×

មួយថ្ងៃ​ដ៏​ស្ងប់ស្ងាត់​នៅ​ K​h​l​a​ ​Lodge​

TRAVEL & LIVING a month ago
 
 

           ​ខេត្ត​កំពត​គឺ​ជាគោល​ដៅ​ទេសចរណ៍​មួយ​ដែល​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាជន​ខ្មែរ​ ​និង​បរទេស​ដែល​ប្រាថ្នា​ស្វែងរក​ដំណើរ​ក​ម្សាន្ត​បែប​ធម្មជាតិ​ស្ងប់ស្ងាត់​ ​ហើយ​ក្នុង​នោះ​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​មួយ​មាន​ ​ឈ្មោះថា​ K​h​l​a​ ​Lodge​ ​ទើបបាន​បើក​ដំណើរការ​កាលពី​ពេលថ្មីៗនេះ​ដោយ​កាន់តែ​ធ្វើឲ្យ​មនុស្សម្នា​មាន​ជម្រើស​បន្ថែម​ទៀត​សម្រាប់​ដំណើរ​ក​ម្សាន្ត​របស់​ខ្លួន​។​ ​ឈ្មោះ​របស់​សណ្ឋាគារ​ហាក់​ត្រូវ​បាន​ដាក់​ឡើង​ដោយ​ផ្សារភ្ជាប់​នឹង​ ​ធម្មជាតិ​ខៀវស្រងាត់​ជាពិសេស​ភាព​ស្ងប់ស្ងាត់​របស់​ទីកន្លែង​មួយ​នេះ​ ​ដែល​អាច​ជា​ការ​ចង់​បង្ហាញ​ពី​ភាព​ប្រណីត​ខុសប្លែក​គេ​ក្នុងចំណោម​សណ្ឋាគារ​ក្នុង​តំបន់​។​ ​ទីសំណាក់​នេះ​ស្ថិត​ជាប់​ដង​ព្រែក​នៅ​ក្នុង​ភូមិ​ម៉ាក់​ប្រា​ង​ ​ស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​ ​ដោយ​អ្នកទេសចរ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣​បត់​តាម​ខ្លោងទ្វារ​វត្ត​អង្គ​ធំ​ ​និង​ចំណាយ​ពេល​ប្រហែល​ ​៤​០​នាទី​ពី​ទីរួមខេត្ត​ ​បើ​សិន​អ្នក​ទាំងអស់គ្នា​មកពី​ភ្នំពេញ​ក៏​អាច​ទៅកាន់​សណ្ឋាគារ​នេះ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ទីរួមខេត្ត​កំពត​ដែរ​ ​រីឯ​តាម​ដង​ផ្លូវលំ​ទៅកាន់​សណ្ឋាគារ​មាន​ទេសភាព​វាលស្រែ​ធំ​ល្វឹងល្វើយ​អម​ទៅ​ដោយ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​អន្លើ​ៗ​ ​បង្កើត​ជា​អារម្មណ៍​ស្រស់​ថ្លា​ធ្វើឲ្យ​ភ្លេច​អស់​ទុក្ខ​កង្វល់​ ​កាន់តែ​ធ្វើឲ្យ​មនុស្ស​រាល់គ្នា​រួសរាន់​ប្រាថ្នា​ចង់​ឃើញ​ទីសំណាក់​មួយ​នេះ​ថែមទៀត​។​

           ​K​h​l​a​ ​Lodge​ ​ត្រូវ​បាន​រចនា​សាងសង់​ឡើង​ក្នុង​ម៉ូដ​ខ្មែរ​ទំនើប​ហើយ​ស្រស់​ស្អាត​ ​ដោយ​គ្រប់​ប្លង់​នៃ​បន្ទប់​គឺ​អាច​មើលឃើញ​ទេសភាព​ដង​ព្រែក​ ​និង​ជួរ​ភ្នំបូកគោ​ ​ដែល​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ផ្តល់​នូវ​បទពិសោធន៍​មួយ​ដែល​ភ្ញៀវ​ពិតជា​មិន​អាច​បំភ្លេច​បាន​។​ ​អាងហែលទឹក​ដ៏​វែង​សង់​ជា​ទម្រង់​ ​Infinity​ ​Pool​ ​ប្រៀប​ដូច​អ្នក​ហែល​កំពុង​ស្ថិត​ផ្ទាល់​ជាប់នឹង​ដង​ព្រែក​ដ៏​ស្ងប់ស្ងាត់​ ​រីឯ​សម្រែក​​បក្សាបក្សី​ពី​ជួរ​ភ្នំបូកគោ​បាន​ក្លាយ​ជា​បទភ្លេង​កំដរ​ធ្វើឲ្យ​ភ្ញៀវ​ទាំងឡាយ​លង់លក់​ក្នុង​ធម្មជាតិ​នៃ​ខេត្ត​កំពត​។​ ​សណ្ឋាគារ​នេះ​មានតែ​ ​៥​បន្ទប់​ប៉ុណ្ណោះ​ក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ​ ​អាច​អោយ​អ្នក​ស្នាក់​នៅ​បាន​ទទួល​នូវ​ការ​ស្នាក់​នៅ​ដែល​មាន​អារម្មណ៍​បែប​ឯកជន​ ​ព្រោះ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​នៅ​ក្នុង​ពេល​តែមួយ​ ​ហើយ​បន្ទប់​ទាំងអស់​សុទ្ធតែ​លក្ខណៈ​ជា​ផ្ទះខ្មែរ​តូច​ៗ​ដាច់​ៗ​ពី​គ្នា​ ​តុបតែង​លម្អ​ដោយ​ប្រើប្រាស់​ឈើ​ដែល​មើលទៅ​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​ការ​ស្នាក់​នៅ​ជាមួយនឹង​ទេសភាព​បែប​ធម្មជាតិ​។​ ​នៅ​ក្នុង​ ​Lobby​ ​ជា​កន្លែង​ជួបជុំគ្នា​មាន​សាឡុង​ ​អាហារ​ ​និង​បន្ទប់​មើល​ភាពយន្ត​តូច​មួយ​សម្រាប់​ភ្ញៀវ​ព្រោះ​តាម​បន្ទប់​មិន​មាន​បំពាក់​ទូរទស្សន៍​ទេ​ក្នុង​ហេតុផល​ដើម្បី​រក្សា​ឲ្យការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទាំងអស់​មាន​លក្ខណៈ​ធម្មជាតិ​ដោយមាន​ទេសភាព​ភ្នំ​ ​ព្រែក​ ​និង​សំឡេង​សត្វ​ជា​ទ​ស្ស​នី​ភាព​ដែល​ពោរពេញ​ដោយ​ភាព​ ​ស្រស់បំព្រង​។​ ​ម្ហូបអាហារ​ ​ក៏ដូចជា​ភេសជ្ជៈ​នានា​ក្នុង​សណ្ឋាគារ​មាន​តម្លៃ​សមរម្យ​ ​និង​ជម្រើស​ជាច្រើន​ជូន​ដល់​អ្នកស្នាក់អាស្រ័យ​ ​មិនតែប៉ុណ្ណោះ​ក្រុម​ការងារ​របស់​ K​h​l​a​ ​Lodge​ ​ក៏​រីករាយ​នឹង​ច​ម្អិ​ន​ជូន​នូវ​មុខម្ហូប​ផ្សេងៗ​ណា​ដែល​ភ្ញៀវ​ចង់​ពិសា​ផង​ដែរ​ ​ដើម្បីឲ្យ​ការ​ស្នាក់​នៅ​ហូបចុក​របស់​ភ្ញៀវ​កាន់តែ​ពិសេស​។​ ​បុគ្គលិក​ទាំងអស់​ហាក់​មាន​ក្តី​សោមនស្ស​ណាស់​​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​បទពិសោធន៍​នៃ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​កាន់តែ​សប្បាយរីករាយ​ ​ហើយ​នេះ​ជា​អ្វី​ដែល​បាន​ធ្វើឲ្យស​ណ្ឋា​គា​រ​ដ៏​ថ្មីសន្លាង​នេះ​ទទួល​បាន​នូវ​ភាព​ទាក់ទាញ​មួយ​ក​ម្រិ​ត​ទៀត​។​ ​ភ្ញៀវ​អាច​ដើរលេង​ក្នុង​បរិវេណ​ K​h​l​a​ ​Lodge​ ​តាម​ការ​ចង់បាន​ ​ខ្លះ​អាច​អង្គុយ​អាន​សៀវភៅ​ ​ខ្លះ​អាច​ចុះទៅ​លេង​មាត់​ព្រែក​ ​ឬ​ថត​លេង​ជាមួយ​ទេសភាព​ខ្នង​ភ្នំបូកគោ​ដ៏​ស្រស់​ស្អាត​ក៏បាន​ដែរ​ ​បើ​មិន​ដូច្នោះ​ទេ​ភ្ញៀវ​ទេសចរ​អាច​ស្វែងរក​បាន​នូវ​សកម្មភាព​ក​ម្សាន្ត​ផ្សេងទៀត​ដែល​នៅ​ជិត​ៗ​នោះ​ ​ដូចជា​ការ​ ​ជួល​ទូក​កាយា​ក់ ​ធាក់កង់​ដើរលេង​តាម​ភូមិ​ស្រុក​ ​ឬក៏​ម៉ា​ស្សា​តាម​កន្លែង​ល្អ​ៗ​ដែល​មាន​ការណែនាំ​ពី​ក្រុម​ ​ការងារ​សណ្ឋាគារ​។​ ​ពេល​ព្រះអាទិត្យ​រៀប​អស្ដង្គត​គង​នឹង​ជួរ​ភ្នំបូកគោ​ ​ជះ​ពណ៌លឿងទុំ​ឆ្លុះ​នឹង​ផ្ទៃ​ព្រែក​ដ៏​សែន​ស្ងប់ស្ងាត់​មានតែ​សំឡេង​ធម្មជាតិ​បន្លឺ​ឡើង​ហាក់ដូច​លង់​នឹង​សម្រស់​ដ៏​អស្ចារ្យ​នៃ​ទិដ្ឋភាព​ដ៏​ពិសេស​នេះ​ ​ធ្វើឲ្យ​អ្នកស្នាក់អាស្រ័យ​ភ្លេច​អស់​រាល់​កង្វល់​នានា​ក្នុង​ជីវិត​មក​គិតតែពី​ភាព​ស្រស់​ត្រកាល​នៃ​ធម្មជាតិ​វិញ​។​

           ​​ម្នាក់ៗ​អាច​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ជាមួយ​មនុស្សជា​ទីស្រឡាញ់​ ​ឬ​មិត្តភក្តិ​របស់​ខ្លួន​ដោយ​មិនបាច់​ចេញទៅ​ណា​ឆ្ងាយ​ទេ​ ​ព្រោះ​វា​ហាក់ដូចជា​អ្វីៗ​ទាំងអស់​ស្ថិត​ក្នុង​កញ្ចប់​មួយ​សម្រាប់​ការ​ស្នាក់​នៅ​សណ្ឋាគារ​នេះ​តាំងពី​ឈាន​ចូល​មកដល់​រហូត​ពេញមួយថ្ងៃ​។​ ​នា​ពេល​រាត្រី​ទាំង​អគារ​នានា​ ​និង​ដើមឈើ​ត្រូវ​បាន​បំភ្លឺ​យ៉ាង​ស្រស់​ស្អាត​ធ្វើឲ្យ​លេច​អ​ណ្តែ​ត​ឡើង​កណ្តាល​ទី​ស្ងាត់ជ្រងំ​ ​បង្កើត​ជា​ទិដ្ឋភាព​មួយ​បែប​ទៀត​ដល់​អ្នកស្នាក់អាស្រ័យ​ទាំងឡាយ​ ​មិនតែប៉ុណ្ណោះ​ធ្វើឲ្យ​ការ​ស្រស់ស្រូប​អាហារ​ពេលល្ងាច​មាន​បរិយាកាស​រ៉ូ​មែន​ទិ​ក​មែនទែន​ ​ទទួលទាន​អាហារ​ឆ្ងាញ់​ៗ​ផង​មើល​ផ្កាយ​ដែល​កំពុង​ចែង​ចាំង​បង្អួត​សម្រស់​លើ​អា​កា​សា​ផង​កាន់តែ​បន្ថែម​ឲ្យ​ពេល​វេលា​នៅ​ K​h​l​a​ ​Lodge​ ​ពិតជា​មានន័យ​មិន​អាច​បំភ្លេច​បាន​មែន​។​ ​គេង​ពី​ព្រលប់​ក្រោក​ពី​ ​ព្រលឹម​ទៅ​អង្គុយ​មាត់​ព្រែក​ឲ្យ​ទាន់​ពេល​ថ្ងៃរះ​ ​ដើម្បី​ជម្រះ​នូវ​អារម្មណ៍​សៅហ្មង​ទាំងឡាយ​ក្នុង​ចិត្ត​ ​គឺជា​អ្វី​ដែល​អ្នកទេសចរ​គ្រប់​ៗ​រូប​មិនគួរ​មើល​រំលង​ព្រោះ​ទេសភាព​ជួរ​ភ្នំបូកគោ​ ​ជាមួយនឹង​អាកាសធាតុ​ត្រជាក់​តិចៗ​ពិត​ជាពិសេស​ខ្លាំង​ណាស់​ ​ដែល​អ្នក​មកពី​ទីក្រុង​ក​ម្រ​បានឃើញ​។​ ​ឯ​អាហារ​ពេលព្រឹក​នឹង​ត្រូវ​រៀបចំ​ជូន​ក្តៅ​ៗ​ពេល​អ្នកស្នាក់អាស្រ័យ​អញ្ជើញ​ទៅដល់​តុ​នៅ​សាល​ទទួល​ភ្ញៀវ​ ​ដែល​មាន​ជម្រើស​ជា​មុខម្ហូប​បែប​អាស៊ី​ ​ឬ​អឺរ៉ុប​តាម​ការ​ចូលចិត្ត​រៀងៗខ្លួន​ ​ហើយ​ផ្លែឈើ​ ​តែ​កាហ្វេ​ផ្សេងៗ​ក៏​ត្រៀម​ជូន​ភ្ញៀវ​ផង​ដែរ​។​

           ​អ្វីៗ​ពិតជា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គិត​ពី​ផាសុកភាព​ទាំង​ផ្លូវ​កាយ​និង​ចិត្ត​សម្រាប់​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​នានា​ដែល​ស្វែងរក​ការ​សម្រាក​ដ៏​ស្ងប់ស្ងាត់​មួយ​នៅ​ក្នុង​ខេត្ត​កំពត​ ​ហើយ​នេះ​គឺជា​ការចូលរួម​ចំណែក​របស់​ខ្លួន​ដើម្បី​រុញច្រាន​វិ​ស័​យ​ទេសចរណ៍​របស់​ខេត្ត​មួយ​នេះ​ឲ្យ​ផ្លាស់ប្តូរ​ថែម​មួយ​ក​ម្រិ​ត​ទៀត​។​ ​និយាយឲ្យខ្លី​គឺថា​ K​h​l​a​ ​Lodge​ ​គឺ​ជាគោល​ដៅ​មួយ​យ៉ាង​ពិសេស​សម្រាប់​ទាំង​ការ​សម្រាក​រយៈពេល​ខ្លី​ ​ឬ​ច្រើន​ថ្ងៃ​ ​ដោយសារអ្វី​ៗ​មាន​លក្ខណៈ​ដូចជា​ផ្ទះ​លំហែ​ ​និង​សេវាកម្ម​កក់ក្តៅ​សម្រាប់​មនុស្សម្នា​ទាំងឡាយ​ ​ម្យ៉ាង​ក្រុម​ការងារ​មានការ​ប្រឹងប្រែង​ផ្តល់​ជូន​តាមតែ​អាច​ធ្វើ​ទៅ​បាន​នៅ​អ្វី​ដែល​ជា​តម្រូវ​ការ​បន្ថែម​ ​ធ្វើឲ្យ​បទពិសោធន៍​ស្នាក់​នៅ​គឺ​ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម​៕​

Article ​by​ ​LY SOUDEN


SUGGESTIONS