វស្សានរដូវគឺជារដូវកាលដែលមនុស្សគ្រប់រូបងាយនឹងឆ្លងជំងឺតម្កាត់នានាណាស់ ជាពិសេសគឺជំងឺដែលឆ្លងតាមរយៈទឹកមិនស្អាត តួយ៉ាង ជំងឺរាកមួល ជំងឺគ្រុនពោះវៀន ជំងឺគ្រុនឈាម និង ជំងឺគ្រុនចាញ់ ជាដើម។ ថ្វីដ្បិតតែវាជារដូវដែលនាំមកនូវអារម្មណ៍សុខសាន្តព្រោះយើងទើបតែបានចេញរួចផុតពីអាកាសធាតុក្តៅស្អុះស្អាប់នៃរដូវក្តៅក៏ពិតមែន តែរដូវថ្មីនេះអាចនឹងនាំទុក្ខទោសដល់ពួកយើងដោយសារតែបម្រែបម្រួលអាកាសធាតុពីក្តៅមកត្រជាក់និងតំណក់ទឹកភ្លៀងនៃពិសាខដើមឆ្នាំ។ ខាងក្រោមនេះជាវិធីសាស្រ្តយ៉ាងសាមញ្ញទាំង៥ចំណុចត្រូវបានណែនាំដោយគេហទំព័របរទេសឈ្មោះ doctor.ndtv.com សម្រាប់លោកអ្នកយកទៅអនុវត្តក្នុងការថែទាំសុខភាពជាប្រចាំក្នុងរដូវភ្លៀងនេះ
១. ងូតទឹកចម្រះកាយក្រោយត្រូវទឹកភ្លៀង
វាជារឿងសាមញ្ញដែលមនុស្សជាច្រើនមើលរំលងជាញឹកញាប់ ប៉ុន្តែការងូតទឹកជម្រះកាយក្រោយពេលទទឹកទឹកភ្លៀងពិតជាប្រការសំខាន់ណាស់ ពីព្រោះជាទូទៅ លោកអ្នកឆ្លងជំងឺផ្សេងៗក៏ដោយសារតែជំងឺវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស នៅពេលដែលបរិយាកាសខាងក្រៅនិងសារពាង្គកាយរបស់អ្នកមិនសមាមាត្រគ្នា ហើយត្រូវមានទំនាក់ទំនងរវាងគ្នាដោយខានមិនបាន។ ដូចនេះ ការងូតទឹកក្តៅឧណ្ហអាចជួយរក្សាលំនឹងសី តុណ្ហភាពរវាងមជ្ឈដ្ឋានខាងក្រៅនិងខាងក្នុង ព្រមទាំងជួយកម្ចាត់មេរោគដែលបង្កជំងឺ។ លោកអ្នកគប្បីប្រើសាប៊ូដុំដុសខ្លួន ឬ សាប៊ូទឹកសម្លាប់មេរោគដើម្បីបង្ការការឆ្លងរីករាលដាលនៃប្រភពមេរោគផ្សេងៗ។
២. ចៀសវាងទទួលទានអាហារខ្លាញ់
អាហារដែលយើងនឹកឃើញមុនគេសម្រាប់រដូវភ្លៀងត្រជាក់នោះគឺ ប្រភេទអាហារបំពងក្តៅៗ ដូចជា ភ្លៅមាន់បំពង ឬ ដំឡូងបារាំងបំពង ជាដើម។ ប៉ុន្តែតាមការពិតទៅ លោកអ្នកត្រូវតែចៀសវាងអាហារប្រភេទនោះនៅរដូវភ្លៀងដើម្បីសុខភាពរបស់លោកអ្នក ដោយសារតែអាហារទាំងនោះសម្បូរជាតិកូឡេស្តឺរ៉ល (cholesterol) ហើយពិបាករំលាយក្នុងប្រព័ន្ធរំលាយអាហារនៅក្នុងអាកាសធាតុត្រជាក់សម្បូរសំណើម។ ប្រសិនបើលោកអ្នកបរិភោគសាច់ត្រីដែលមនុស្សគ្រប់រូបចាត់ទុកថាជាសាច់ល្អជាងគេសម្រាប់សុខភាពនោះ ក៏លោកអ្នកនៅតែគួរតែបរិភោគសាច់ត្រីស្រស់ៗ ដូចជា ត្រីស្ងោរ ឬ ចំហុយ ប្រសើរជាងត្រីបំពង ឬ ចៀន។
៣. ទទួលទានស៊ុបក្តៅៗ
ការទទួលទានស៊ុបក្តៅៗត្រឹមតែមួយកូនចានពិតជាមានប្រសិទ្ធភាពយ៉ាងប្រសើរសម្រាប់សុខភាពក្នុងរដូវវស្សាបែបនេះណាស់ ជាពិសេសសម្រាប់ព្យាបាលជំងឺគ្រុនក្តៅ និង ជំងឺគ្រុនផ្តាសាយ។ ជាមួយគ្នានេះដែរ វាមានតួនាទីជួយកាត់បន្ថយអាការតឹងច្រមុះតាមរយៈការបង្កើនកម្តៅចូលទៅក្នុងប្រព័ន្ធដង្ហើម។ វាជួយពង្រឹងកំហាប់អង្គធាតុរាវក្នុងរាងកាយ (ឧទា ទឹកមាត់) និងជួយប្រឆាំងបាក់តេរី និង វីរុសចេញពីប្រព័ន្ធរាង កាយ។ ដើម្បីបង្កើនរសជាតិស៊ុបក្តៅៗឲ្យកាន់តែមានឱជារសទ្វេដង លោកអ្នកអាចបន្ថែមខ្ញី និង ខ្ទឹមសចូលទៅក្នុងទឹកស៊ុបនោះ ហើយពួកវាថែមទាំងអាចជំរុញដំណើរការនៃប្រព័ន្ធភាពស៊ាំនៃរាងកាយយ៉ាងពូកែទៀតផង។ ទន្ទឹមនឹងនេះ លោកអ្នកក៏អាចបន្ថែមប្រភេទបន្លែចម្រុះ និង សាច់សត្វ ដូចជា សត្វមាន់ តាមចំណង់ចំណូលចិត្តរៀងៗខ្លួន។
៤. ទទួលទានទឹកក្តៅដាំពុះ
ការទទួលទានទឹកក្តៅជាប្រការដែលត្រូវបានណែនាំចាំបាច់បំផុតសម្រាប់រដូវភ្លៀង ឬ រដូវមូសុង ជារៀងរាល់ឆ្នាំ។ ការដាំទឹកឲ្យពុះល្អជួយសម្លាប់ពពួកបាក់តេរីបង្កគ្រោះថ្នាក់ចំពោះសុខភាពដែលមាននៅក្នុងទឹក ព្រមទាំងជួយកាត់បន្ថយអត្រាជំងឺឆ្លងដោយទឹកដែលងាយនឹងកើតមាននៅក្នុងរដូវភ្លៀងធ្លាក់បែបនេះ។ លោកអ្នកក៏អាចបន្ថែមសារធាតុក្លរចូលទៅក្នុងទឹកដើម្បីលុបបំបាត់ពពួកមីក្រូសរីរាង្គ និង ភាពកខ្វក់ផ្សេងៗ។ គួរបញ្ជាក់ផងដែរថា ទម្លាប់ក្នុងការទទួលទានទឹកដាំពុះមិនត្រឹមតែជួយកម្ចាត់បាក់តេរីនៅក្នុងទឹកនោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់សុខភាពរបស់លោកអ្នក ជាអាទិ៍រួមមាន ការ បណ្តេញជាតិពុលចេញពីរាងកាយ និង ការពង្រឹងជំនួយប្រព័ន្ធរំលាយអាហារ។
៥. ថែទាំអនាម័យបរិស្ថានជុំវិញខ្លួន
ការថែរក្សាអនាម័យនៅក្នុងផ្ទះរបស់លោកអ្នកឲ្យបានស្អាតជាប្រចាំ និង កម្ចាត់សត្វល្អិតគ្រប់ប្រភេទ ជារឿងដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ខកខានមិនបាន។ តាមរយៈនេះ លោកអ្នកគប្បីផ្លាស់ ប្តូរកម្រាលពូក និង ស្រោមខ្នើយឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ ដាក់ស្រោមខ្នើយឲ្យបានស្អាត បាតត្រឹមត្រូវដើម្បីបង្ការក្លិនផ្អួរមិនល្អដែលបណ្តាលមកពីសំណើម និង បាញ់សម្លាប់មេរោគដែលតោងជាប់នៅលើគ្រឿងសង្ហារិមតូចធំទាំងអស់។ ម្យ៉ាងវិញទៀត លោកអ្នកក៏ត្រូវតែលុបបំបាត់រាល់ថ្លុកទឹកដក់ភក់ជ្រាំនៅក្រោមផ្ទះ និង នៅជុំវិញផ្ទះរបស់លោកអ្នក ដោយហេតុថា ថ្លុកទឹកកខ្វក់ទាំងនោះហើយជាជម្រកមូសខ្លា មូសដែកគោល និង បាក់តេរីគ្រោះថ្នាក់ដែលអាចបង្កជាជំងឺជាច្រើនប្រភេទ៕