×

​តិកនិក​តុបតែង​ផ្ទះ​ដោយ​ប្រើ​រុក្ខជាតិ​និង​ផ្កា​លម្អ​ឲ្យ​ទាក់ទាញ​

TRAVEL & LIVING 4 years ago
 
 

           ​ការ​តុបតែង​គេហដ្ឋាន​ជា​រឿង​ចាំបាច់​មួយ​ ​ដើម្បី​បង្កើត​នូវ​បរិយាកាស​រស់នៅ​ដែល​ប្រកបដោយ​ផាសុកភាព​ ​និង​សោភ័ណ​ភាព​។​ ​ជា​ការពិត​ណាស់​ ​ក្រៅពី​គ្រឿង​សង្ហារិម​ចាំបាច់​នានា​ ​គ្រឿង​តុបតែង​លម្អ​មួយ​ចំនួន​ត្រូវ​បាន​ប្រើប្រាស់​ ​ដូចជា​រូប​ចម្លាក់​ ​គំនូរ​ ​រូបថត​។​ល​។​ ​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​មនុស្សម្នាក់​ៗ​។​ ​នា​វេលា​នេះ​ ​សូវ​រី​ន​ ​សូម​បង្ហាញ​នូវ​គំនិតច្នៃប្រឌិត​មួយ​ចំនួន​ក្នុង​ការប្រើប្រាស់​រុក្ខជាតិ​មក​តុបតែង​លម្អ​នៅ​បរិវេណ​ខាងក្នុង​នៃ​គេហដ្ឋាន​។​

១​. ​ផ្កា​ស្រស់​ក្នុង​ថូ​

           ​​ការ​ប្រើ​ផ្កា​ស្រស់​មក​លម្អ​ក្នុង​ផ្ទះ​ ​ពិតជា​គំនិត​ល្អ​មួយ​ ​ប៉ុន្តែ​វា​ហាក់​សាមញ្ញ​បន្តិច​។​ ​ដូច្នេះ​ ​ការ​ជ្រើសរើស​ថូផ្កា​ ​គឺជា​មេរៀន​ដែល​ស្ដ្រី​មេផ្ទះ​គួរ​សិក្សា​បន្ថែម​។​ ​ក្រៅពី​ថូផ្កា​ទូទៅ​ ​អ្នក​គួរ​ស្វែងរក​ថូផ្កា​ជ្រុង​ ​ថូ​ខ្ពស់​ ​ថូ​មូល​ ​ឬ​រាង​ប្លែកៗ​មក​រៀប​ផ្កា​ស្រស់​វិញ​ ​វា​នឹង​ជួយ​បន្ថែម​សោភ័ណ​ភាព​បន្ទប់ទទួលភ្ញៀវ​ ​ឬ​ជ្រុង​មួយ​នៃ​ផ្ទះ​របស់​អ្នក​។​ ​ការ​ប្រើ​ថូ​រូបរាង​ប្លែកៗ​បែប​នេះ​ ​អ្នក​អាច​ជ្រើសរើស​ជា​ថូ​កញ្ចក់​ថ្លា​ជាមួយនឹង​ផ្កា​តែមួយ​ ​ឬ​ពីរ​ប្រភេទ​បានហើយ​ ​ធ្វើ​បែប​នេះ​អាច​រំលេចពណ៌​ផ្កា​បាន​យ៉ាងល្អ​ប្រពៃ​។​

២​. ​ដាំ​រុក្ខជាតិ​ដើម​ខ្ពស់​

           ​បំពេញ​ចន្លោះ​ទំនេរ​ ​ឬ​កាច់ជ្រុង​នៃ​បន្ទប់​គេហដ្ឋាន​របស់​អ្នក​ ​ដោយ​ដាក់​ផើង​ដែល​ដាំ​រុក្ខជាតិ​បៃតង​ក​ម្ពស់​ខ្ពស់​ល្មម​ (​ប្រមាណ​១​ម៉ែត្រ​កន្លះ​ ​ឬ​ល្មម​សមនឹង​ក​ម្ពស់​ពិតាន​)​។​ ​អ្នក​ក៏​អាច​ប្រើ​វា​លម្អ​នៅ​ជិត​ទូ​តាំង​ ​ឬ​ជញ្ជាំង​លាត​ទំនេរ​ក៏បាន​។​ ​ជាង​នេះ​ទៅទៀត​ ​បើ​លម្អ​វា​ក្នុង​បន្ទប់ទឹក​ ​ដែល​មាន​ចាំង​ពន្លឺ​ថ្ងៃ​ចូល​រឹត​តែ​បង្កើន​ភាព​ស្រស់ស្រាយ​មួយ​ក​ម្រិ​ត​ទៀត​។​

​៣​. ​ព្យួរ​រុក្ខជាតិ​វ​ល្លិ៍​ពី​ជញ្ជាំង​

           ​​ដាំ​រុក្ខជាតិ​វ​ល្លិ៍​ឲ្យ​លូតលាស់​សំយុង​ចុះ​ក្រោម​ពីលើ​ជញ្ជាំង​របស់​អ្នកជា​គំនិត​ល្អ​មួយទៀត​ ​ដែល​អាច​ជំនួស​ការប្រើប្រាស់​ផ្ទាំង​គំនូរ​នានា​ ​ឬ​ព្យួរ​វា​លម្អ​ជា​នឹង​រូបភាព​គ្រួសារ​អ្នក​។​ ​របៀប​ព្យួរ​វិញ​អាច​មាន​២​របៀប​ ​ទី​១​ ​ចាប់​ជាប់នឹង​ជញ្ជាំង​ ​ដោយធ្វើ​ដូចជា​ស៊ុម​រូបថត​ ​ទី​២​ ​ប្រើ​លួស​ទ្រ​ផើង​ថ្ពក់​ផ្ជាប់​នឹង​ទំពក់​លើ​ជញ្ជាំង​ (​ដូច​ទំពក់​ព្យួរ​ខោអាវ​)​។​ ​ប្រសិនបើ​ជញ្ជាំង​អ្នក​សល់​ផ្ទៃ​ធំ​ ​អាច​ព្យួរ​ជាជួរ​ ​ជាមួយនឹង​វ​ល្លិ៍​ចម្រុះ​ប្រភេទ​ ​ឬមួយ​ប្រភេទ​តាមចំណូលចិត្ត​។​

​៤​. ​ដាំ​រុក្ខជាតិ​ក្នុង​ដប​កញ្ចក់​

           ​បង្កើត​ជា​កូន​សួនច្បារ​មួយ​ក្នុង​ដប​ថ្លា​ ​ឬ​ថូ​រាង​ស៊ី​ឡាំង​ថ្លា​ធំ​មួយ​ ​ដោយមាន​ដាំ​កូន​រុក្ខជាតិ​តូច​ៗ​ខ្ពស់​ទាប​ ​ក្រាល​គ្រួស​ ​ដុំ​ថ្ម​តូច​ៗ​ ​និង​មានកូន​តុក្កតា​ឬ​រូប​សត្វ​នានា​លម្អ​។​ ​គ្រាន់តែ​ស្រមៃ​ក៏​ឃើញ​ឡូយ​ ​និង​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​សប្បាយ​ដែរ​។​ ​យ៉ាងណាមិញ​ ​អ្នក​ក៏​អាច​បញ្ចូល​ទឹក​ ​ហើយ​ដាំ​ជា​រុក្ខជាតិ​ដែល​ដុះ​ក្នុង​ទឹក​វិញ​ក៏បាន​ ​វា​ពិតជា​ប្លែក​ ​និង​បង្កើត​ជា​ទស្សនីយភាព​ថ្មី​មួយ​បែប​ទៀត​។​ ​អ្នក​អាច​តាំង​វា​នៅ​លើ​តុ​ទាប​ ​ឬ​ដាក់​រាបស្មើ​នឹង​ការ៉ូ​បន្ទប់​ ​ក្បែរ​ជ្រុង​មួយ​នៃ​បន្ទប់​ដែល​មិន​មាន​ពន្លឺ​ថ្ងៃ​ចាំង​ដល់​ ​ធ្វើ​ដូចនេះ​ទឹក​ក្នុង​ថូ​មិន​ងាយ​ដុះស្លែ​។​ ​បើ​ប្រើ​ដប​តូចល្មម​អាច​តាំង​លើ​ធ្នើរ​ ​ឬ​ថ្ពក់​ជាប់​ជញ្ជាំង​ក៏បាន​។

​៥​. ​ប្រទាល​តូច​ៗ​ក្នុង​កូន​ផើង​

           ​តាំង​លម្អ​ពូជ​ប្រទាល​តូច​ៗ​នៅ​លើ​តុ​ ​ធ្នើរ​ ​ឬ​ទូ​នានា​ ​ជាមួយនឹង​គ្រឿង​លម្អ​នានា​ ​បាន​បន្ថែម​ភាព​ទាក់ទាញ​មួយ​ក​ម្រិ​ត​ទៀត​។​ ​ប្រិយ​មិត្ត​អាច​ជ្រើស​កូន​ផើង​ដែល​មាន​ពណ៌​ឆើតឆាយ​មក​ដាំ​ប្រទាល​ទាំងនោះ​ជា​ក្រុម​ ​នោះ​ពិតជា​គួរឲ្យ​ចាប់អារម្មណ៍​ ​ហើយ​ប្រទាល​ទាំងនោះ​គឺ​ធន់​នឹង​អាកាសធាតុ​ណាស់​ ​ព្រមទាំង​ងាយស្រួល​ក្នុង​ការថែទាំ​ ​ព្រោះ​វា​ត្រូវការ​ទឹក​តិច​ ​ហើយ​ទោះ​គ្មានពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​ ​ក៏​អាច​រស់​បាន​យូរ​ដែរ​។​

​៦​. ​អប់​ផ្កា​ក្នុង​ផ្តិ​ល​ទឹក​

           ​​ខ្មែរយើង​និយម​អប់​ផ្កា​ក្នុង​ទឹក​ ​ដើម្បី​ប្រើ​ជា​ទឹកមន្ដ​ ​ឬ​ប្រើ​សម្រាប់​ប្រោះព្រំ​លើ​មុខ​លើ​ខ្លួន​ឲ្យ​សាយ​កិ្ល​ន​ក្រអូប​។​ ​ខណៈ​ពេលនេះ​ ​យើង​នឹង​តុបតែង​ផ្ទះ​ជាមួយនឹង​ផ្តិ​ល​ប្រាក់​ដែល​មាន​អប់​ផ្កា​ម្លិះ​ ​ឬ​ស្រទាប់ផ្កា​កុលាប​វិញ​ម្ដង​ ​វា​មិន​ត្រឹមតែ​ផ្ដល់​នូវ​សោភ័ណ​ភាព​ ​ព្រមទាំង​ផ្តល់​នូវ​ក្លិនពិដោរ​ដ៏​ឈ្ងុយឈ្ងប់​។​ ​ការ​អប់​ផ្កា​ក្នុង​ទឹក​នេះ​ ​ក៏បាន​បង្កើត​ជា​បរិយាកាស​ដ៏​ត្រកាល​មួយ​ ​ព្រោះ​វា​បាន​ជួយ​បន្ថយ​សីតុណ្ហភាព​ក្ដៅ​ក្នុង​បន្ទប់​របស់​អ្នក​បាន​មួយ​ផ្នែក​ផង​ដែរ​។​

​៧​. ​ដាំ​ពពួក​ជីរ​

           ​​ប្រិយ​មិត្ត​អាច​ដាក់​ដាំ​ពពួក​ជីរ​នានា​លម្អ​ក្នុង​ផ្ទះបាយ​ ​ដូចជា​ជីរនាងវង​ ​ជីរ​រណា​ ​ជីរអង្កាម​ ​និង​ជីរវ៉ាន់ស៊ុយ​ជាដើម​។​ ​ដាំ​ក្បែរ​បង្អួច​ ​ឬ​កន្លែង​ដែល​មាន​ថ្ងៃ​ជះ​ដល់​ ​នឹង​ជួយ​ឲ្យ​ដំណាំ​ជីរ​ទាំងនោះ​លូតលាស់​បាន​ល្អ​ ​ហើយ​បន្ថែម​ភាព​រស់រវើក​ដល់​ផ្ទះបាយ​របស់​អ្នក​ទៀត​ផង​។​ ​ដំណាំ​ជីរ​ទាំងអស់​សុទ្ធតែ​អាច​ប្រើ​ជា​គ្រឿងផ្សំ​ក្នុង​ការ​ធ្វើម្ហូប​ ​និយាយរួម​គឺ​ទទួល​បាន​គុណប្រយោជន៍​ទ្វេ​ដង​តែម្ដង​។​ ​ដោយសារ​ពូជ​ជីរ​ទាំងនេះ​មិន​ត្រូវការ​ទំហំដី​ធំ​ ​ដូច្នេះ​អ្នក​អាច​ដាំ​វា​ក្នុង​ក្រឡ​ដែល​សល់ទំនេរ​បាន​ ​សន្សំប្រាក់​ ​ហើយ​កាត់បន្ថយ​សំណល់​សំរាម​បាន​ទៀត​៕​ ​

Article by​ LENG CHANREASEY


SUGGESTIONS