ទឹកអប់ Omnia Golden Citrine និមិត្តរូបក្លិនទាក់ទាញបំផុតនៃខូឡិកហ្សិនទឹកអប់ Omnialandia
NEWS 4 years agoអ្នកស្នេហាក្លិនទឹកអប់ម៉ាក Bvlgari ប្រាកដជាបានជ្រាបរួចមកហើយថា ថ្មីនេះៗ Bvlgari ទើបតែបានបញ្ចេញនូវទឹកអប់ក្លិនថ្មីសន្លាងជាខូឡិកហ្សិនតែម្តងនោះគឺ Omnialandia ដែលជាការបណ្តុះគំនិតរួមគ្នារវាងត្បូងស៊ីទ្រីនពណ៌មាស(Citrine) និងភាពចម្រុះពណ៌នៃឧទ្យានកម្សាន្ត Wonderland។ ចំណោមពិដោរឈ្ងុយឈ្ងប់ទាំង៥នៃខូឡិកហ្សិននេះ ក្នុងនោះ Omnia Golden Citrine គឺជាទឹកអប់ក្លិនពិសេសជាងគេ ហើយក៏បង្កើតឡើងជានិមិត្តរូបដ៏សំខាន់តំណាងឲ្យខូឡិកហ្សិន Omnialandia ទាំងមូលតែម្តង។
នៅក្នុងពិភពវេទមន្តនៃខូឡិកហ្សិន Omnialandia ទឹកអប់ Omnia Golden Citrine ដើរតួប្រៀបដូចជាសំបុត្រមាសដ៏មានតម្លៃបំផុតដែលធ្វើឲ្យភ្ញៀវឈ្លក់វង្វេងចង់ក្រសោបជាមួយភាពភ្លឺរលោងបែបស្រទន់របស់វា។ ទឹកអប់មួយនេះបង្កើតឡើងដោយស្រង់គំនិតពីត្បូងស៊ីទ្រីនពណ៌មាសប្រកបដោយពន្លឺនិងទឹកភ្លឺច្បាស់យ៉ាងត្រចះត្រចង់។ ចំណែកឯរាងរៅប្លែកភ្នែកមិនធ្លាប់ឃើញពីមុនត្រូវបានស្រង់គំនិតរវើរវាយផ្សារភ្ជាប់ទៅនឹងល្បែងលេង និងឧបករណ៍ជិះកម្សាន្តនៅក្នុងឧទ្យាន Wonderland។ រាល់ពេលដែលបានឃើញឬចាប់កាន់ទឹកអប់ Omnia Golden Citrine អ្នកនឹងមានអារម្មណ៍ហាក់ដូចកំពុងរំឭកអនុស្សាវរីយ៍កាលពីកុមារភាព។
បង្កើតក្លិនដោយអ្នកធ្វើទឹកអប់កំពូលល្បីជនជាតិអេស្ប៉ាញលោក Alberto Morillas ទឹកអប់ Omnia Golden Citrine ត្រូវបានសម្រាំងក្លិនពីគ្រឿងផ្សំសំខាន់ៗរួមមាន ក្រូចលឿង Sicilian Mandarin ផ្កាក្តាំងងា និងជ័រឈើក្រអូប Golden Benzoin។ ក្លិនហាក់ផ្អែមស្រទន់អង្អែលដួងចិត្តយ៉ាងទន់ទោរ បាញ់ដំបូងភ្លាមសាយក្លិនក្រូចក្រអូបស្រាលលាយឡំឈ្ងុយក្លិនផ្លែប៉េស មួយសន្ទុះក្រោយមកក្រអូបប្រហើរផ្សំគ្នានូវក្លិនផ្កាម្លិះនិងផ្កាក្តាំងងា ហើយបន្ទាប់ក៏ប្រែក្រអូបជាប់ជាក្លិនឈើក្រអូប Golden Benzoin លាយនឹងក្លិនផ្លែស្រល់ប្រលោមដោយមន្តស្នេហ៍។ ដោយសារតែក្លិនពង្វក់ដួងចិត្តយ៉ាងដូច្នេះហើយ កាលណាបានបាញ់ប្រហើរក្លិន អ្នកនឹងមានអារម្មណ៍ដូចកំពុងស្ថិតនៅកន្លែងកំពូលមួយក្នុងពិភពលោកដែលមានលំដាប់ពីរខុសគ្នា។
ពិដោរយ៉ាងពិសេសដក់ក្នុងដបទម្រង់កងភ្ជាប់ពណ៌មាសភ្លឺរលោង ម៉ូឌែល Omnia Golden Citrine គឺជាទឹកអប់មួយតំណាងឲ្យខូឡិកហ្សិនទឹកអប់ក្លិនថ្មីផលិតមានចំនួនកំណត់ (Limited-edition) ហើយក៏ជាវេទមន្តនៃការផ្លាស់ប្តូររូបរាងមិនធ្លាប់មានពីមុនរបស់ទឹកអប់ម៉ាក Bvlgari ផងដែរ។ ទឹកអប់ខូឡិកហ្សិន Omnia ត្រូវបានសម្រាំង៥ក្លិនផ្សេងគ្នាដាក់ក្នុងដបចំណុះ ៦៥មីលីលីត្រ ព្រមទាំងស្រោបដាក់ក្នុងប្រអប់ទម្រង់ឆកោណយ៉ាងប្រណីត។ ដូច្នេះប្រសិនបើអ្នកមានទឹកអប់ខូឡិហ្សិននេះក្នុងដៃប្រៀបបីដូចអ្នកកំពុងរាយមន្តស្នេហ៍គ្រប់វិនាទីគ្មានទីបញ្ចប់នៅក្នុងឧទ្យានកម្សាន្ត៕