×

រស់​ ​សុផា​រិទ្ធ​ ​យុវជន​ជំនាន់​ថ្មី​ដើម្បី​កុលាលភាជន៍​ជាតិ​

NEWS 4 years ago
 
 

            ក្នុង​អាយុ​ទើប​តែ​បាន​ ​២​២​ឆ្នាំ​ ​យុវជន​សម្បុរ​ស្រអែម​មាឌ​ស្តើង​មួយ​រូប​ឈ្មោះ​ ​រស់​ ​សុផា​រិទ្ធ​ ​បច្ចុប្បន្ន​ជា​សិស្ស​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ដែល​ស្ថិតនៅ​តំបន់​បឹង​បា​យ៉ា​ប​ ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ ​កំពុងតែ​ចំណាយ​ជីវិត​យុវភាព​របស់​ខ្លួន​លើ​ការងារ​ផ្នែក​ជំនាញ​កុលាលភាជន៍​ ​ឬ​ ​សេ​រ៉ា​មិ​ក​ (​Ceramic​) ​បុរាណ​ខ្មែរ​ប្រភេទ​ ​ចាន​ ​ឆ្នាំង​ ​ក្រឡ​ ​និង​ ​ថូផ្កា​ ​ជាដើម​ ​ដែល​ហាក់បីដូចជា​ផ្ទុយ​នឹង​និន្ន​ការ​ទំនើបនិយម​របស់​យុវវ័យ​សម័យ​បច្ចុប្បន្ន​ភាគច្រើន​។​ ​តើ​មូលហេតុ​​​អ្វី​ដែល​ជំរុញ​ឲ្យ​បុរស​វ័យក្មេង​រូប​នេះ​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិ​ស័​យ​ ​នេះ​? ​ហើយ​ការសិក្សា​ជំនាញ​នេះ​ត្រូវ​យល់​ដឹង​លើ​លើ​អ្វីខ្លះ​ ​និង​ ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​លំបាក​អ្វីខ្លះ​?

            ឆ្លៀតពេល​កំពុង​មមាញឹក​នឹង​ការងារ​ស្មូន​កុលាលភាជន៍​ ​ឬ​ ​គ្រឿង​ដី​ដុត​ ​យុវជន​ ​សុផា​រិទ្ធ​ ​បាន​រៀបរាប់​អំពី​ជីវប្រវត្តិ​ ​និង​ ​ការសិក្សា​ជំនាញ​កុលាលភាជន៍​នេះ​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​គេហទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​ ​ថា​ ​គេ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កណ្តាល​ ​ត្រើយម្ខាង​ក្រុងភ្នំពេញ​ ​ហើយ​ជា​អតីត​សិស្ស​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ស្វាយ​ជ្រំ​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្ត​កណ្តាល​។​ ​ជា​កូន​ទី​២​ ​ក្នុងចំណោម​បងប្អូនបង្កើត​ចំនួន​៣​នាក់​ ​ដែល​កំព្រា​ឪពុក​មានតែ​ម្តាយ​ជា​អ្នក​លក់ដូរ​ ​អតីត​សិស្សសាលា​ស្វាយ​ជ្រំ​រូប​នេះ​បាន​សម្រេច​ចិត្ត​ចូលរៀន​ជំនាញ​គំនូរ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ដោយសារ​រូបគេ​ចូលចិត្ត​គូររូប​តាំងពី​វ័យក្មេង​មក​ម្ល៉េះ​។​ ​ដោយសារ​មាន​ទេពកោសល្យ​ល្អ​ ​ទើប​លោកគ្រូ​ដែល​បង្រៀន​នៅ​ទីនោះ​ជំរុញ​សុផា​រិទ្ធ​ឲ្យ​ចាប់​យក​ជំនាញ​កុលាលភាជន៍​ជា​មុខវិជ្ជា​សិក្សា​បន្ត​ ​។​ ​ម្យ៉ាង​វិញទៀត​ ​ដោយសារតែ​មាន​បងប្រុស​ជា​គ្រូបង្រៀន​ផ្នែក​កុលាលភាជន៍​នេះ​ផង​នោះ​ ​សុផា​រិទ្ធ​ក៏​សម្រេច​ចិត្ត​ដើរតាមគន្លង​របស់​បងប្រុស​តែម្តង​ ​គួបផ្សំ​នឹង​ឧបនិស្ស័យ​លើ​ជំនាញ​នេះ​ស្រាប់​ផង​។​

            សុផា​រិទ្ធ​បាន​លើកឡើង​ត្រួសៗ​ថា​ ​ចំពោះ​ការសិក្សា​ជំនាញ​នេះ​ ​ដំបូង​បំផុត​ ​សិស្ស​គ្រប់រូប​ត្រូវ​សិក្សា​អំពី​ប្រភេទ​ដី​ដែល​អាច​​​យកមក​ប្រើប្រាស់​ផលិត​ជា​កុលាលភាជន៍​បាន​ ​វិធី​សា​ស្រ្ត​ច្រោះ​ដី​ឲ្យអស់​ខ្សាច់​ ​និង​ ​វិធី​សា​ស្រ្ត​សូន​ ​ឬ​ លុ​ញ​ដី​ដំឡើង​ជា​រូបរាង​វត្ថុ​នីមួយៗ​។​ ​នៅ​ក្នុង​ឆ្នាំ​សិក្សា​ទី​១​ ​និង​ទី​២​ ​សិស្ស​ត្រូវ​រៀន​ធ្វើ​ដោយដៃ​សុទ្ធសាធ​ជាមុន​សិន​។​ ​លុះដល់​ចូលឆ្នាំ​ទី​៣​ ​ទើប​សាលា​តម្រូវ​ឲ្យ​សិស្ស​ហ្វឹកហាត់​ផលិត​ដោយ​ម៉ាស៊ីន​។​ ​ឆ្លងកាត់​ការ​ខិតខំ​ព្យាយាម​ជាច្រើន​ ​ឥឡូវនេះ​ ​សុផា​រិទ្ធ​បាន​ក្លាយ​ជា​សិស្ស​ឆ្នាំ​ទី​៦​ ​ដែល​ជា​ឆ្នាំ​បញ្ចប់​ការសិក្សា​នៅ​ទីនេះ​ហើយ​។​ ​សុផា​រិទ្ធ​ ​បាន​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន​ថា​ “ ​គន្លឹះ​សំខាន់​បំផុត​សម្រាប់​ជំនាញ​នេះ​គឺ​ភាព​អត់ធ្មត់​។​ ​ការងារ​នេះ​ជា​ការងារ​ប្រឡាក់​ប្រឡូក​។​ ​នៅ​ពេល​ធ្វើ​ថូ​ធំ​ៗ​ ​ដី​ធំ​ ​ពិបាក​ទប់​ដែរ​ […] ​ត្រូវ​ព្យាយាម​អនុវត្ត​ដោយខ្លួនឯង​ឲ្យបាន​ច្រើន​” ​។​ ​គេ​បាន​អះអាង​ថា​ ​កន្លងមក​ដោយសារ​តែ​ខ្វះ​ភាព​អត់ធ្មត់​ ​សិស្ស​មួយ​ចំនួន​បាន​សម្រេច​បោះបង់​ការសិក្សា​ជំនាញ​នេះ​ពាក់កណ្តាល​ទី​ ​ដែល​ជា​រឿង​មួយ​គួរឲ្យ​សោកស្តាយ​សម្រាប់​ធនធានមនុស្ស​ក្នុង​វិ​ស័​យ​នេះ​។​

            យុវជន​ដដែល​បាន​បន្ថែម​ទៀត​ថា​ ​ដើម្បី​សិក្សា​ជំនាញ​នេះ​ឲ្យបាន​ពូកែ​ ​ក្រៅពី​ការសិក្សា​ជាមួយ​សា​ស្រ្តា​ជំនាញ​នៅ​ក្នុង​ថ្នាក់រៀន​ហើយ​ ​សិស្ស​គ្រប់រូប​ត្រូវ​ចំណាយ​ពេល​ស្រាវជ្រាវ​កុលាលភាជន៍​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​រ​ណេ​ត​ ​ធ្វើ​ពិសោធន៍​ដី​ ​និង​ ​ពិសោធន៍​ទឹក​ថ្នាំ​ ​ព្រមទាំង​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​ទាំង​ជា​ភាសា​ជាតិ​ ​និង​ ​ភាសាបរទេស​បន្ថែម​ ​ព្រោះ​មុខវិជ្ជា​នេះ​តម្រូវ​ឲ្យ​សិក្សា​ទាំង​ក្បាច់​សិល្បៈ​បែប​ខ្មែរ​ ​និង​ ​បច្ចេកទេស​ផ្សេងៗ​ពី​អ្នកជំនាញ​បរទេស​ថែមទៀត​ផង​។​ ​ទោះបីជា​មាន​ឧបសគ្គ​តូច​ធំ​ក្នុង​ការងារ​ជាក់ស្តែង​យ៉ាងណាក៏ដោយ​ ​ក៏​យុវជន​ខាងលើ​នៅតែ​ពុះពារ​បន្ត​ឥតឈប់ឈរ​។​ ​ជាក់ស្តែង​ ​ពេលនេះ​ជា​អំឡុង​ពេល​រដូវ​កាល​រាតត្បាត​នៃ​កូ​វី​ដ​១​៩​ ​ប៉ុន្តែ​សុផា​រិទ្ធ​នៅតែ​បន្ត​ការសិក្សា​តាម​អន​ឡា​ញ​ ​និង​ ​បំពេញ​រាល់​កិច្ចការ​ដែល​លោកគ្រូ​ដាក់ឲ្យ​ធ្វើ​កន្លងមក​ ​មិន​មានបំណង​ថា​នឹង​បោះបង់​ចោល​វា​ម្តងណា​នោះ​ទេ​។​ ​ទោះបី​គេ​ដឹង​ហើយ​ថា​ ​ជំនាញ​ ​នេះ​មិនសូវ​មាន​ទី​ផ្សារ​ដូច​ជំនាញ​ដទៃ​ក៏ដោយ​ ​ក៏​គេ​សុខចិត្ត​រក​ការងារ​បន្ទាប់បន្សំ​ធ្វើ​ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​ការសិក្សា​ជំនាញ​នេះ​លុះ​ត្រាដល់​ចប់ចុងចប់ដើម​ “​ខ្ញុំ​មាន​មោទនភាព​ ​ចេះ​អ្វី​ដែលគេ​មិន​អាច​ ​អត់​សូវ​មាន​អ្នករៀន​ច្រើន​។​ ​ខ្ញុំ​ខ្លាច​ដែរ​រឿង​ទី​ផ្សារ​ការងារ​ ​តែ​ទឹកចិត្ត​នៅតែ​ស្រឡាញ់​ ​អត់​បោះបង់​ទេ​ ​មានតែ​ខំ​រកលុយ​មក​រៀន​វា​វិញ​”។​

            ដោយសារ​ឆ្នាំនេះ​ជា​ឆ្នាំ​បញ្ចប់​ ​សុផា​រិទ្ធ​បាន​បង្កើត​ស្នាដៃ​កុលាលភាជន៍​ថ្មី​មួយ​គឺ​ ​ថូផ្កា​ដែល​មាន​ក​ម្ពស់​ប្រមាណ​ ​៤​-​៥​ ​តឹក​ ​ដែល​រចនា​ឡើង​ដោយ​ក្បាច់​ត្របកឈូក​បំបែក​។​ ​កន្លងមក​ ​គេ​ក៏​ធ្លាប់​ផលិត​ប្រភេទ​សម្ភារ​កុលាលភាជន៍​ផ្សេងៗ​ ​ដែល​លម្អ​ដោយ​ក្បាច់​ខ្មែរ​ ​តួយ៉ាង​ ​ក្បាច់​ភ្ញីភ្លើង​ ​ក្បាច់​ភ្ញើ​ទេស​ ​និង​ ​ក្បាច់​ធ្មេញក្របី​ ​ជាដើម​ ​។​ ​អ្វី​ដែល​គួរ​ជាទី​មោទនភាព​បំផុត​ ​ក្នុងនាម​ជា​សិស្ស​ជំនាញ​កុលាលភាជន៍​វ័យក្មេង​មួយ​រូប​ ​យុវជន​ ​រស់​ ​សុផា​រិទ្ធ​ ​មានឱកាស​យកចំណេះ​ដឹង​របស់​ខ្លួន​ទៅ​បង្រៀន​ជនបរទេស​ឲ្យបាន​យល់​ដឹង​ពី​ការ​ផលិត​កុ​លា​ល​ ​ភា​ជ​ន៍​របស់​ជន​ជាតិខ្មែរ​យើង​។​ ​ទាក់ទិន​នឹង​ការងារ​បង្រៀន​នេះ​ ​គេ​បាន​ពន្យល់​ថា​ ​គេ​ធ្លាប់​បង្រៀន​វគ្គសិក្សា​ខ្លី​ដល់​ជនជាតិ​បរទេស​លក្ខណៈ​ជា​ក្រុម​ ​តួយ៉ាង​ ​ជនជាតិ​ហ្វីលីពីន​ ​និង​ ​ជន​ជាតិអឺរ៉ុប​ ​ដែល​មួយ​ក្រុម​ៗ​មាន​សមាជិក​១​០​-​១​២​នាក់​ ​ហើយ​ការ​បង្រៀន​មួយ​វគ្គ​មាន​រយៈពេល​ ​២​ ​ម៉ោង​ (​លក្ខណៈ​សកម្ម​ ​ភាព​ក​ម្សាន្ត)​។​ ​ទីតាំង​ដែល​ធ្លាប់​បង្រៀន​កន្លងមក​ ​រួម​មាន​ ​សាលា​សិល្បៈ​សុវណ្ណភូមិ​ ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ​និង​ ​ទីតាំង​ផ្សេងៗ​ទៀត​អាស្រ័យ​លើ​កញ្ចប់​ទេស​ច​ណ៍​ជាក់ស្តែង​របស់​ភ្ញៀវ​។​ ​ក្តី​សង្ឃឹម​អនាគត​របស់​យុវជន​រូប​នេះ​ ​គឺ​ ​ចង់​ក្លាយ​ជា​គ្រូបង្រៀន​ជំនាញ​កុលាលភាជន៍​ ​និង​ ​បើក​ទីតាំង​ផលិត​និង​ដាក់​តាំង​កុលាលភាជន៍​ដោយខ្លួនឯង​៕​

Article by SRIN SOKMEAN


SUGGESTIONS