រូបមន្តទឹកសុខភាព៦មុខ ពង្រឹងប្រព័ន្ធការពារ បញ្ចុះជាតិពុល និងបន្ថែមថាមពល
TRAVEL & LIVING 4 years agoសារធាតុចិញ្ចឹមនិងវីតាមីនចម្រុះមុខមានផ្ទុកយ៉ាងច្រើននៅក្នុងបន្លែផ្លែឈើដែលយើងបរិភោគប្រចាំថ្ងៃ ហើយធនធានទាំងនេះទៀតសោតមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរាងកាយក៏ដូចជាសម្រស់ផងដែរ។ តាមការលើកឡើងរបស់អ្នកស្រាវជ្រាវជាទូទៅក្នុងមួយថ្ងៃរាងកាយរបស់យើងតម្រូវទទួលយកបន្លែផ្លែឈើពី៥ទៅ១៣មុខ ខណៈដែលបន្លែផ្លែឈើត្រឹមតែ៥ទៅ៦មុខអាចចម្អែតក្រពះលើសលុបណាស់ទៅហើយ។ ការគាបឬកិនទឹកផ្លែឈើគឺជាវិធីដ៏ងាយស្រួលដែលយើងអាចប្រមែប្រមូលអាហាររូបត្ថម្ភនៅក្នុងបន្លែផ្លែឈើទាំងប៉ុន្មានមកបង្គ្រប់តាមតម្រូវការរាងកាយប្រចាំថ្ងៃ។ ដូច្នេះថ្ងៃនេះដែរដើម្បីពាំនាំចំណេះដឹងទាក់ទិននឹងសុខភាព សូវរីនសូមលើកយកនូវរូបមន្តធ្វើទឹកបន្លែផ្លែឈើងាយៗចំនួន៦មុខដែលស្ថិតក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធការពារ បញ្ចុះជាតិពុល និងបន្ថែមថាមពល។
1. រូបមន្តពង្រឹងប្រព័ន្ធការពារ
គ្រឿងផ្សំ៖
- ការ៉ុតតូច ៤មើម
- ក្រូច ១ផ្លែ (ក្រូចពោធិ៍សាត់ឬក្រូចលឿង)
- ក្រូចឆ្មារ ឬ ក្រូច Lemon មួយចំហៀង
- ខ្ញី១ដុំ
វិធីធ្វើ៖
យកការ៉ុតនិងខ្ញីលាងទឹកឲ្យស្អាតហើយដាក់ក្នុងម៉ាស៊ីនក្រឡុកដោយបន្ថែមច្របាច់ក្រូចឆ្មារនិងក្រូចពោធិ៍សាត់ចូលរួចកិនឲ្យម៉ដ្ត។ អ្នកអាចចាក់ត្រងយកតែទឹកឬផឹកទាំងកាកដែលវានឹងបន្ថែមជាតិហ្វៃប័រជំនួយដល់ការរំលាយអាហារកាន់តែប្រសើរ។
អត្ថប្រយោជន៍៖
ទឹកផ្លែឈើនេះអ្នកអាចធ្វើបរិភោគប្រចាំថ្ងៃដែលវានឹងជួយពង្រឹងប្រព័ន្ធការពារ ប្រឆាំងវីរុស ដែលសំខាន់ស័ក្តិសមបំផុតសម្រាប់អ្នកឧស្សាហ៍ចាញ់អាកាសធាតុ ឬធ្វើការនៅក្នុងការិយាល័យដែលឡោមព័ទ្ធទៅដោយផ្សែងពុលនិងភាពកខ្វក់។ សារធាតុប្រឆាំងការហើមរលាក និងសារធាតុសម្លាប់មេរោគពីធម្មជាតិរបស់ខ្ញី អាចជួយកម្ចាត់មេរោគនានាដែលបង្កឲ្យកើតជំងឺ ចំណែកវីតាមីន A,B,C និងD ដែលមាននៅក្នុងការ៉ុតនិងក្រូចជួយពង្រឹងរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគបានយ៉ាងល្អ។
2. រូបមន្តបញ្ចុះជាតិពុល
គ្រឿងផ្សំ៖
- ការ៉ុត ២មើម
- ប៉ោម ២ផ្លែ
- ខ្ញីហាន់ ២ស្លាបព្រាបាយ
វិធីធ្វើ៖
យើងគ្រាន់តែយកគ្រឿងផ្សំទាំងប៉ុន្មានកិនចូលគ្នាឲ្យម៉ដ្តជាការស្រេច។ អាចត្រងយកតែទឹកឬផឹកទាំងកាក។
អត្ថប្រយោជន៍៖
ក្រោយកម្មវិធីជប់លៀង ហូបអាហារប៊ូហ្វេ ឬហូបអាហារច្រើនក្នុងពេលតែមួយ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហើមពោះ មិនបត់ជើងធំ ហើយអាហារក៏មិនរំលាយ នេះក៏ដោយសារ ជាតិខ្លាញ់ ជាតិប្រៃ និងជាតិស្ករច្រើនដែលមាននៅក្នុងអាហារដែលបានបរិភោគ។ ដូច្នេះការទទួលទានភេសជ្ជៈបញ្ចុះជាតិពុលនេះគឺជាដំណោះស្រាយដ៏ល្អមួយ។ ជាតិជូរជាតិអាស៊ីតនៃផ្លែប៉ោមនិងការ៉ុតនឹងចូលទៅរក្សាតុល្យភាពជាតិលើសទាំងប៉ុន្មានឡើងវិញ រីឯខ្ញីធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការឡើងវិញផងដែរ។
3. រូបមន្តបន្ថែមជាតិទឹក
គ្រឿងផ្សំ៖
- ត្រសក់ មួយចំហៀងផ្លែ
- សាលាដហាន់ ២ពែង
- ដើមឃិនឆាយចិន ២មែក
- ប៉ោម ២ផ្លែ
- ក្រូចលឿងឬក្រូចពោធិ៍សាត់ ១ផ្លែ
វិធីធ្វើ៖
យកត្រសក់ សាលាដ ផ្លែប៉ោម និងឃិនឆាយចិនកិនចូលគ្នាឲ្យម៉ដ្តបន្ទាប់មកច្របាច់ទឹកក្រូចដាក់ចូលជាការស្រេច។ អាចត្រងយកតែទឹកឬផឹកទាំងកាកដែលនឹងបន្ថែមជាតិហ្វៃប័រជំនួយការរំលាយអាហារ។
អត្ថប្រយោជន៍៖
នៅពេលស្ថិតនៅក្រោមកម្តៅថ្ងៃច្រើន និងធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ រាងកាយរបស់អ្នកនឹងចាប់ផ្តើមបាត់បង់ជាតិទឹក ហើយការទទួលទានភេសជ្ជៈនេះនឹងផ្តល់ជាតិទឹកមកវិញឆាប់រហ័សដោយសារតែ សាលាដ ត្រសក់ និងឃិនឆាយចិនសុទ្ធសឹងជាបន្លែផ្ទុកទៅដោយជាតិទឹករហូតដល់៩៦ភាគរយឯណោះ។
4. រូបមន្តជំនួយក្រោយពេលហាត់ប្រាណ
គ្រឿងផ្សំ៖
- ប៉េងប៉ោះ ២ផ្លែ
- ស្ពៃ Spinach (ស្ពៃអេពីណា)
- ក្រូចឆ្មារ ១ផ្លែ
- ជីរវ៉ាន់ស៊ុយ ៤ដើម
វិធីធ្វើ៖
យកប៉េងប៉ោះ ស្ពៃអេពីណា និងជីរវ៉ាន់ស៊ុយកិនចូលគ្នាឲ្យម៉ដ្តរួចបន្ថែមច្របាច់ទឹកក្រូចឆ្មារចូលជាការស្រេច។ អ្នកអាចបរិភោគទាំងកាកឬត្រងយកតែទឹកក៏បាន។
អត្ថប្រយោជន៍៖
អ្នកហាត់ប្រាណចង់បានរាងស្លីមឆាប់រហ័សអាចធ្វើភេសជ្ជៈនេះទទួលទាននៅក្រោយពេលហាត់ប្រាណ។ ភេសជ្ជៈនេះផ្ទុកទៅដោយប្រូតេអ៊ីនខ្ពស់ជួយបំពេញថាមពលរាងកាយនិងជួយឲ្យរាងកាយប្រសើរឡើងវិញឆាប់រហ័ស។ ស្ពៃអេពីណាផ្ទុកទៅដោយជាតិដែកដែលជួយរក្សាថាមពល ខណៈដែលសារធាតុចិញ្ចឹមនៅក្នុងប៉េងប៉ោះជួយជំរុញរាងកាយឲ្យស្រូបយកជាតិដែក និងធ្វើឲ្យស្បែកភ្លឺថ្លាផងដែរ។
5. រូបមន្តបង្កើនថាមពល
គ្រឿងផ្សំ៖
- ដំឡូងឈាមមាន់ ២មើម
- ការ៉ុត ២មើម
- ក្រូចលឿងឬក្រូចពោធិ៍សាត់ ១ផ្លែ
- ខ្ញី ១ដុំ
វិធីធ្វើ៖
យកដំឡូងឈាមមាន់ ការ៉ុត និងខ្ញី កិនចូលគ្នាឲ្យម៉ដ្ត បន្ទាប់មកចាក់ត្រងយកតែទឹកហើយបន្ថែមច្របាច់ក្រូចពោធិ៍សាត់ឬក្រូចលឿងចូលជាការស្រេច។
អត្ថប្រយោជន៍៖
នេះគឺជាភេសជ្ជៈផ្តល់ថាមពលដល់រាងកាយខ្ពស់និងរយៈពេលវែង ក៏ព្រោះដំឡូងឈាមមាន់ផ្ទុកទៅដោយសារធាតុ beta-carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មបំប្លែងទៅជាវីតាមីនA ចំណែកការ៉ុត និងក្រូចក៏ផ្ទុកយ៉ាងច្រើនទៅដោយវីតាមីន C ផងដែរ។ លើសពីនេះខ្ញីក៏ជាប្រភពផ្តល់ថាមពលព្រមជាមួយក្លិនដ៏ប្រហើររបស់វា។
6. រូបមន្តអាហារសម្រន់
គ្រឿងផ្សំ៖
- បន្លែបៃតង៖ អាចជ្រើសរើសបន្លែណាមួយដូចជា ស្ពៃ Spinach (ស្ពៃអេពីណា) សាលាដ ត្រសក់ ខាត់ណាចិន ឬផ្កាខាត់ណាខៀវ
- ទឹក៖ អាចជ្រើសរើសទឹកណាមួយដូចជា ទឹកដូង ទឹកក្រូចស្រស់ តែបៃតង ឬទឹកឆ្អិនធម្មតា
- ផ្លែឈើ៖ អាចជ្រើសរើសផ្លែឈើណាមួយដូចជា ចេក ល្ហុង សារី ម្នាស់ ឬផ្លែប៉ោម
វិធីធ្វើ៖
ជ្រើសរើសបន្លែណាមួយខាងលើបរិមាណប្រមាណ៣ពែង (កាត់ដុំៗ) និងប្រភេទទឹកចំនួន២ពែង រីឯផ្លែឈើ១ពែង។ ដាក់កិនគ្រឿងផ្សំទាំងប៉ុន្មានចូលគ្នាឲ្យក្លាយជាល្បាយតែមួយជាការស្រេច។
អត្ថប្រយោជន៍៖
ភេសជ្ជៈប្រភេទនេះអាចទទួលទានជំនួសអាហារ ឬជាអាហារសម្រន់ចម្អែតក្រពះបានរយៈពេលយូរផងដែរ។
បន្លែផ្លែឈើសុទ្ធសឹងជាអាហារផ្ទុកទៅដោយសារធាតុចិញ្ចឹម និងវីតាមីន ដែលយើងគប្បីទទួលទានជាប្រចាំថ្ងៃដើម្បីទទួលបានទាំងអត្ថប្រយោជន៍ចំពោះសុខភាពនិងសម្រស់។ អ្នកអាចបរិភោគបន្លែផ្លែឈើផ្ទាល់ក៏បាន ឬបើគិតថាទំហំវាធំពេកហើយបរិមាណច្រើនអាចធ្វើការកិនឬគាបយកទឹកផឹកដូចរូបមន្តដែលសូវរីនបានលើកឡើងខាងលើដែលមិនត្រឹមតែក្លាយជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយផងដែរ។ ក្រៅពីធ្វើភេសជ្ជៈទាំងនេះសម្រាប់ទទួលទានបន្ថែមបន្ទាប់ពីអាហារប្រចាំថ្ងៃហើយនោះ អ្នកក៏គួរអនុវត្តទន្ទឹមគ្នានឹងការធ្វើលំហាត់ប្រាណជាប្រចាំ ជ្រើសរើសរបបអាហារដែលមានសុខភាពល្អ បរិភោគទឹកឲ្យបានច្រើន សម្រាកឲ្យបានគ្រប់គ្រាន់ និងតែងតែអនាម័យជាប់ជានិច្ចផងដែរ៕
Article by HEM SOKKHIM