×

តារាបង្ហាញម៉ូដដ៏ពេញនិយម ចាន់ គង្ការ ត្រៀមបង្ហាញខ្លួនជាមួយនឹងបេសកកម្មថ្មី

NEWS 4 years ago
 
 

          កាលណាគេលាន់មាត់និយាយពីការប្រឡងប្រកួតជែងនៃតារាបង្ហាញម៉ូដ ឬការដើរម៉ូដម្តងៗ យុវវ័យក៏ដូចជាអ្នកនិយមលើវិស័យនេះច្រើននឹកដល់កម្មវិធីដ៏ល្បីរន្ទឺមួយឈ្មោះថា«កំពូលតារាបង្ហាញម៉ូដកម្ពុជាឬ Cambodia’s Next Top Model» ដែលបានបង្ហាញខ្លួនលើកដំបូងក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៤។ តាមរយៈកម្មវិធីដ៏ល្បីល្បាញនេះដែរបានបង្ហាញពីទេពកោសល្យ ភាពប៉ិនប្រសប់ ក៏ដូចជាភាពហ្មត់ចត់របស់បេក្ខនារីម្នាក់ៗក្នុងអំឡុងពេល ប្រកួតប្រជែង តួយ៉ាង កញ្ញា ចាន់ គង្ការ ជាបេក្ខនារីជ័យលាភីវគ្គផ្តាច់ព្រ័ត្របានបង្ហាញនូវបទពិសោធន៍សំខាន់ៗ និងកត្តាមួយចំនួនដែលបានធ្វើឲ្យកញ្ញាចាប់ផ្តើមជ្រើសរើសយកអាជីពជាតារាបង្ហាញម៉ូដផងដែរ។

          ទន្ទឹមនឹងកិច្ចពិភាក្សាជាមួយនឹង សូវរីន កញ្ញា គង្ការ បានរំឭកនាពេលដែលកញ្ញាបានចូលរួមការប្រកួតក្នុងកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជា ឬ Cambodia’s Next Top Model ដូច្នេះផងដែរថា «កត្តាដែលបានធ្វើឲ្យខ្ញុំចូលរួមក្នុងវិស័យនេះ ក៏ព្រោះតែការស្រឡាញ់ខ្ញុំតែងតែតាមដាននូវកម្មវិធីនានាទាក់ទងនឹងការបង្ហាញម៉ូដ ថ្ងៃមួយកម្មវិធីអន្តរជាតិកំពូលតារាបង្ហាញម៉ូដកម្ពុជា ឬ Cambodia’s Next Top Model បានចូលមកក្នុងប្រទេសយើង ហើយខ្ញុំបានចូលរួមប្រឡង មួយវិញទៀតនោះអ្វីដែលបានធ្វើឲ្យគេស្គាល់ខ្ញុំច្រើនគឺតាមរយៈកម្មវិធីនេះ»។ ម៉្យាងវិញទៀត កញ្ញា គង្ការ បានបង្ហាញពីបទពិសោធន៍ដ៏សំខាន់ដែលជាកតា្តធ្វើឲ្យកញ្ញា មានភាពរឹងមាំក្នុងការយកឈ្នះជ័យលាភីនោះយ៉ាងដូច្នេះ «អ្វីដែលធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបាននោះគឺជាការបត់បែនគ្រប់កាលៈទេសៈទាំងអស់ក្នុងបរិបទសង្គមនីមួយៗ ជាពិសេស ការអត់ធ្មត់ជាមួយនឹងដៃគូប្រកួតប្រជែង ក៏ព្រោះតែការរស់នៅ ជាមួយនឹងដៃគូប្រកួតប្រជែងតែងមានប៉ះទង្គិចគ្នាទៅវិញទៅមក រីឯបទពិសោធន៍ផ្សេងទៀតនោះ គឺមានការបណ្តុះបណ្តាលលើផ្នែកមួយចំនួនទៀតដែរដូចជា៖ ការហ្វឹកហាត់នៃផ្នែកថតរូប ការបង្ហាត់បង្រៀនធ្វើជាពិធីការិនីឆ្នើម និងការដើរម៉ូដជាដើម ហើយទាំងអស់នេះបានធ្វើឲ្យខ្ញុំអាចយល់ដឹងពីជំនាញនីមួយៗ ជាពិសេស ស្ថិតនៅក្នុងបរិបទសង្គមតែម្តង»។ ថ្វីដ្បិតតែកម្មវិធីកំពូលតារាបង្ហាញម៉ូដ ឬ Cambodia’s Next Top Model បានកន្លងផុតទៅប្រមាណជាង ៦ឆ្នាំមែន ប៉ុន្តែព្រឹត្តិការណ៍ដែលបានកើតឡើងហាក់បីដូចជាទើបតែនឹងកើតឡើងដូច្នេះដែរ។

          ជាមួយនឹងស្នាមញញឹមពោរពេញដោយមន្តស្នេហ៍ពីអតីតនិស្សិតនៃសាកវិទ្យាល័យជាតិគ្រប់គ្រងលើឯកទេស ទេសចរណ៍ កញ្ញា គង្ការ ត្រូវបានគេដឹងថាមិនត្រឹមតែជាតារាម៉ូឌែលដ៏មានប្រជាប្រិយភាព និង ពិធីការិនីដ៏ឆ្នើមម្នាក់នោះទេ ប៉ុន្តែ កញ្ញា គង្ការ ត្រូវបានគេកត់សម្គាល់ឃើញថានៅលើគណនីនៃបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាមានឃ្លីបវីដេអូជាច្រើនស្តីពីការថែទាំរក្សាសម្រស់ឲ្យបានល្អ ការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ ការទទួលទានរបបអាហារនានា និងការ ថតវីដេអូផ្សេងៗថែមទៀតដែលជាផ្នែកមួយធ្វើឲ្យអ្នកគាំទ្រអាចទទួលបានការកម្សាន្តជាដើម។ តួយ៉ាង តារាបង្ហាញម៉ូដ កញ្ញា គង្ការ ក៏មានបេសកកម្មថ្មីមួយទៀតដែលកាន់តែពិសេស និងប្លែកភ្នែក បានបង្កើតឡើងលើគណនី បណ្តាញសង្គម ហ្វសប៊ុកឈ្មោះថា «ឈីត ឆាត ឬ Chit-Chat with Kongka»។ កត្តាដែលបានធ្វើឲ្យកញ្ញាបង្កើតកម្មវិធីនេះឡើង ក៏ព្រោះតែកញ្ញា គង្ការ បានសម្គាល់ថាភាគតិចណាស់ដែលតារាម៉ូឌែល នៅក្នុងប្រទេសកម្ពុជា ធ្វើជាវីដេអូ កម្មវិធីដែលសប្បាយៗសម្រាប់អ្នកគាំទ្រនៅមានកម្រិតនៅឡើយ ហេតុនេះហើយទើបកញ្ញាបង្កើតវីដេអូផ្សេងៗជាច្រើន និងបង្កើត «ឈីត ឆាត» ឡើងមក ដើម្បីបង្ករជាបរិយាកាសថ្មីមួយសម្រាប់ប្រិយមិត្ត។ កញ្ញា គង្ការ បានបញ្ជាក់ថា «ឈីត ឆាត ជាកម្មវិធី talk-show online ឬជាកម្មវិធីជជែកកម្សាន្តអនឡាញដែលធ្វើឲ្យទស្សនិកជនកម្សាន្ត និងរីករាយ រីឯគោលបំណងធំនៅក្នុង ឈីតឆាត នោះគឺធ្វើឲ្យអ្នកទស្សនា ទាំងអស់ មានស្នាមញញឹម គ្រប់នាទី អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺអ្នកទស្សនា ឈីត ឆាត នឹងទទួលបាននូវកាដូដ៏ពិសេសនាពេលដែលចូលរួមលេងហ្គេមកម្សាន្តជាមួយ ឈីត ឆាត»។ 

          គួរបញ្ជាក់ផងថា «ឈីត ឆាត ឬ Chit-Chat with Kongka» មិនត្រឹមតែជាកម្មវិធីមួយដែលបង្កើតសម្រាប់ បង្កជាបរិយាកាសរីករាយស្រស់បំព្រងនោះទេប៉ុន្តែក៏ជាកម្មវិធីមួយបង្កើត ឡើងផ្តោតសំខាន់ លើការអប់រំជាមួយនឹងខ្លឹមសារអប់រំសំខាន់ៗជាច្រើន ការលើកទឹកចិត្តយុវជនគ្រប់រូបដែលប្រឈមនឹងវិបត្តិធ្ងន់ធ្ងរម៉្យាងវិញទៀត ប្រិយមិត្តគ្រប់រូបនឹងទទួលបាននូវបទពិសោធន៍ដែលពុំធ្លាប់មានពីមុនមកពី «ឈីត ឆាត ឬ Chit-Chat with Kongka »៕

Article by PAN SIVLY


SUGGESTIONS