សម្រស់ស្បែកក្មេងជាងវ័យពីរូបមន្តធ្វើម៉ាសបិតមុខបន្លែផ្លែឈើសម្បូរដោយវីតាមីនចម្រុះ
TRAVEL & LIVING 4 years agoនៅក្នុងបន្លែផ្លែឈើទាំងប៉ុន្មានត្រូវបានគេស្រាវជ្រាវរកឃើញថា មានផ្ទុកនូវពពួកសារធាតុចិញ្ចឹមនិងវីតាមីនដែលមានតួនាទីផ្តល់ប្រយោជន៍ទៅតាមមុខងាររៀងៗខ្លួន ដូចជា វីតាមីនសេ(C) ជួយផ្តល់សំណើមស្បែក ជួយការពារស្បែកពីពន្លឺព្រះអាទិត្យ ជួយបំបាត់ស្នាមជ្រីវជ្រួញ ជំរុញការផលិតផលខូឡេជិន ចំណែកឯវីតាមីនអឺ (E) ជួយកាត់បន្ថយស្នាម ជួសជុលកោសិកាខូច ប្រឆាំងភាពចាស់ បន្ថែមការការពារពីកម្តៅថ្ងៃ ខណៈដែលវីតាមីនអា (A) ជួយកម្ចាត់រាល់បញ្ហាមុន និងធ្វើឲ្យស្បែកទន់រលោងភ្លឺថ្លាជាដើម។ នៅក្នុងអត្ថបទនេះ សូវរីននឹងចែករំលែចំណេះដឹងអំពីការថែរក្សាសម្រស់បែបធម្មជាតិ និងប្រកបដោយប្រសិទ្ធភាពជាមួយបន្លែផ្លែឈើចំនួន១០មុខដែលប្រិយមិត្តអាចរកបានយ៉ាងងាយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ផ្លែប័រ : ជាតិប្រេងធម្មជាតិដែលមាននៅក្នុងសាច់ផ្លែប័រអាចជ្រាបចូលយ៉ាងជ្រៅទៅចិញ្ចឹមស្បែកធ្វើឲ្យស្បែកទន់ និងមានសំណើម។ ការផ្តល់សំណើមនេះនឹងជួយកាត់បន្ថយស្នាមឆ្នូតនៃសញ្ញាភាពចាស់និងភាពជ្រីវជ្រួញដោយរក្សាស្បែកមុខឲ្យមើលទៅស្រទន់ព្រមទាំងពង្រឹងការប្រឆាំងនឹងស្បែកដែលបណ្តាលមកពីអារម្មណ៍ស្ត្រេសនិងករណីផ្សេងៗពីមជ្ឈដ្ឋានជុំវិញខ្លួនជាដើម។ ពពួកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីនអឺ(E) និងវីតាមីនសេ (C) អាចជួយការពារកោសិកាស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។ មួយវិញទៀត លូថេអ៊ីន (Lutein) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មរបស់ ខារ៉ូទីណយណ៍ (Carotenoid) នឹងជំរុញដល់ភាពយឺតនៃស្បែក ខណៈដែលអាស៊ីតអូលេអ៊ីក (Oleic acid) និងសារធាតុក្លរ៉ូភីល (chlrophyll) ជួយកាត់បន្ថយស្បែកឡើងក្រហមនិងហើម។ សម្រាប់វិធីធ្វើម៉ាសផ្លែប័រ យើងគ្រាន់តែយកផ្លែប័រមួយចំហៀងផ្លែកិនឬវាយជាមួយយ៉ាអួរ១ស្លាបព្រាបាយនិងទឹកឃ្មុំកន្លះស្លាបព្រាបាយ បន្ទាប់មកលាបបំពោកលើមុខទុករយៈពេល ១៥ទៅ២០នាទី ទើបលាងជម្រះចេញដោយទឹកក្តៅឧណ្ហៗ។ ដោយឡែកយើងក៏អាចធ្វើស្ក្រាប់ជម្រុះកោសិកាចាស់ដោយយកគ្រាប់ផ្លែប័រមកពុះជាបីបួនចម្រៀករួចទុកហាលថ្ងៃឲ្យស្ងួតរយៈពេល៣ទៅ៤ថ្ងៃ បន្ទាប់មកយកគ្រាប់នោះមកកិនឲ្យម៉ដ្តក្លាយជាម្សៅហើយធ្វើការលាយជាមួយប្រេងដូងឬយ៉ាអួរវានឹងក្លាយជាស្ក្រាប់សម្រាប់ដុះសម្អាតមុខឬដងខ្លួនពេលងូតទឹកផងដែរ។
ផ្លែប៉ោម: តើអ្នកកំពុងតែមានបញ្ហាមុខមុនមែនទេ? ការពិតណាស់ផ្លែប៉ោមគឺជាអ្នកចម្បាំងរាល់បញ្ហាមុននៅលើផ្ទៃមុខ។ អ្នកអាចធ្វើម៉ាសផ្លែប៉ោមបានយ៉ាងងាយដោយយកផ្លែប៉ោមមកកោសសាច់ហើយលាបបំពោកលើផ្ទៃមុខនិងប្រើម្រាមដៃត្រដុសចុះឡើងៗរយៈពេល៥នាទីរួចលាងជម្រះចេញដោយទឹកក្តៅឧណ្ហៗដែលវានឹងជួយកម្ចាត់រាល់មុនតូចធំបន្តិចម្តងៗរហូតគ្មានសេសសល់។ ផ្លែឈើដែលយើងអាចរកទិញបានគ្រប់រដូវកាលនេះមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសមត្ថភាពជម្រះចេញនូវពពួកបាក់តេរី កោសិកាស្បែកខូច និងចាកឆ្ងាញពីស្នាមជាំខ្មៅផងដែរ។ សម្រាប់អ្នកមានស្បែកងាយប្រតិកម្មនិងខ្លោចដោយកាំរស្មីព្រះអាទិត្យអាចបន្ថែមទឹកឃ្មុំកន្លះស្លាបព្រាបាយទៅក្នុងសាច់ប៉ោមដែលកោស។
ស្ត្រូបូរី: ស្ត្រូបូរីជាផ្លែឈើមួយទៀតដែលមានសមត្ថភាពកម្ចាត់រាល់បញ្ហាមុនផងដែរ ខណៈដែលវាដើរតួជាអ្នកលាងសម្អាតស្បែកបានយ៉ាងល្អ។ ស្ត្រូបូរីជួយជម្រុះចេញនូវពពួកមេរោគ និងបាក់តេរីដែលបង្កឲ្យកើតមុន។ មិនត្រឹមតែជាអាវុធកម្ចាត់មុនប៉ុណ្ណោះទេ វាថែមទាំងជួយភ្ជិតរន្ធរោម និងធ្វើឲ្យស្បែកភ្លឺថ្លាផងដែរ។ ដើម្បីធ្វើម៉ាសបិតមុខ អនុវត្តយកស្ត្រូបូរី២ទៅ៣ផ្លែកិនជាមួយយ៉ាអួរ១ស្លាបព្រាបាយ បន្ទាប់មកយកមកលាបលើផ្ទៃមុខទុករយៈពេលពី១០ទៅ១៥នាទីរួចលាងជម្រះចេញដោយទឹកស្អាត។
ផ្លែប៉េស: សម្រាប់អ្នកចង់បន្តឹងស្បែកមុខដោយមិនចាំបាច់វះកាត់អាចធ្វើការសាកល្បងបានជាមួយម៉ាសផ្លែប៉េស។ ផ្លែប៉េសផ្ទុកយ៉ាងសម្បើមនូវវីតាមីនអា(A) និងវីតាមីនសេ(C) រួមទាំងអាស៊ីតអាល់ហ្វាហ៊ីដ្រុកស៊ី (alpha hydroxyl acids) ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ជួយទប់ស្កាត់ និងកាត់បន្ថយការវិវឌ្ឍន៍ស្នាមជ្រីវជ្រួញ។ ដូចទៅនឹងផ្លែស្ត្រូបូរីដែរ ផ្លែប៉េសអាចជួយសម្អាតរន្ធរោមកកស្ទះ និងជួយបង្រួមរន្ធរោមធ្វើឲ្យស្បែកមើលទៅម៉ដ្តរលោងល្អ។ ការធ្វើម៉ាសផ្លែប៉េសអ្នកអាចអនុវត្តរូបមន្តដូចទៅនឹងផ្លែស្ត្រូបូរីដែរ ហើយវាស័ក្តិសមបំផុតសម្រាប់អ្នកមានស្បែកស្ងួត តែបើសម្រាប់អ្នកស្បែកខ្លាញ់អាចប្រើទឹកឃ្មុំជំនួសយ៉ាអួរវិញ។
ចេក: សម្រាប់ម៉ាសធ្វើពីចេក ជាពិសេសចេកណាំវ៉ាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួសជុលកោសិកាស្បែកខូចដែលបង្កឡើងដោយសារការបម្រែបម្រួលអាកាសធាតុ ការទទួលទានអាហារមិនល្អ និងការមករដូវមិនទៀង។ ម៉ាសផ្លែឈើនេះស័ក្តិសមបំផុតសម្រាប់អ្នកមានស្បែកស្ងួត។ ចេកមិនត្រឹមតែជាឱសថជួយជួសជុលកោសិកាស្បែកខូចនោះទេ ថែមទាំងធ្វើឲ្យស្បែកម៉ដ្តទន់រលោងផងដែរ។ សម្រាប់គ្រឿងផ្សំធ្វើម៉ាសចេក យើងអាចប្រើតែចេកមួយឬពីរផ្លែកិនឲ្យម៉ដ្តរួចបន្ថែមដោយប្រេងអូលីវបន្តិច ហើយយកមកលាបំពោកលើផ្ទៃមុខទុករយៈពេល១៥ទៅ២០ រួចលាងទឹកជម្រះចេញធម្មតា។ សម្រាប់អ្នកមានស្បែកស្ងួតគប្បីប្រើទឹកឃ្មុំជំនួសប្រេងអូលីវ។
ល្ហុង: ចំពោះអ្នកឧស្សាហ៍ចេញក្រៅត្រូវកម្តៅថ្ងៃញឹកញាប់គួរគប្បីធ្វើម៉ាសល្ហុងដើម្បីបំប៉នស្បែកមុខជាចម្បង។ ការត្រូវកម្តៅថ្ងៃញឹកញាប់អាចបង្កឲ្យស្បែកឡើងជ្រីវជ្រួញនិងជាំខ្មៅ ដូចនេះអនុវត្តយកល្ហុងទុំ១ចំណិត ម្សៅអង្ករ១ស្លាបព្រាបាយ និងទឹកឃ្មុំ៣ស្លាបព្រាបាយ កិនចូលគ្នាឲ្យម៉ដ្ត បន្ទាប់មកយកមកលាបបំពោកលើផ្ទៃមុខនិងធ្វើការប្រើម្រាមដៃម៉ាស្សាជារង្វង់ថ្នមៗដោយចាប់ផ្តើមពីចង្ការួចអូសឡើងមកថ្ពាល់ហើយចុងក្រោយឡើងមកដល់ត្រង់ថ្ងាស។ ក្រោយធ្វើការម៉ាស្សារួចទុកម៉ាសនេះចោលរយៈពេល២០នាទីរួចលាងជម្រះចេញដោយទឹកក្តៅឧណ្ហៗបន្ទាប់មកទើបប្រើទឹកត្រជាក់លាងបន្ថែមតាមក្រោយ ។ សារធាតុសំខាន់ៗដែលមាននៅក្នុងផ្លែល្ហុងទាំងនឹងជួយព្យាបាលស្បែករលាក ជាពិសេសធ្វើឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង។
ក្រូច: ក្រូចជាផ្លែឈើផ្ទុកទៅដោយវីតាមីនសេ(C) និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលមានសមត្ថភាពជួយកាត់បន្ថយការឆ្លងមេរោគដែលបង្កឲ្យកើតមុន រួមទាំងការពារមិនឲ្យមុនថ្មីកើតឡើងនៅលើស្បែកដូចទៅនឹងផ្លែស្ត្រូបូរីនិងផ្លែប៉ោមដែរ។ ចំពោះការធ្វើម៉ាសយើងគ្រាន់តែយកទឹកក្រូចស្រស់៣ស្លាបព្រាបាយ ទឹកឃ្មុំ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារឬទឹកក្រូចLemon ២ស្លាបព្រាបាយលាយចូលគ្នាឲ្យសព្វ បន្ទាប់មកលាបលើផ្ទៃមុខទុករយៈពេល២០នាទីទើបលាងទឹកជម្រះចេញជាការស្រេច។ លើសពីកម្ចាត់បញ្ហាមុន រូបមន្តម៉ាសនេះជួយផ្តល់សំណើមដល់ស្បែក ជំរុញការផលិតខូឡេជេន ពន្យារសញ្ញាភាពចាស់ និងធ្វើឲ្យស្បែកទន់រលោង។
ត្រសក់: ថាមពលនៃធនធានសំខាន់ៗនៅក្នុងត្រសក់ដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងការហើមរលាក និងសារធាតុចិញ្ចឹមរួមមានវីតាមីនសេ(C) និងអាស៊ីតហ្វូលិក (Folic acid)អាចជួយឲ្យស្បែកទន់ស្រស់ថ្លានិងមានជីវិតជីវាឡើងវិញ។ ប្រសិនបើអ្នកតែងតែកើតមុនដោយសារអារម្មណ៍តប់ប្រមល់ម៉ាសត្រសក់គឺជាអ្នកដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព។ អនុវត្តយកត្រសក់មួយចំហៀងផ្លែកិនជាមួយយ៉ាអួរ១ស្លាបព្រាបាយ និងជីរឃិនឆាយ១ស្លាបព្រាបាយ បន្ទាប់មកយកមកលាបលើផ្ទៃមុខទុករយៈពេល១៥ទៅ២០នាទីរួចលាងជម្រះចេញដោយទឹកក្តៅឧណ្ហៗជាការស្រេច។
គីវី: ម៉ាសធ្វើឡើងពីផ្លែគីវីគឺពិតជាផ្តល់សារធាតុចិញ្ចឹមដល់ស្បែកយ៉ាងច្រើនលើសលុប។ ផ្លែគីវីនឹងផ្តល់សំណើមដល់ស្បែកដែលធ្វើឲ្យស្បែកទន់លោងភ្លឺថ្លា។ ធ្វើការកាត់ផ្លែគីវីជាចំណិតៗរួចដាក់កិននៅក្នុងម៉ាស៊ីនក្រឡុក ប៉ុន្តែមិនបាច់ឆ្កឹះគ្រាប់ចេញនោះទេ ពីព្រោះគ្រាប់វាមានតួនាទីជាស្ក្រាប់ដុះខាត់ជម្រុះកោសិកាស្បែកងាប់ផងដែរ។ អ្នកអាចកិនគីវីតែឯងឬកិនលាយផ្លែឈើផ្សេងៗដែលអ្នកចូលចិត្តក៏បានដូចជា ចេក ស្ត្រូបូរី ឬល្ហុងជាដើម បន្ទាប់មកយកមកលាបបំពោកលើផ្ទៃមុខទុករយៈពេល១៥ទៅ២០នាទីរួចលាងជម្រះចេញដោយទឹកស្អាតជាការស្រេច។
ទំពាំងបាយជូរ: ការសិក្សាថ្មីៗជាច្រើនបង្ហាញថាទំពាំងបាយជូរ និងពពួកផ្លែប៊ឺរីផ្សេងទៀតមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលដើរតួជាអ្នកផ្តល់ថាមពលដល់ស្បែក ធ្វើឲ្យស្បែកភ្លឺថ្លា ពិសេសសម្អាតស្បែកបានយ៉ាងល្អ។ សម្រាប់ការធ្វើម៉ាសទំពាំងបាយជូរ អនុវត្តយកទំពាំងបាយជូរ៤ទៅ៥ផ្លែកិនឲ្យម៉ដ្តនិងបន្ថែមដោយទឹកឃ្មុំឬយ៉ាអួរ១ស្លាបព្រាបាយ។ យកល្បាយកិនក្លាយជាម៉ាសមកលាបត្រដុសលើផ្ទៃមុខ និងទុកចោលរយៈពេលពី១៥ទៅ២០នាទីរួចលាងជម្រះចេញដោយទឹកស្អាត។ ម៉ាសនេះផងដែរក៏នឹងជួយឲ្យសម្រស់ស្បែកចាំមើលទៅក្មេងជាងវ័យ៕
Article by HEMSOKKHIM