×

បូ​រ​ ​ហាក់​ ​វិចិត្រករ​គំនូរ​ឈើ​ឆេះ​ដំបូង​គេ​នៅ​កម្ពុជា​

NEWS 4 years ago
 
 

            គំនូរ​ជា​ប្រភេទ​សិល្បៈ​មួយ​ក្នុងចំណោម​ទម្រង់​សិល្បៈ​សំខាន់​ៗ​ទាំង​៧​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។​ ​ដោយឡែក​ ​គំនូរ​លើ​ឈើ​ជា​មត៌ក​គំនូរ​បែប​បុរាណ​ដែល​មាន​អាយុកាល​រាប់​រយ​ពាន់​ឆ្នាំទៅ​ហើយ​ ​ប៉ុន្តែ​នៅ​ពេលថ្មីៗនេះ​ ​វិចិត្រករ​ខ្មែរ​ជំនាន់​ក្រោយមក​ពី​ខេត្ត​បាត់​ដំបង​មួយ​រូប​បាន​កែច្នៃ​ឈើ​ដែល​ដុតឆេះ​ខ្លោច​ខ្មៅ​មក​រំលេច​ជា​ផ្ទាំង​គំនូរ​ប្រកប​ ​ដោយ​សោភណភាព​ល្អ​ប្លែក​ដែល​មិនធ្លាប់​មាន​ទាល់តែសោះ​នៅ​ក្នុង​ប្រវត្តិ​សិល្បៈគំនូរ​របស់​ខ្មែរយើង​តាំងពី​ដើម​រៀងមក។​ ​របក​គំហើញ​ស្នាដៃ​ថ្មី​ប្រភេទ​នេះ​ត្រូវ​បាន​លោក​ ​បូ​រ​ ​ហាក់​ ​ដែល​ជា​ស្ថាបនិក​គំនូរ​ប្រសិទ្ធ​នាម​ឲ្យ​ថា​ជា​ “​គំនូរ​ឈើ​ឆេះ​” ​ដោយ​ផ្អែកលើ​ប្រភេទ​វត្ថុធាតុដើម​ដែល​យកមក​គូរ។​

            យុ​វ​វិចិត្រករ​ ​បូ​រ​ ​ហាក់​ ​បច្ចុប្បន្ន​ជា​សិល្បករ​ប្រចាំ​នៅ​វិចិត្រសាល​សិល្បៈ​រំចេក​៥​ ​និង​ ​អ្នកបង្កើត​គំនូរ​ជី​វ​ ​ច​ល​ប្រចាំ​ ​Phare​ ​Creative​ ​Studio​ ​ព្រមទាំង​ជា​អតីត​សិស្សសាលា​ហ្វារ​ពន្លឺ​សិល្បៈ​ប្រចាំ​ក្រុង​បាត់​ដំបង​បាន​រៀប​រាប់ប្រាប់​សូវ​រី​ន​អំពី​ជីវប្រវត្តិ​ ​និង​ ​ស្នាដៃ​សិល្បៈ​របស់​លោក​ផ្ទាល់​ថា​ ​បើ​និយាយ​ពី​ប្រវត្តិ​ការសិក្សា​ផ្នែក​សិល្បៈគំនូរ​របស់​លោក​ ​ដំបូង​លោក​បាន​សិក្សា​ជំនាញ​សិល្បៈ​ដោយ​ផ្តោត​លើ​ប្រភេទ​គំនូរ​ចក្ខុ​ទ​ស្សន៍ ​គំនូរ​ទំនើប​ ​និង​ ​ផ្នែក​ចម្លាក់​ខ្លះ​ដែរ​រហូតដល់​ឆ្នាំ​២​០​១​០​ទើប​បញ្ចប់​ ​ហើយ​លោក​ក៏បាន​សិក្សា​បន្ត​ទៀត​លើ​ជំនាញ​គំនូរជីវចល​រហូតដល់​ឆ្នាំ២០១៧។​ ​មូលហេតុ​ចំបង​ដែល​ជំរុញ​ទឹកចិត្ត​សិស្ស​គំនូរ​រូប​នេះ​ឲ្យ​បង្វែរ​ចំណាប់អារម្មណ៍​មក​លើ​ជំនាញ​គំនូរជីវចល​វិញ​នោះ​ពីព្រោះ​លោក​ស្រឡាញ់​គំនូរជីវចល​តែម្តង​ទោះបីជា​លោក​បាន​ដឹង​ទៅ​ហើយ​ថា​វិ​ស​័​យ​គំនូរជីវចល​នៅ​ក្នុងស្រុក​មិនទាន់​មាន​ទី​ផ្សារ​ទូលំទូលាយ​ដូច​នៅ​បរទេស​នៅឡើយ​ទេ។​ ​លោក​បាន​បន្ថែម​ថា​កាលពី​ជំនាន់​លោក​នៅ​សិក្សា​ជំនាញ​នេះ​យុវជន​ខ្មែរ​ភាគច្រើន​ចាប់អារម្មណ៍​ចំពោះ​មុខវិជ្ជា​ក្រា​ហ្វិ​ច​ឌី​ហ្សា​ញ​ ​ឬ​ ​រចនា​គំនូរ​ក្រា​ហ្វិ​ច​ ​ច្រើនជាង។​ ​រូបលោក​ក៏​មិន​សង្ឃឹម​ថា​រៀនចប់​ហើយនឹង​មានការងារ​ធ្វើ​ដូច​សព្វថ្ងៃ​នោះ​ដែរ​ ​ប៉ុន្តែ​លោក​មិនដែល​បោះបង់​ក្តី​ស្រមៃ​ដោយសារតែ​កត្តា​ខាងលើ​ទេ។​

            ​យ៉ាងណាមិញ​ ​ចំពោះ​ប្រវត្តិ​ស្នាដៃ​គំនូរ​ឈើ​ឆេះ​របស់​លោក​វិញ​ ​វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ការ​ខិតខំ​ព្យាយាម​ដកពិសោធន៍​ជាក់ស្តែង​ជាច្រើន​ដង​ទម្រាំ​ទទួល​លទ្ធផល​ដ៏​ថ្មីសន្លាង​នេះ។​ ​លោក​បាន​ចាប់ផ្តើម​ចំណាយ​ពេល​ស្រាវជ្រាវ​អនុវត្ត​វា​កាលពី​ឆ្នាំ​២​០​១​៩​ ​ដោយសារតែ​លោក​ធ្លាប់ធ្វើ​ការងារ​ចម្លាក់​ឈើ​ពីមុន​មក​ស្រាប់​ទើប​លោក​ចង់​ផ្លាស់​បទពិសោធន៍​បង្កើត​ស្នាដៃ​សិល្បៈ​ទាក់ទង​នឹង​ឈើ​បែបថ្មី​ដើម្បី​បង្ហាញ​មហាជន។​ ​គិត​មកដល់​សព្វថ្ងៃ​ ​លោក​គូរ​គំនូរ​ឈើ​ឆេះ​បាន​១​៧​ផ្ទាំង​ហើយ​ ​ដែល​ប្រធាន​បទ​គំនូរ​ទាំងនោះ​សុទ្ធសឹងតែ​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា។​ ​រីឯ​ប្រភេទ​ឈើ​ដែល​លោក​ជ្រើសរើស​សម្រាប់​ការងារ​សិល្បៈ​នេះ​គឺ​ ​ឈើ​ផ្ចឹក។​ ​លោក​បាន​លើកឡើង​ថា​ ​បានជា​ជ្រើសរើស​ឈើ​ផ្ចឹក​ ​គឺ​ដោយសារ​ឈើ​ប្រភេទ​នេះ​ធន់​នឹង​ក​ម្តៅ ​ធន់​នឹង​ទឹក​ ​រឹង​មាំ​មិន​ងាយ​ខូច​ ​ដែល​ខ្មែរ​និយម​យក​ធ្វើជា​របងការពារ​ផ្ទះ​ពីមុន​មក​។​ ​ម្យ៉ាង​វិញទៀត​ ​ឈើ​នេះ​មាន​ជាតិ​ជ័រ​នៅ​ខាងក្នុង​ដែល​មិន​ធ្វើឲ្យ​មាន​សត្វល្អិត​ស៊ី​បំ​ផ្លា​ញ់​សាច់ឈើ​ឡើយ។​ ​លើស​ពីនេះទៅ​ទៀត​ ​វា​ជា​ប្រភេទ​ឈើ​ដែល​សម្បូរ​នៅ​ក្នុងស្រុក​ខ្មែរ​ ​មិនមែន​ជា​ឈើ​ប្រណិត​មាន​តម្លៃ​ដូចជា​ ​ពពួក​ឈើ​បេង​ ​នាងនួន​ ​គ្រញូង​ ​ដែល​ឈ្មួញ​នាយទុន​ត្រូវការ​នោះ​ទេ។​ ​ដូចនេះ​ ​លោក​យល់ឃើញ​ថា​ងាយស្រួល​យកមក​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​ការងារ​របស់​លោក​ ​ហើយ​ម្យ៉ាង​លោក​យក​តែ​ឈើ​ដែល​ងាប់​ពី​ធម្មជាតិ​ ​មិនមែន​ឈើ​ដែ​លកាប់​បំផ្លាញ​ពី​ក្នុង​ព្រៃ​ដែល​បណ្តាលឲ្យ​ប៉ះពាល់​ដល់​និរន្តរភាព​ព្រៃឈើ​ក្នុងស្រុក​ឡើយ។​

            ​ក្នុងនាម​ជា​វិចិត្រករ​គំនូរ​ឈើ​ឆេះ​ ​លោក​យល់ថា​ការងារ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ព្រោះ​លោក​បាន​បង្ហាញ​គំនិត​តាមរយៈ​ផ្ទាំង​គំនូរ​ទាំងនោះ។​ ​លោក​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​ ​ការងារ​ប្រភេទ​ថ្មី​ធ្វើពីឈើ​នេះ​អាច​នឹង​ទទួល​មតិ​រិះគន់​ខ្លះ​ពី​មជ្ឈដ្ឋាន​ប្រជាជន​ក្នុងស្រុក​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​លោក​បាន​ប្តេជ្ញា​ថាត្រូវ​តែ​ធ្វើ​ ​ត្រូវតែ​បង្ហាញ​នូវ​អ្វី​ដែល​ច្នៃ​ប្រតិដ្ឋ​ថ្មី​ឲ្យ​គេ​បាន​ស្វែងយល់​ជាមុន​សិន​ដែល​ជា​ចំណុច​ធ្វើឲ្យ​លោក​​​មាន​មោទនភាព​ក្នុង​ន័យ​ថា​ “​ខ្ញុំ​បាន​បង្កើត​អ្វី​ថ្មី​បង្ហាញ​ជូន​ភ្ញៀវ។​ ​ខ្មែរ​មិនសូវ​ឲ្យ​តម្លៃ​ការងារ​ប្រភេទ​ខ្ញុំ​ប៉ុន្មាន​ទេ។​ ​កន្លែងណា​ដែ​ល្បី​ ​គេ​ទៅ​កន្លែង​ហ្នឹង​ ​តែ​ខ្ញុំ​ចង់​បង្វែរឲ្យ​គេ​ងាក​មក​មើល។​ ​មើល​មិន​យល់​ថ្ងៃនេះ​ ​ស្អែក​មើល​ទៀត​ ​ព្យាយាម​យល់​ ​ចេះ​វែកញែក​ ​ទទួល​ចំណេះ​ដឹង​” ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កន្លងមក​លោក​ធ្លាប់​បាន​ចូលរួម​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​ទាំង​ជា​ក្រុម​និង​ទាំង​ជា​ទោល​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​កំពត​ ​និង​នៅ​តាម​បណ្តា​ប្រទេសក្រៅ​ដូចជា​ប្រទេស​បារាំង​និង​សហរដ្ឋអាមេរិក​ ​ជាដើម។​

            ​ប្រសិនបើ​លោកអ្នក​ចង់​ទស្សនា​ស្នាដៃ​សិល្បៈគំនូរ​របស់​វិចិត្រករ​ ​បូ​រ​ ​ហាក់​ ​លោកអ្នក​អាច​អញ្ជើញ​ទៅ​ទស្សនា​បាន​នៅ​វិចិត្រសាល​រំចេក​៥​ ​នៅ​ម្តុំ​វត្ត​ពោធិ​វាល​ ​ក្រុង​បាត់​ដំបង​ ​ខេត្ត​បាត់​ដំបង។​ ​ជាចុងក្រោយ​ ​លោក​ចង់​ផ្ញើ​សារ​ពិសេស​មួយ​ជូន​ជនរួមជាតិ​ទាំងអស់​ ​ជាពិសេស​នោះ​គឺ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ទាំងឡាយ​ ​គឺ​បន្ថែម​ការស្រាវជ្រាវ​រ​កថា​តើ​នៅ​ស្រុកខ្មែរ​មាន​វិចិត្រសាល​សិល្បៈ​នៅកន្លែង​ណាខ្លះ​ ​ហើយ​បង្កើន​ឱកាស​ចូលរួម​ទស្សនាការ​តាំង​ពិព័រណ៍​សិល្បៈ​ថ្មីៗ​ឲ្យបាន​ច្រើន​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​កាន់តែ​ច្រើន៕​

Article by SRIN SOKMEAN

Image Courtesy: បូ​រ​ ​ហាក់


SUGGESTIONS