×

​ហេង​ ​សុខ​វិសាល​ យុ​វ​ផលិតករ​វីដេអូ​ទាន់សម័យ​ដែល​មាន​ទី​ផ្សារ​ក្នុងស្រុក​ល្បី​ខ្លាំង​

NEWS 4 years ago
 
 

           គ្រាន់តែ​ឮ​ឈ្មោះថា​ ​Hen​g​ ​Visa​l​ ​ឬ​មានឈ្មោះ​ពិត​ពេញ​ថា​ ​ហេង​ ​សុខ​វិសាល​ ​ជឿជាក់​ថា​ប្រិយ​មិត្ត​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ស្ទើរគ្រប់​វ័យ​ស្រទាប់​ ​ជាពិសេស​យុវវ័យ​ប្រាកដជា​ស្គាល់​ច្បាស់​ដែល​លោក​គឺជា​អ្នក​ផលិត​មាតិកា​វីដេអូ​ (​Video​ ​Creator​) ​ដ៏​លេច​ធ្លោ​​មួយ​​រូប​នៅ​កម្ពុជា​។​ ​ប្លែក​ពី​អ្នក​ផលិត​វីដេអូ​វ័យក្មេង​ដទៃ​ដែល​ផ្តោត​តែ​លើ​ប្រធាន​បទ​បង្ហាញ​ពី​ ​តំបន់​ទេសចរណ៍​ ​សម្រស់​ ​និង​កន្លែង​អាហារ​ឆ្ងាញ់​ៗ​ជាដើម​ ​យុវជន​ ​ហេង​ ​សុខ​វិសាល​ ​បាន​ផ្តោត​ធ្វើ​វីដេអូ​ទៅលើ​ប្រធាន​បទ​ក​ម្សាន្ត​ចម្រុះ​ហើយដែល​សំខាន់​រាល់​វីដេអូ​នីមួយៗ​រមែង​ក្លែម​ពាក្យ​ពេ​ជ​ន៍​កំប្លែង​ដែល​ធ្វើឲ្យ​អ្នកទស្សនា​សើច​សប្បាយ​ក៏ដូចជា​គាំទ្រ​តាមដាន​មិន​ជិនណាយ​ផង​ដែរ​។​ ​ជីវិត​ហែលឆ្លង​លើ​វិ​ស័​យ​ផលិត​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​រយៈពេល​ប្រមាណ​ជាង​៥​ឆ្នាំ​ ​អ្នក​ផលិត​វីដេអូ​វ័យក្មេង​រូប​នេះ​ហាក់​ទទួល​បាន​ជោគជ័យ​គួរឲ្យ​កត់​សម្គាល់​ដោយ​បច្ចុប្បន្ន​ក្រៅពី​អាច​​​រកចំណូល​ពី​បណ្តាញ​សង្គម​ ​Y​ou​Tube​ ​Face​book​ ​និង​ស្ព​ន​ស័​រ​ជាច្រើន​ ​លោក​ក៏​ជាស​ហ​ស្ថាបនិក​ក្រុមហ៊ុន​ចំនួន​៣​ក្នុង​ពេល​តែមួយ​ផង​ដែរ​។​

          ​វ័យ​ទើប​តែ​ ​២​៥​ឆ្នាំ​ ​មាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​ផ្ទាល់​និង​ចាប់កំណើត​ជា​កូនពៅ​(​បង​ប្អូនប្រុស​២​ស្រី​២​)​នៅ​ក្នុង​គ្រួសារ​​​ដែល​មាន​ឪពុក​ជា​វេជ្ជបណ្ឌិត​(​មរណភាព​) ​និង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ​ ​បច្ចុប្បន្ន​លោក​ ​ហេង​ ​សុខ​វិសាល​ ​បាន​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ទៅលើ​ការ​បង្កើត​វីដេអូ​ ​ការ​អញ្ជើញ​ចូលរួម​កម្មវិធី​ពី​បណ្តា​ស្ព​ន​ស័​រ​ ​ហើយក៏​សកម្ម​នឹង​អាជីវកម្ម​៣​កន្លែង​រួម​មាន​ ​ក្រុមហ៊ុន​លក់​អាហារ​អន​ឡា​ញ​«​ចង់​ញុំា​»​ ​ក្រុមហ៊ុន​ផលិតផល​សម្រស់​ ​«​S​art​ ​by​ ​V​e​e​s​a​»​ ​និង​ក្រុមហ៊ុន​ជំរុញ​លើ​វិ​ស័យ​ផលិត​វីដេអូ​ ​«​V​e​e​s​a​-​T​h​e​ ​Creator​»​។​ ​ចំណោម​ក្រុមហ៊ុន​ទាំង​៣​ ​ក្រុមហ៊ុន​ទើប​បង្កើត​ចុងក្រោយ​ ​«​V​e​e​s​a​-​T​h​e​ ​Creator​»​ ​គឺជា​ក្រុមហ៊ុន​ដែល​លោក​ដាក់ចិត្ត​ដាក់​កាយ​សកម្ម​ជាងគេ​ ​ក៏​ព្រោះ​វា​តែ​ជា​បំណង​តែមួយ​គត់​ក្នុង​ការ​ជួយ​ជំរុញ​ដល់​អ្នក​ស្នេហា​ការ​ផលិត​វីដេអូ​ដូចជា​រូបលោក​ ​និង​លើ​ស្ទួយ​វិ​ស័​យ​ផលិត​វីដេអូ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​ផង​ដែរ​។​ ​លោក​បាន​បង្ហាញ​ទ​ស្សនៈ​ដូច្នេះ​«​នៅ​ប្រទេស​ជឿនលឿន​វិ​ស័​យ​ផលិត​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​និង​មានការ​ពេញ​និយម​ខ្លាំង​ ​ហើយ​បើ​ងាក​មក​កម្ពុជា​វិញ​ថ្វី​ដ្បិត​វិ​ស័​យ​នេះ​ត្រូវ​បាន​គេ​មើល​រំលង​ឬ​អាច​និយាយ​បាន​ថា​យើង​ដើ​រយឺត​ជាងគេ​បន្តិច​ ​ប៉ុន្តែ​វា​គឺជា​វិ​ស័​យ​មួយ​ដ៏​ល្អ​ព្រមទាំង​ជា​ឱកាស​ដែល​អ្នក​ស្រឡាញ់​អាច​ឈោង​ចាប់​ ​ដោយសារតែ​ស្រុកខ្មែរ​នៅ​មិនទាន់​មាន​អ្នក​ចាប់ផ្តើម​ច្រើន​ក៏ដូចជា​មិនទាន់​មាន​ទី​ផ្សារ​ប្រកួតប្រជែង​ច្រើន​នៅឡើយ​»​។​ ​លោក​បាន​លើកឡើង​បន្ថែម​ដែរ​ថា​«​វិ​ស័​យ​នេះ​មិន​ត្រឹមតែ​ជួយ​យើង​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ក៏ដូចជា​អាច​​​រកចំណូល​ពី​វា​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជួយ​ដល់​មុខមាត់​ប្រទេស​និង​ទាក់ទាញ​ទេសចរណ៍​ផង​ដែរ​។​ ​ឧទាហរណ៍​ដូចជា​អ្នកធ្វើ​វីដេអូ​យូ​ធូប​ឬ​ ​Y​ou​Tuber​ ​ជនជាតិ​ស្វីស​ដែល​មាន​អ្នក​Subscribe​ច្រើន​បំផុត​ ​គឺ​មាន​មនុស្ស​រាប់​រយ​រាប់​លាន​នាក់​លើ​ពិភពលោក​តាមដាន​វីដេអូ​របស់​គាត់​ហើយ​ស្គាល់​គាត់​ច្បាស់​ថា​ជា​នរណា​និង​មកពី​ណា​ជាដើម​»​។​ ​ងាក​មក​សម្លឹង​មើល​ការ​ធ្វើ​វីដេអូ​របស់​យុវវ័យ​កម្ពុជា​សព្វថ្ងៃ​វិសាល​បាន​បង្ហាញ​ចំណាប់អារម្មណ៍​លាយឡំ​ស្នាម​ញញឹម​ដូច្នេះ​«​បើ​ប្រៀបធៀប​ការ​ធ្វើ​វីដេអូ​របស់​យុវវ័យ​ឥឡូវ​និង​កាល​ខ្ញុំ​ធ្វើ​វីដេអូ​ពី​ដំបូង​វិញ​ ​ខ្ញុំ​សូម​សរសើរ​ក្មេងៗ​សម័យថ្មី​នេះ​ចេញ​ពីចិត្ត​តែម្តង​ ​ព្រោះ​ដ្បិត​ពួកគាត់​ទើប​តែ​ចាប់ផ្តើម​ប៉ុន្តែ​គាត់​ធ្វើ​បាន​ល្អណាស់​ ​គាត់​ចេះ​បង្កើត​ប្រធាន​បទ​ប្លែកៗ​ ​មាន​គំនិតច្នៃប្រឌិត​ខ្ពស់​ ​និង​រៀបចំ​ការ​ថត​បាន​ល្អ​។​ ​ប្រសិនបើ​គាត់​ខិតខំ​បន្ថែម​ទៀត​ពី​៤​ទៅ​៥​ឆ្នាំ​ជឿជាក់​ថា​ពួកគាត់​នឹង​មាន​លទ្ធផល​ល្អ​ដូច​ខ្ញុំ​ដែរ​»​។​ ​តួយ៉ាង​ ​លោក​ ​ហេង​ ​សុខ​វិសាល​ ​ប្រៀប​បីដូច​ជាតា​រា​លេចធ្លោ​មួយ​ដួង​នៅ​លើ​បណ្តាញ​សង្គម​ដោយមាន​អ្នកតា​ម​ដាន​និង​តែងតែ​ចុច​ ​Like​ ​និង​ ​Share​ ​ច្រើន​សន្ធឹកសន្ធាប់​រាល់​ពេល​បង្ហោះ​វីដេអូ​នីមួយៗ​។​ ​គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​២​០​២​០​នេះ​បើ​និយាយ​ពី​ចំនួន​អ្នក​ចុច​ ​Subscribe​ ​លើ​បណ្តាញ​សង្គម​ ​Y​ou​Tube​ ​របស់​លោក​​​មានដល់​ទៅ​​​ជាង​៨​៧​ម៉ឺន​៧​ពាន់​នាក់​ ​រីឯ​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ចំនួន​អ្នក​ ​Follow​ ​ដល់ទៅ​​​ជាង​១​លាន​នាក់​។​ ​រាល់​វីដេអូ​ដែល​លោក​បង្ហោះ​ម្តងៗ​មាន​អ្នក​ចូល​ទស្សនា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ប្រមាណ​ជាង​២​លាន​នាក់​ ​ចំណែក​បណ្តាញ​សង្គម​យូ​ធូប​មានដល់​ទៅ​​​ជាង​៣​លាន​នាក់​ឯណោះ​។​ ​ក្នុង​មួយ​ខែ​ៗ​បើ​សរុប​ទាំង​ជំនួញ​អាជីវកម្ម​ក្រុមហ៊ុន​ទាំង​៣​ ​ការ​រកចំណូល​ពី​ស្ព​ន​ស័​រ​ ​និង​ពី​Y​ou​Tube​ ​ផង​នោះ​ ​វិសាល​បង្ហើប​ថា​លោក​អាច​​​រកចំណូល​ជា​ធ​ម្យ​ម​១​ម៉ឺន​ដុល្លារ​។

          ​យ៉ាងណាមិញ​ប្រជាប្រិយភាព​របស់​យុវជន​ ​ហេង​ ​សុខ​វិសាល​ ​មិនមែន​ទើប​តែ​កើតឡើង​នោះ​ទេ​ ​ពោល​គឺ​តាំងពី​វីដេអូ​ដែល​លោក​បង្ហោះ​ដំបូង​បំផុត​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ក្រោម​ចំណងជើង​«​តើ​មនុស្ស​ប្រុស​សុទ្ធតែ​ដូចគ្នា​មែនទេ​?​»​កាលពី​ថ្ងៃ​ទី​០​៥​ខែ​តុលា​ឆ្នាំ​២​០​១​៥​។​ ​មែនទែន​ទៅ​ការ​ធ្វើ​វីដេអូ​របស់​លោក​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២​០​១​៣​ម្ល៉េះ​ ​ប៉ុន្តែ​គ្រោះ​នោះ​បន្ទាប់ពី​ធ្វើ​បាន​៥​ទៅ​៦​វីដេអូ​លោក​ក៏​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​បាក់ជើង​ទើប​ផ្អាក​មួយ​រយៈ​ហើយក៏​ចាប់ផ្តើម​វិញ​នៅ​ក្នុង​ឆ្នាំ​២​០​១​៥​។​លោក​បាន​បោះបង់​អាជីព​ការងារ​នៅ​ប្រទេស​ជប៉ុន​ខណៈ​ដែល​ខ្លួន​ទើប​តែ​ធ្វើការ​បាន​រយៈពេល​ពីរ​ខែ​ជាមួយ​ប្រាក់ចំណូល​ខ្ទង់​ពាន់​ដុល្លារ​ដើម្បី​ត្រឡប់មក​បំពេញ​ក្តី​ស្រមៃ​ធ្វើ​វីដេអូ​ ​និង​បញ្ចប់​ការសិក្សា​ផ្នែក​វិស្វករ​បច្ចេកវិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​វិញ​។​ ​ហេតុផល​នៃ​ការ​ចាប់ផ្តើម​ធ្វើ​វីដេអូ​លោក​បាន​បង្ហើប​ថា​ដោយសារ​លោក​ចូលចិត្ត​លេង​អ៊ី​ន​ធ័​រ​ណែ​ត​ ​និង​ចូលចិត្ត​មើល​ ​Y​ou​Tube​ ​តាំងតែពី​តូច​ ​ដែល​សំខាន់​មួយទៀត​នោះ​គឺ​ដោយ​ការ​បាត់បង់​ស្នេហា​ផង​ដែរ​។​ ​«​ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​លេងសើច​ច្រើន​ ​ខ្ញុំ​តែងតែ​ធ្វើឲ្យស​ង្សា​រ​របស់​ខ្ញុំ​សើច​ប៉ុន្តែ​ពេល​គេ​សុំ​បែក​គេ​ក៏​ប្លុក​(​Block​)​ហ្វេសប៊ុក​របស់​ខ្ញុំ​ ​ដូច្នេះ​ហេតុតែ​ចង់ឲ្យ​គេ​បានឃើញ​បាន​សើច​ដូច​រាល់​ដង​ខ្ញុំ​ក៏​ធ្វើ​វីដេអូ​បែប​និយាយ​អ្វី​កំប្លែង​ៗ​បង្ហោះ​ចោល​ ​ព្រោះ​ខ្ញុំ​គិតថា​បើ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​គេ​នឹង​ធ្វើការ​Share​តត​គ្នា​រហូតដល់​សង្សារ​ខ្ញុំ​បានឃើញ​ហើយ​គាត់​ក៏បាន​សើច​ដូចគ្នា​»​។​ ​ភាព​រួសរាយ​លាយឡំ​សម្តី​ពូកែ​វោហារ​កំប្លែង​វិសាល​និយាយ​ថា​នេះ​មិនមែន​ជា​ការ​សម្តែង​ឡើយ​ ​ផ្ទុយ​មកវិញ​វា​គឺជា​អត្តចរិត​ធម្មជាតិ​របស់​លោក​បើ​នៅ​ខាងក្នុង​វីដេអូ​យ៉ាងម៉េច​គឺ​នៅ​ខាងក្រៅ​ដូច្នោះ​ដែរ​។​ ​រាល់​ការ​បង្កើត​វីដេអូ​កន្លងមក​ទាំង​ការ​បង្កើត​ប្រធាន​បទ​ ​ការ​ថត​ ​និង​ការ​កាត់ត​គឺ​វិសាល​ធ្វើ​តែម្នាក់ឯង​ប៉ុណ្ណោះ​ ​លោក​ប្រកាន់ខ្ជាប់​ការ​តស៊ូ​ព្យាយាម​និង​ធ្វើ​វា​ចេញពី​បេះដូង​។​ ​ចុះ​សួរ​ថា​តើ​អ្វីខ្លះ​ជា​គន្លឹះ​ក្នុង​ការ​ធ្វើ​វីដេអូ​របស់​លោក​? ​ឆ្លើយ​ទាំង​ឥត​លាក់លៀម​ទី​១​គឺ​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ទៅលើ​សាច់រឿង​ ​ទី​២​គុណភាព​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​អ្នកមើល​ ​និង​ទី​៣​សំឡេង​ច្បាស់​ល្អ​។

          ​ដោយឡែក​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​ក្រៅពី​អាជីព​ផលិត​មាតិកា​វីដេអូ​ ​និង​ជាស​ហ​ស្ថាបនិក​ក្រុមហ៊ុន​ ​កំលោះ​សង្ហា​ ​ហេង​ ​សុខ​វិសាល​ ​នឹង​ឆ្លៀត​ប្រឡូក​ក្នុង​វិ​ស័​យ​សម្តែង​បន្ថែម​ទៀត​ ​ខណៈ​កន្លងមក​មាន​បណ្តា​ផលិតករ​ជាច្រើន​ចាប់អារម្មណ៍​ទំនាក់ទំនង​ថត​សម្តែង​ស្រប​ចំ​ពេល​លោក​កំពុង​ជាប់រវល់​ក្នុង​ការសិក្សា​។​ ​ក្តី​ស្រមៃ​របស់​លោក​នា​ពេល​អនាគត​ក៏​មិន​ខុស​ឆ្ងាយ​គ្នា​ប៉ុន្មាន​ដែរ​គឺ​លោក​ចង់​ក្លាយ​ជា​ផលិតករ​និង​អ្នកដឹកនាំ​សម្តែង​មួយ​រូប​៕​

 Article by HEM SOKKHIM


SUGGESTIONS