×

​រំដួល​ ​លិចទឹក​ ​តបស្នង​ប្រជាប្រិយភាព​មក​អ​ភ​រិក្ស​ផ្សព្វផ្សាយ​សម្បត្តិ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​

NEWS 4 years ago
 
 

           ​ភោគ​ផលដំណាំ​ដាំ​ដុះ​បន្លែបង្ការ​ទៅតាម​រដូវ​កាល​និង​សម្ភារ​ប្រើប្រាស់​ប្រពៃណី​ខ្មែរ​នានា​ត្រូវ​បាន​បុរស​រាង​ច្រឡឹង​សម្បុរ​ស្រអែម​ស្រស់​ប្រមែប្រមូល​យកមក​ច្នៃ​ធ្វើជា​ស​ម្លៀ​ក​បំពាក់​ ​គ្រឿង​បំពាក់​តាក់តែង​កាយ​ ​ស្លៀកពាក់​ទ្រង់គ្រឿង​យ៉ាង​ប្រណីត​ប្លែកភ្នែក​រមែង​ពញ្ញាក់​អារម្មណ៍​មហាជន​ជារឿយៗ​នៅ​លើ​បណ្តាញ​សង្គម​ដែល​បាន​ធ្វើឲ្យ​ប្រជាជន​ខ្មែរយើង​គ្រប់រូប​គ្រប់​វ័យ​ស្រទាប់​ទូទាំង​ប្រទេស​ស្គាល់ឈ្មោះ​យ៉ាង​ច្បាស់​ថា​ ​«​រំដួល​ ​លិចទឹក​»​។​ ​អស់​រយៈពេល​ប្រមាណ​ជាង​កន្លះ​ទសវត្សរ៍​ ​រំដួល​ ​លិចទឹក​ ​មិន​ត្រឹមតែ​ក្រសោប​ប្រជាប្រិយភាព​តាមរយៈ​ការ​ប្រើ​បន្លែ​ផ្លែឈើ​ក្នុងស្រុក​មក​បង្កើត​ជា​ឈុត​ស​ម្លៀ​ក​បំពាក់​ប្លែកៗ​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ប្រើ​ភាព​ល្បីល្បាញ​របស់​ខ្លួន​មក​រួមចំណែក​កិច្ចការ​សង្គម​រួម​ទាំង​អភិ​រក្ស​និង​ផ្សព្វផ្សាយ​ទៅលើ​សិល្បៈ​វប្បធម៌​ក៏ដូចជា​សម្បត្តិធម្មជាតិ​របស់​ប្រទេសជាតិ​ផង​ដែរ​។​ ​ការពិត​ណាស់​ ​នេះ​គឺជា​វត្តមាន​លើក​ទីពីរ​ហើយ​សម្រាប់​ការ​បង្ហាញខ្លួន​របស់​ ​រំដួល​ ​លិចទឹក​ ​នៅ​លើ​ទំព័រ​អត្ថ​បទសម្ភាសន៍​របស់​ទស្សនាវដ្តី​សូវ​រី​ន​ ​បន្ទាប់ពី​លោក​ធ្លាប់​ចូលខ្លួន​មក​បង្ហើប​អំពី​ជីវប្រវត្តិ​ ​ក៏ដូចជា​ដើមចម​នៃ​ការ​ធ្វើឲ្យ​ផ្ទុះ​កេរ្តិ៍ឈ្មោះ​ល្បី​កក្រើក​នា​គ្រាដំបូង​កាលពី​ទស្សនាវដ្តី​សូវ​រី​ន​ចេញ​លេខ​ទី​ ​៤​៩​ ​ប្រចាំខែ​តុលា​ឆ្នាំ​ ​២​០​១​៥​។​ ​វត្តមាន​ជាថ្មី​នៅ​លើ​អត្ថបទ​នេះ​ ​សូវ​រី​ន​ ​នឹង​ធ្វើ​បច្ចុប្បន្នភាព​បទសម្ភាសន៍​លម្អិត​អំពី​បទពិសោធន៍​ការងារ​ ​ការ​រីក​ចម្រើន​លើ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​ការប្រើប្រាស់​ភាព​ល្បីល្បាញ​ជា​ប្រយោជន៍​ចំពោះ​សង្គម​និង​សិល្បៈ​វប្បធម៌​ជាតិ​។​

          ​នៅតែ​រក្សា​ភាព​រួសរាយ​រាក់ទាក់​ដូចដើម​ជាមួយ​ស្នាម​ញញឹម​យ៉ាង​ពព្រាយ​ ​រំដួល​ ​លិចទឹក​ ​ដែល​មានឈ្មោះ​ពិត​ថា​ ម៉ិ​ញ​ ​ចាន់​វ៉ាន់​ដា​ ​បាន​រៀប​រាប់ប្រាប់​សូវ​រី​ន​ថា​ ​ប​ច្ចុប្បន្ច​លោក​មិន​ត្រឹមតែ​មាន​អាជីព​ជា​ ​អ្នកជំនាញ​ផាត់​មុខ​ ​និង​ជា​អ្នកបង្កើត​សិល្បៈ​ច្នៃ​ប្រតិដ្ឋ​ឈុត​ប្លែកៗ​ដូចមុន​ទៀត​នោះ​ទេ​ ​ពោល​ថែមទាំង​ជា​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​ជាតា​រា​សម្តែង​ ​ជាតា​រា​បង្ហាញ​ម៉ូដ​ ​និង​ជា​អគ្គនាយក​កម្មវិធី​ប្រឡង​បវរកញ្ញា​ឯក​ភព​​​ផែនដី​កម្ពុជា​ឬ​ ​Miss​ ​Plane​t​ ​Cam​bo​d​i​a​ ​ផង​ដែរ​។​ ​ឆ្លៀត​រំឭក​ការងារ​សិល្បៈ​ដំបូង​បន្តិច​ ​រំដួល​ ​ដែល​មាន​ក្តី​ស្រមៃ​ធ្វើជា​វេជ្ជបណ្ឌិត​ប៉ុន្តែ​បែរជា​មក​ជាប់ជំពាក់​មហិច្ឆតា​លើ​ជំនាញ​តុបតែង​មុខ​បាន​រៀបរាប់​ដូច្នេះ​ ​«​ខ្ញុំ​ហ៊ាន​ធ្វើខ្លួន​ប្លែកៗ​ហ្នឹង​គឺ​តាំងពី​ចាប់ផ្តើម​ធ្វើការ​ជាមួយ​ទស្សនាវដ្តី​សូវ​រី​ន​ដំបូង​បំផុត​នៅ​ក្នុង​ឆ្នាំ​២​០​១​៥​ ​នៅ​ពេល​ធ្វើឡើង​កាន់តែ​ច្រើន​ ​ខ្ញុំ​កាន់តែ​ហ៊ាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​(​សើច​...)​»​។​ ​យើង​ចាំ​បាន​ថា​កាលនោះ​រំដួល​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​ការ​តុបតែង​មុខ​ធ្វើខ្លួន​ថត​ចម្លង​ស្ទី​ល​ដូច​ទៅ​នឹង​តារា​ហូ​លី​វូ​ដ​ល្បី​ៗ​ ​ជាពិសេស​គឺ​រូប​ឡូ​ហ្គូ​ម្សៅ​ភេ​សាត់​ដែល​មាន​​​រូប​ទេពធីតា​កាន់​សត្វ​ព្រាប​។​ ​មិនយូរប៉ុន្មាន​ប្រជាប្រិយភាព​ភាព​ច្នៃ​ប្រតិដ្ឋ​បាន​ធ្វើឲ្យ​រំដួល​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដែល​ខ្លួន​ធ្លាប់តែ​ចម្លង​ស្ទី​ល​ពី​គេ​ឲ្យ​ងាក​មក​បង្កើត​អ្វី​ដែល​ជា​ស្ទី​ល​របស់​ខ្លួន​វិញ​។​ ​«​កាល​ហ្នឹង​ខ្ញុំ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ ​ប៉ុន្តែ​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​មកវិញ​ថា​ ​ខ្ញុំ​គួរតែ​ប្រើ​ប្រាស់​ប្រជាប្រិយភាព​មក​ជា​ការ​ជួយ​ផ្សព្វផ្សាយ​ដូចជា​ ​ការ​បង្ហាញ​ ​ការ​ក្រើន​រំឭក​ ​និង​ជា​សារ​អប់រំ​ផ្សេងៗ​ ​ឬ​រំឭក​អនុ​ស្សា​វ​រី​យ៍​ចាស់ៗ​ជាមួយ​វត្ថុ​ប្រើប្រាស់​ពី​អតីតកាល​ ​ដោយ​បញ្ចូល​សិល្បៈ​ច្នៃ​ប្រតិដ្ឋ​ស្លៀកពាក់​តុបតែង​បែប​សហសម័យ​លាយឡំ​នឹង​ការ​ថត​ទឹកមុខ​បែប​កំប្លែង​ៗ​ខ្លះ​ផង​ដែរ​»​។​ ​តួយ៉ាង​ឈុត​ជាច្រើន​ម៉ូដ​បាន​រំ​លេចឡើង​ជាបន្តបន្ទាប់​ដែល​មើលទៅ​ជា​ការ​អភិ​រក្ស​ផង​ ​ជា​សារ​អប់រំ​ផង​ ​ហើយ​ក៏​ជា​ហ្វេ​ហ្សិ​ន​ប្លែកភ្នែក​ផង​នោះ​ ​ក្នុង​នោះ​ឈុត​គួរឲ្យ​ចាប់អារម្មណ៍​រួម​មាន​ ​ឈុត​ធ្វើ​ពី​មួក​ការពារ​សុវត្ថិភាព​ ​ឈុត​ធ្វើ​ពី​សំរាម​ថង់​ផ្លា​ស្ទិ​ក​ ​និង​ឈុត​ធ្វើ​ពី​ក្រមា​ជាដើម​។​

          ​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​ច្នៃ​ប្រតិដ្ឋ​មកដល់​សព្វថ្ងៃ​ ​រំដួល​រមែង​ប្រកាន់ខ្ជាប់​គោលជំហរ​របស់​ខ្លួន​ដូចនេះ​ ​«​ ​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ​ខ្ញុំ​បាន​លះបង់​ពេលវេលា​ ​លះបង់​កម្លាំង​កាយ​ ​កម្លាំងចិត្ត​ ​រួម​ទាំង​ថវិកា​ផ្ទាល់ខ្លួន​ចំពោះ​វិ​ស័យ​ច្នៃ​ប្រតិដ្ឋ​យ៉ាង​ខ្លាំង​ ​ខ្ញុំ​ធ្វើ​ដោយ​ក្តី​ស្រឡាញ់​​ដើម្បី​សិល្បៈ​វប្បធម៌​ជាតិ​ ​ដើម្បី​ប្រទេសជាតិ​របស់​ខ្ញុំ​។​ ​ប្រាំ​ឆ្នាំ​បើ​និយាយ​ពី​ ​រំដួល​ ​លិចទឹក​ ​បើ​គេ​មិន​ស្គាល់​មុខ​ក៏​គេ​ស្គាល់ ឈ្មោះ​ដែរ​។​ ​ខ្ញុំ​ទទួល​បាន​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ​ ​អីចឹង​ខ្ញុំ​គួរតែ​តបស្នង​ប្រជាប្រិយភាព​របស់​ខ្ញុំ​ទៅ​ពួកគាត់​វិញ​ ​ដោយ​បង្កើត​ជា​ការ​ច្នៃ​ប្រតិដ្ឋ​ពាក់ព័ន្ធ​ជាមួយ​សិល្បៈ ​វប្បធម៌​ ​ធនធានធម្មជាតិ​ ​បរិស្ថាន​ ​និង​ទេសចរណ៍​ជាដើម​»​។​ ​យ៉ាងណាមិញ​ ​កាលពី​ឆ្នាំ​២​០​១​៦​ ​រំដួល​ទទួល​បាន​អាហារ​រូប​ករ​ណ៍​ផ្នែក​សិល្បៈ​និង​វប្បធម៌​ជាតិ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ ​បន្ទាប់ពី​នោះ​មក​លោក​ក៏​បង្កើត​កម្មវិធី​ម​ហោ​ស្រប​សិល្បៈ​និង​បរិស្ថាន​ដោយមាន​ការចូលរួម​ពី​សិល្បករ​បួន​រូប​ទៀត​ដូចជា​ ​អ្នកនាង​ ​ហៀ​ក​ ​ភា​រី​ ​អ្នកនាង​ ​សួស​ ​ស៊ីណាត​ ​លោក​អាន់​ ​រស្មី​ ​និង​លោក​ ​អ៊ូ​ ​ប៊ុន​ថង​។​ ​រៀងរាល់​ឆ្នាំ​កម្មវិធី​នេះ​ប្រព្រឹត្តិ​ឡើង​ពីរដង​នៅ​តាម​បណ្តា​ខេត្ត​ ​និង​ធ្វើឡើង​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​សិល្បៈ​ក្នុង​ការ​អភិវឌ្ឍន៍សង្គម​ ចូ​ម​រួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក​ ​និង​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក​។​ ​លើស​ពី​នេះ​រំដួល​ក៏​រមែង​បង្កើត​កម្មវិធី​សប្បុរស​ធម៌​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​សាងសង់​សាលា​រៀ​ណ​ ​ជួយ​សិស្ស​ក្រីក្រ​ ​ជន​ក្រីក្រ​ ​ជួយ​លើក​ក​ម្ពស់​ជីវភាព​សហគមន៍​ ​និង​កម្មវិធី​មួយ​ចំនួន​ទៀត​ជួយ​ផ្សព្វផ្សាយ​ស្នាដៃ​សិល្បករ​ខ្មែរ​ជើងចាស់​ជាន់​ថ្មី​ដែល​មិនទាន់​មានឱកាស​បាន​បង្ហាញ​។​

​​          ​ត្រឡប់មក​ជ​ជីកសួរ​អំពី​ការ​ច្នៃ​ម៉ូដ​វិញ​ ​បើ​សរុប​មកទល់​ពេល​បច្ចុប្បន្ន​រំដួល​បានឲ្យ​ដឹង​ថា​ឈុត​ដែល​ខ្លួន​បាន​ធ្វើឡើង​មិន​គឺ​តិច​ជាង​ ​៣​០​០​ឈុត​ឡើយ​។​ ​ស​ម្លៀ​ក​បំពាក់​ ​គ្រឿង​បំពាក់​ ​ទ្រង់គ្រឿង​រចនា​ផ្សំ​ឡើង​ពី​ ​មែក​ ​ស្លឹក​ ​ផ្លែ​ ​ផ្កា​ ​នៃ​រុក្ខជាតិ​ ​ក្នុង​នោះ​ឈុត​ធ្វើ​ពី​រុក្ខជាតិ​ស្រស់​ៗ​កន្លងមក​រួម​មាន​ ​ផ្កា​រំដួល​ ​ផ្កាឈូក​ ​ផ្កា​ក្ងោក​ ​ផ្កាសិរមាន់​ ​ផ្កា​ស្លា​ ​ផ្កាចេក​មាស​ ​ផ្លា​លឿង​រាជ​ ​ចេក​ ​ព​ទ្រា ​សណ្តែកកួរ​ ​ត្រកួន​ ​បំពេញ​រាជ្យ​ ​ត្នោត​ ​ផ្លែ​ទឹកដោះ​ ​ព្រលិត​ ​ល្ពៅ​ ​ស្រូវ​ ​ម្ទេស​ ​ស្លឹក​ស្វាយ​ ​ទំ​ពំា​ង​បាយ​ជូរ​ ​ដំឡូង​ ​ផ្លែ​គុយ​ ​ផ្លែ​រកាំ​ ​ឫស្សី​ ​ទុរេន​ ​មាន​ព្រៃ​ ​គ្រាប់​ធញ្ញ​ជាតិខ្មែរ​ ​គ្រឿង​ឱសថ​បុរាណ​ស្រស់​ ​បន្លែ​គ្រឿង​អន្លក់​ទឹក​ប្រហុក​ ​ព្រមទាំង​សម្ភារ​ប្រើប្រាស់​ប្រពៃណី​និង​បុរាណ​មាន​ដូចជា​ ​ចង្កៀង​ប្រេង​ ​ឆ្នាំងអ៊ុត​ប្រើ​ធ្យូង​ ​ក្រមា​ ​កន្ទេល​និង​មួក​ស្លឹក​ត្នោត​ ​សម្ភារ​ផ្ទះបាយ​ខ្មែរ​បុរាណ​ ​ឧបករណ៍​នេសាទ​ខ្មែរ​ ​ឧបករណ៍​ភ្លេងខ្មែរ​ ​ឧបករណ៍​រោងជាង​ខ្មែរ​ ​សូម្បីតែ​ ​ប្រាក់​រៀល​ ​អាហារ​ស៊ុត​ចៀន​ ​ក្តាម​ស្ងោរ​ ​សង្វាក់​ ​និង​កាកអំពៅ​ជាដើម​ ​ក៏​រំដួល​អាច​ច្នៃ​រំលេច​ជា​ឈុត​ស​ម្លៀ​ក​បំពាក់​និង​គ្រឿង​តាក់តែង​កាយ​បង្ក​ភាព​ប្លែកភ្នែក​ទាក់អារម្មណ៍​គួរឲ្យ​ស្ងើចសរសើរ​ផង​ដែរ​។​ ​រំដួល​បាន​លើក​ឡើង​ថា​ ​របស់របរ​ដែល​យកមក​ច្នៃ​ស​ម្លៀ​ក​បំពាក់​គឺ​ជ្រើសរើស​តែ​ធនធានធម្មជាតិ​និង​ផលិតផល​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ ​ហើយ​របស់​ទាំងនោះ​ទៀតសោត​សុទ្ធ​សឹង​មាន​អត្ថន័យ​អត្តសញ្ញាណ​ក៏ដូចជា​ប្រភព​ច្បាស់លាស់​របស់​ពួកវា​ផង​ដែរ​ ​«​មុន​ពេល​ខ្ញុំ​ជ្រើសរើស​វត្ថុធាតុដើម​ណាមួយ​មក​ច្នៃ​ ​ឧទាហរណ៍​ដូចជា​ផ្លែ​គុយ​ ​ខ្ញុំ​ត្រូវ​ស្រាវជ្រាវ​ទៅលើ​ប្រភព​ផ្លែឈើ​នោះ​ឲ្យបាន​ច្បាស់​លាស់​ជាមុន​សិន​ ​ថា​វា​មាន​ដុះ​នៅកន្លែង​ណា​ ​រដូវ​ណា​ ​ដើម​វា​យ៉ាងម៉េច​ ​តើ​គេ​យក​វា​ទៅ​ធ្វើអ្វី​ខ្លះ​ ​និង​ហូប​ទៅ​ផ្តល់​ប្រយោជន៍អ្វី​ខ្លះ​ ​ដើម្បី​សរសេរ​រៀបរាប់​លម្អិត​បង្ហោះ​ភ្ជាប់​មក​ជាមួយ​រូបភាព​ឲ្យ​អ្នកមើល​បានឃើញ​ពី​ភាព​ប្លែកភ្នែក​ជាមួយ​ឈុត​ ​និង​បាន​យល់​ដឹង​អំពី​តម្លៃ​នៃ​ផ្លែឈើ​នោះ​យ៉ាង​ច្បាស់​ទៀត​ផង​»​។​ ​ខុស​ពី​អ្នក​ច្នៃ​ម៉ូដ​ទូទៅ​រាល់​ពេល​ច្នៃ​ម៉ូដ​រំដួល​មិន​ទម្លាប់​គូរ​ម៉ូដ​ព្រាងទុក​មុន​ឡើយ​ ​ពោល​នឹកឃើញ​ភ្លាម​គឺ​ធ្វើ​ភ្លែត​តែម្តង​។​ ​រំដួល​ត្អូញត្អែរ​ថា​ឈុត​ធ្វើ​រាល់​ដង​គឺ​ធ្វើ​ទៅតាម​រដូវ​កាល​ ​ប៉ុន្តែ​ផ្លែឈើ​ខ្លះ​ពេល​ដល់​រដូវ​លោក​បែរជា​គ្មាន​ពេល​ធ្វើ​ ​ហើយ​ដល់ពេល​មាន​ពេល​ធ្វើ​បែរជា​ខ្វះ​ថវិកា​ចំណាយ​ ​ហើយ​ផ្លែឈើ​ខ្លះទៀត​ពេល​ដល់​រដូវ​តែ​មិន​ដឹង​ទៅ​រក​នៅឯណា​ ​ដោយសារតែ​ផ្លែឈើ​មួយ​ចំនួន​មាន​ដុះ​និង​ដាំ​ដុះ​នៅ​តាម​ខេត្ត​ផ្សេងៗ​គ្នា​។​ ​ដូច្នេះ​ឈុត​មួយ​ចំនួន​អាច​ធ្វើឡើង​បាន​ក៏​អាស្រ័យ​ទៅលើ​ឱកាស​ពេល​ឆ្លៀត​ធ្វើដំណើរ​ទៅ​បំ​ពេញការ​ងារ​នៅ​តាម​តំបន់​ដែល​មាន​បន្លែ​ផ្លែឈើ​ទាំងនោះ​ ​និយាយរួម​ជួន​ឃើញ​នៅកន្លែង​ណា​បេះ​បោច​ច្នៃ​ចាក់ដោត​ធ្វើ​នៅកន្លែង​នោះ​ភ្លែត​តែម្តង​។​

          ​គ្រឿង​ម្កុ​ដ​ខ្សែក​ខ្សែដៃ​បំពាក់​លម្អ​លើ​ឈុត​បុរាណសម័យ​ ​កន្លងមក​យើង​ធ្លាប់តែ​ឃើញ​រំដួល​ច្នៃ​ពី​ធនធានធម្មជាតិ​ស្រស់​ៗ​រួច​ថត​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ​ដែល​សមិទ្ធផល​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ភាព​ច្នៃ​ប្រតិដ្ឋ​ដែល​បង្កប់​ទៅ​ដោយ​ក្តី​ស្រឡាញ់​ ​ទេពកោសល្យ​ ​និង​ការងារ​ដ៏​យកចិត្តទុកដាក់​មួយ​។​ ​«​គ្រឿង​ធម្មជាតិ​គឺ​ពិបាកធ្វើ​ខ្លាំង​ណាស់​ ​ដោយសារតែ​របស់​អស់ទាំង​នេះ​ទាមទារ​ការ​ដេរ​ដោយដៃ​សុទ្ធ​មិន​អាច​ប្រើ​ម៉ាស៊ីន​បាន​ឡើយ​ ​របស់​ខ្លះ​រឹង​ ​ខ្លះ​ស្រួយ​ ​ខ្លះទៀត​ក៏​ឆាប់​ខូច​ ​ដែល​វា​ត្រូវការ​ភាព​អំណត់​ ​ការ​យក​ចិត្តទុកដាក់​ ​ការ​ថ្នាក់​ថ្ម​ម​ ​និង​ប្រើ​ក្តី​ស្រឡាញ់​ទម្រាំ​សម្រាំង​បាន​ឈុត​មួយ​មក​»​។​ ​រំដួល​បញ្ជាក់​ថា​ ​សម្រាប់​ឈុត​ធ្វើ​ពី​ធម្មជាតិ​ស្រស់​ៗ​ត្រូវ​កំណត់ពេល​ត្រឹម​បួន​ម៉ោង​គឺ​ត្រូវតែ​ហើយ​ ​បើមិនដូច្នោះទេ​របស់​នោះ​នឹង​ក្រៀម​ស្វិត​ស្រពោន​មិនខាន​ ​ហើយ​ក្នុង​នោះ​ផ្កា​រំដួល​ជា​ឧទាហរណ៍​មួយ​ដែល​វា​ប៉ះ​ងាយ​ដាច់​ងាយ​របេះ​ងាយ​ជាំ​ជាងគេ​។​ ​ជាមួយគ្នា​នេះ​រំដួល​បាន​បង្ហើប​អំពី​ទំនោរ​ច្នៃ​ម៉ូដ​របស់​ខ្លួន​ដែរ​ថា​ ​«​រំដួល​ប្រៀប​បាន​នឹង​មនុស្ស​ស្រីគ្រប់លក្ខណ៍​ ​ស្រគត់ស្រគំ​ ​ប្រិមប្រិយ​ ​ប៉ុន្តែ​សិចស៊ី​បន្តិចបន្តួច​បែប​ហ្វេ​ហ្សិ​ន​សហសម័យ​»​។​ ​រំដួល​ប្រាប់​ទៀត​ថា​ ​ដ្បិត​ឈុត​ខ្លះ​ច្នៃ​បែប​សម័យ​លាយ​បុរាណ​ប៉ុន្តែ​យើង​មិន​ត្រូវឲ្យ​មាន​ភាព​ខុសឆ្គង​ឡើយ​ ​ឧទាហរណ៍​ដូចជា​ឈុត​ដែល​រំដួល​ទើប​ធ្វើឡើង​ពី​ស្លឹក​និង​ផ្កា​រំដួល​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថ្មីៗ​នេះ​ ​ចំពោះ​ស​ម្លៀ​ក​បំពាក់​រំដួល​ច្នៃ​ជា​រ៉ូប​សម័យ​ ​រីឯ​ម្កុ​ដ​និង​ម៉ូដ​សក់​វិញ​រំដួល​ធ្វើ​បែប​សម័យ​ចេនឡា​ដោយ​រក្សា​រាងរៅ​ទម្រង់​ដូចដើម​។​ ​ទន្ទឹម​នឹង​ទទួល​សារ​សរសើរ​ពីសំណាក់​មហាជន​ ​ព្រមគ្នា​នេះ​រំដួល​ក៏​ទទួល​បាន​មតិ​រិះគន់​ផង​ដែរ​។​ ​«​គេ​ ​Comment​ ​ថាឲ្យ​ខ្ញុំ​សុទ្ធតែ​ ​ខ្ទើយ​មុខអាក្រក់​ ​ធ្វើ​អី​ឆ្កួត​ៗ​គួរឲ្យ​ស្អប់​ ​ខ្លួន​ជា​ប្រុស​ម៉េច​ធ្វើ​បែប​នឹង​ ​បំផ្លាញ​តម្លៃ​ស្ត្រី​ខ្មែរ​អស់​។​ ​ដំបូង​ខ្ញុំ​បាក់ទឹកចិត្ត​យ៉ាង​ ​អង្គុយ​យំ​ម្តងៗ​ ​ប៉ុន្តែ​ដោយសារ​បាន​កម្លាំងចិត្ត​ពី​បងស្រី​ធម៌​ម្នាក់​ ​ជាពិសេស​ពី​អ្នក​គ្រាំ​ទ្រ​រាប់​ម៉ឺន​រាប់​សែន​នាក់​ទើប​ធ្វើឲ្យ​ខ្ញុំ​លែង​គិត​លែង​ខ្វល់​ហើយ​ងាក​មក​សម្រេច​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​និង​ស្រឡាញ់​មកដល់​សព្វថ្ងៃ​»​។​

          ​ច្នៃ​ឈុត​ឡើង​ញឹកញយ​ ​ចុះបើ​សួរ​ថា​តើ​រំដួល​ចេះ​វិជ្ជា​ដេ​ប៉ាក់​មកពីណា?​ ​រំដួល​ឆ្លើយ​ទាំង​ញញឹម​ថា​ ​ដោយសារ​កាលពីមុន​អ្នកម្តាយ​ជា​ប្រធាន​សមាគម​ន៍ ​ជា​គ្រូបង្រៀន​កាត់​ដេរ​ ​ហើយ​បាន​បង្រៀន​តទៅ​បងស្រី​ជីដូនមួយ​រួច​ក៏​បន្តម​ក​ប្អូនស្រី​របស់​ខ្លួន​ ​អ្វី​ដែល​សំខាន់​រំដួល​មិនបាន​រៀន​អ្វី​ច្រើន​ឡើយ​ ​គ្រាន់តែ​លួចមើល​ការ​ធ្វើ​របស់​ប្អូន​ ​គួបផ្សំ​រៀន​ការ​ដេរ​ថ្នេរ​តាម​មេរៀន​លើ​សៀវភៅ​សិក្សា​សង្គម​ថ្នាក់​ទី​៤​ក៏​អាច​ធ្វើឲ្យ​រំដួល​ចេះ​ការ​ដេ​ប៉ាក់​យ៉ាង​ស្ទាត់ជំនាញ​។​

          ​ដូច​បាន​ជ្រាប​នៅ​ខាងដើម​ ​រំដួល​បាន​ប្រឡូក​ការងារ​ជា​អ្នក​តុបតែង​មុខ​និង​ធ្វើសក់​ជាមួយ​សូវ​រី​ន​តាំងពី​ឆ្នាំ​ ​២​០​១​៥​ ​ហើយ​រហូតមក​ទល់​បច្ចុប្បន្ន​ជារឿយៗ​រំដួល​បាន​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្លួន​មក​បង្កើត​ភាព​ប្លែកភ្នែក​នៅ​លើ​ទំព័រ​ទស្សនាវដ្តី​ជានិច្ច​មិនថា​ ​កា​រផាត់​មុខ​ធ្វើសក់​ ​ការ​ច្នៃ​ស​ម្លៀ​ក​បំពាក់​ ​និង​គ្រឿង​បំពាក់​តាក់តែង​កាយ​ប្រកបដោយ​ហ្វេ​ហ្សិ​ន​និយម​បំផុត​។​ ​រំដួល​បាន​លើក​ពី​ចំណាប់អារម្មណ៍​ថា​ ​«​សម្រាប់​ការងារ​ជាមួយ​សូវ​រី​ន​ខ្ញុំ​ចូល​ចិត្តខ្លាំង​ ​សូវ​រី​ន​បាន​ធ្វើឲ្យ​ខ្ញុំ​សម្រេច​ក្តី​ស្រមៃ​ធ្វើការ​នៅ​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​ន​ ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​បង្ហាញ​សមត្ថភាព​ ​ឲ្យ​ខ្ញុំ​ស្គាល់​ហ្វេ​ហ្សិ​ន​កាន់តែ​ច្រើន​ ​ស្គាល់​ស៊ី​ជម្រៅ​ពី​ការ​ថតរូប​ ​ស្គាល់​ពី​អ្វី​ជា​ទំនោរ​និយម​សម័យថ្មី​ ​និយាយរួម​ឲ្យ​ខ្ញុំ​អភិវឌ្ឍ​សមត្ថភាព​ជាមួយ​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​»​។​ ​ជាចុងក្រោយ​ ​រំដួល​សូម​ថ្លែង​អំណរគុណ​ចំពោះ​ទស្សនាវដ្តី​សូវ​រី​ន​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​តែងតែ​គំា​ទ្រ​តាមដាន​រាល់​ស្នាដៃ​ច្នៃ​ប្រតិដ្ឋ​និង​សកម្មភាព​សង្គម​នានា​ ​ហើយ​រំដួល​បាន​ផ្តែផ្តាំ​ថា​ ​សម្រាប់​បង​ៗ​ប្អូន​ៗ​ទាំងអស់​ប្រសិនបើ​មាន​សមត្ថភាព​គួរ​កុំ​លាក់​កុំ​ខ្មាសអៀន​ក្នុង​ការ​បង្ហាញ​ ​ហើយ​បើ​ដឹងខ្លួន​ថា​ស្រឡាញ់​អ្វី​ហើយ​ត្រូវ​ព្យាយាម​ចាប់​ឲ្យ​ជាប់​ចាប់​ឲ្យ​ច្បាស់​នោះ​ទើប​យើង​ទទួល​បាន​ជោគជ័យ​។​ ​រំដួល​ក៏​ស្ម័គ្រ​ផ្តល់​ចំណេះ​​សម្រាប់​អ្នក​ចង់​សិក្សា​ស្វែងយល់​ពី​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​ខ្លួន​ដោយ​មិន​គិតថ្លៃ​អ្វី​ឡើយ​ ​រួម​ទាំង​សហការ​ការងារ​ដោយ​ក្តី​រីករាយ​ផង​ដែរ​។​ ​«​ធនធានធម្មជាតិ​ស្រុក​យើ​មាន​ច្រើន​ណាស់​ ​ធ្វើ​មិន​អស់​ទេ​ ​ខ្ញុំ​នឹង​ធ្វើតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ជីវិត​យើង​ខ្លី​បើ​ឲ្យ​ខ្ញុំ​ឈប់​ធ្វើអ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ ​ខ្ញុំ​មិន​ឈប់​នោះ​ទេ​ ​ខ្ញុំ​ធ្វើ​រហូត​បើ​ទោះ​មានការ​គាំទ្រ​ឬ​មិន​គាំទ្រ​ក៏ដោយ​ ​ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​និង​ចង់​ធ្វើ​ចេញពី​បេះដូង​»​៕​

Article by​ HEM SOKKHIM


SUGGESTIONS