ឧបមាថា អ្នកមានពេល ២៤ម៉ោងមុននឹងត្រឡប់ទៅខេត្តវិញ ឬចាកចេញទៅក្រៅប្រទេស តែអ្នកត្រូវការទិញសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ និងវត្ថុបុរាណផ្សេងៗព្រមទាំងដើរកម្សាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកដំណាលគ្នា តើអ្នកដឹងខ្លួនឯងទេ ថាគួរទៅកន្លែងណាដែលអាចបំពេញសេចក្តីត្រូវការទាំងនោះបាន?
តោះទៅផ្សារទួលទំពូងទាំងអស់គ្នា!!!
ផ្សារទួលទំពូង ឬផ្សាររុស្សី ឬផ្សារអ្នកមាន (ហៅតាមរបៀបសេដ្ឋកិច្ច) មានទីតាំងស្ថិតនៅផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដែលជាទីតាំងវប្បធម៌ និងអតីតកាលដ៏ទាក់ទាញមួយ។ តំបន់នេះសព្វថ្ងៃប្រមូលផ្តុំទៅដោយ ហាងទំនិញគ្រប់ប្រភេទដូចជា ចំណីអាហារ សម្លៀកបំពាក់ និងវត្ថុសិល្បៈជាដើម។ និយាយ ម្យ៉ាងទៀតតំបន់នេះកំពុងក្លាយទៅជាតំបន់ពហុវប្បធម៌ដ៏មានសក្តានុពលបំផុតក្នុងរាជធានីភ្នំពេញនាពេលខាងមុខ។ រំលឹកអំពីការបង្កើតផ្សារនេះដំបូង វាមានឈ្មោះថា រុស្សី ឬ សូវៀត។ ឈ្មោះផ្សាររុស្សី ឬផ្សារសូវៀតនេះអាចស្គាល់តែជនជាតិបរទេស ឬអ្នកធ្វើការជាមួយបរទេសមួយភាគធំប៉ុណ្ណោះ ចំណែកជនជាតិខ្មែរភាគច្រើនលើសលុបតែងតែហៅផ្សារនេះថា ទួលទំពូង។ ប្រវត្តិនៃការដាក់ឈ្មោះថាផ្សាររុស្សី ឬ សូវៀត បានកើតឡើងនៅទសវត្សរ៍ឆ្នាំ៨០ដែលគ្រាហ៍នោះព្រះរាជាណាចក្រកម្ពុជាមាននយោបាយការទូតល្អជាមួយប្រទេសរុស្ស៊ី។ ទំនាក់ទំនងនេះបានបង្កលក្ខណៈងាយស្រួលដល់ជនជាតិរុស្ស៊ី ក្នុងការរស់នៅ ធ្វើការ ដែលកាន់តែមានវត្តមានច្រើនគួរសមនៅក្នុងរាជធានីភ្នំពេញ ទាំងអ្នកទេសចរ និងអ្នកការទូត។ ក្នុងអំឡុងពេលនោះដែរ ជនជាតិរុស្ស៊ីភាគច្រើនបាននាំគ្នាមកទិញឥវ៉ាន់នៅក្នុងផ្សារទួលទំពូងជានិច្ច។ ការពេញ និយមរបស់ជនជាតិរុស្ស៊ីនេះហើយ ទើបទាំងជនជាតិខ្មែរខ្លះ ជនជាតិរុស្ស៊ី និងជនជាតិបរទេសដទៃទៀតនាំគ្នាហៅផ្សារទួលទំពូងថា ជាផ្សារ រុស្ស៊ី ឬសូវៀត។ តំណរក្រោយមកទៀតឈ្មោះនេះក៏ត្រូវបានបរទេស និងខ្មែរខ្លះ ហៅមកទល់នឹងសព្វថ្ងៃនេះតែម្តងទៅ។ តើផ្សារទួលទំពូង ឬ រុស្សីមានលក្ខណៈសម្បត្តិអ្វីខ្លះ? ចម្លើយនោះ គឺស្រួលទេ តោះអានកថាខណ្ឌបន្តទៀត៖
ផ្សារទួលទំពូងមានលក់អាហារឆ្ងាញ់ៗសម្លៀកបំពាក់ និងស្បែកជើងរោងចក្រដែលមានគុណភាពល្អ និងតម្លៃថោកសមរម្យ (ម៉ាកល្បីៗភាគច្រើនមានលក់នៅទីនោះ)។ ក្រៅពីនោះក៏ មានលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ (ក្រម៉ា កន្សែង សម្ភារហាត់កម្ម តុក្កតា ជាដើម) និងវត្ថុបុរាណ គ្រប់ទម្រង់គ្រប់សម័យកាល (គំនូរព្រះពុទ្ឋរូប ផ្ទាំងគំនូរទេសភាព បដិមាផ្សេងដែលច្នៃចេញពីឈើប្រណីត ថ្មកែរ គុជ និល ជាដើម)។ លើសពីនេះទៀត គ្រឿងអលង្ការក៏មានបំពេញតម្រូវការ របស់លោកអ្នកដែរក្នុងផ្សារដ៏តូចច្រឡឹងមួយនេះ។ ទាំងនេះគឺជាលក្ខណៈពិសេសរបស់ផ្សារដ៏តូចច្រឡឹងមួយនេះដែលអាចបំពេញតម្រូវការសេដ្ឋកិច្ចសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ទាំងអ្នកទេសចរ និងអ្នកប្រកបរបរ រកស៊ីទូទៅទាំងឡាយផងដែរ។
បន្ទាប់ពីដើរកម្សាន្ត និងទិញឥវ៉ាន់បានមួយចំនួនហើយ តោះដល់ម៉ោងទៅញ៉ាំបាយថ្ងៃ ត្រង់ល្មម!!!
ភោជនីយដ្ឋានក្រវាញមានទីតាំងខាងកើតផ្សារទួលទំពូង ដែលមានចម្ងាយប្រហែល៣០ ម៉ែត្រ។ ទីនេះចាប់ផ្តើមបម្រើលោកអ្នកចាប់ពីម៉ោង១១ថ្ងៃត្រង់រហូតដល់ម៉ោង៩យប់។ អាហារប្រពៃណីបុរាណខ្មែរគ្រប់សម័យកាលគ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំនៅទីនេះទាំងអស់។ ការតុបតែងរចនាហាងដែលបង្កប់ដោយគំនិតសិល្បៈតាមរយៈចម្លាក់ គំនូរ និងសម្ភារប្រើប្រាស់សម្រាប់ទទួលទានអាហារ លោកអ្នកនឹងទទួលបានការទទួលទានអាហារថ្ងៃត្រង់ដ៏ថ្លៃថ្នូរបំផុត។ មុខម្ហូបឈ្ងុយឆ្ងាញ់ជាច្រើនដូចជា៖ អាម៉ុកត្រី អាម៉ុកខ្យង មៀងខាំ សម្លកកូរ សម្លប្រហើរត្រពាំង ខ្យងអប់សាច់ជ្រូកជាដើម សុទ្ធតែជាមុខម្ហូបដ៏ពេញនិយមនៅទីនេះ។ ក្រៅពីនេះ លោកអ្នកក៏អាចផ្លាស់ ប្តូររសជាតិតាមរយៈបង្អែម និងតែក្រវាញដែលជាវត្ថុពិសិដ្ឋប្រចាំភោជនីយដ្ឋានក្រវាញនេះផង ដែរ។
ភោជនីយដ្ឋានក្រវាញគឺជាជម្រើសរសជាតិអាហារប្រពៃណីខ្មែរ តែបើលោកអ្នកត្រូវការ អាហារបែបអ៊ឺរ៉ុបក៏យើងមានជម្រើសសម្រាប់លោកអ្នកផងដែរ ទីនោះគឺ Long After Dark ដែល មានទីតាំងនៅទល់មុខនឹងភោជនីយដ្ឋានក្រវាញផ្ទាល់តែម្តង។ Long After Dark បម្រើសេវាកម្ម ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅរហូតដល់ពាក់កណ្តាលអធ្រាត្រ។ លោកអ្នកអាចកុម្មង់ប៊ឺហ្គ័រ និង ភេសជ្ជៈផ្សេងៗ ឬបើលោកអ្នកត្រូវការភេសជ្ជៈដែលមានជាតិអាកុល ទីនេះមានជម្រើសច្រើន ប្រភេទសម្រាប់លោកអ្នក។ ទីតាំងអង្គុយសមរម្យដែលរៀបចំរបៀបសាមញ្ញផ្តល់ភាពងាយ ស្រួលសម្រាប់អតិថិជនគ្រប់ប្រភេទរួមនឹងសម្លេងតន្ត្រីរណ្តំតិចៗ ឬក៏លោកអ្នកអាចឡើងទៅ អង្គុយនៅជាន់ទី១ ហើយសម្លឹងមើលសកម្មភាពដ៏អ៊ូអរក្នុងផ្សារទួលទំពូង នេះក៏ចាត់ទុកថា Long After Dark គឺជាកន្លែងញ៉ាំអាហារ និងភេសជ្ជៈដែលមិនអាចរំលងបានសម្រាប់លោកអ្នកផងដែរ។
ពេលនេះយើងមានកម្លាំងបន្តិចហើយ តោះបន្តដំណើរជុំវិញផ្សារទួលទំពូងទៀត!!!
ក្រៅពីតូបលក់សម្លៀកបំពាក់ក្នុងផ្សារ ជ្រុងខាងកើត និងខាងត្បូងក៏មានហាងលក់ សម្លៀកបំពាក់រោងចក្រជាច្រើនដែរ។ ហាងទាំងនោះអាចជាជម្រើសសម្រាប់លោកអ្នកដែល ចាញ់កម្តៅថ្ងៃ ហើយចង់Shopping ក្នុងម៉ាស៊ីនត្រជាក់។ លោកអ្នកអាចរើសសម្លៀកបំពាក់រហូត អស់លុយពីកាបូបបាន។ ចំណែកនៅជ្រុងខាងលិច គឺជាចំណតឡាន និងហាងលក់ថ្នាំពេទ្យដ៏ មមាញឹក។ នៅសល់ជ្រុងខាងជើងដែលជាបណ្តុំតូបសាច់ បន្លែ ផ្លែឈើ ដ៏សម្បូរបែបជាច្រើន ទៀត។ ជ្រុងនេះចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៩យប់នឹងក្លាយជាផ្សារក្រមួនដ៏សប្បាយភ្នែក មួយបែបទៀតសម្រាប់លក់ត្រីសាច់បន្លែផ្លែឈើដល់ប្រជាជនចម្រុះជាតិសាសន៍នៅតំបន់ទួលទំពូងនេះ។
ដើរ៤ជ្រុងនេះហើយ ពោះដូចជាចាប់ផ្តើមកូរសារជាថ្មី។ តោះទៅរកអីញ៉ាំទៀត។
Agaveគឺជាឈ្មោះភោជនីយដ្ឋានមួយប្រភេទដែលមានលក់អាហារនិងភេសជ្ជៈបែបប្រពៃណីម៉ិចស៊ីកូ។ ភោជនីយដ្ឋាននេះស្ថិតនៅទិសខាងជើងឈាងខាងលិចផ្សារទួលទំពូងដែល មានចម្ងាយប្រហែល១គីឡូម៉ែត្រ។ ពណ៌អគារខាងក្រៅ និងខាងក្នុងបានបង្ហាញយ៉ាងច្បាស់អំពីទំនោរនៃការតុបតែងដោយប្រើប្រាស់ពណ៌ដិតច្បាស់នឹងឆើតឆាយដែលជាអត្តសញ្ញាណនៃប្រទេសមួយនេះ។ នៅផ្ទៃខាងក្នុងហាងមានការតុបតែងលម្អទៅដោយទង់ជាតិរបស់ម៉ិចស៊ីកូ និងមួកCowboy (បុរសជិះសេះបាញ់កាំភ្លើង ដែលជាStyle តែងតែបានឃើញក្នុងរឿងជិះសេះបាញ់កាំភ្លើងរបស់អ្នកបស្ចឹមប្រទេស) យ៉ាងទាក់ទាញនេត្រា។ លោកអ្នកនឹងបានញ៉ាំអាហាររសជាតិម៉ិចស៊ីកូ និងភ្លក់ស្រាប្រពៃណីរបស់ជនជាតិនេះជាច្រើនប្រភេទដែលផលិតចេញពីដើម Agave (រុក្ខជាតិនេះសម្បូរដាំដុះនៅប្រទេសម៉ិចស៊ីកូដើម្បីផលិតស្រា) ។ ក្រោមស្នាដៃរបស់មេចុងភៅជនជាតិកាណាដាដ៏មានបទពិសោធន៍ក្នុងការចម្អិនអាហារជាច្រើនឆ្នាំ យើងសូមធានាថា លោកអ្នកនឹងមានថាមពលដើម្បីដើរលេងបន្តជាក់ជាមិនខាន។
ចេញពីញ៉ាំអាហារពេលល្ងាចរសជាតិម៉ិចស៊ីកូនៅ Agave យើងនឹងបន្តដំណើរទៅស្តាប់ តន្ត្រី ឬអាចញ៉ាំអ្វីផ្សេងទៀតនៅ Alchemy Gastro Pub ដែលមានទីតាំងនៅទិសខាងកើតឆៀង ខាងត្បូងផ្សារទួលទំពូង មានចម្ងាយប្រហែល៥០០ម៉ែត្រ។ Alchemy Gastro Pub គឺជាឈ្មោះភោជនីយដ្ឋានដ៏ពេញនិយមមួយដែលស្ថិតនៅលើផ្លូវលេខ១២៣។ Alchemy Gastro Pub នឹង ប្រារព្ឋខួប១ឆ្នាំរបស់ខ្លួននៅអំឡុងខែកញ្ញានេះផងដែរ។ ពិសាភេសជ្ជៈគ្រប់មុខ ញ៉ាំអាហារគ្រប់ប្រភេទតាមការចង់បានរបស់លោកអ្នក ជួបជុំមិត្តភក្តិ រួចជល់កែវគ្នាទ្រហឹងអឺងកង ហើយកាន់តែពិសេសលោក អ្នកអាចទស្សនាការប្រគំតន្រ្តី Rock ដោយផ្ទាល់របស់សិល្បករដ៏មានទេពកោសល្យជាច្រើនក្រុម ផងដែរ។ តើក្នុងមួយជីវិតនេះមាន២៤ម៉ោងប៉ុន្មានដងដែលអាចដើរកម្សាន្តបែបនេះ? ប្រាកដជា មានមិនច្រើនទេ មែនអត់?
យើងបានណែនាំកន្លែងដើរកម្សាន្ត កន្លែងទិញទំនិញផ្សេងៗ និងទីតាំងសម្រាប់ទទួល ទានអាហារ និងសម្រាកដ៏អស្ចារ្យសម្រាប់អ្នកតាមរយៈអក្ខរារួចហើយ ដូច្នោះសប្តាហ៍នេះទៅដើរ ទទួលយកបទពិសោធន៍នេះទាំងអស់គ្នា។ ២៤ម៉ោងសម្រាប់ការដើរកម្សាន្ត ទិញឥវ៉ាន់ និងញ៉ាំអីគឺមិនច្រើនទេ ប្រហែសខ្លួនតែបន្តិចដល់ម៉ោងបាត់ទៅហើយ។ ដូច្នោះយើងត្រូវចេះបែងចែក និងគ្រប់គ្រងពេលវេលាសម្រាក និងដើរកម្សាន្តរបស់យើងឲ្យប្រសិទ្ធិភាពបំផុត។ ជាពិសេសបង្កើតគម្រោង និងជ្រើសរើសយកទីតាំងដើរកម្សាន្តដែលមានគុណភាពល្អ និងចំគោលដៅរបស់យើង បើមិនដូច្នោះទេ យើងប្រាកដជានឹងធ្វើមុខស្អុយព្រោះគ្មានអ្វីបង្ហាញតបតទៅមិត្តភក្តិរបស់យើងវិញ ជាក់ជាមិនខាន៕
Article by SOVRIN