ដោយសារតែវីរុសកូវីដ១៩ឆ្លងតាមរយៈផ្លូវដង្ហើម ហេតុដូច្នេះហើយការពាក់ម៉ាស់គឺជាវិធីការពារដ៏ប្រសើរមួយបន្ទាប់ពីវិធីការពារផ្សេងៗបន្ថែមទៀតដូចជាការលាងសម្អាតដៃជាដើម។ ការពិតណាស់ដរាបណាវីរុសកូវីដ១៩នៅមិនទាន់សាបរលាបពីភពផែនដីយើងគ្រប់គ្នាគប្បីនៅតែថែរក្សាការពារខ្លួនតាមរយៈការពាក់ម៉ាស់រាល់ពេលចេញទៅខាងក្រៅ មិនថាទៅកន្លែងធ្វើការ ដើរផ្សារ ឬកន្លែងនានាដែលជាទីប្រជុំជនឡើយ។ តាមការលើកឡើងរបស់អ្នកពាក់ម៉ាស់កន្លងមក ពួកគេបានជួបនូវបញ្ហាស្បែកមុខដូចជាធ្វើឲ្យឡើងរោលកន្ទួល ជាពិសេសគឺឡើងមុនតែម្តង។ ជាទូទៅស្បែករបស់យើងត្រូវការដង្ហើមខ្យល់ចេញចូល ដូចនេះវាពិតជាចាំបាច់ដែលតម្រូវឲ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្វីដែលយើងយកមកលាបនៅលើស្បែកមុខមុនពេលពាក់ម៉ាស់ ខណៈដែលសារធាតុអស់ទាំងនោះអាចធ្វើឲ្យរាំងស្ទះដល់ខ្យល់ដង្ហើមចេញចូលរបស់ស្បែក។ ខាងក្រោមនេះគឺជាវិធីការពារស្បែកមុខនៅកំឡុងពេលដែលយើងគ្រប់គ្នាពាក់ម៉ាស់ប្រចាំថ្ងៃ។
• ចូរលាងសម្អាតស្បែកមុខឲ្យបានស្អាត និងលាបផលិតផលផ្តល់សំណើមពពួក Light Moisturizer ឬប្រសិនបើស្បែករបស់អ្នកស្ងួតខ្លាំងអាចប្រើជាប្រភេទគ្រីមផ្តល់សំណើម។ គួរជៀសវាងលាបផលិតផលផ្តល់សំណើមពពួកប្រេងឬក្រមួន ដោយសារផលិតផលប្រភេទនេះអាចធ្វើឲ្យស្បែកកាន់តែមានភាពស្អុះស្អាប់នៅពេលពាក់ម៉ាស់ដែលរឹបជិត។
• លាបឡេការពារកម្តៅថ្ងៃស្តើងៗ ជម្រើសឡេដែលស័ក្តិសមបំផុតគឺពពួកមានផ្ទុកជាតិរ៉ែដូចជា titanium dioxide ឬ Zinc Oxide។ គួរដឹងដែរថាសារធាតុគីមីដែលមានផ្ទុកនៅក្នុងឡេការពារកម្តៅថ្ងៃអាចធ្វើឲ្យកៅស៊ូម៉ាស់យារធ្លាក់ ដូច្នេះត្រូវប្រាកដថាម៉ាស់របស់អ្នកគ្របទៅលើច្រមុះនិងមាត់បានជិតល្អ ប៉ុន្តែយ៉ាងណាក៏មិនត្រូវរឹបខ្លាំងពេកដែរព្រោះអាចបណ្តាលឲ្យឡើងស្នាមជាំនៅលើស្បែក។
• បើអាចជៀសវាងលាបម្សៅទ្រនាប់ឬធ្វើការផាត់មុខព្រោះវាអាចបង្កករណីឡើងមុន។
• សម្រាប់អ្នកពាក់វ៉ែនតា នៅពេលដកដង្ហើមភាយខ្យល់ឡើងស្រអាប់កញ្ចក់វ៉ែនតា ត្រូវសង្កត់ឆ្អឹងម៉ាស់ឲ្យរាបតាមទម្រង់ចម្រុះនិងថ្ពាល់ដើម្បីកុំឲ្យខ្យល់ភាយចេញ តែដើម្បីជៀសវាងឡើងស្នាមជាំគួរប្រើស្កុតក្រដាសបិតទ្រាប់លើស្បែកកន្លែងត្រូវសង្កត់ជាមុនសិនទើបប្រសើរ។
• ត្រូវប្រាកដថាលាងសម្អាតដៃជាមួយសាប៊ូឲ្យបានស្អាតបន្ទាប់ពីដោះម៉ាស់ចេញ។
• នៅពេលដោះម៉ាស់ចេញ ត្រូវប្រញាប់លាងសម្អាតមុខ និងលាបឡេផ្តល់សំណើមស្រាលៗ។ ប្រសិនបើអ្នកមានស្បែកស្ងួត ឬស្បែកងាយប្រតិកម្មគួរលាបជាប្រភេទគ្រីមដែលវានឹងផ្តល់សំណើមខ្ពស់ជាង។
• ប្រសិនបើនៅលើស្បែកមានបញ្ហារបកឬរបួសនៅកន្លែងណាមួយ អាចប្រើផលិតផលក្រមួនឬប្រេងលាបនៅកន្លែងទាំងនោះនៅក្រោយពេលដោះម៉ាស់ចេញ និងលាបជាថ្មីម្តងទៀតនៅមុនពេលចូលគេង។ សម្រាប់ផលិតផលក្រមួនឬប្រេងព្យាបាលអាចប្រើពពួកម៉ាក Aquaphor ម៉ាក Vaseline ឬម៉ាក Vaniply។
• សម្រាប់អ្នកប្រើម៉ាស់ក្រណាត់ ត្រូវប្រាកដថាធ្វើការបោកសម្អាតម៉ាស់ឲ្យបានញឹកញាប់ និងសម្លាប់មេរោគឲ្យបានត្រឹមត្រូវ ព្រោះបើមិនដូច្នោះទេអាចបង្កករណីកើតមុននិងការកកើតមេរោគផ្សេងៗ។ ចំពោះសាប៊ូបោកត្រូវប្រើសាប៊ូដែលគ្មានជាតិកាត់ធ្វើឲ្យស ព្រោះវាអាចធ្វើឲ្យខូចសាច់ក្រណាត់ក៏ដូចជាស្រទាប់ការពារផងដែរ៕
Article by HEM SOKKHIM