×

​ជីវិត​ត្រដាបត្រដួស​របស់​អ្នក​ច្នៃ​ម៉ូដ​ ​ម៉ែន​ ​សីហា​ ​នៅ​ពីក្រោយ​ស្លាកយីហោ​ដ៏​ល្បី​ ​Queen​ ​Victor​i​a​

NEWS a month ago
 
 

           ​ស្រប​ជាមួយ​សក្តានុពល​ធនធាន​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​ន​កាន់តែ​មានសន្ទុះ​ ​អ្នក​ច្នៃ​ម៉ូដ​ឯករាជ្យ​ជាច្រើន​បាន​បង្កើត​ស្លាកយីហោ​ផ្ទាល់ខ្លួន​ព្រម​ជាមួយ​ការ​រំលេច​ខូឡិ​ក​ហ្សិ​ន​ថ្មីៗ​មិន​សំចៃ​ដៃ​ ​លាយឡំ​រស​និយម​សិល្បៈ​ច្រើន​បែប​ដែល​បាន​ផ្លាស់ប្តូរ​គំនិត​អ្នក​ធ្លាប់តែ​ស្នេហា​ស្លាកយីហោ​បរទេស​ឲ្យ​ងាក​មក​ទោរទន់​នឹង​ទំនោរ​ច្នៃ​ម៉ូដ​ជាតិសាសន៍​របស់​ខ្លួន​វិញ​។​ ​តួយ៉ាងដូចជា​ ​Queen​ ​Victor​i​a​ ​ដែល​ជា​ស្លាកយីហោ​កំពុង​លេចធ្លោ​បង្កើត​ឡើង​ដោយ​កូនខ្មែរ​មួយ​រូប​ ​ថ្វីត្បិត​ទើប​តែ​លេច​មុខមាត់​ប្រមាណ​បួន​ឆ្នាំ​នៅ​លើ​ថ្នាល​ហ្វេ​ហ្សិ​ន​ ​ប៉ុន្តែ​សន្ទុះ​គាំទ្រ​ហាក់​បោះពួយ​ស្ទុះ​លឿនលយ​ទៅមុខ​ជាលំដាប់​ដោយ​ច្បាម​ប្រជាប្រិយភាព​តាមរយៈ​ការ​បង្កើត​ខូឡិ​ក​ហ្សិ​ន​ប្លែកៗ​ ​ពិសេស​មាន​ទី​ផ្សារ​ត្រូវចិត្ត​ពីសំណាក់​បុគ្គល​ល្បី​ៗ​ ​អ្នក​ហ្វេ​ហ្សិ​ន​និយម​ ​ក៏ដូចជា​តារា​ចម្រៀង​ ​និង​សម្តែង​ជួរមុខ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ផង​ដែរ​។​ ​ចុះ​តើ​ម្ចាស់​ស្លាកយីហោ​នេះ​ជា​នរណា​? ​ហើយ​តើ​កត្តា​អ្វីខ្លះ​ដែល​ជា​ថាមពល​ជំរុញ​ឲ្យ​ស្លាកយីហោ​ក៏ដូចជា​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​ស្លាកយីហោ​នេះ​ទទួលស្គាល់​មកដល់​បច្ចុប្បន្ន​?​។​

           ​​បុរស​ម្នាក់​លេង​ស្ទី​ល​សក់​ត្រងោល​កោរ​ឆ្នូត​បំពាក់​វ៉ែនតា​ត្រី​កោន​ខ្មៅ​បែប​ហ្វេ​ហ្សិ​ន​ក្នុង​ឈុត​ស​ម្លៀ​ក​បំពាក់ពណ៌​ស​លម្អ​ម៉ូដ​បញ្ឆិត​ចំហៀង​រំលេច​រោម​រំភាយ​រំភើយ​ដែល​ជា​ឈុត​ខូឡិ​ក​ហ្សិ​ន​ឈ្មោះថា​ ​«​ព្រះចន្ទ​មួយ​ចំណិត​»​ ​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដជា​បាន​ស្គាល់​តាមរយៈ​ការ​ចែករំលែក​លើ​បណ្តាញ​សង្គម​យ៉ាង​ផុស​ភុល​នា​ពេល​កន្លងមក​នោះ​គឺ​លោក​ ​ម៉ែន​ ​សីហា​ ​ឬ​មាន​រហស្សនាម​ O​l​i​v​a​ Kon​g​ ​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ ​ជា​គ្រូបង្រៀន​ដើរ​ម៉ូដ​ ​និង​ជា​ស្ថាបនិក​ស្លាកយីហោ​ ​Queen​ ​Victor​i​a​ ​នេះឯង​។​ ​មិន​ត្រឹមតែ​ឈុត​ព្រះចន្ទ​មួយ​ចំណិត​ដែល​ធ្វើឲ្យ​លោ​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​ប៉ុណ្ណោះ​ទេ​ ​កន្លងមក​ឈុត​ពិសេស​ៗ​ជាច្រើន​ទៀត​ដូចជា​ ​ឈុត​រាជិនី​មេអំបៅ​ ​រាជិនី​ឥន្ទ្រី​ ​រាជិនី​ផ្កា​ ​រាជិនី​ក្ងោក​ ​រាជិនី​ឃ្មុំផ្លិត​ ​ឈុត​អាវ​ផ្កា​ចម្រុះ​ ​ឈុត​ស្តេច​តោ​ ​ឈុត​សម័យ​និមិត្ម(​ល្ខោនខោល​) ​ឈុត​ត្រី​នាគ​ ​និង​ឈុត​ភព​ជាដើម​សុទ្ធតែ​បង្កើត​ភាព​ប្លែកភ្នែក​ក៏ដូចជា​នាំ​យក​សមិទ្ធផល​ថ្មី​ប្លែក​មក​អ​ង្រួ​ង​វិ​ស័​យ​ហ្វេ​ហ្សិ​ន​ឲ្យ​កក្រើក​ផង​ដែរ​។​ ​ចាប់ពី​ឆ្នាំ​ ​២​០​១​៧​មក​បើ​សរុប​ស្នាដៃ​ច្នៃ​ម៉ូដ​មកដល់​បច្ចុប្បន្ន​លោក​បាន​បង្កើត​សមិទ្ធផល​ចំនួន​៧​ខូឡិ​ក​ហ្សិ​ន​និង​ប្រមាណ​ជាង​១​០​០​ឈុត​ ​នេះ​បើ​មិន​រាប់បញ្ចូល​ការ​ច្នៃ​ម៉ូដ​សម្រាប់​បង្ហាញ​ក្នុង​កម្មវិធី​ផ្សេងៗ​ផង​នោះ​។​ ​ជាមួយនឹង​ផ្នត់គំនិត​ក្នុង​ការ​បង្កើត​ឈុត​ ​អ្នក​ច្នៃ​ម៉ូដ​វ័យ​៣​១​ឆ្នាំ​រូប​នេះ​បាន​លើកឡើង​ថា​ “​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​គឺជា​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ ​សំខាន់​ថា​តើ​យើង​ចង់​ដកស្រង់​ពី​អ្វី​ ​ដូចជា​រូប​ខ្ញុំ​ផ្ទាល់​ខ្ញុំ​តែង​បង្កើត​ឈុត​ដោយ​ដកស្រង់​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​មិនថា​ពី​ធម្មជាតិ​ ​វត្ថុធាតុ​ ​ឬ​វប្បធម៌​សាសនា​ឡើយ​ ​ឧទាហរណ៍​ជាក់ស្តែង​កន្លងមក​ខ្ញុំ​បាន​ច្បិច​ការ​ឌី​ហ្សា​ញ​បង្ហាញ​ពី​ការ​អភិ​រក្ស​ទៅលើ​ល្ខោនខោល​មាន​បញ្ចូល​ក្បូរ​ក្បាច់​បុរាណ​និង​រូប​តំណាង​ឆ្លុះ​លើ​សាច់ក្រណាត់​ ​រីឯ​ខូឡិ​ក​ហ្សិ​ន​ផ្សេងទៀត​ក៏បាន​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ​ដោយមាន​រំលេច​រោមសត្វ​ ​និង​ផ្កា​ចម្រុះ​មុខ​ ​និយាយ​ឲ្យ​ចំរាល់​ឈុត​ទាំងអស់​សុទ្ធតែ​មាន​អត្ថន័យ​រៀងៗខ្លួន​”​។​

           ​​មាន​ទំនោរ​ច្នៃ​ម៉ូដ​ផ្ទុយ​ស្រឡះ​ពី​អ្នក​ច្នៃ​ម៉ូដ​ដទៃ​ដែល​ភាគច្រើន​ចូលចិត្ត​គូរ​គំរូ​រូប​លម្អិត​ឥត​ខ្ចោះ​រួច​ទើប​ធ្វើ​ម៉ូដ​តាម​ក្រោយ​ ​ដោយឡែក​សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ ​ម៉ែន​ ​សីហា​ ​បែរជា​ចាប់ផ្តើម​ពី​ការ​ស្រមើ​ស​ម្រៃ ​និង​មាន​ធនធាន​សព្វគ្រប់​ទុកមុន​សិន​ទើប​ចាប់ផ្តើម​គូរ​គំរូ​ម៉ូដ​ ​និង​ច្នៃ​ម៉ូដ​តាម​ក្រោយ​។​ “ ​ភាគច្រើន​គេ​ចូលចិត្ត​គូររូប​ម៉ូដ​លម្អិត​ខ្លាំង​មើលទៅ​អស្ចារ្យ​ប៉ុន្តែ​ធាតុ​ពិត​ពេលខ្លះ​ធ្វើ​ទៅ​មិន​ដូច​ទាំងស្រុង​ឡើយ​ ​ចំណែកខ្ញុំ​វិញ​ធ្វើ​ទៅតាម​ធនធាន​ដែល​មាន​ ​លាយឡំ​ការស្រមើស្រមៃ​រួច​ទើប​គូររូប​និង​ច្នៃ​ម៉ូដ​តែម្តង​”​។​ ​លើស​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​រាល់​ស​ម្លៀ​ក​បំពាក់​ធ្វើឡើង​មក​គឺ​លោក​ផ្តោត​ទៅលើ​៣​ចំណុច​សំខាន់​ ​ទី​១​ ​ត្រូវ​ស្រស់​ស្អាត​ទាំង​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​ ​ទី​២​ ​ក្បាច់​ប៉ាក់ឌិន​លម្អិត​ហ្មត់ចត់​បំផុត​ ​និង​ទី​៣​កា​រលាយ​ពណ៌​មើលទៅ​ប្រណីត​ថ្លៃថ្នូរ​និង​ខ្ពង់ខ្ពស់​។​ ​ចំណែក​ធនធាន​សម្រាប់​ការ​ច្នៃ​ម៉ូដ​លោក​រមែង​ជ្រើសរើស​សាច់ក្រណាត់​ម៉ាក​ប្រភព​ដើម​ ​និង​គ្រឿង​តុបតែង​គុណភាព​ខ្ពស់​។​ ​ទាំងនេះ​ហើយ​ជាហេតុ​ដែល​ធ្វើឲ្យ​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ល្បីល្បាញ​ស្នាដៃ​ក្នុងរយៈពេល​ដ៏​ខ្លី​ ​និង​ទទួល​បានការ​គាំទ្រ​មាន​ទី​ផ្សារ​បង្ហាញមុខ​ស្ទើរគ្រប់​កម្មវិធី​ ​និង​ត្រូវប៉ាន់​ពី​ភ្ញៀវ​លំដាប់​ខ្ពស់​រួម​ទាំង​តារា​ចម្រៀង​ល្បី​ៗ​ដូចជា​កញ្ញា​មាស​ ​សុខ​សោភា​ ​និង​កញ្ញា​ អេ​ដា​ជាដើម​។​

           ​​ស្លេះ​ការងារ​បន្តិចមក​ជ​ជីកសួរ​អំពី​ស្លាកយីហោ​ ​Queen​ ​Victor​i​a​ ​តើ​ឈ្មោះ​នេះ​មាន​អត្ថន័យ​ដូចម្តេច​? ​និង​បង្កើត​ឡើង​តាំងពី​ពេលណា?​។​ “​ស​ម្លៀ​ក​បំពាក់​របស់​ខ្ញុំ​ផ្តោត​ទៅលើ​មនុស្ស​ស្រី​ ​ខ្ញុំ​ចង់​ប្រែក្លាយ​មនុស្ស​ស្រី​ម្នាក់​ឲ្យទៅ​ជា​រាជិនី​សម្រស់​ដូចជា​ភាសា​អង់គ្លេស​ហៅថា​ ​Queen​ ​នេះឯង​។​ ​រីឯ​ ​Victor​i​a​ ​គឺជា​ឈ្មោះ​ក្មួយស្រី​របស់​ខ្ញុំ​ដែល​កំពុង​រស់នៅ​ឯ​ប្រទេស​អ៊ីតាលី​”​។​ ​នេះ​ជា​ការ​លើកឡើង​លម្អិត​របស់​កំពូល​អ្នក​ច្នៃ​ម៉ូដ​។​ ​ចាប់ផ្តើម​រៀបរាប់​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន​ក៏ដូចជា​ស្លាកយីហោ​ ​Queen​ ​Victor​i​a​ ​លោក​ម៉ែន​ ​សីហា​ ​ហាក់​ទម្លាក់​ទឹកមុខ​រាង​ក្រៀមក្រំ​បន្តិច​ ​ប៉ុន្តែ​នៅតែ​បង្ហាញ​ស្នាម​ញញឹម​យ៉ាង​មាន​ក្តី​សង្ឃឹម​រួច​ព្រលយ​ពាក្យ​មួយ​ឃ្លា​ថា​«​ទម្រាំ​មកដល់​ចំណុច​នេះ​ខ្ញុំ​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជូរចត់​ក​ម្សត់​ក​ម្រ​ច្រើន​រាប់មិនអស់​”​។​ ​ការពិត​ណាស់​ ​ចាប់កំណើត​ក្នុង​គ្រួសារ​​​ដែល​មាន​ឪពុក​ម្តាយ​បម្រើ​ការងារ​ជា​មន្ត្រី​រាជការ​(​បច្ចុប្បន្ន​ចូលនិវត្តន៍​) ​ម៉ែន​ ​សីហា​ ​គឺជា​កូន​ទី​៧​ក្នុងចំណោម​បងប្អូន​៨​នាក់​ (​ស្រី​៤​ប្រុស​៤​)​។​ ​ចាកចេញ​ពី​ស្រុកកំណើត​ខេត្ត​ពោធិ៍សាត់​ក្នុង​ឆ្នាំ​ ​២​០​០​៩​ ​មក​ទី​ក្រុងភ្នំពេញ​លោក​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​លុះ​ឈាន​ដល់​សិក្សា​ឆ្នាំ​ទី​២​លោក​បាន​ចូល​បម្រើ​ការងារ​ផ្នែក​គណនេយ្យ​នៅ​អង្គការ​មួយរយៈពេល​ជាង​មួយ​ឆ្នាំ​។​ ​ដោយមាន​ឧបនិស្ស័យ​ផ្នែក​ជំនួញ​ ​ម្យ៉ាង​សន្សំ​ទុន​ល្មម​ព្រមទាំង​រៀនចប់​ផង​នោះ​ ​លោក​បាន​ត្រឡប់ទៅ​ស្រុកកំណើត​បង្កើត​អាជីវកម្ម​លក់​គ្រឿង​សង្ហារិម​ ​និង​ផ្នែក​អចល​ន​ទ្រព្យ​រហូត​រីកមុខ​រីក​មាត់​មានទ្រព្យ​កាន់​ពេញដៃ​ឬ​អាច​និយាយ​បាន​ថា​ជា​សេដ្ឋី​វ័យក្មេង​ប្រចាំ​ទឹកដី​ខេត្ត​ពោធិ៍សាត់​ទៀង​ផង​។​ ​ដំណើរការ​អាជីវកម្ម​បាន​មួយ​រយៈ​ជាអកុសល​លោក​បាន​ចាញ់បោក​ដៃគូ​អាជីវកម្ម​ឡុងចុង​អស់ទាំង​ទ្រព្យ​ខាត​ទាំង​ដើម​រហូត​បង្ខំចិត្ត​បិទ​អាជីវកម្ម​ប្រមែប្រមូល​ទ្រព្យធន​លក់​អស់​សល់​តែ​សំបក​ខ្លួន​ចាកចេញ​មក​រស់នៅ​ទី​ក្រុងភ្នំពេញ​វិញ​។​

           ​​ចាប់ផ្តើម​ជីវិត​លើទឹក​ដី​រាជធានី​ ​ជីវិត​រសាត់អណ្តែត​គ្មាន​កោះ​ត្រើយ​គ្មានសោះ​ឡើយ​សូម្បី​គោលដៅ​ ​លោក​ ​ម៉ែន​ ​សីហា​ ​គ្មាន​រំពឹង​លើ​អ្នកណា​ក្រៅពី​សុំ​ទីពឹង​ពំនាក់​ស្នាក់អាស្រ័យ​លើ​មិត្តភក្តិ​ដែល​ធ្លាប់​រាប់អាន​គ្នា​កន្លងមក​នោះ​ទេ​។​ ​គ្រា​ស្នាក់​នៅ​ជាមួយ​មិត្ត​ជា​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ម្នាក់​លោក​បាន​លួចមើល​លួច​រៀន​ពី​ការ​ច្នៃ​ម៉ូដ​របស់​គេ​ខ្លះ​ ​ជួន​មានឱកាស​ចូលរួម​កម្មវិធី​ហ្វេ​ហ្សិ​ន​ម្តងម្កាល​ផង​ដែល​គ្រានោះ​ហើយ​ធ្វើឲ្យ​លោក​ដឹង​ច្បាស់​ថា​លោក​ចាប់ផ្តើម​ចូលចិត្ត​ទៅលើ​ការ​ច្នៃ​ម៉ូដ​ ​និង​ប្តេជ្ញា​តាំងចិត្ត​ចូល​ប្រឡូក​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​ន​ឲ្យបាន​នៅ​ថ្ងៃណាមួយ​។​ ​ជា​លទ្ធផល​ក្រោយពេល​ដួល​ងើប​ៗ​ផ្លាស់ប្តូរ​ទីលំនៅ​មួយ​កន្លែង​ហើយ​មួយ​កន្លែង​ទៀត​ ​ឆ្លៀត​ធ្វើការ​សន្សំ​ក​ម្រៃ​ខ្លះ​ ​រៀន​ច្នៃ​ម៉ូដ​មើលតាម​បណ្តាញ​សង្គម​ ​Y​ou​Tube​ ​ខ្លះ​ ​រហូតដល់​ឆ្នាំ​ ​២​០​១​៧​ ​លោក​បាន​មានឱកាស​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូដ​ដំបូង​បំផុត​ជាមួយនឹង​ខូឡិ​ក​ហ្សិ​ន​ ​Love​ o​f​ ​Nature​ ​ឬ​ ​សេចក្តី​ស្រឡាញ់​នៃ​ធម្មជាតិ​ ​ក្រោម​ស្លាកយីហោ​ផ្លូវការ​របស់​ខ្លួន​ ​Queen​ ​Victor​i​a​ ​នៅ​ក្នុង​កម្មវិធី​ប្រជុំ​អ្នក​ច្នៃ​ម៉ូដ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​គឺ​ ​P​h​no​m​ ​P​e​n​h​ ​Designer​ ​week​ ​ឬ​ស​ប្តាហ៍​អ្នក​រចនា​ម៉ូដ​ ​ហើយក៏​ចាប់ផ្តើម​រីកមុខ​រីក​មាត់​មាន​ទី​ផ្សារ​ការងារ​មកដល់​សព្វថ្ងៃ​។​

           ​​មកដល់​ចំណុច​នេះ​ប្រិយ​មិត្ត​ប្រាកដជា​ឆ្ងល់​ថា​ ​គ្មាន​បទពិសោធន៍​ឬ​ចំណេះ​ជំនាញ​ផ្នែក​ដេ​ប៉ាក់​ហេតុអ្វី​លោក​ ​ម៉ែន​ ​សីហា​ ​អាច​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​បាន​?​។​ ​ឆ្លើយ​ទាំង​ញញឹម​ “​បើ​និយាយទៅ​កាល​នៅ​ខេត្ត​ខ្ញុំ​ធ្លាប់​លួច​ទៅ​រៀន​កាត់​ដេរ​វគ្គ​ខ្លី​មួយ​ផង​ដែរ​។​ ​គ្រូ​និយាយ​ថា​គាត់​មិនដែល​ឃើញ​អ្នកណា​រៀន​ឆាប់​ចេះ​ដូច​ខ្ញុំ​នោះ​ទេ​(​សើច​...) ​ប៉ុន្តែ​ដោយសារ​គ្រួសារ​មិន​ពេញចិត្ត​ខ្ញុំ​ក៏​បោះបង់​ចោល​ជំនាញ​នេះ​ ​ហើយក៏​ទើប​ចាប់ផ្តើម​រៀន​ឡើងវិញ​តាមរយៈ​ ​Y​ou​Tube​ ​នូវ​វីដេអូ​របស់​ម៉ាក​ល្បី​ៗ​អំពី​ដំណើរការ​ការ​ផលិត​ស​ម្លៀ​ក​បំពាក់​តាំងពី​ដើម​រហូតដល់​ចប់​ក្នុង​កំឡុង​ពេល​ជីវភាព​ត្រដាបត្រដួស​នោះ​តែម្តង​”​។​ ​ដោយឡែក​សូម្បីតែ​ការ​ដើរ​ម៉ូដ​ដែល​លោក​ធ្លាប់តែ​រៀន​តាម​ ​Y​ou​Tube​ ​នៅ​គ្រានោះ​ក៏បាន​រុញច្រាន​ឲ្យ​លោក​ក្លាយ​ជា​គ្រូបង្រៀន​ដើរ​ម៉ូដ​ដែល​បង្ហាត់បង្រៀន​កូនសិស្ស​ប្រមាណ​ជា​ ​៤​០​នាក់​ក្លាយ​ជា​ម៉ូឌែ​ល​អាជីព​មកដល់​សព្វថ្ងៃ​ផង​ដែរ​។​

           ​​បច្ចុប្បន្ន​ដ្បិត​កេរ្តិ៍ឈ្មោះ​លោក​ក៏ដូចជា​ ​Queen​ ​Victor​i​a​ ​បាន​ល្បី​រន្ទឺ​រហូតដល់​មានការ​ចុះផ្សាយ​លើ​បណ្តាសា​រ​ព័ត៌មាន​ក្រៅ​ស្រុក​ ​លោក​ ​ម៉ែន​ ​សីហា​ ​នៅតែ​គិតថា​វា​មិនទាន់​ដល់​ចំណុច​គោលដៅ​មួយ​ដែល​លោក​ចង់បាន​នៅឡើយ​។​ ​ជា​ក្តី​ស្រមៃ​លោក​ចង់​នាំ​យក​ស្លាកយីហោ​របស់​លោក​ទៅ​បង្ហាញ​លើឆាកអន្តរជាតិ​ ​និង​ចង់​មាន​ហាង​មួយ​ជា​របស់​ខ្លួន​នៅ​លើទឹក​ដី​ប្រទេស​អ៊ីតាលី​ជា​កន្លែង​ដែល​ក្មួយ​សំណព្វ​ចិត្ត​របស់​លោក​កំពុង​រស់នៅ​។​ ​រាល់ថ្ងៃ​នេះ​អ្នក​ច្នៃ​ម៉ូដ​ពហុ​ទេពកោសល្យ​ ​ម៉ែន​ ​សីហា​ ​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ជាមួយ​សកម្មភាព​ការងារ​មិនថា​ការ​ធ្វើ​ស​ម្លៀ​ក​បំពាក់​សម្រាប់​ភ្ញៀវ​ ​សម្រាប់​កម្មវិធី​ ​សម្រាប់​ត្រៀម​ចេញ​ខូឡិ​ក​ហ្សិ​ន​រដូវ​កាល​ថ្មី​ ​បង្រៀន​សិស្ស​ដើរ​ម៉ូដ​ ​និង​បាន​កំពុង​ផលិត​និង​ដឹកនាំ​កម្មវិធី​ប្រកួតប្រជែង​លំដាប់​អន្តរជាតិ​មួយ​ដែល​នឹង​បង្ហាញ​ជូន​នា​ពេល​ឆាប់ៗ​ខាងមុខ​ ​៕​ ​

Article by​ ​HEM SOKKHIM


SUGGESTIONS