×

គួរ​ថែរក្សា​សុខភាព​បែប​ណា​នា​អំឡុងរដូវ​វស្សា​?​

TRAVEL & LIVING 4 years ago
 
 

           រដូវវស្សា​មកដល់​ ​បាន​ពាំ​នាំ​យក​ទឹកភ្លៀង​សម្រាប់​ស្រោចស្រព​ក​សិ​ផលដំណាំ​នានា​ ​ដែល​ជា​គុណប្រយោជន៍​ធំ​មួយ​សម្រាប់​ការ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​ ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ​ការផ្លាស់ប្តូរ​អាកាសធាតុ​មិន​ទៀងទាត់​ពី​ខ្យល់​មូសុង​នេះ​ ​ក៏​រមែង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​ផង​ដែរ​ ​ដែល​បណ្ដាលឲ្យ​កើតជា​ជម្ងឺឆ្លង​នានា​ ​ពិសេស​គឺ​ជម្ងឺ​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវ​ដង្ហើម​ ​ឬ​ជម្ងឺ​ផ្សេងៗ​ទៀត​ដែល​បង្ក​ពី​ភាព​កខ្វក់​។​ល​។​ ​ស្រប​ពេល​ដែល​ការ​រាតត្បាត​នៃ​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​នៅ​បន្ត​ ​ហា​និ​ភ័យ​ក្នុង​ឆ្លង​ជម្ងឺ​ក៏​កាន់តែ​ច្រើន​។​ ​តើ​យើង​នឹង​ប្រឈមមុខនឹង​ជម្ងឺ​អ្វីខ្លះទៀត​កំឡុង​ពេល​រដូវ​ធ្លាក់​ភ្លៀង​នេះ​ ​ហើយ​គួរ​មាន​វិធានការ​សុខភាព​អ្វីខ្លះ​ដើម្បី​បង្ការ​ការពារ​ឲ្យ​សមស្រប​?

          រដូវ​កាល​ភ្លៀង​ធ្លាក់​នេះ​រមែង​បង្ក​ជា​ទឹកដក់​ដែល​ជា​ជម្រក​ដ៏​ប្រពៃ​សម្រាប់​សត្វ​មូស​ ​ពិសេស​មូស​ខ្លា​ ​ក្នុង​ការ​បង្ក​ជា​ជម្ងឺ​គ្រុនឈាម​ដ៏​កាច​សាហាវ​។​ ​ជម្ងឺ​គ្រុនចាញ់​ក៏​ជា​ជម្ងឺ​មួយ​ប្រភេទ​ទៀត​ដែល​បង្ក​ដោយ​សត្វ​មូស​ផង​ដែរ​ ​វា​ច្រើន​បង្កហេតុ​នៅ​ពេលយប់​កំឡុង​ពេល​ដែល​យើង​ទទួលទានដំណេក​។​ ​ក្នុង​រដូវ​នេះ​ ​អាកាសធាតុ​ប្រែប្រួល​មិន​ទៀង​ដែល​អាចប​ង្ក​ជា​ជម្ងឺឆ្លង​តាមផ្លូវ​ដង្ហើម​ដូចជា​ ​ជម្ងឺ​ផ្ដាសាយ​ ​និង​គ្រុនផ្ដាសាយ​ធំ​ ​ដែល​បង្ក​ជា​អា​កា​រៈ​ក្ដៅខ្លួន​ ​ហៀរសំបោរ​ ​ឈឺក​ ​និង​ល្ហិតល្ហៃ​ជាដើម​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ជម្ងឺឆ្លង​តាម​ប្រភព​ទឹក​ដូចជា​រាគ​រុ​ស​ ​អាសន្នរោគ​ ​ឬ​ការ​ឆ្លង​មេរោគ​តាមរយៈ​អាហារ​ ​និង​ទឹកជា​ដើម​ ​សុទ្ធតែ​បង្ក​ជា​បញ្ហា​សុខភាព​យ៉ាង​ងាយ​ ​ក្នុង​ករណី​មិន​មាន​ការប្រុងប្រយ័ត្ន​អំពី​អនាម័យ​នានា​។​ ​ជម្ងឺ​មួយ​ប្រភេទ​ទៀត​ដែល​មានឈ្មោះ​ថា​ ​L​e​p​to​s​p​i​ros​i​s ​ដែល​បង្ក​ដោយ​បាក់តេរី​ពី​ទឹកនោម​សត្វ​ (​កណ្ដុរ​)​នៅ​ពេល​មនុស្ស​ឬ​សត្វ​បាន​ប៉ះពាល់​នឹង​ប្រភព​ទឹក​ឬ​ដី​ដែល​ស្រោចស្រព​ដោយ​ទឹកនោម​នោះ​។​ ​ជម្ងឺ​នេះ​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​រដូវ​កាល​ភ្លៀង​ធ្លាក់​នេះ​ដោយ​មេរោគ​នេះ​ត្រូវ​បាន​ពាំ​នាំ​នូវ​ប្រភព​មេរោគ​តាមរយៈ​ទឹកជំនន់​។​

          ​ហេតុដូច្នេះ​ ​យើង​គប្បី​ធ្វើការ​បង្ការ​ការពារ​ខ្លួន​តាម​វិធានការ​ដូច​ខាងក្រោម​៖​

១​. ​រក្សា​អនាម័យ​ឲ្យបាន​ស្អាត​ជានិច្ច​៖​ ​ស​ម្អា​ត​គេហដ្ឋាន​ ​និង​ទីកន្លែង​ជុំវិញ​ខ្លួន​ឲ្យ​មាន​អនាម័យ​ ​ចៀសវាង​បង្កើត​នូវ​ទី​ជម្រក​ដល់​ពពួក​បាក់តេរី​នានា​ ​ពិសេស​កុំឲ្យ​មាន​ទឹកដក់​នៅ​ជុំវិញ​កន្លែង​ស្នាក់​នៅ​ ​ព្រោះ​វា​ជា​ទីកន្លែង​បង្ក​កំណើត​របស់​សត្វ​មូស​។​ ​ម្យ៉ាង​វិញទៀត​ ​ការ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​ក៏​ជា​រឿង​សំខាន់​ដើម្បី​លុបបំបាត់​ការ​កកើត​បាក់តេរី​ ​ឬ​វី​រុ​ស​ឆ្លង​នានា​ ​តួយ៉ាង​វី​រុ​ស​កូ​វី​ដ​-​១​៩​។​ ​ក្រៅពី​ការ​ស​ម្អា​ត​រាងកាយ​ជាប្រចាំ​ ​គួរ​ឧ​ស្សាហ៍​លាងដៃ​នឹង​សាប៊ូ​ ​ឬ​ជែ​ល​លាងដៃ​ដែល​មាន​ជាតិ​អាកុល​ជាដើម​ ​និង​ជូត​ដៃ​ឲ្យបាន​ស្ងួត​ល្អ​ ​ពិសេស​មុននឹង​ប្រើ​ដៃ​ចាប់កាន់​អាហារ​ទទួលទាន​ជាដើម​។​

​២​. ​ការពារ​ខ្លួន​ពី​ទឹកភ្លៀង​៖​ ​គប្បី​ធ្វើការ​ពាក់​អាវភ្លៀង​ ​ឬ​បាំង​ឆ​័​ត្រ​រាល់​ពេល​ចេញ​ទៅក្រៅ​កំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​។​ ​ហើយ​គួរ​ងូតទឹក​ស​ម្អា​ត​ខ្លួន​ឲ្យបាន​ស្អាត​ ​ក្នុង​ករណី​ទទឹក​ខ្លួន​នឹង​ទឹកភ្លៀង​ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​នានា​ជាយថាហេតុ​។​

៣​. ​ទទួលទានទឹក​ឲ្យបាន​គ្រប់គ្រាន់​៖​ ​រដូវ​កាល​ ​មេឃ​ចុះ​ត្រជាក់​ ​ធ្វើឲ្យ​យើង​មិនសូវ​ជា​ស្រេកទឹក​ ​ប៉ុន្តែ​យើង​គប្បី​ទទួលទានទឹក​ឲ្យបាន​គ្រប់គ្រាន់​ដូច​សព្វ​មួយដង​ ​ព្រោះ​សព៌ាង្គកាយ​មនុស្ស​ត្រូវការ​ជាតិទឹក​ជាចាំបាច់​ ​ដូច្នេះ​មិន​ត្រូវ​កាត់បន្ថយ​ការ​ទទួលទានទឹក​ឡើយ​។​ ​គប្បី​រក្សា​សំណើម​ដោយសារ​ធា​តិ​ទឹក​ជាប្រចាំ​ ​ដោយ​ម្ដង​បន្តិចៗ​ ​កុំ​ប្រឹង​ទទួលទាន​ម្ដង​ក្នុង​ចំណុះ​ច្រើនហួស​ក​ម្រិ​ត​។​

៤​. ​ទទួលទាន​វីតាមីន​ C ​បន្ថែម​៖​ ​សារធាតុ​វីតាមីន​ C ​អាច​ជំរុញ​ឲ្យ​យើង​ជាសះស្បើយ​ពី​ជម្ងឺ​ផ្ដាសាយ​ឆាប់រហ័ស​ ​និង​បង្កើន​អង់​ទី​ករ​ក្នុង​ការ​ការពារ​ជម្ងឺ​ផ្ដាសាយ​ ​ឬ​ជម្ងឺ​នានា​ឲ្យ​កាន់តែ​ខ្លាំង​។​ ដួ​ច្នេះ​ ​គប្បី​បន្ថែម​សារធាតុ​វីតាមីន​ C ​ក្នុង​របប​អាហារ​ ​និង​ទទួលទាន​ផ្លែឈើ​ឲ្យបាន​ច្រើន​។​

៥​. ​ប្រុងប្រយ័ត្ន​នឹង​ម្ហូបអាហារ​ដែល​ទទួលទាន​៖​ ​អនាម័យ​ម្ហូបអាហារ​ជា​រឿង​សំខាន់​ក្នុង​រដូវវស្សា​នេះ​ ​ព្រោះ​ម្ហូបអាហារ​ងាយ​ខូចគុណភាព​ ​បង្ក​ឲ្យ​យើង​មាន​អា​កា​រៈ​រាគ​រុ​ស​ ​ឬ​ក្អួត​ចង្អោរ​នានា​។​ ​គប្បី​ញ៉ាំ​អាហារ​ដែល​ច​ម្អិ​ត​ឆ្អិន​ល្អ​ ​និង​មាន​អនាម័យ​ខ្ពស់។​

​៦​. ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​៖​ ​​វា​ជួយ​បញ្ចេញ​ជាតិ​ពុល​នានា​ និង​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​រាងកាយ​យើង​បាន​យ៉ាង​ល្អ។​ ការ​​ធ្វើ​លំ​ហាត់ប្រាណ​នេះ​ ​ក៏​ជួយ​ឲ្យ​អារម្មណ៍​មាន​ភាព​ស្រស់​ថ្លា​ឡើងវិញ​ ​ពី​ភាព​អាប់អួ​រ​នៃ​អាកាសធាតុ​ ​និង​ភាព​ហ្មងសៅ​នានា​ ​ដើម្បី​ចៀសវាង​ការ​មាន​សម្ពាធ​ផ្លូវចិត្ត​ ​ដែល​បង្ក​ឲ្យ​សមត្ថភាព​ប្រព័ន្ធ​ស៊ាំ​ធ្លាក់ចុះ​ ​និង​ធ្វើឲ្យ​ជម្ងឺ​នានា​បៀតបៀន​បាន​យ៉ាង​ងាយ​៕

​Article​ ​by​ ​L​E​N​G​ C​H​AN​R​EASE​Y


SUGGESTIONS