×

នារី​ខ្មែរ​ពីរ​រូប​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​លើកដំបូង​ក្នុង​គេហទំព័រ​បរទេស​ដ៏​ល្បី​មួយ​

NEWS 4 years ago
 
 

           ​ប្រភេទ​សៀវភៅ​ប្រលោមលោក​ ​ឬ​គំនូរជីវចល​ដែល​បាន​បង្កើត​ឡើង​ក្នុង​ទម្រង់​ផ្សេងៗ​មកពី​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ស​កល​លោក​សុទ្ធសឹងតែ​ជា​ភារកិច្ច​ដ៏​សំខាន់​របស់​អ្នកនិពន្ធ​ ​និង​អ្នក​រចនា​រូបភាព​ដើម្បី​បង្កើត​ជា​ទស្សនីយភាព​ពិសេស​ៗ​សម្រាប់​មនុស្ស​គ្រប់រូប​អាច​ក​ម្សាន្ត​អារម្មណ៍​ ​ក៏ដូចជា​រំសាយ​ភាព​តប់ប្រមល់​ទាំងឡាយ​ជាមួយនឹង​ប្រភេទ​សៀវភៅ​ប្រលោម​លោក​ ​ឬ​គំនូរជីវចល​ទាំងនោះ​ ​តួយ៉ាង​ ​ការ​អាន​ប្រភេទ​សៀវភៅ​តាមរយៈ​គេហទំព័រ​ ​ឬ​សៀវភៅ​បោះពុម្ព​ជាដើម​។​

           ​​ជំនួប​ជាមួយនឹង​កញ្ញា​ ​នី​ន​ ​ដេកា​ ​បញ្ចប់​ការសិក្សា​បរិញ្ញា​ប័ត្រ​លើ​ឯកទេស​ល្ខោន​នៃ​មហាវិទ្យាល័យ​មួយ​នៃ​ទីក្រុង​ញូ​វ​យ៉​ក ​សហរដ្ឋអាមេរិក​ ​ជា​អ្នកនិពន្ធ​ ​និង​កញ្ញា​ ​សៀង​ ​សុគន្ធ​ក​ណ្ណិ​កា​ ​បញ្ចប់​ការសិក្សា​ ​អនុ​បណ្ឌិត​ ​លើ​ឯកទេស​គ្រប់គ្រង​ពាណិជ្ជកម្ម​នា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជា​អ្នក​គូរ​គំនូរ​ ​និង​រចនា​ក្រា​ហ្វិ​ច​នៃ​សៀវភៅ​ប្រលោមលោក​ជា​ភាសា​អន្តរជាតិ​មួយ​ឈ្មោះថា​ ​«​Eat​ ​M​y​ ​Heart​ ​Out​»​ ​ដែល​មាន​វត្តមាន​តែមួយ​គត់​នៅ​លើ​គេហទំព័រ​បរទេស​ដ៏​ល្បី​មួយ​ឈ្មោះថា​ ​«​WEB​TOO​N​»​។​ ​ទន្ទឹម​នឹង​ការ​បញ្ជាក់​របស់​កញ្ញា​ ​ទាំងពីរ​រូប​បានឲ្យ​ដឹងផង​ដែរ​ថា​ ​ដំបូង​ឡើយ​កញ្ញា​ដេកា​គ្រាន់តែ​ជា​ជាវ​គំនូរ​របស់​ ​ក​ណ្ណិ​កា​ ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​​ដេកា​ពេញចិត្ត​នូវ​ស្នាដៃ​របស់​ ​ក​ណ្ណិ​កា​ ​យ៉ាង​ខ្លាំង​ទើប​ធ្វើឲ្យ​កញ្ញា​ ​ដេកា​ ​សម្រេច​ចិត្ត​សាកសួរ​ពី​ចំណាប់អារម្មណ៍​របស់​ក​ណ្ណិ​កា​ ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ដ៏​ធំ​មួយ​នៃ​គេហទំព័រ​ ​WEB​TOO​N ​បន្ទាប់ពី​បាន​ជ្រាប​នូវ​ព័ត៌មាន​សំខាន់​ៗ​ជាច្រើន​រួច​បាន​ធ្វើឲ្យ​កញ្ញា​ ​ក​ណ្ណិ​កា​ ​សហការ​ជាមួយនឹង​កញ្ញា​ ​ដេកា​ ​ដែល​ម្នាក់​ជា​អ្នកនិពន្ធ​ ​និង​ម្នាក់​ជា​អ្នក​គូរ​គំនូរ​ ​និង​រចនា​ក្រា​ហ្វិ​ច​ ​ដើម្បី​បង្កើត​នូវ​សៀវភៅ​ប្រលោមលោក​នោះ​ជា​ផ្លូវការ​លើ​គេហទំព័រ​នោះ​។​

កញ្ញា​ ​នី​ន​ ​ដេកា

កញ្ញា​ ​សៀង​ ​សុគន្ធ​ក​ណ្ណិ​កា

          រយៈពេល​ត្រឹមតែ​ជាង​៣​ខែ​តែប៉ុណ្ណោះ​ដែល​ ​«​Eat​ ​M​y​ ​Heart​ ​Out​»​ ​លេចចេញ​ជា​រូបរាង​ផ្លូវការ​ដែល​ត្រូវ​បាន​បែងចែក​ជា​៥​ជំពូក​ដូចជា​៖​ ​Eat​ ​M​y​ ​Heart​ ​Out​ ​និង​Finale​ ​សម្រាប់​ជំពូក​នីមួយៗ​បង្ហាញ​ពី​អត្ថន័យ​ ​ក៏ដូចជា​ការ​បង្ហាញ​ពី​ទិដ្ឋភាព​នា​បច្ចុប្បន្ន​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​ ​តួយ៉ាង​ ​ជំពូក​ខ្លះ​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ​ដែល​ប្រើ​ប្រាស់​​រយៈពេល​ខ្លី​ក្នុង​ការ​ស្វែងយល់​ចិត្ត​គ្នា​ ​ឬ​ការ​អប់រំផ្លូវចិត្ត​ផ្សេងៗ​ទៀត​ដែល​យុវវ័យ​គួរ​ស្វែងយល់​នូវ​ជំពូក​បន្តបន្ទាប់​ទៀត​ជាដើម​។​ ​ជាមួយគ្នា​នេះ​ ​កញ្ញា​ ​ដេកា​ ​និង​កញ្ញា​ ​ក​ណ្ណិ​កា​ ​ក៏​បានឲ្យ​ដឹង​ពី​កត្តា​លំបាក​មួយ​ចំនួន​ក្នុង​ការ​ចាប់ផ្តើម​លើ​គម្រោង​ដ៏​ធំ​មួយ​នេះ​យ៉ាង​ដូច្នេះ​ ​កត្តា​ដែល​ធ្វើឲ្យ​ការពិភាក្សា​មាន​ភាព​រអាក់រអួល​នោះ​គឺ​ពុំទាន់​ស្វែង​យល់ច្បាស់​ពី​ការ​និពន្ធ​របស់​អ្នកនិពន្ធ​ ​តួយ៉ាង​ ​អ្នក​គូរ​គំនូរ​មានការ​ស្រមើ​ស​ម្រៃ​ពី​អ្វី​ដែល​អ្នកនិពន្ធ​ចង់បាន​ ​ម៉្យាងវិញទៀត​ ​ដេកា​ ​និង​ក​ណ្ណិ​កា​ ​ពុំសូវ​មាន​ពេលវេលា​គ្រប់គ្រាន់​ ​ដើម្បី​ពិភាក្សា​ផ្ទាល់​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​ក្នុង​សៀវភៅ​​ប្រលោមលោក​នេះ​ ​ប៉ុន្តែ​អ្នក​ទាំងពីរ​នៅតែ​បន្ត​ភារកិច្ច​របស់​ខ្លួន​រហូតដល់​ទី​បញ្ចប់​ផង​ដែរ​។​

           ​ជា​ការពិត​ណាស់​ ​គេហទំព័រ​អន្តរជាតិ​ជាច្រើន​ដែល​បាន​បង្ហាញ​នូវ​ស្នាដៃ​របស់​អ្នកនិពន្ធ​ ​និង​អ្នក​គូរ​គំនូរ​ ​ឬ​រចនា​ក្រា​ហ្វិ​ច​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា​ ​ក៏ប៉ុន្តែ​សម្រាប់​គេហទំព័រ​ ​WET​OON ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​គេហទំព័រ​មួយ​ដែល​មាន​ទី​ស្នាក់​ការ​កណ្តាល​​នា​សហរដ្ឋអាមេរិក​ ​និង​មាន​ប្រភេទ​សៀវភៅ​ជាច្រើន​​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​គេហទំព័រ​នេះ​ ​អម​ជាមួយនឹង​ការ​បកប្រែ​លើ​ភាសា​ដែល​អ្នក​ត្រូវការ​លើស​កល​លោក​។​ ​យ៉ាងណាមិញ​ ​បន្ទាប់ពី​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ជាមួយនឹង​គេហទំព័រ​ ​WEB​TOO​N ​រួច​ ​កញ្ញា​ ​ដេកា​ ​និង​កញ្ញា​ ​ក​ណ្ណិ​កា​ ​បាន​បង្ហាញ​នូវ​បទពិសោធន៍​ថ្មីៗ​ ​និង​ចំណាប់អារម្មណ៍​មួយ​ចំនួន​យ៉ាង​ដូច្នេះ​ថា​ ​ការចូលរួម​នៅ​ក្នុង​គេហទំព័រ​នេះ​បាន​ជំរុញ​ឲ្យ​អ្នកនិពន្ធ​ ​និង​អ្នក​គូរ​គំនូរ​ ​ឬ​ឌី​ហ្សា​ញ​ក្រា​ហ្វិ​ច​គ្រប់​ក​ម្រិ​ត​អាច​នឹង​បញ្ចេញ​នូវ​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​ដោយ​ពុំ​រើសអើង​លើ​តំបន់​ប្រទេស​ណាមួយ​នោះ​ឡើយ​។​ ​ដោយឡែក​ ​កញ្ញា​ទាំង​ពី​​​រ​ក៏បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​លើក​ទី​២​ក្នុង​គេហទំព័រ​នេះ​ជាថ្មី​ម្តងទៀត​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS