យល់ដឹងពីគន្លឹះសម្អាតសម្ភារផ្ទះបាយដ៏ត្រឹមត្រូវរវាងចង្ក្រានហ្គាសនិងម៉ាស៊ីនដុតអគ្គិសនី
TRAVEL & LIVING 4 years agoចង្ក្រានហ្គាសនិងម៉ាស៊ីនដុតអគ្គិសនីឬហៅថា Microwave គឺជាសម្ភារផ្ទះបាយទំនើបដែលនៅក្នុងផ្ទះបាយសម័យថ្មីកំពុងមានប្រើប្រាស់ស្ទើរគ្រប់ផ្ទះទៅហើយ។ មិនថាផ្ទះបាយប្រណីតប៉ុនណា ទំនើបប៉ុនណា ការចម្អិនខ្ទាតខ្លាញ់បង្កចង្ក្រានកខ្វក់នៅតែមិនអាចជៀសផុត។ សម្អាតបានមួយថ្ងៃ ថ្ងៃស្អែកឡើងត្រូវជម្នះការជូតសម្អាតជាថ្មីម្តងទៀត តែទោះយ៉ាងណាប្រសិនបើទុកចង្ក្រានឲ្យនៅកខ្វក់ពីមួយថ្ងៃទៅមួយថ្ងៃ កម្អែលកខ្វក់នឹងកកពូនផ្តុំគ្នាបង្កបង្កើនមេរោគ ជាពិសេសធ្វើឲ្យខូចខាតដល់ផ្ទៃរលោងនៃចង្ក្រានក៏ដូចជាកាត់បន្ថយអាយុកាលប្រើប្រាស់នៃចង្ក្រានដ៏ប្រណីតរបស់អ្នកផងដែរ។ មួយចង្ក្រានបញ្ឆេះភ្លើងចម្អិន មួយម៉ាស៊ីនអគ្គិសនីប្រើកម្តៅចម្អិនក្នុងប្រអប់បិទជិត បើនិយាយពីភាពកខ្វក់របស់ពួកវាគឺមិនចាញ់គ្នាប៉ុន្មានឡើយ ហើយបើចំពោះការសម្អាតក៏តម្រូវស្វែងយល់ពីពួកវាឲ្យបានច្បាស់លាស់ជាមុនសិនផងដែរ។ ចុះតើយើងគួរសម្អាតយ៉ាងដូចម្តេច?
ចង្ក្រានហ្គាស
រាល់ពេលបញ្ចប់ការចម្អិន បេសកកម្មចម្បងរបស់ស្ត្រីមេផ្ទះគឺការសម្អាតផ្ទៃរាបជុំវិញចង្ក្រាន ចំណែកឯជើងទ្រនៃចង្ក្រាន និងដុំបញ្ចេញហ្គាសបញ្ឆេះភ្លើងអាចធ្វើការសម្អាតត្រឹមរយៈពេលមួយខែម្តងក៏បាន។ យ៉ាងណាមិញការសម្អាតដុំបញ្ចេញហ្គាសយើងត្រូវយល់ដឹងពីវិធីអនុវត្តដ៏ត្រឹមត្រូវជាមុនសិន។ ក្នុងនោះការសម្អាតងាយៗសូវរីនបានបែងចែកចេញជាពីររបៀបដូចខាងក្រោម៖
• របៀបទី១៖ របស់របរសម្រាប់សម្អាតត្រូវត្រៀម៥យ៉ាងក្នុងដៃដូចជា ទឹកខ្មេះ៣ទៅ៤ស្លាបព្រាបាយ ម្សៅសូដា(baking soda) ១ពែង អេប៉ុងលាង ចានគោមធំល្មម ស្លាបព្រា កន្សែងឬក្រណាត់ទន់។ ចាប់ផ្តើមជំហានទី១ ធ្វើការដោះជើងទ្រចង្ក្រានទាំងប៉ុន្មានចេញដាក់ក្នុងឡាបូ បន្ទាប់មកយកកន្សែងទៅបោសឬជូតកម្ទេចកម្ទីអាហារដែលជាប់នៅនឹងបរិវេណទាំងនោះចេញ។ នៅពេលកម្អែលនិងខ្លាញ់ជាប់នឹងកន្សែងជូត ចូរយកកន្សែងនោះទៅដាក់ត្រាំទឹកក្តៅឧណ្ហៗ ឬត្រាំទឹកសាប៊ូដើម្បីងាយស្រួលបោកជម្រះនៅពេលក្រោយ។ ជំហានបន្ទាប់ ធ្វើការលាយម្សៅសូដា១ពែងនៅក្នុងចានគោមដោយចាក់ទឹកខ្មេះបណ្តើរយកស្លាបព្រាកូរថ្នមៗបណ្តើររហូតឡើងក្លាយជាពពុះ។ ដួសម្សៅសូដាលាយរួចមកលាបលើបរិវេណដាក់ជើងទ្រ លើផ្ទៃរបស់ចង្ក្រាន និងដោះគម្របក្បាលបញ្ចេញហ្គាសមកលាបពពុះម្សៅសូដាផងដែរ។ ប្រើផ្ទៃអេប៉ុងខាងរឹងមកដុសកម្អែលកកគ្រប់ជ្រុងទាំងប៉ុន្មានចេញ រីឯគម្របក្បាលបញ្ចេញហ្គាសអាចប្រើអេប៉ុងឬច្រាសដុសធ្មេញដុសបន្ថែម ប៉ុន្តែសម្រាប់បំពង់បញ្ចេញហ្គាសត្រូវប្រុងប្រយ័ត្នដោយមិនឲ្យទឹកឬពពុះម្សៅហូរចូលនោះទេ។ បន្ទាប់ពីធ្វើការដុសខាត់យើងទុកម្សៅសូដាចោលរយៈពេល១៥ទៅ២០នាទីទើបប្រើកន្សែងឬអេប៉ុងពូតទឹកជ្រលក់ជូតសម្អាតម្តងហើយម្តងទៀតរហូតឃើញថាស្អាតល្អ។ នៅខណៈពេលកំពុងរង់ចាំ១៥ទៅ២០នាទីយើងឆ្លៀតងាកមកសម្អាតជើងទ្រចង្ក្រានដែលដោះមកដោយប្រើម្សៅសូដាសេសសល់ទាំងប៉ុន្មានឬលាយថ្មីរូបមន្តដូចដើមមកដុសសម្អាតជាមួយអេប៉ុងហើយទុករយៈពេល១០នាទីទើបលាងទឹកជម្រះចេញ។ ត្រូវប្រាកដថារាល់ឧបករណ៍ដែលដោះចេញមកសម្អាតត្រូវដាក់សម្ងួតឲ្យស្ងួតសិនទើបយកទៅដំឡើងវិញ។
• វិធីទី២៖ របស់របរសម្រាប់សម្អាតត្រូវត្រៀម ៧យ៉ាងក្នុងដៃដូចជា ផលិតផលស្ព្រៃបាញ់សម្អាតសម្ភារផ្ទះបាយ អេប៉ុង ស្រោមដៃ ម៉ាស កន្សែង សាប៊ូលាងចាន និងសំបកនំខាប់ខេក៤ទៅ៦(អាស្រ័យលើចំនួនបំពង់បញ្ឆេះនៃចង្ក្រាន)។ ជំហានដំបូងត្រូវដោះជើងទ្រចង្ក្រាន និងក្បាលបំពង់បញ្ចេញហ្គាសទាំងប៉ុន្មានចេញដាក់ទៅក្នុងឡាបូ បន្ទាប់មកពាក់ម៉ាសពាក់ស្រោមដៃ រួចយកស្ព្រៃបាញ់ឧបករណ៍ទាំងនោះនិងទុកចោលរយៈពេលពី១៥ទៅ២៥នាទីទើបលាងទឹកជម្រះចេញជូតឲ្យស្ងួត។ កំឡុងពេលរង់ចាំយើងឆ្លៀតយកសំបកនំខាប់ខេក(បើគ្មានអាចប្រើពែងឬកែវជំនួស) ដាក់ផ្កាប់គ្របពីលើបំពង់បញ្ចេញហ្គាសបន្ទាប់មកធ្វើការបាញ់ស្ព្រៃទៅលើចង្ក្រានឲ្យសព្វនិងទុកចោលរយៈពេលពី២០ទៅ៣០នាទី។ ក្រោយទុកស្ព្រៃឲ្យធ្វើការបំបែកកំណកគ្រប់នាទីហើយយើងយកអេប៉ុងជ្រលក់ទឹកជូតទឹកស្ព្រៃចេញ ហើយដាក់ទឹកសាប៊ូជ្រលក់ជូតជម្រះកម្អែលម្តងទៀត។ ជំហានចុងក្រោយប្រើអេប៉ុងឬកន្សែងជ្រលក់ទឹកស្អាតជូតពូតទឹកម្តងហើយម្តងទៀតរហូតឃើញថាស្អាតល្អជាការស្រេច។
ម៉ាស៊ីនដុតអគ្គិសនី
ម៉ាស៊ីនដុតអគ្គិសនីឬយើងហៅថាម៉ាយក្រូវេវ (Microwave) គឺជាប្រភេទម៉ាស៊ីនប្រើកម្តៅដើម្បីកម្តៅនិងចម្អិនអាហារ។ នៅពេលសម្គាល់ឃើញថាផ្នែកខាងក្នុងនៃម៉ាស៊ីនប្រឡាក់ទៅដោយប្រេងនិងសំណល់ហៀរពីអាហារ ពិសេសមានក្លិនអាក្រក់ វាជាសញ្ញាបង្ហាញថាដល់ពេលដែលអ្នកត្រូវសម្អាតវាចេញហើយ។ ខុសពីចង្ក្រានប្រើហ្គាស ម៉ាស៊ីនប្រើថាមពលអគ្គិសនីនេះទាមទារការសម្អាតដ៏ត្រឹមត្រូវមួយ។ ខាងក្រោមនេះជាវិធីសម្អាតម៉ាស៊ីនដុតអគ្គិសនីតាមលំដាប់លំដោយពីខាងក្នុងរហូតដល់ខាងក្រៅ។
• វិធីសម្អាត៖ របស់របរសម្រាប់សម្អាតត្រូវត្រៀម៦យ៉ាងក្នុងដៃរួមមាន ចានគោមថ្ម ទឹកខ្មេះ ស្រោមដៃចាប់កាន់របស់ក្តៅ ក្រដាសអនាម័យរឹងឬកន្សែង អេប៉ុង និងស្ព្រៃបាញ់សម្អាតសម្ភារផ្ទះបាយ។ ជំហានដំបូង យកចានគោមចាក់ទឹកមួយពែងនិងទឹកខ្មេះកន្លះពែងចូលកូរចូលគ្នា ឬប្រសិនបើគ្មានទឹកខ្មេះអាចលាយទឹកជាមួយសាប៊ូលាងចាន១ស្លាបព្រាកាហ្វេជំនួស បន្ទាប់មកយកទៅដាក់នៅក្នុងម៉ាស៊ីនម៉ាយក្រូវេវហើយបើកកម្តៅក្តៅទុករយៈពេល១ទៅ២នាទី ឬអាស្រ័យទៅតាមថាមពលចរន្តអគ្គិសនីរបស់ម៉ាស៊ីន តួយ៉ាង ប្រសិនបើម៉ាស៊ីនប្រើថាមពលភ្លើង ១២០០វ៉ាត់ ឬលើសពីនេះ ការប្រើពេលកម្តៅរយៈពេល១ទៅ១នាទីកន្លះគឺគ្រប់គ្រាន់ តែបើម៉ាស៊ីនប្រើថាមពលភ្លើង ៧០០វ៉ាត់អាចចំណាយពេលកម្តៅយូរជាងគឺ២នាទី។ ការដាក់ទឹកកម្តៅ(តែមិនដល់ពុះ) នៅក្នុងម៉ាស៊ីននេះគឺធ្វើឡើងដើម្បីបង្កើតចំហាយទឹកស្ទីមផ្នែកខាងក្នុងនៃម៉ាស៊ីន ដូច្នេះនៅពេលដាក់កម្តៅគ្រប់នាទីហើយយើងទុកទឹកក្តៅនោះនៅក្នុងម៉ាស៊ីនរយៈពេល៣នាទីទៀតដើម្បីឲ្យចំហាយទឹកសាយសព្វពេញផ្ទៃខាងក្នុងនៃម៉ាស៊ីន។ ក្រោយរង់ចាំ៣នាទី យើងចាប់ផ្តើមពាក់ស្រោមដៃនិងបើកទ្វារម៉ាស៊ីនយកចានគោមចេញ។ យកក្រដាសឬកន្សែងមកជូតសម្អាតកម្អែលចេញ ប្រសិនបើកម្អែលណាកកខ្លាំងអាចប្រើអេប៉ុងដុសបន្ថែម។ ងាកមកធ្វើការជូតសម្អាតពីផ្នែកខាងក្រៅ ដោយយកចានគោមលាយទឹកសាប៊ូថ្មីរួចយកកន្សែងឬក្រដាសអនាម័យជ្រលក់ហើយជូតសម្អាតផ្នែកខាងក្រៅសព្វគ្រប់ជ្រុង។ បន្ទាប់មកទៀតយកស្ព្រៃបាញ់មកសម្អាតប៉ុន្តែមិនត្រូវបាញ់ផ្ទាល់ទៅលើម៉ាស៊ីននោះទេ ព្រោះវាអាចធ្វើឲ្យចូលទៅក្នុងប្រព័ន្ធបញ្ចេញខ្យល់ ដូចនេះយើងយកស្ព្រៃបាញ់លើក្រដាសឬកន្សែងហើយធ្វើការជូតសម្អាតវិញ។ ចំណែកឯផ្នែកខាងក្នុង យើងយកក្រដាសអនាម័យជ្រលក់ទឹកសាប៊ូជូតសម្អាតជុំវិញទ្វារម៉ាស៊ីន និងផ្អែកខាងក្នុងទាំងមូលជាពិសេស ដោះជើងទ្រមកជូតសម្អាតផងដែរ។ ជំហានចុងក្រោយយើងប្រើកន្សែងឬក្រដាសជ្រលក់ទឹកស្អាតមកជូតម្តងហើយម្តងទៀតរហូតជ្រះស្អាតល្អជាការស្រេច។ ដោយឡែកនៅក្នុងវិធីសម្អាតនេះ ត្រង់ចំណុចដាក់ទឹកស្ទីមប្រសិនបើគ្មានសាប៊ូឬទឹកខ្មេះទេ យើងអាចច្របាច់ក្រូចឆ្មារមួយចំហៀងផ្លែដាក់ចូលក្នុងចានទឹកហើយធ្វើការបើកភ្លើងកម្តៅក្តៅរយៈពេល៥នាទី។
សរុបមកការអនាម័យសម្ភារផ្ទះបាយគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃ យើងចម្អិនយើងស្លយើងហូបចុកចេញពីកន្លែងតែមួយ ដូច្នេះការទម្លាប់សម្អាតសម្ភារនានានឹងធ្វើឲ្យការរស់នៅប្រកបដោយផាសុកភាព និងភាពថ្លៃថ្នូរបំផុត។ ការសម្អាតចង្ក្រានហ្គាស និងម៉ាស៊ីនដុតអគ្គិសនីអាចជារឿងងាយ ប៉ុន្តែអ្វីដែលស្ត្រីមេផ្ទះតែងមើលរំលងនោះគឺ ការសម្អាតដ៏ត្រឹមត្រូវ និងការសម្អាតឲ្យត្រូវទៅតាមប្រភេទសម្ភារ ដែលសំខាន់គឺសម្ភារគ្រឿងអេឡិចត្រូនិចតែម្តង។ ទាំងនេះគ្រាន់តែជាគន្លឹះសំខាន់មួយផ្នែកនៅក្នុងផ្ទះបាយ ហើយសម្រាប់លេខបន្ទាប់សូវរីននឹងបង្ហាញអំពីអាថ៌កំបាំងផ្សេងទៀតដែលស្ត្រីមេផ្ទះមិនធ្លាប់គិតដល់។ ដូចនេះកុំភ្លេចរង់ចាំតាមដានអាននៅលេខថ្មីបន្តទៀតទាំងអស់គ្នាណា! ៕
Article by HEM SOKKHIM