×

វិធី​​សា​ស្រ្ត​​សំអាត​​ស្លាបព្រា​​សម​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​

TRAVEL & LIVING 3 months ago
 
 

​​          ការងារ​ដុសលាង​សំអាត​ជា​ការងារ​ផ្ទះ​ដែល​ស្រ្តី​មេផ្ទះ​ទូទៅ​ជួបប្រទះ​ជាប្រចាំ​មិន​អាច​ខាន​បាន​ឡើយ​ ​ប៉ុន្តែ​វា​អាច​ក្លាយទៅជា​បញ្ហា​ប្រឈម​មួយ​ដែរ​ប្រសិនបើ​ស្រ្តី​មេផ្ទះ​មិនសូវ​មាន​បទពិសោធន៍​ ​ឬ​ ​តិកនិក​សម្រាប់​អនុវត្ត​ផ្ទាល់​ដើម្បីឲ្យ​កាន់តែ​ចំណេញពេលវេលា​ ​និង​ ​កាត់បន្ថយ​កម្លាំង​ថាមពល​។​ ​សម្រាប់​លេខ​នេះ​ ​សូវ​រី​ន​សូម​បង្ហាញ​អាថ៌កំបាំង​វិធី​សា​ស្រ្ត​ងាយ​ៗ​សម្រាប់​សុភាព​នារី​មេផ្ទះ​ទាំងឡាយ​ដែល​ធ្លាប់​ជួបប្រទះ​នឹង​បញ្ហា​លាង​សំអាត​សម​ស្លាបព្រា​មិនសូវ​បាន​ស្អាត​ដូច​ការ​រំពឹង​ទុក​នៅ​ពេល​កន្លងមក​។​

          ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​បរទេស​មួយ​ឈ្មោះថា​ ​គ្លី​នី​ភី​ឌៀ (​w​w​w​.​clean​i​p​e​d​i​a​.​co​m​) ​ជាទូទៅ​គ្រឿង​ស្លាបព្រា​ដែល​ធ្វើអំពី​ជាតិ​លោហៈ​ពពួក​ដែក​អ៊ី​ណុ​ក​គឺ​មិន​ងាយ​ជាប់​ស្នាម​ប្រឡាក់​នោះ​ទេ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​វា​មិន​ធន់​នឹង​ស្នាម​ម្រាមដៃ​របស់​អ្នកប្រើប្រាស់​ឡើយ​។​ ​ដើម្បី​បំបាត់​ស្លាកស្នាម​ប្រភេទ​នេះ​នៅ​លើ​ ​សម្ភារ​ស្លាបព្រា​សម​អ៊ី​ណុ​ក​ ​ជាដំបូង​លោកអ្នក​ត្រូវ​សំអាត​វា​ដោយ​ប្រើ​ទឹកក្តៅ​លាយ​នឹង​ទឹក​សាប៊ូ​លាងចាន​ ​ហើយ​ត្រូវ​ចាំ​ថាត្រូវ​ក​ម្ចាត់​អាហារ​ដែល​នៅ​សេសសល់​ជាប់នឹង​ស្លាបព្រា​សម​ឲ្យ​រហ័ស​តាមដែល​អាច​ធ្វើ​បាន​ ​ចៀសវាង​ការ​ផ្អាប់ទុក​យូរ​ ​ព្រោះ​ជាតិ​អំបិល​ ​និង​ ​អាស៊ី​ត​នៃ​អាហារ​ទាំងនោះ​ជា​មូលហេតុ​បង្ក​ឲ្យ​ជាតិ​អ៊ី​ណុ​ក​ងាយ​ខូចខាត​។​ ​បន្ទាប់មក​ ​លោកអ្នក​ត្រូវ​ជូត​ស​ម្ងួ​ត​ដោយ​ប្រើប្រាស់​ប្រភេទ​ក្រណាត់​ស្អាត​ដែល​ទន់​មិន​ធ្វើឲ្យ​ ​ស្លាបព្រា​សម​មានស្នាម​ឆ្កូត​ ​និង​ ​មិន​ជាប់​ស្នាម​ទឹក​។​ ​កាលណា​លោកអ្នក​កាន់តែ​ស​ម្ងួ​ត​វា​កាន់តែ​ឆាប់​នោះ​កាន់តែ​ល្អ​ដោយហេតុថា​នៅពេលដែល​ទុកចោល​ហាលខ្យល់​យូរ​នោះ​នោះ​វា​នឹង​កាន់​ស្នាម​នៅ​ពេល​ស្ងួត​។

          ​ក្រៅពី​ការ​លាង​សំអាត​ដោយ​ប្រើ​ទឹកក្តៅ​និង​ទឹក​សាប៊ូ​ ​លោកអ្នក​ក៏​អាច​ប្រើប្រាស់​វត្ថុធាតុដើម​បែប​ធម្មជាតិ​ក្នុង​ការ​សំអាត​ជំនួស​វិញ​ក៏បាន​ដែរ​ ​តួយ៉ាង​ ​ទឹកខ្មេះ​ ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ ​ទឹក​ក្រូចឆ្មារ​ ​ប្រេង​អូ​លីវ​ ​និង​ ​ទឹកសូដា​ ​ជាដើម​ ​ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​ពិសេស​ក្នុង​កា​រលុប​បំបាត់ស្នាម​ប្រ​លាក់​រហូត​លោកអ្នក​នឹកស្មាន​មិនដល់​។​ ​ដើម្បី​លាង​សំអាត​សម​ស្លាបព្រា​ជាមួយនឹង​ទឹកខ្មេះ​ ​ឬ​ ​ទឹកខ្មេះ​ប៉ោម​ ​លោកអ្នក​ត្រូវ​ដុសលាង​ជា​ចលនា​រង្វង់​ជាមួយនឹង​ក្រណាត់​ទន់​សើម​លាយ​នឹង​ទឹកខ្មេះ​ប៉ោម​បន្តិច​ ​ឬ​ទឹកខ្មេះ​ប៉ុន្តែ​មិនមែន​ទឹកខ្មេះ​សម្រាប់​ច​ម្អិ​ន​អាហារ​ធម្មតា​នោះ​ទេ​ ​គឺ​ទឹកខ្មេះ​សុទ្ធ​ដែល​មាន​ជាតិ​អាស៊ី​ត​ខ្លាំង​ក្នុង​ការ​លាង​ជម្រះ​ស​ម្ភារៈ​។​ ​ដោយឡែក​ប្រសិនបើ​អ្នក​ជ្រើសរើស​ប្រើ​ទឹកសូដា​ជំនួស​វិញ​នោះ​ ​លោកអ្នក​ត្រូវ​លាង​ជម្រះ​ហើយ​ប្រើ​ក្រណាត់​ស្ងួត​ក្នុង​ការ​ជូតសំអាត​ភ្លាម​ៗ​បន្ទាប់ពី​លាង​រួច​។​ ​ចំណែក​ប្រេង​អូ​លីវ​ ​ឬ​ ​ទឹក​ក្រូចឆ្មារ​វិញ​ ​គឺ​ត្រូវធ្វើ​ឡើង​ជាមួយនឹង​ក្រណាត់​ជូត​ទន់​ស្ងួត​ ​និង​ ​ប្រើ​ដៃ​ដុស​សំអាត​ថ្ម​ម​ៗ​នៅត្រង់​ចំណុច​ដែល​មានស្នាម​ប្រឡាក់​ជាការស្រេច​៕​

​Article by SRINSOKMEAN


SUGGESTIONS