×

សក្តានុពល​ទេសចរណ៍​ថ្មី​រះ​ឡើង​ក្នុងស្រុក​ប្រាសាទ​សំបូរ​

TRAVEL & LIVING 3 months ago

            នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​ក្រុម​ការងារ​ទស្សនាចរ​ណ៍​របស់​ទស្សនាវដ្តី​សូវ​រី​ន​បាន​ឈានជើង​ទៅដល់​ទឹកដី​បុរាណ​នៃ​ខេត្ត​កំពង់ធំ​ ​ខាងជើងឆៀងខាងកើត​បឹង​ទន្លេសាប​ ​ហើយដែល​ជា​ខេត្ត​ស្ថិត​ចំ​ចំណុច​ ​កណ្តាល​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​។​ ​កាលពី​លេខ​មុន​ៗ​ ​យើង​ធ្លាប់​បាន​ផ្សព្វផ្សាយ​អំពី​ភាព​អស្ចារ្យ​នៃ​ដែនដី​អតីត​រាជធានី​ឦសាន​បុរៈ​នា​សម័យ​ចេនឡា​ ​គឺ​ ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ​សព្វថ្ងៃ​ ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៧​ ​ជា​ប្រវត្តិ​សា​ស្រ្ត​។​ ​ទឹកដី​អតីត​រាជធានី​បុ​រេ​អង្គរ​ដ៏​ពិសិដ្ឋ​ក្រៃលែង​នេះ​នៅតែ​ជា​អន្ទាក់​អន្ទង​ដួងចិត្ត​បណ្តា​ភ្ញៀវ​ទេសចរ​ពី​ចម្ងាយ​ឲ្យ​មក​ទស្សនា​ក​ម្សាន្ត​ជាហូរហែ​បន្តបន្ទាប់​មិនឈប់ឈរ​សោះឡើយ​។​ ​ប៉ុន្តែ​តើ​លោកអ្នក​ដឹង​ទេ​ថា​ ​ក្រៅពី​រមណីយដ្ឋាន​ ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ​ភូមិ​សា​ស្រ្ត​ស្រុក​ប្រាសាទ​សំបូរ​ដែល​នៅ​ជុំវិញ​នោះ​ក៏​នៅ​មាន​បង្កប់​នូវ​រមណីយដ្ឋាន​ស្រស់​ស្អាត​គួរឲ្យ​ចាប់ចិត្ត​ទាក់​ភ្នែក​មួយ​ចំនួន​ទៀត​ដែល​អ្នក​នៅ​ក្រៅ​តំបន់​មិនសូវ​ស្គាល់​ទូលំទូលាយ​នៅឡើយ​នោះ​ទេ​?

            ដើម្បី​ធ្វើដំណើរ​ទៅដល់​ទី​រួម​ស្រុក​ប្រាសាទ​សំបូរ​ ​យើង​ត្រូវ​ក្រោក​ពី​ព្រលឹមស្រាង​ៗ​បញ្ឆេះ​រថយន្ត​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​កាត់តាម​ស្ពាន​ ​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ជ្រោយ​ចង្វា​រ​ ​បន្ត​ទៅដល់​ទីប្រជុំជន​ស្គន់​ ​ជង្រុក​សត្វ​រពីង​ប្រចាំ​ផ្លូវជាតិ​លេខ​៦​អា​ ​ដែល​ជា​ចំណត​សម្រាប់​ពួកយើង​ឈប់​សម្រាក​ទទួលទាន​អាហារ​ពេលព្រឹក​ ​មុននឹង​បន្ត​ដំណើរ​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​។​ ​មុននឹង​បាន​ទៅដល់​ស្រុក​ប្រាសាទ​សំបូរ​ ​យើង​ត្រូវ​ឆ្លងកាត់​ភូមិ​ ​សា​ស្រ្ត​សំខាន់​ៗ​ជាច្រើន​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១​០​០​គីឡូម៉ែត្រ​ ​រួម​មាន​ជាអាទិ៍​ ​ស្រុក​តាំង​គោក​ ​ស្រុក​បារាយណ៍​ ​ស្រុក​ស​ន្ទុ​ក​ ​ក្រុង​ស្ទឹង​សែន​ ​និង​ ​ស្រុក​កំពង់​ស្វាយ​ ​។​ ​ក្នុងរយៈពេល​ប្រមាណ​ពីរ​ម៉ោង​ ​យើង​បាន​ធ្វើដំណើរ​ទៅដល់​ផ្លូវបំបែក​ទៅកាន់​ស្រុក​ប្រាសាទ​សំបូរ​ ​ឬ​ ​ផ្លូវ​ទៅកាន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​(​ផ្លូវជាតិ​លេខ​ ​៦​៤​) ​ដែល​ត្រូវ​បត់​ឡើង​ទៅ​ឃុំ​ស្រើ​ង​ ​ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ក៏​អាច​ធ្វើដំណើរ​ទៅដល់​ឃុំ​ស្រើ​ង​បាន​តាមផ្លូវ​ខេត្ត​ ​ស្របតាម​បណ្តោយ​ស្ទឹង​តាំង​ក្រសាំង​ ​ត្រង់​ចំណុច​ឃុំ​តាំង​ក្រសាំង​ ​ស្រុក​ស​ន្ទុ​ក​ ​កាត់តាម​ឃុំ​ទីពោ​ ​បាន​ដែរ​។​

            ភូមិ​ស្វាយ​ ​ឃុំ​ស្រើ​ង​ ​ស្រុក​ប្រាសាទ​សំបូរ​ ​ដែល​អ្នកស្រុក​នៅ​ទីនោះ​ស្គាល់​ច្បាស់​ថា​ជា​តំបន់​ក្បាល​ស្ទឹង​តាំង​ក្រសាំង​ ​មាន​ប្រភព​ទឹកហូរ​ធ្លាក់​ពី​ភ្នំ​ជី​ ​ត្រូវ​បាន​បង្កើត​ក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ទឹកហូរ​ប៉ប្រះ​ថ្ម​ដ៏​ស្រស់​ត្រកាល​តែមួយ​គត់​ប្រចាំ​ខេត្ត​កំពង់ធំ​តែម្តង​ ​ហើយ​ត្រូវ​បាន​ដាក់ឈ្មោះ​ជា​ផ្លូវការ​ថា​ “​ធ្នស់​តា​ព្រហ្ម​” ​ដែល​យក​តាម​ឈ្មោះ​វត្តអារាម​បង្កើត​ថ្មី​នៅ​ជាប់នឹង​មាត់ទឹក​នៅ​ទីនោះ​ដែល​មានឈ្មោះ​ថា​ “​វត្ត​រក្សា​រុក្ខា​រាម​” ​ហៅ​ “​វត្ត​ប្រាសាទ​ធ្នួ​ស​តា​ព្រំ​” ​។​ ​តំបន់​នេះ​គឺជា​តំបន់​ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ​មួយ​ដ៏​យូរលង់​ណាស់​មក​ហើយ​ដោយមាន​សំណល់​ទី​ទួល​ប្រាសាទបុរាណ​មួយ​ដែល​មាន​ទម្រ​លិង្គ​និង​យោនី​នៅ​ទីនោះ​ ​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ជា​អាស្រម​តម្កល់​នូវ​ព្រះ​ពុទ្ធបដិមា​ ​និង​មាន​ព្រះសង្ឃ​មួយ​ចំនួន​គង់នៅ​អាស្រម​នោះ​ផង​ដែរ​ ​។​ ​តំបន់​ដ៏​ស្រស់​ត្រកាល​នេះ​ស្ថិតនៅ​ក្នុង​ព្រៃស្រោង​ស្ងាត់ជ្រងំ​គួរ​ជាទី​មនោ​រម្យ​ ​ពេល​ចូល​ទៅដល់​តំបន់​នោះ​ស្ដាប់ឮ​សំឡេង​សត្វ​បក្សាបក្សី​យំ​ ​និង​ ​សំឡេង​ទឹកហូរ​ប៉ប្រះ​នឹង​ផ្ទាំង​ថ្ម​ធំ​ៗ​។​ ​សក្ដានុពល​ទេសចរណ៍​នៅ​ទីនោះ​ ​រួម​មាន​ ​ព្រៃឈើ​ធម្មជាតិ​ ​ទួល​ប្រាសាទបុរាណ​ ​ទឹកហូរ​ប៉ប្រះ​ផ្ទាំង​ថ្ម​ធម្មជាតិ​ ​និង​ ​ទស្សនា​សត្វស្លាប​ព្រៃ​ភ្នំ​។​ ​រីឯ​សកម្មភាព​ ​ទេសចរណ៍​ដែល​ភ្ញៀវ​អាច​ក​ម្សាន្ត​នៅ​ទីនោះ​បាន​ ​សម្រាក​លំហែ​ក​ម្សាន្ត​នៅ​តាម​តូប​ដែល​សង់​ប្រប​មាត់ទឹក​ ​ឬ​ ​ក្រោមម្លប់​ឈើ​ធំ​ៗ​ចោល​ម្លប់ត្រឈឹងត្រឈៃ​ ​និង​ ​នាំគ្នា​ងូតទឹក​ហូរ​ប៉ប្រះ​ថ្ម​រាក់​ៗ​កាត់តាម​ផ្ទាំង​ថ្ម​ធំ​ៗ​ដ៏​ត្រជាក់ស្រេង​ថ្លាឆ្វង់​យ៉ាង​សប្បាយរីករាយ​។​

            គួរ​បញ្ជាក់​ថា​ ​រមណីយដ្ឋាន​ទើប​តែ​ត្រូវ​បាន​រៀបចំ​អភិវឌ្ឍ​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៧​-​២​០​១​៨​កន្លងទៅ​នេះ​ទេ​ ​ហើយ​មាន​ស្ពាន​យោល​មួយ​ទើប​សង់​ថ្មី​ជា​ចំណងដៃ​សម្រាប់​ទេសចរ​ឆ្លង​លេង​ក​ម្សាន្ត​ទៅមក​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​និង​ថតរូប​លេង​ក​ម្សាន្ត​ទុកជា​អនុ​ស្សា​វ​រី​យ៍ ​ព្រមទាំង​ស្លាក​សញ្ញា​មួយ​ចំនួន​សម្រាប់​បម្រើ​វិ​ស​័​យ​ទេសចរណ៍​។​ ​ក្រៅពី​នេះ​ ​ផ្លូវចូល​ទៅកាន់​តំបន់​នេះ​មាន​លក្ខណៈ​គ្រាន់បើ​ជាង​ប៉ុន្មាន​ឆ្នាំមុន​ព្រោះ​ឥឡូវ​ទេសចរ​ទាំងឡាយ​អាច​ជិះរថយន្ត​តូច​ធំ​ទៅដល់​ទីតាំង​អាស្រម​នោះ​បាន​ ​ខុស​ពី​កាលពីមុន​ដែល​ភ្ញៀវ​ ​ទេសចរ​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ទើប​មកដល់​ចំណុច​លេង​ទឹក​។​ ​ដោយឡែក​ ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​ក៏មាន​រៀបចំ​បម្រើ​ជូន​ភ្ញៀវ​ខ្លះ​ៗ​ដែរ​ ​តែ​មិនសូវ​សម្បូរ​បែប​ទូលំទូលាយ​ដូច​រមណីយដ្ឋាន​ល្បី​ៗ​ក្នុង​ខេត្ត​ផ្សេងៗ​នៅឡើយ​ទេ​។​ ​អាហារសម្រន់​ដែល​មាន​លក់​ច្រើន​នៅ​ទីនោះ​រួម​មាន​ដូចជា​ ​បុក​ល្ហុង​ ​បាយដំណើប​ ​ប្រហិត​ចៀន​ ​ផ្លែឈើ​ម្ជូរ​ ​កា​រ៉េ​ម​កី​ ​ព្រមទាំង​ភេសជ្ជៈ​កំប៉ុង​។​ ​អាស្រ័យហេតុនេះ​ ​ភ្ញៀវ​ដែល​ចង់​ទៅលេង​ទឹក​និង​បាយថ្ងៃត្រង់​ទីនោះ​ ​គួរតែ​វេច​ខ្ចប់​ម្ហូបអាហារ​ពី​តំបន់​ខាងក្រៅ​ហើយ​ទទួលទាន​ជា​លក្ខណៈ​អាហារ​ពិ​ក​និ​ក​ជំនួស​ម្ហូបអាហារ​កុម្ម៉ង់​ ​ឬ​ ​ម្ហូបអាហារ​លក់​ស្រាប់​ៗ​នៅនឹង​កន្លែង​។​

            នៅ​ពេល​ត្រឡប់មក​ពី​លេង​ទឹក​ថ្ម​ប៉ប្រះ​ទឹក​ធ្នស់​តា​ព្រហ្ម​វិញ​ ​អ្នកទេសចរ​ទាំងឡាយ​ក៏​អាច​ឆៀងចូល​ទៅ​ទស្សនា​សួន​ផ្កា​ដ៏​ធំ​មួយ​កន្លែង​ស្ថិតនៅ​ជាប់​លើ​ផ្លូវជាតិ​លេខ​៦​៤​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​១​គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​ទៅកាន់​ក្រុម​ប្រាសាទ​សំបូរ​ព្រៃ​គុក​ប៉ុណ្ណោះ​។​ ​សួន​ផ្កា​នេះ​ត្រូវ​បាន​អ្នក​កំពង់ធំ​ស្គាល់​យ៉ាង​ច្បាស់​ថា​ “​សួន​ផ្កា​សំបូរ​” ​ដែល​បើក​ដំណើរការ​បាន​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​។​ ​សួន​នេះ​បើក​ទទួល​ភ្ញៀវ​ទេសចរ​ពី​ម៉ោង​ ​៨​:​០​០​ ​ព្រឹក​ ​ដល់ម៉ោង​ ​១​៧​:​៣​០​ ​ល្ងាច​ ​។​ ​ភ្ញៀវ​ដែល​ចូល​មក​ក​ម្សាន្ត​នៅ​ទីនោះ​មាន​ចម្រុះ​ទាំង​ភ្ញៀវ​ក្នុង​តំបន់​ ​និង​ ​ភ្ញៀវ​ពី​ចម្ងាយ​គ្រប់​ខេត្ត​ក្រុង​ ​មិនសូវ​ចេះ​ដាច់​ ​ដោយសារ​សួន​នេះ​មាន​ផ្កា​ចម្រុះ​ពណ៌​ដល់ទៅ​​​ជាង​១​០​ប្រភេទ​ ​ដែល​សុទ្ធតែ​ពូជ​កូនកាត់​យកមក​ពី​បរទេស​និង​បង្កាត់​ក្នុងស្រុក​លាតសន្ធឹង​នៅ​លើ​ផ្ទៃ​ជាង​១​០​ហិច​តា​។​ ​សួន​ផ្កា​សំបូរ​មាន​ទទួល​ភ្ញៀវ​ទេសចរណ៍​ជា​ក្រុម​ដោយ​គិត​តម្លៃ​ពិសេស​ជូន​ ​និង​ ​មាន​រៀបចំ​ម្ហូបអាហារ​អាច​កុម្ម៉ង់​មុន​បាន​។​ ​ដោយសារតែ​សម្រស់​ផ្កា​ដ៏​ស្រស់ប្រិមប្រិយ​នៅ​ទីនេះ​ ​មកដល់ពេលនេះ​មាន​ក្រុមហ៊ុនទេសចរណ៍​ជាច្រើន​ក្រុមហ៊ុន​បាន​មក​ធ្វើ​ទស្សនកិច្ច​ក​ម្សាន្ត ​ព្រមទាំង​មាន​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ចូល​មក​ថត​ Pre​-​wedding​ ​ជា​ញឹកញាប់​ថែមទៀត​ផង​។​ ​ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ ​រាល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ​គិត​តម្លៃ​ ​៥​០​០​០​រៀល​ ​ក្នុង​ម្នាក់​ ​និង​ ​កូនក្មេង​ ​២​០​០​០​រៀល​ ​ក្នុង​ម្នាក់​ ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សួន​ផ្កា​នេះ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អារក្ស​ ​ឃុំ​ជ័យ​ ​ស្រុក​កំពង់​ស្វាយ​ ​ខេត្ត​កំពង់ធំ​៕​

Article by SRIN SOKMEAN


SUGGESTIONS