រើស​ឥត​ខ្ចោះ​។​ ​ដូចជា​កា​រផាត់​មុខ​ទៅ​ធ្វើការ​អញ្ចឹង​ ​បើ​យើង​មានផ្ទៃ​មុខ​ស្រស់​ស្អាត​ ​យើង​ក៏មាន​អារម្មណ៍​ស្រស់ស្រាយ​នឹង​ជួប​អ្នកដទៃ​ ​ហើយ​អ្នកដទៃ​ក៏មាន​អារម្មណ៍ល្អ​ក្នុង​ការ​ធ្វើការ​ជាមួយ​យើង​ដែរ​។​ ​បញ្ញា​ ​បន្ត​ថា​ ​«​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ ​ដោយ​អាច​ណែនាំ​ផលិតផល​ល្អ​ៗ​ដល់​គ្រប់គ្នា​ ​ចង់​ឃើញ​ប្រជាជន​ខ្មែរ​មាន​ភាព​ស្រស់​ស្អាត​គ្រប់គ្នា​ ​ដោយ​មិន​កេណ្ឌ​ចំណេញ​ហួសហេតុ​។​ ​ព្រោះ​ខ្ញុំ​ឃើញ​មាន​ ​Influence​r ​ថៃ​ម្នាក់​គាត់​បាន​សម្រេច​គោលដៅ​នេះ​ហើយ​ ​ដោយ​គាត់​ណែនាំ​ផលិតផល​ដែល​ល្អ​ ​ហើយ​ថោក​សមរម្យ​ទៀត​»​។​ ​ហើយ​នេះ​គ្រាន់តែ​ជាគោល​ដៅ​អនាគត​មួយ​ដែល​នៅ​វែងឆ្ងាយ​ទៀត​សម្រាប់​ ​បញ្ញា​ ​ដោយ​ជំហាន​ដំបូង​ ​បញ្ញា​ ​អាច​នឹង​ទៅ​សិក្សា​ថ្នាក់​ជំនាញ​នេះ​បន្ថែម​នៅ​ឯក្រៅ​ប្រទេស​ ​ដើម្បី​ជា​គ្រឹះ​ក្នុង​ការ​ឈាន​ទៅកាន់​គម្រោង​ដែល​បាន​ព្រាងទុក​នេះ​។​ ​«​វា​ជា​ក្ដី​ស្រមៃ​បន្ទាប់​របស់​ខ្ញុំ​ ​បន្ទាប់ពី​បាន​សម្រេច​បំណង​ប្រាថ្នា​ដំបូង​របស់​ខ្ញុំ​ ​ដែល​ខ្ញុំ​រមែង​គិតថា​វា​នឹង​អាច​នៅ​ពេល​យូរ​ទៀត​ ​ប៉ុន្តែ​ជាក់ស្ដែង​ ​វា​បែរជា​បាន​សម្រេច​រួចហើយ​ឥឡូវនេះ​។​ ​ដោយ​ខ្ញុំ​មាន​ម​ហិច្ច​តា​ថា​ចង់​ក្លាយ​ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​ជីវិត​របស់​គេ​ ​ដូចជា​ថា​ពេល​គេ​រៀបអាពាហ៍ពិពាហ៍​ ​គេ​ថត​ស្ព​ត​ ​គេ​មាន​កម្មវិធី​អី​មួយ​ ​គេ​ខ្វះ​យើង​មិនបាន​ ​គឺ​ខ្ញុំ​អស់ចិត្ត​ហើយ​។​ ​ដល់​មួយ​រយៈ​ចុងក្រោយ​នេះ​ ​មាន​កូនក្រមុំ​ប៉ុន្មាន​នាក់​ហើយដែល​ខ​ល​ ​និង​ឆាត​មក​ខ្ញុំ​ផ្ទាល់​ថា​ ​បើ​ខ្ញុំ​ទំនេរ​ថ្ងៃ​ណា​ ​គាត់​ការ​ថ្ងៃ​ហ្នឹង​។​ ​ដល់​ថ្នាក់​គាត់​ដេញ​ពេលា​កា​រហើយ​ ​ខ្ញុំ​អត់​ទំនេរ​ ​គាត់​មក​សុំ​កាលវិភាគ​ការងារ​ខ្ញុំ​វិញ​ ​ដើម្បី​បាន​ខ្ញុំ​ទៅ​ផាត់​ឲ្យ​។​ ​នេះ​វា​ជា​រឿង​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ​សោះ​ ​តែ​សម្រាប់​ខ្ញុំ​វា​ពិតជា​រំភើប​មែនទែន​ពេល​ដែល​ឮ​អញ្ចឹង​ ​ខ្ញុំ​ឡើង​យំ​តែម្ដង​។​ ​ដំបូង​ឡើយ​ ​ខ្ញុំ​មិន​នឹកស្មាន​ថា​មាន​អាច​មានគុណ​តម្លៃ​បែប​ហ្នឹង​ឡើយ​ ​ខ្ញុំ​គិតជា​អ្វី​ដែល​ខ្ញុំ​គិត​ហ្នឹង​វា​ប្រហែលជា​មិន​អាច​កើតឡើង​ទេ​ ​ទោះ​អាច​ក៏​វា​មិន​ងាយ​ដែរ​ ​ហើយ​ប្រហែល​នៅយូរ​ទៀត​ឯណោះ​»​ ​បញ្ញា​ ​បង្ហាញ​យ៉ាង​មុតមាំ​។​

          ​ជាចុងក្រោយ​ ​បញ្ញា​ ​ក៏បាន​ផ្ដែផ្ដាំ​ទៅដល់​យុវវ័យ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​អត់ធ្មត់​ ​កុំ​ឆេវឆាវ​ ​កុំ​ងាយ​បាក់ទឹកចិត្ត​ ​ត្រូវ​ចេះ​តស៊ូ​ជំនះ​ ​និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​។​ ពិ​សេ​សត្រូវ​ផ្ដល់​កំលាំង​ចិត្ត​ឲ្យ​ខ្លួនឯង​ជានិច្ច​ ​ដែល​ជា​កត្តា​ចំបង​ក្នុង​ការ​ជំនះ​រាល់​ឧបសគ្គ​ ​ដែល​នេះ​ជា​គន្លឹះ​អាចឲ្យ​បញ្ញា​ប្រឹងប្រែង​មកដល់​ដំណាក់កាល​នេះ​។​​មួយវិញទៀត​ ​កុំ​រើសអើង​មនុស្ស​ជុំវិញ​ខ្លួន​ ​ត្រូវ​ចេះ​រាប់អាន​ដោយ​ចិត្តស្មោះ​ ​គង់មានថ្ងៃណាមួយ​ ​គេ​នឹង​អាច​ផ្ដល់​ប្រយោជន៍អ្វី​មួយ​មកវិញ​ក្នុង​រូបភាព​ណាមួយ​ជាមិនខាន​ ​ទោះ​តិច​ឬ​ច្រើន​ក្ដី​ ​ហើយ​សាមគ្គីភាព​នឹងជា​កំលាំង​ច​លក​រ​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ​៕​

Article by​ ​L​E​N​G​ C​H​AN​R​EASE​Y


SUGGESTIONS