×

តិកនិចធ្វើមីងាយៗដោយខ្លួនឯងប្រកបដោយសុវត្ថិភាពខ្ពស់

TRAVEL & LIVING 4 years ago
 
 

            មី​ជា​អាហារ​មួយ​ប្រភេទ​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ទទួ​លទាន​ មិន​ថា​​ចាស់​ឬ​ក្មេង​។ មី​អាច​ទទួល​ទាន​បាន​ជា​អាហារ​ទាំង​៣​ពេល ដូច​ជា​ពេល​ព្រឹក ថ្ងៃ​ត្រង់​និង​ពេល​ល្ងាច។ ឆ្លើយ​តប​នឹង​តម្រូវការ​ខ្ពស់ ទស្សនាវដ្តី​ សូវរីន បាន​រុករក​រូប​មន្ត​ធ្វើ​មី​ដោយ​ខ្លួន​ឯង​មកបង្ហាញ​ជូន​មិត្ត​អ្នក​អាន​ជាវិជ្ជា​ផ្នែក​ម្ហូប​អាហារ និង​ទុក​សម្រាប់​ការ​សាកល្បង​ផលិត​មី​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព។​

            គ្រឿង​ផ្សំ​មាន​ដូចជា
All Purpose Flour ៥១០ក្រាម
ស៊ុត​ ១គ្រាប់
អំបិល​ ១០ក្រាម
ទឹក​ ១២០​ មីលីលីត្រ

            វិធី​ធ្វើ​

            ១. យក​ស៊ុត​ដាក់​ក្នុង​កូន​ចាន ហើយ​ក្រឡុក​ឲ្យ​ផ្នែក​ស​និង​ផ្នែក​លឿង​រលាយ​ចូល​គ្នាជា​សាច់តែ​មួយ។

            ២. ​​នៅ​ក្នុង​ចាន​គោម​ធំ​មួយដាក់​ម្សៅ​ចូល​ ៥០០ ក្រាម អំបិល​ ១០​ ក្រាម និង​ទឹក​ ១២០ មីលីលីត្រ ព្រម​ទាំង​ស៊ុត​ដែល​រៀបចំ​រួច។ ចូរ​រក​ចាន​គោមធំ​​​ដែល​ងាយ​ស្រួល​ក្នុង​ការ​ច្របាច់​ម្សៅ​បញ្ចូល​គ្នា។ ច្របល់​ល្បាយ​ដែល​បាន​លាយ​រួច​បញ្ចូល​គ្នា ហើយ​ច្របាច់​ដោយ​ប្រើ​កម្លាំង​ដៃ​រហូត​ដល់​សាច់​ម្សៅ​​ស្វិត​ជាប់​គ្នា ហើយ​អ្នក​អាច​ចំណាំ​បាន​នៅ​ពេល​ដែល​លែង​មាន​ម្សៅ​នៅស្អិត​ជាប់​ដៃ​អ្នក​នៅ​ពេល​ច្របាច់។

            ជាទូទៅ អ្នក​ដែល​មាន​ទីតាំង​ក្នុង​ផ្ទះ​បាយ​ធំ​ទូលាយ តែង​លាយ​ម្សៅ​នៅ​លើ​តុ​ស្អាត​ដោយ​ផ្ទាល់ ឬ​នៅ​លើ​ជ្រុញ​ឈើ​ធំ​មួយ​ ត្បិត​វា​នឹង​ផ្តល់​ភាព​ងាយស្រួល​ជាង​ការ​ច្របាច់​ម្សៅ​បញ្ចូល​គ្នា​នៅ​ក្នុង​ចាន​ ព្រោះ​ល្បាយ​ម្សៅ​នឹង​មាន​ភាព​ស្អិត​បន្ទាប់​ពី​ត្រូវ​ទឹក។ បើ​សិន​ជា​អ្នក​មាន​តុ​ស្អាត ឬ​ជ្រុញ​ឈើ​ធំ ចូរ​អ្នក​យក​ម្សៅ​ ៥០០ ក្រាម និង​អំបិល​​ដែល​បាន​ត្រៀម​ទុកលាយ​ចូល​គ្នា ហើយ​យក​មក​ចាក់​រាង​ដូច​ភ្នំ​​នៅ​លើ​តុ បន្ទាប់​មក​​កាយ​ឲ្យ​ចេញ​ជា​រង្វង់​នៅ​ចំកណ្តាល ដើម្បី​ចាក់​ទឹក​និង​ស៊ុត​​ចូល​កុំ​ឲ្យ​ហៀរ​ចេញ​ទៅ​ក្រៅ។ ព្យាយាម​ច្របល់​ទឹក​នឹង​ម្សៅ​បញ្ចូល​គ្នា​បន្តិច​ម្ដងៗ​រហូត​ក្លាយ​ជា​ល្បាយ​ស្អិត​ ហើយ​នៅ​តែ​បន្ត​ច្របាច់​ម្សៅ​ទៅមក​បន្ត​ទៀត​រហូត​ដល់​ពេល​ដែល​ម្សៅ​​​ស្វិត​ជាប់​គ្នា​ហើយ​រលោង​ស្អាត​ និង​លែង​ស្អិត​ជាប់​ដៃ​។

            បច្ចុប្បន្ន​នេះ​គេ​អាច​កាត់​បន្ថយកម្លាំង​និង​ពេល​វេលា​ក្នុង​ការ​លាយ​ម្សៅ​ធ្វើ​មី ដោយ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ក្រឡុក​ម្សៅ​។ បើ​សិន​អ្នក​មាន​ម៉ាស៊ីន​ក្រឡុក​ម្សៅ​នៅ​ផ្ទះ អ្នក​គ្រាន់​តែ​ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​ដូច​រៀបរាប់​ខាង​លើ (លើក​លែង​តែ​ All Purpose Flour ១០​ក្រាម​ចេញ​) បញ្ចូល​គ្នា ហើយ​ទុក​ឲ្យ​ម៉ាស៊ីន​ក្រឡុក​ដំណើរ​ការ​រយៈ​ពេល​ប្រមាណ​៥​ទៅ​១០​នាទី។

            ៣. ម្សៅ​ដែល​លាយ​រួច​រាល់​ហើយ​ត្រូវ​​សូន​ឲ្យ​ចេញ​ជា​រាង​មូល ឬ​ជ្រុង​ ហើយ​គ្រប​វា​ទុក​ចោល​ដោយ​ក្រណាត់​ស្អាត​រយៈ​ពេល​១០​នាទី​ មុន​នឹង​ឈាន​ដល់​ជំហាន​មួយ​ទៀត​។

            ៤. ម្សៅ​ដែល​ទុក​ចំនួន​ ១០​ក្រាម គឺ​ជា​ម្សៅ​ដែល​ទុក​សម្រាប់​រោយ​ពី​លើ​ម្សៅដែល​លាយ​រួច​ ចៀសវាង​ស្អិត​ជាប់​ថាស​ឬ​តុ​។ រោយ​ម្សៅ​ចំនួន ១០​ក្រាម​ដាក់​លើ​តុ និង​នៅលើ​ម្សៅ​ដែល​លាយ​រួច​ មុន​​នឹង​កិន​ឲ្យ​ស្តើង​តាម​ចំណង់​ចំណូល​ចិត្ត​ដែល​អ្នក​ចង់​បាន​ ហើយ​ហាន់​ជា​សរសៃជ្រុង​ឬមូល​តាម​ចំណូល​ចិត្ត​។

            ៥. សរសៃ ​មី​ដែល​ធ្វើ​រួច​អាច​យក​ទៅ​ចម្អិន​ទទួល​ទាន​ភ្លាមៗ​​ជាមួយ​ទឹក​ស៊ុប​​មាន​ឱជារស​ឆ្ងាញ់​ពិសា។​

            ចំណាំ
            ការ​ច្របាច់​ម្សៅ​ដោយ​ដៃ​អាច​ប្រើ​រយៈ​ពេល​យូរ​ អ្នក​ដែល​មាន​កម្លាំង​ដៃ​ខ្លាំង​អាច​ចំណាយ​ពេល​យ៉ាង​ហោច​ ៣០​នាទី រី​ឯ​អ្នក​ដែលមិន​សូវ​មាន​កម្លាំង​ដៃ​អាច​ចំណាយ​ពេល​ដល់​ទៅ ១​ម៉ោង។ ម្សៅ​សម្រាប់​ធ្វើ​មី ឬ All Purpose Flour អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​នានា​​ក្នុង​តម្លៃសមរម្យ​ បើ​សិន​ជា​អ្នក​មិន​ចូលចិត្ត​ស៊ុត អ្នក​អាច​ដក​ស៊ុត​ចេញ​ពី​គ្រឿង​ផ្សំ ហើយ​បន្ថែមមក​វិញ​នូវ​ទឹក​ ៥០ មីលីលីត្រ​។ មី​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង​ក៏​អាច​បន្ថែម​ពណ៌​តាម​ចំណង់​ចំណូល​ចិត្ត​បាន​ដែរ​ ដូច​ជា​ការ​ប្រើ​ពណ៌​ធម្មជាតិ​ដែល​បាន​មក​ពី​ស្លឹក​តយ​ ស្ពៃ ឬ​ពណ៌​មក​ពី​បន្លែ​ផ្លែឈើ​ផ្សេងៗ​ទៀត​ជាដើម​។ ឧទាហរណ៍៖ បើ​អ្នក​ដាក់​ទឹក​ពណ៌​ចំនួន​ ២០​ មីលីលីត្រ​ចូល ដូច្នេះ​អ្នក​ត្រូវ​បន្ថយ​ចំនួន​ទឹក​ ២០​ មីលីលីត្រ​ដូច​គ្នា​។​​ បន្លែ​ផ្លែឈើ​ក៏​អាច​យក​មក​ច្នៃ​ធ្វើ​ជា​រសជាតិ​របស់​មី​បាន​ដែរ​ ដោយ​ការ​យក​ទៅ​ចម្អិន​ឲ្យ​ទន់​ ហើយ​កិន​ឲ្យ​ម៉ត់​រួច​យក​មក​លាយ​ជាមួយ​ល្បាយ​ម្សៅ​មី​ ឲ្យ​ចូល​សាច់​តែ​មួយ​ជា​ការ​ស្រេច។ ដោយ​ឡែក​សម្រាប់​មី​ក្រៀម​វិញនោះ អ្នក​ត្រូវ​យក​​សរសៃ​មី​ដែល​ហាន់​រួច​ទៅ​ចំហុយ​ពី ១៥​ ទៅ ១៨​នាទី ហើយ​យក​ទៅ​សម្ងួត​ដោយ​ការ​ហាល​ថ្ងៃ​ រួចយក​មក​វេច​ខ្ចប់​ទុកកុំឲ្យ​ប៉ះ​ខ្យល់​​ជា​ការ​ស្រេច៕

Article by VA SONYKA


SUGGESTIONS